លោកស្រី តូ ធ្វីយីមក្វៀន - ពីបទពិសោធន៍ក្លាយជាបេសកកម្មអប់រំ

លោកស្រី តូ ធ្វីយីមក្វៀន - ពីបទពិសោធន៍ក្លាយជាបេសកកម្មអប់រំ

ក្នុង​ចំណោម​រឿងរ៉ាវ​ស្ដីពី​ការ​ផ្លាស់ប្ដូរ​ថ្មី កាលៈទេសៈ​​នៃ​ការ​ភ្ញាក់​រលឹក​ ពេល​ខ្លះ​កើត​ចេញ​ពី​រឿងរ៉ាវ​តូចតាច។ ចំពោះ​អ្នក​ជំនាញ​អប់រំ ​លោកស្រី តូ ធ្វី​យីមក្វៀន (To Thuy Diem Quyen) ​នោះ​មិនមែន​ជា​ពានរង្វាន់ ឬ​កិត្តិយស​ឡើយ តែ​ជា​គំនូរ​ដែល​កូន​ប្រុស​របស់​លោកស្រី​បាន​គូរ - ក្មេង​ប្រុស​មាន​ជំងឺ​អូទីស្សឹម (Autism) ម្នាក់​គូរ​រូប​ខ្លួន​ឯង​ត្រៀម​ចាក​ចេញ​ពី​លោក​នេះ។ រូបភាព​នោះ​បាន​ដាស់​ស្មារតី​អ្នក​ម្ដាយ​រូប​នេះ និង​បាន​ដុត​បញ្ឆេះ​បេសកកម្ម​មួយ​ក្នុង​ចិត្ត​លោកស្រី៖ ​ផ្លាស់ប្ដូរ​ការ​អប់រំ​ ដើម្បី​កុំឱ្យ​​ក្មេង​ម្នាក់​ណា​ត្រូវ​រង​ទុក្ខ​វេទនា​ដូច​កូន​ប្រុស​របស់​លោកស្រី​ឡើយ។

អ្នក​ជំនាញ​អប់រំ ​លោកស្រី តូ ធ្វី​យីមក្វៀន ជាជនជាតិវៀតណាមដំបូងគេ ដែលទទួលបានងារជា អ្នកជំនាញអប់រំច្នៃតិដ្ឋ​ឆ្នើម នៃ​ក្រុមហ៊ុន Microsoft នៅឆ្នាំ២០១៤ (Microsoft Innovative Educator Expert Fellow)។ រូបថត៖ ថុងហាយ

លោកស្រី តូ ធ្វី​យីមក្វៀន​ បាន​ដឹង​ថា ឫសគល់​នៃ​បញ្ហា​មិន​ត្រឹមតែ​ស្ថិត​នៅ​លើ​សិស្ស​ប៉ុណ្ណោះ​ទេ តែ​ក៏​ស្ថិត​នៅ​លើ​របៀប​ដែល​គ្រូ​បង្រៀនកៀក​នឹង​​ការងារ​បង្រៀន​ដែរ។ «មិន​បង្ខំ​ត្រី​ឱ្យ​​ឡើង​ដើម​ឈើ» - ទ្រឹស្ដី​​អប់រំ​ដែល​លោកស្រី​ប្រកាន់​ខ្ជាប់​បាន​អះអាង​ថា កុមារ​ម្នាក់ៗ​សុទ្ធ​តែ​មាន​សមត្ថភាព និង​វិធីសាស្ត្រ​រៀន​សូត្រ​ខុសៗ​គ្នា ហើយ​តួនាទី​របស់​គ្រូ​គឺ​ជួយ​ពួកគាត់​ឱ្យ​​រីកចម្រើន​ទៅ​តាម​ភាពប្រៀប​រៀងៗ​ខ្លួន។ ដោយ​ឆ្លង​កាត់​ការ​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ជាមួយ​កូន​ប្រុស​ ដើម្បី​ជំនះ​ជំងឺ​អូទីស្សឹម និង​ពិបាក​អំណាន​ លោកស្រី​យល់​យ៉ាង​ច្បាស់​ថា ការ​អប់រំ​ត្រូវ​ចាប់ផ្ដើម​ពី​ការ​យល់​ចិត្ត​គ្នា មិនមែន​ត្រឹមតែ​ពី​ចំណេះដឹង​នោះ​ទេ។

ផ្តើម​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន លោកស្រី​បាន​បង្វែរ​ភាព​ឈឺចាប់​ទៅ​ជា​កម្លាំង​ជំរុញ​សង្គម។ នៅ​ឆ្នាំ ២០១២ លោកស្រី​បាន​បង្កើត​ក្រុមហ៊ុនទទួល​ខុសត្រូវ​មាន​កម្រិត​ ​ប្រឹក្សា និង​អភិវឌ្ឍ​ការ​អប់រំ InnEdu ដែល​បើក​ដំណើរការ​នៃ​ការ​ចាប់ផ្ដើម​អាជីវកម្ម​ពោរពេញ​ទៅ​ដោយ​ឧបសគ្គ ប៉ុន្តែ​ក៏​ពោរពេញ​ដោយ​ជំនឿ​ទៅ​លើ​ការ​ផ្លាស់ប្ដូរ​ថ្មី​ដែរ។ InnEdu ផ្ដោត​លើ​ការ​បណ្ដុះបណ្ដាល​ដល់​គ្រូ​បង្រៀន និង​ថ្នាក់ដឹកនាំ​ការ​អប់រំ​ក្នុង​វិស័យ STEAM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស​ សិល្បៈ គណិតវិទ្យា) និង​​អនុវត្ត​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ការ​បង្រៀន។ ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី គ្រូ​បង្រៀន​រាប់​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​វៀតណាម​​បាន​បំផុស​គំនិត និង​ទទួល​បាន​វិធីសាស្ត្រ​បង្រៀន​បែប​ទំនើប។ លោកស្រី​ក៏​ជា​អ្នកសហ​និពន្ធ​​​​សៀវភៅ «ការ​រៀន​សូត្រ​តាមរយៈ​គម្រោង» ​ដែល​បោះពុម្ពផ្សាយ​ដោយ​គ្រឹះស្ថាន​បោះពុម្ព​អប់រំ​វៀតណាម រួម​ចំណែក​ផ្សព្វផ្សាយ​ស្មារតី​នៃ​ការ​រៀន​សូត្រ​ប្រកប​ដោយ​ភាព​ច្នៃប្រតិដ្ឋ​។

អ្នកជំនាញអប់រំ លោកស្រី តូ ធ្វី​យីមក្វៀន បើកវគ្គបណ្ដុះបណ្ដាលតាមអនឡាញឥតគិតថ្លៃសម្រាប់គ្រូបង្រៀនទូទាំងប្រទេស ជួយគ្រូបង្រៀនបង្កើនភាពអន្តរកម្ម បង្កើតកម្លាំងចិត្តដល់សិស្ស តាមរយៈល្បែងកម្សាន្តដែលមិនប្រើឧបករណ៍ឌីជីថល និងការរួមបញ្ចូល AI។ រូបថត៖ ថុងហាយ
លោកស្រី តូ ធ្វី​យីមក្វៀន កំពុងពិភាក្សាជាមួយមិត្តរួមការងារ អំពីគម្រោងបណ្តុះបណ្តាល។ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម

ឥទ្ធិពល​របស់​លោកស្រី​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ហួស​ពី​ព្រំដែន​វៀតណាម។ លោកស្រី​ជា​ជនជាតិ​វៀតណាម​ដំបូង​គេ​ដែល​​បាន Microsoft ទទួល​ស្គាល់​ជា​អ្នក​ជំនាញ​អប់រំ​ច្នៃប្រឌិត​ឆ្នើម (Microsoft Innovative Educator Expert Fellow) - ជា​សក្ខីភាព​បញ្ជាក់​ពី​សមត្ថភាព​ក្នុង​ការ​ធ្វើ​​​សមាហរណ​កម្ម និង​សមត្ថភាព​ដឹកនាំ​ការ​ផ្លាស់ប្ដូរ​ថ្មី។ នៅ​ឆ្នាំ២០២០ InnEdu បាន​ក្លាយ​ជា​ដៃគូ​បណ្ដុះបណ្ដាល​សកល​ដំបូង​របស់ Microsoft នៅ​វៀតណាម ដែល​ជា​ចំណុច​របត់​សំខាន់​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​វិស័យ​សាធារណៈ និង​ឯកជន​ស្ដីពី​ការ​អប់រំ។ លោកស្រី​​បាន​អញ្ជើញ​ឱ្យ​​ធ្វើ​ជា​គណៈមេប្រយោគ​នៅ​វេទិកា​អប់រំ​សកល​ឆ្នាំ២០១៥ នៅ​សហរដ្ឋអាមេរិក ​​ជា​តំណាង​តែ​ម្នាក់​គត់​មកពី​ទ្វីបអាស៊ី​ក្នុង​ព្រឹត្តិការណ៍​នេះ។

អ្នកជំនាញអប់រំ តូ ធ្វី​យីមក្វៀន គឺជាជនជាតិវៀតណាមដំបូងគេ  ដែលបានក្រុមហ៊ុន Microsoft ទទួលស្គាល់ថាជា អ្នកជំនាញអប់រំប្រកបដោយការច្នៃប្រតិដ្ឋ​ឆ្នើម។ រូបថត៖ ថុង ហាយ/កាសែតរូបភាពវៀតណាម

ការ​រួម​ចំណែក​ជាប់លាប់​បាន​ជួយ​លោកស្រី​​​បាន Forbes វៀតណាម ផ្ដល់​កិត្តិយស​ក្នុង​បញ្ជី «ស្ត្រី​វៀតណាម​ទាំង ២០ រូប​ដែល​បំផុស​គំនិត» ឆ្នាំ២០២១។ ក៏ប៉ុន្តែ​ ចំពោះ​លោកស្រី រង្វាន់​ធំ​បំផុត​មិនមែន​ជា​កិត្តិយស​ឡើយ តែ​ជា​ពេល​ដែល​ឃើញ​ពន្លឺកែវ​​ភ្នែក​ដ៏​មាន​ទំនុក​ចិត្ត ​របស់​សិស្ស​ដែល​ធ្លាប់​ខ្លាច​សាលារៀន។ «រៀន​ដើម្បី​ទទួល​បាន​សេរីភាព» - ជា​ពាក្យ​ដែល​លោកស្រី​តែង​និយាយ។ ចំពោះ​លោកស្រី ការ​រៀន​សូត្រ​មិនមែន​គ្រាន់តែ​ដើម្បី​ទទួល​បាន​ពិន្ទុ​ខ្ពស់​នោះ​ទេ តែ​ដើម្បី​ឱ្យ​មនុស្ស​មាន​សមត្ថភាព​ក្នុង​ការ​ជ្រើសរើស និង​រស់នៅ​ក្នុង​ជីវិត​​​សុភមង្គល។

អ្នកជំនាញអប់រំ លោកស្រី តូ ធ្វី​យីមក្វៀន បណ្ដុះបណ្ដាលអំពីការផ្លាស់ប្តូរឌីជីថល សម្រាប់វិស័យអប់រំ និងបណ្តុះបណ្តាល នៃទីក្រុងហូជីមិញ។ រូបថត៖ ឯកសារ​ផ្ទាល់ខ្លួន
អ្នកជំនាញអប់រំ លោកស្រី តូ ធ្វី​យីមក្វៀន ​ចែករំលែកអំពីជំនាញពលរដ្ឋឌីជីថល ព្រមទាំងកំណត់ទិសដៅសម្រាប់ខ្លួនឯង ដល់និស្សិតនៃសកលវិទ្យាល័យជាតិហូជីមិញ។ រូបថត៖ ឯកសារ​ផ្ទាល់ខ្លួន
អ្នកជំនាញអប់រំ លោកស្រី តូ ធ្វី​យីមក្វៀន ​ចែករំលែកអំពីជំនាញពលរដ្ឋឌីជីថល ព្រមទាំងកំណត់ទិសដៅសម្រាប់ខ្លួនឯង ដល់និស្សិតនៃសកលវិទ្យាល័យជាតិហូជីមិញ។ រូបថត៖ ឯកសារ​ផ្ទាល់ខ្លួន

លោកស្រី​​​ជឿ​ថា បណ្ដា «ស្នាមរបួស​» ក្នុង​ជីវិត​មិនមែន​ជា​បរាជ័យ​ទេ តែ​ជា​ធាតុ​ផ្សំ​ដែល​ជួយ​មនុស្ស​ឲ្យ​ពេញវ័យ។ ​ដោយសារ​ជម្នះ​នូវ​ការ​បាត់បង់​ផ្ទាល់​ខ្លួន លោកស្រី​យល់​កាន់តែ​ច្បាស់​ពី​តម្លៃ​នៃ​ការ​តស៊ូ​អត់ធ្មត់ និង​​មេត្តាធម៌ - ជា​កត្តា​ពីរ​ដែល​លោកស្រី​តែងតែ​បង្ហាត់បង្រៀន​ដល់​សិស្ស និង​សហការី។

អ្នកជំនាញអប់រំ តូ ធ្វី​យីមក្វៀន ក្នុងព្រឹត្តិការណ៍ “អុជភ្លើងឆ្ពោះទៅមុខទាំងអស់គ្នា” នៃ​​អ្នកគ្រប់គ្រងអប់រំ ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយ ក្លឹបគ្រប់គ្រងអប់រំឥតព្រំដែន (EdulightenUp) ចំណុះឱ្យ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ការគ្រប់គ្រងអប់រំ (ELRD)។ រូបថត៖ ឯកសារ​ផ្ទាល់ខ្លួន​

នៅឆ្នាំ២០២១ ទស្សនាវដ្តី Forbes វៀតណាម បានលើកតម្កើង លោកស្រី តូ ធ្វី​យីមក្វៀន ក្នុងបញ្ជី "ស្ត្រីវៀតណាម ២០ រូបដែលបំផុសគំនិត”។ រូបភាព៖ ថុងហាយ

សព្វថ្ងៃ​នេះស្ថិតក្នុង​វ័យ​ជាង៥០ឆ្នាំ អ្នក​ជំនាញ​អប់រំ​ លោកស្រី តូ ធ្វីយីមក្វៀន​ នៅតែ​ខិតខំ​ប្រឹងប្រែង​លើ​ដំណើរការ​ផ្លាស់ប្ដូរ​ថ្មី។ លោកស្រី​បន្ត​កាន់​តួនាទី​ជា​នាយកប្រតិបត្តិ​​ក្រុមហ៊ុន InnEdu ទន្ទឹម​នឹង​នោះ​ក៏​ជា​វាគ្មិន និង​អ្នក​ជំនាញ​សម្រាប់​កម្មវិធី​កំណែទម្រង់​របស់​ក្រសួង​អប់រំ និង​បណ្ដុះបណ្ដាល បន្ត​ «សាបព្រោះ​គ្រាប់ពូជ» នៃ​ការ​ផ្លាស់ប្ដូរ​ថ្មី​ក្នុង​ថ្នាក់រៀន​នីមួយៗ គ្រូ​បង្រៀន​ម្នាក់ៗ។ កេរដំណែល​របស់​លោកស្រី​មិន​ត្រឹមតែ​ស្ថិត​នៅ​លើ​សមិទ្ធផល​ប៉ុណ្ណោះ​ទេ តែ​​​ស្ថិត​នៅ​លើ​ផ្នត់គំនិត​ផង​ដែរ៖ ការ​អប់រំ​មិនមែន​ជា​ការ​ប្រណាំង​នោះ​ទេ តែ​ជា​ដំណើរការ​នៃ​ការ​ស្វែងរក និង​រំដោះ​មនុស្សជាតិ៕

អត្ថបទ៖ ថាវវី  រូបថត៖ ថុងហាយ​ & ឯកសារ​ផ្ទាល់​ខ្លួន

ប្រែសម្រួល៖ រីកើង​


top