ល្បែងប្រជាប្រិយរបស់អ្នកភូមិឡូឡូចាយ (Lo Lo Chai)

ល្បែងប្រជាប្រិយរបស់អ្នកភូមិឡូឡូចាយ (Lo Lo Chai)

ស្ថិត​នៅកណ្តាលទេសភាពធម្មជាតិដ៏អស្ចារ្យ នៃប៉ូលខាងជើងរបស់ប្រទេសវៀតណាម ចំណុះខេត្តត្វៀងក្វាង ភូមិឡូឡូចាយ ដែលជាកន្លែងរស់នៅរបស់សហគមន៍ជនជាតិឡូឡូ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរ ដោយសម្រស់រ៉ូមែនទិកប៉ុណ្ណោះទេ នៅទាំង​ជាកន្លែង​ថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ពិសេស ជាមួយនឹងល្បែងប្រជាប្រិយយ៉ាងសប្បាយរីករាយផងដែរ។

ស្ថិតនៅក្នុងឃុំលុងគូ ភូមិឡូឡូចាយ បានជ្រើសរើសជា "ភូមិទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ២០២៥"។ ភូមិឡូឡូចាយលេចធ្លោឡើង ជាមួយនឹងផ្ទះជញ្ជាំងដី ប្រក់ក្បឿងយិនយ៉ាងបុរាណ ដែលស្ថិតនៅយ៉ាងស្ងប់ស្ងាត់ក្បែរផ្លូវក្រាលថ្ម ចំកណ្តាលជួរភ្នំដ៏ខ្ពស់​ត្រដែត។

ភូមិឡូឡូចាយ (Lo Lo Chai) ពោរពេញដោយបរិយាកាសរីករាយ នៃល្បែងប្រជាប្រិយ ក្នុងឱកាសបុណ្យទាន និងថ្ងៃបុណ្យចូលឆ្នាំថ្មី។

នាឱកាសបុណ្យចូលឆ្នាំថ្មី ភូមិឡូឡូចាយកាន់តែមានភាពអ៊ូអរជាងពេលណាៗទាំងអស់​។ ក្នុងសម្លៀកបំពាក់ប្រពៃណី ដែលមានពណ៌ស្រស់ឆើតឆាយ បងប្អូនជនជាតិឡូឡូ​បានរួមគ្នាចូលរួមលេង​ល្បែងប្រជាប្រិយយ៉ាងសប្បាយរីករាយ ដើម្បីបង្កើនភាពស្និទ្ធស្នាលក្នុង​សហគមន៍។

លក្ខណៈពិសេសនា​ថ្ងៃដើមឆ្នាំថ្មី របស់ជនជាតិឡូឡូ គឺល្បែង "ទាញព្រ័ត្រ"។ ជំនួសឱ្យការប្រើខ្សែពួរ ក្រុមនីមួយៗបែរជាចងភ្ជាប់គ្នាជាជួរវែង ដោយយកដៃ​ឱបចង្កេះគ្នាឱ្យជាប់ រួច​ទាញគ្នាទៅវិញទៅមក អមដោយសំឡេងសើចសប្បាយ និងការហ៊ោកញ្ជ្រៀវ​គាំទ្រយ៉ាង​ខ្លាំងក្លា។​ ល្បែងនេះ មិនត្រឹមតែបង្ហាញពីកម្លាំងសាមគ្គីភាពប៉ុណ្ណោះទេ ​ថែមទាំង​នាំមក​នូវភាពរីករាយយ៉ាងខ្លាំង ដល់ទាំងអ្នកលេង និងអ្នកទស្សនាផងដែរ។

 
ជនជាតិឡូឡូ ចូលរួមលេងល្បែងទាញព្រ័ត្រ ក្នុងពិធីសែនដូនតា។

អ្នក​ភូមិឡូឡូនៅមានល្បែង "ជាល់​ជ្រូក" ដែលជាល្បែងចលនា​បានចាត់ទុកថា​មានភាពរំភើបខ្លាំង និង​កំប្លែងបំផុត។ ក្នុងល្បែងនេះ យុវជនម្នាក់ ដែលមានកម្លាំងមាំមួន នឹងយកដៃទាំង​ពីរច្រត់លើដី ហើយប្រើភាពរហ័សរហួន​របស់ជើងទាំង​គូរ ដើម្បីទាត់ឱ្យប៉ះសមាជិកផ្សេងទៀត នៅក្នុង​រង្វង់មូល​។ អ្នកណាដែលត្រូវគេទាត់ប៉ះ ឬរត់ចេញក្រៅបន្ទាត់នឹងត្រូវចាញ់។ ល្បែងនេះ ទាមទារនូវភាពប៉ិនប្រសប់ និងប្រតិកម្មយ៉ាង​រហ័ស ដែល​តែងតែធ្វើឱ្យអ្នក​​ទស្សនា​ស្ងើច​សរសើរ និង​រំភើបចិត្ត។

 

ល្បែង ចាប់​កូន​ខ្លែង​ ក៏ត្រូវបានជនជាតិឡូឡូលេងក្នុងថ្ងៃបុណ្យទាននិទាឃរដូវផងដែរ។ ក្រុមអ្នកលេងតម្រង់គ្នាជាជួរវែងក្រោមការដឹកនាំរបស់មេបញ្ជា​ម្នាក់នៅខាងមុខ។ ភារកិច្ច​របស់ "ក្បាលនាគ" គឺត្រូវតស៊ូរារាំងមិនឱ្យគូប្រកួតដណ្តើមយកសមាជិក ដែលនៅខាងក្រោយ បង្កើតបានជាស្ថានភាពប្រ​ដេញចាប់គ្នាយ៉ាងស្វិតស្វាញ និងសប្បាយរីករាយ។

ល្បែងប្រជាប្រិយ ចាប់កូនខ្លែង​ នៅភូមិឡូឡូចាយ។
 

ជាពិសេស "រុញឈើ" ដែលជាវិញ្ញាសាកីឡាប្រពៃណីពោរពេញដោយការប្រកួតប្រជែង ក៏ជាល្បែងដែលមិនអាចខ្វះបានក្នុងពិធីបុណ្យដើមឆ្នាំនៅទីនេះ។ នេះគឺជាការប្រកួតទាំងប្រាជ្ញានិងកម្លាំង រវាងគូប្រកួតពីរនាក់​ដែលឈរទល់មុខគ្នា។ ដោយប្រើតែឈើមួយដើម អ្នកប្រកួតត្រូវប្រើបច្ចេកទេស និងយុទ្ធសាស្ត្រវៃឆ្លាត ដើម្បីធ្វើឱ្យគូប្រកួតបាត់បង់លំនឹង ឬចាកចេញពីទីតាំង។ កម្លាំង និងភាពក្លាហានរបស់យុវជន និងយុវតីតំបន់ភ្នំ តែងតែជាចំណុចចំណាប់អារម្មណ៍​ ដែលទាក់ទាញការគាំទ្រយ៉ាងខ្លាំងក្លាពីអ្នកភូមិ។

ភ្ញៀវទេសចរមានភាពរំភើបក្នុងការសាកល្បងលេងល្បែងទាញព្រ័ត្រ ជាមួយអ្នកភូមិឡូឡូចាយ។
 

ល្បែងប្រជាប្រិយនៅទីនេះ មិនត្រឹមតែនាំមកនូវភាពរីករាយសុទ្ធសាធប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា "ខ្សែចំណង" តភ្ជាប់ពី​ជំនាន់មួយ​ទៅ​ជំនាន់មួយ​ ជួយឱ្យចរន្តវប្បធម៌ប្រពៃណី តែងតែ​ហូរ​ដិតដាម​ជានិច្ច។ ភាពរួមបញ្ចូលគ្នារវាងទេសភាពធម្មជាតិដ៏អស្ចារ្យ និងសកម្មភាពរស់នៅសហគមន៍ដ៏កក់ក្តៅ បានធ្វើឱ្យឡូឡូចា​យ ក្លាយជាគោលដៅដែលមិនអាច​រំលងបាន នៅប៉ូលខាងជើងរបស់ប្រទេសវៀតណាម ដែល​ជាកន្លែងមានសំឡេងសើចសប្បាយ លាយឡំជាមួយខ្យល់ភ្នំដ៏ធំល្វឹងល្វើយ៕

រៀបរៀង៖ វៀតគឿង​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top