វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម
នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ឆ្នាំ ទិវាបង្កើតទំនាក់ទំនងប្រទេសទាំងពីរ វៀតណាម និងជប៉ុន វិចិត្រការិនី Ando Saeko បានរៀបចំតម្កល់ស្នាដៃក្នុងអង្គតាំងពិព័រណ៍ (ព្រះចន្ទ) នៅមជ្ឈមណ្ឌលរួមប្រាស្រ័យវប្បធម៌ជប៉ុន (ហាណូយ) អ្នកសារព័ត៌មានកាសែតវៀតណាម មានកិច្ចសំណេះសំណាលជាមួយវិចិត្រករ វិចិត្រការិនីអំពីដំណើរស្រាវជ្រាវ និងបង្កើតសិល្បៈគំនូរខ្មុកម្រក្សណ៍របស់វៀតណាម។
អ្នកសារព័ត៌មាន៖ ប្រការអ្វីបានធ្វើឱ្យបងស្រីសម្រេចចិត្តរស់នៅ និងធ្វើការនៅវៀតណាម ?
វិចិត្រការិនី Ando Saeko៖ ខ្ញុំមកដល់វៀតណាមកាលពីឆ្នាំ១៩៩៥ ហើយខ្ញុំរស់នៅទីនេះច្រើនឆ្នាំយ៉ាងនេះ មួយផ្នែកគឺខ្ញុំលង់ចិត្តនឹងគំនូរខ្មុកម្រក្សណ៍វៀតណាម ជាងនេះទៅទៀត វៀតណាមក៏ជាទីតាំងមានបរិស្ថានប្រពៃសម្រាប់ខ្ញុំនិពន្ធផងដែរ។ ពេលទើបមកដល់ទីក្រុងហាណូយ ខ្ញុំរៀនបច្ចេកទេសគំនូរខ្មុកម្រក្សណ៍ ខ្ញុំពេញចិត្តទីក្រុងហាណូយណាស់ ពីព្រោះសមស្របនឹងផ្នត់គំនិត និងការរស់នៅរបស់ខ្ញុំ។ ក៏ប៉ុន្តែក្រោយមក ទីក្រុងហាណូយ ចាប់ផ្តើមផ្លាស់ប្តូរ ល្បឿននៃការរស់នៅលឿនជាង ខ្ញុំបានធ្វើដំណើរទៅទីក្រុងហូជីមិញ។ ២ ឆ្នាំក្រោយមក ខ្ញុំទៅរស់នៅទីក្រុងហូយអាន រហូតដល់សព្វថ្ងៃ ពីព្រោះទីនេះមានភាពស្ងប់ស្ងាត់ ចង្វាក់រស់នៅយឺត សមស្របនឹងការងារស្រាវជ្រាវ បង្កើតគំនូរខ្មុកម្រក្សណ៍របស់ខ្ញុំ។
អ្នកសារព័ត៌មាន៖ ហេតុអ្វី បងចូលចិត្តវិចិត្រសិល្បៈគំនូរខ្មុកម្រក្សណ៍របស់វៀតណាម?
វិចិត្រការិនី Ando Saeko៖ គំនូរខ្មុកម្រក្សណ៍វៀតណាមមានលក្ខណៈពិសេស និងទាក់ទាញ ហើយក៏គ្មានប្រទេសណាមួយមានដែរ។ ឧទាហរណ៍ដូចប្រទេសជប៉ុន យើងខ្ញុំបានរៀនបច្ចេកទេសគំនូរខ្មុកម្រក្សណ៍ បង្កើតស្នាដៃមានភាពរលើប ម៉ដ្ឋខៃ គ្មានជាតិធូលីសូម្បីបន្តិច។ ក៏ប៉ុន្តែពេលមកដល់ប្រទេសវៀតណាម បច្ចេកទេសគំនូរខ្មុកម្រក្សណ៍របស់គ្រូ ង្វៀន ជីត្រុង (Nguyen Chi Trung) នៅក្នុងផ្ទះតូចមួយដែលមានសត្វល្អិតច្រើន ពេលខ្លះសត្វហើរទំលើគំនូរនៅពេលបង្កើត ខ្ញុំឃើញក៏មិនដឹងធ្វើដូចម្តេចទើបត្រូវ។ គ្រូ ង្វៀន ជីត្រុង (Nguyen Chi Trung) សើចពោលថា នេះជាស្នាមគំនូសធម្មជាតិ។ ខ្ញុំឃើញប្លែក ក៏ប៉ុន្តែស្នាមគំនូសដែលសត្វល្អិតទំលើគំនូរ ជួនកាលនាំមកនូវរូបភាពសិល្បៈមួយ ដែលអ្នកកាន់ជក់មិនអាចបង្កើតបានឡើយ។ ចាប់ផ្តើមពីនោះ ខ្ញុំគូរដោយអារម្មណ៍ស្រស់ស្រាយមិនជាប់ចំពាក់ មានអារម្មណ៍ដូចមាន “វិចិត្រករសត្វល្អិត” កំពុងរួមដៃជាមួយខ្លួនបង្កើតគំនូរដូចនេះឯង។
ក្រោយពេលរៀនគំនូរខ្មុកម្រក្សណ៍វៀតណាម អស់រយៈពេលជិត ៣០ ឆ្នាំ ខ្ញុំសង្កេតឃើញបច្ចេកទេសថ្មីជាច្រើន។ គំរូដូចជា មិត្តវិចិត្រករ វៀតណាមជាច្រើន មិនត្រឹមតែលាបថ្នាំខ្មុកម្រក្សណ៍លើគំនូរ ថែមទាំងធ្វើនៅលើកុលាលភាជន៍ ឈើ និង អំបូរឫស្សីទៀតផង។ ខ្ញុំមិនត្រឹមតែប្រើប្រាស់វិធីប្រពៃណី នៅទាំងអាចប្រើប្រាស់វិធីថ្មី សមស្រប់នឹងវិចិត្រសិល្បៈទំនើប។ កម្មន្តសាលគំនូររបស់ខ្ញុំ មិនត្រឹមតែជាទីកន្លែងសម្រាប់ខ្ញុំគូរគំនូរ វានៅប្រៀបដូចបន្ទប់ពិសោធន៍ សម្រាប់ខ្ញុំបង្កើតបច្ចេកទេសដោយឡែករៀងខ្លួន។
អ្នកសារព័ត៌មាន៖ ស្នាដៃរបស់បងស្រី តែងយកអារម្មណ៍បង្កើតគំនូរមកពីណា?
វិចិត្រការិនី Ando Saeko៖ ប្រធានបទ និងការបំផុសអារម្មណ៍មកពីធម្មជាតិ ឬមកដោយភាពចែដន្យ មិនក្រោមក្របខណ្ឌណាមួយទាំងអស់។ ដូចជា មិត្តអាចឃើញស្នាដៃនៅក្នុងតាំងពិព័រណ៍ “ព្រះចន្ទ” បានខ្ញុំបង្កើតអស់រយៈពេល៦ខែ នៅឆ្នាំ២០២១ ជារយៈពេលគម្លាតសង្គមដោយសារជំងឺកូវិដ។ នៅរយៈពេលនេះ ខ្ញុំមិនអាចត្រឡបទៅប្រទេសជប៉ុនវិញបាន ខ្ញុំរស់នៅទីក្រុង ហូយអាន (Hoi An) ហើយ ថ្ងៃណាក៏ឃើញព្រះចន្ទអណ្តែតលើផ្ទៃមេឃទាំងអស់។ ទីក្រុងហូយអាន គ្មានអគារខ្ពស់ៗ ដូចនេះឱ្យតែងើបសំឡឹង គឺឃើញព្រះចន្ទស្អាត ខ្ញុំបានបង្កើតស្នាដៃនេះ សម្រាប់តាំងពិព័រណ៍ “ព្រះចន្ទ” ឧទ្ទេសនាមដល់មហាជនដែលស្រឡាញ់សិល្បៈ នាឱកាសអបអរសាទរអនុស្សាវរីយ៍លើកទី៥០ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរជប៉ុន និង វៀតណាម។
អ្នកសារព័ត៌មាន៖ តើមានពេលណាមួយក្នុងដំណើរបង្កើតស្នាដៃ បងស្រីជួបការលំបាក ហើយចង់បោះបង់ចោល វិលត្រឡប់ទៅប្រទេសជប៉ុនវិញទេ?
វិចិត្រការិនី Ando Saeko៖ ដំបូង ខ្ញុំធ្វើដំណើរមកប្រទេសវៀតណាម មានគំនិតសិក្សាពីរបីឆ្នាំ រួចត្រឡបទៅប្រទេសជប៉ុនវិញ។ ក៏ប៉ុន្តែពីឆ្នាំមួយទៅឆ្នាំមួយ ខ្ញុំឃើញថាមានបច្ចេកទេសថ្មីជាច្រើន ត្រូវសិក្សារៀនសូត្របន្ថែម។ ចេះតែយ៉ាងនេះ ខ្ញុំឃើញខ្លួងឯង ក្លាយជាជនជាតិវៀតណាម នៅពេលណាដោយមិនដឹងខ្លួន ដល់កម្រិតពេលត្រឡបទៅប្រទេសជប៉ុន ខ្ញុំឃើញខ្លួនឯង ដូចជាជនបរទេសមួយរូប ទៅទេសចរណ៍នៅប្រទេសជប៉ុនអញ្ចឹង។
អ្នកសារព័ត៌មាន៖ ជាមួយចំណង់ចំណូលចិត្តគូរគំនូរខ្មុកម្រក្សណ៍វៀតណាម ជិត៣០ឆ្នាំកន្លង តើបងស្រីបានរៀបចំការតាំងពិព័រណ៍ណាមួយឧទ្ទេសនាមផ្សព្វផ្សាយរូបភាពវិចិត្រសិល្បៈនេះដល់សិល្បករ សិល្បការិនីក្នុងសំណាក់វិចិត្រសិល្បៈអន្តរជាតិហើយឬនៅ?
វិចិត្រការិនី Ando Saeko៖ ខ្ញុំមានសហគមន៍អ្នកចូលចិត្តគំនូរខ្មុកម្រក្សណ៍មួយ ដោយមានអ្នកចូលរួមជាច្រើនមកពីទ្វីបអាស៊ី និង ទី្វបអ៊ឺរ៉ុប យើងខ្ញុំមានសកម្មភាពរួមប្រាស្រ័យសិក្ខាសាលា តាំងពិព័រណ៍ជាប្រចាំ។ ឆ្នាំ២០២២ នៅបរិយាកាសនៃមជ្ឈមណ្ឌលរួមប្រាស្រ័យវប្បធម៌ជប៉ុន ខ្ញុំបានរៀបចំតាំងពិព័រណ៍សម្រាប់វិចិត្រករជាច្រើន អញ្ជើញមកទស្សនា ពិសោធន៍បច្ចេកទេសគំនូរខ្មុកម្រក្សណ៍វៀតណាម។
អ្នកសារព័ត៌មាន៖ អរគុណវិចិត្រការិនី Ando Saeko សម្រាប់កិច្ចសំណេះសំណាលដ៏ចំណាប់អារម្មណ៍នេះ។