ល្បីល្បាញរបរធ្វើគ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu)

ល្បីល្បាញរបរធ្វើគ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu)

ផលិត​ផល​​ពិសេសមួយ​ចំនួន​របស់​ភូមិ​សិប្បកម្មធ្វើ​គ្រឿង​កុលាលភាជន៍ ឡៃ​ថៀវ (Lai Thieu)។

ខេត្ត​ ប៊ិញ​យឿង (Binh Duong) ទទួលបានអំណោយផលពីធម្មជាតិ មានប្រភពដីឥដ្ឋ និងដីឥដ្ឋសជាសម្បូរ៍ដែលស័ក្តិសមបំផុតសម្រាប់ការធ្វើគ្រឿងកុលាលភាជន៍​។ ក្នុងចំណោមភូមិសិប្បកម្ម​ធ្វើ​គ្រឿងកុលាល​ភាជន៍ ក្នុងខេត្ត ប៊ិញ​យឿង (Binh Duong) ភូមិសិប្បកម្មធ្វើ​គ្រឿង​កុលាលភាជន៍ ឡៃថៀវ (Lai Thieu) មានភាពល្បីល្បាញក្នុងប្រទេស និងក្រៅប្រទេស ដោយសារភាពសាមញ្ញ ​ និងពោរពេញដោយភាពផ្ចិតផ្ចង់ និងលក្ខណៈពិសេសនៃតំបន់ណាមបូ

គ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu) បានចាប់ផ្តើមបង្កើតនៅប្រហែលឆ្នាំ ១៨៦០ ឆ្លងកាត់រយៈកាលអភិវឌ្ឍជាង ១៥០ ឆ្នាំ គ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu) បានល្បីល្បាញគ្រប់ទិសទី ហើយបានក្លាយជាមជ្ឈមណ្ឌលធ្វើគ្រឿង​កុលាលភាជន៍មួយ នៅណាមបូ ។ មិនដូចភូមិគ្រឿងកុលាលភាជន៍ផ្សេងទៀតទេ គ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu) យកចិត្តទុកដាក់​លើការផលិតគ្រឿងកុលាលភាជន៍​ប្រើប្រាស់ក្នុងផ្ទះ និងផលិតផលដែលធ្លាប់ប្រើក្នុងជីវភាពប្រចាំថ្ងៃ។

ស្រស់ស្អាតផង ងាយស្រួលក្នុង​ការប្រើប្រាស់ផង​ បានជាគ្រឿង​កុលាលភាជន៍ ឡៃថៀវ (Lai Thieu) បានទទួល​ការពេញនិយមយ៉ាងឆាប់រហ័សពីអ្នកប្រើប្រាស់។ ដោយការផលិតផលិតផលប្រើប្រាស់ក្នុង​ជីវភាពប្រចាំថ្ងៃ ដូច្នេះតាំងពីដំណាក់កាលបង្កើតគំនិត ដល់ការច្នៃធ្វើគ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu) បានរួមបញ្ចូលគ្នានូវតម្រូវការប្រើប្រាស់ និងសោភណភា ក្នុងការផលិត​គ្រឿង​កុលាលភាជន៍ដ៏សាមញ្ញ។ ភាពចម្រុះនៃប្រភេទផលិតផល រូបរាង គូរប្លង់ និ រចនាតុបតែងគ្រឿង​កុលាលភាជន៍ ឡៃថៀវ (Lai Thieu) បានបំពាក់លក្ខណៈវិចិត្រសិល្បៈផង និងបំពាក់លក្ខណៈប្រជាប្រិយផង ដែលបានបង្កើតជាលក្ខណៈពិសេសនៃគ្រឿង​កុលាលភាជន៍ជនបទនេះ។


ជាមួយនឹងគោលបំណងនាំយកនូវសោភណភាពប្រពៃណីបញ្ចូលក្នុងជីវិតសម័យទំនើប បានជាគ្រឿងកុលាលភាជន៍មួយៗត្រូវបានសម្រិតសម្រាំងយ៉ាងហ្មត់ចត់ដោយដៃដ៏ប៉ិនប្រសប់របស់សិប្បករ​។ ក្បាច់រចនាលើគ្រឿង​កុលាលភាជន៍ត្រូវបានបំផុសគំនិតពីជីវិភាព​ក្នុង​តំបន់ជនបទ ស្នាដៃវិចិត្រសិល្បៈ ឬរូបគំនូរចម្លាក់នៅវត្ត ប្រាសាទ ដូចជា គំនូរអណ្ដែត ចម្លាក់នាលើស្លឹកជ្រៃ ទេពអប្សរ ... ស្នាមចម្លាក់លិច អណ្ដែតនៃពពកវេហាស៍ ភ្ញីផ្កា ហាក់ដូចជារីកដុះដាលលើគ្រឿងកុលាលភាជន៍ដ៏ស្រស់ស្អាត។


ទន្ទឹមនឹងនោះ មានគ្រួសារជាច្រើននៅ ឡៃថៀវ (Lai Thieu) ដែលបន្ត​ប្រកប​មុខរបរនេះពី ៤ ទៅ ៥ ជំនាន់ ដែលបានជីដូន​ជីតាបន្សល់ទុកឲ្យ​កូន​ចៅៗ ជំនាន់​ក្រោយ គេស្វិតស្វាញ់ជាមួយរបរប្រពៃណី ជាមួយជីវិត និងថ្វីដៃដូនតាគេបន្សល់មក។ បន្ទាប់ពីយកចេញពីឡដុត ផលិតផលកុលាលភាជន៍ ឡៃថៀវ (Lai Thieu) ដែលត្រចះត្រចង់បំផុតនឹងត្រូវបានពាណិជ្ជករដណ្ដើមគ្នាប្រមូលទិញ ដើម្បីបញ្ជូន​ទៅលក់នៅក្នុង​ខេត្ត ទីក្រុងនានា ​លើសពីនោះនៅទាំងបាននាំចេញទៅ​លក់នៅប្រទេសឡាវ ឥណ្ឌូនេស៊ី ហ្វីលីពីន​។ល។ ទៀតផង។ ផលិតផលនៅទីនេះមានវត្តមាននៅក្នុងគ្រប់សកម្មភាពគ្រួសារ ពីក្នុងផ្ទះ ចេញដល់សួនច្បារ រហូតដល់​ទីសក្ការៈបូជាជីដូនជីតាតា ពីផ្ទះបាយទៅហាង​លក់ភេសជ្ជៈ ជុំវិញភូមិភាគទូទាំងតំបន់ប្រជាជន នៃតំបន់ណាមបូ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដំណើរការនគរូបនីយកម្មបានធ្វើឱ្យអ្នកភូមិរបសធ្វើ​គ្រឿង​កុលាលភាជន៍ជាច្រើនត្រូវទៅធ្វើការជាកម្មករក្នុងរោងចក្រ ឬលក់ដូរ ដើម្បីលើក​កម្ពស់ជីវភាពរស់នៅកាន់តែមានស្ថេរភាព ដូច្នេះហើយ មុខរបរធ្វើគ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu) ក៏សាបសូន្យ​ជាបណ្តើរៗ។ ទោះជាយ៉ាងនេះក្តី សំណាងហើយ ដោយនៅតែមានប្រជាពលរដ្ឋ និងគ្រួសារមួយ​ចំនួន ដែលស្រលាញ់មុខរបរ​នេះ ថែមទាំង ពួកគេបានខិតខំប្រឹងប្រែង ​ស្តារឡើង​វិញ​នូវភូមិសិប្បកម្មប្រពៃណីនេះ។ អាស្រ័យហេតុនេះ បច្ចុប្បន្ននេះនៅភូមិ ឡៃថៀវ (Lai Thieu)  នៅតែមានគ្រួសារខ្លះនៅបន្តផលិតនៅផលិតផលគោលៗ ដូចជា ជ្រូកដី ផើង ថូផ្កាពីរបីប្រភេទ ចាន... ហើយទន្ទឹងរង់ចាំថ្ងៃណាមួយមុខរបរ «ដៃប្រឡាក់ភក់»​ នឹងឆ្ពោះទៅរកភាពរុងរឿងឡើងវិញ។


ដោយឆ្លងកាត់ការវិវត្តជាច្រើនជំនាន់ មុខ​របរ​ធ្វើ​គ្រឿង​កុលាលភាជន៍ ឡៃថៀវ (Lai Thieu) នៅតែរក្សាបាននូវសោភណភាពបែបប្រពៃណី រក្សាបានភាពពិសេសរបស់ខ្លួន ក្នុងដំណើរការថិតថេរ អភិវឌ្ឍន៍ រហូតមកដល់សព្វថ្ងៃនេះ។ ដោយមានលក្ខណៈពិសេសផ្ទាល់ខ្លួន សិប្បកម្មធ្វើគ្រឿង​កុលាលភាជន៍ ឡៃថៀវ (Lai Thieu) បានបង្កើត​ជាកិត្តនាមល្បីល្បាញរបស់ភូមិសិប្បកម្មមួយនៅតំបន់ណាមបូ ដែលជាភូមិសិប្បកម្មដ៏មានកិត្យានុភាពល្បីល្បាញពីបុរាណ ប៉ុន្តែនៅតែរក្សាកេរ្តិ៍ឈ្មោះដដែលរហូតមកដល់បច្ចុប្បន្ន។





អត្ថបទ និងរូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម

ប្រែសម្រួល​ដោយ​ង្វៀន​យ៉ាង


top