លោកប្រធានហូជីមិញ រស់ជានិច្ចក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ
លោកប្រធានហូជីមិញប្រសូតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៨៩០ នៅភូមិសែន (Sen) ឃុំគីមលៀន (Kim Lien) ស្រុកណាំដាន (Nam Dan) ខេត្តង៉េអាន (Nghe An) ក្នុងត្រកូលអ្នកប្រាជ្ញស្នេហាជាតិ ធំឡើងក្នុងស្ថានភាពប្រទេសជាតិ ជួបការលំបាកក្រីក្រ ឃើញច្បាស់នូវចលនាស្នេហាជាតិ តស៊ូប្រឆាំងបារាំង ជាមួយនឹងនិន្នាការផ្សេងៗគ្នា លេចធ្លោដូចជា ចលនា ដុងយូ (Dong Du) របស់ លោកតា ផាន បូយចូវ (Phan Boi Chau) ចលនា យីតឹន (Duy Tan) របស់លោកតា ផាន ជូត្រិញ (Phan Chu Trinh) ឬការក្រោកឡើង អៀនថេ (Yen The) របស់លោកតា ហ្វាង ហ្វាថាម (Hoang Hoa Tham)។ល។ បានផ្ទុះឡើងជាបន្តបន្ទាប់ ប៉ុន្តែសុទ្ធតែបរាជ័យដោយសារ មិនទាន់មានមាគ៌ាត្រឹមត្រូវមួយ។ ឃើញច្បាស់នូវការកេងប្រវ័ញ្ច ធ្វើទារុណកម្ម យ៉ាងឃោរឃៅ របស់អាណានិគមនិយមបារាំង មកលើប្រជាជន។ ឃើញផ្ទាល់ភ្នែក ឮផ្ទាល់ត្រចៀក នូវការពលីបូជាឈាមស្រស់ របស់បងប្អូនប្រជាពលរដ្ឋ ង្វៀន តឹតថាញ់ (Nguyen Tat Thanh) - ង្វៀន អាយក្វឹក (Nguyen Ai Quoc) - ហូជីមិញ បានបង្កប់ឆន្ទៈ ចេញទៅក្រៅប្រទេស ដើម្បីស្វែងរកមាគ៌ាសង្គ្រោះជាតិ តាំងពីក្មេង។ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩១១ ក្រោមឈ្មោះ វ៉ាន់បា (Van Ba) លោកបានឡើងនាវា Amiran Latouche-Tréville ចាកចេញពីកំពង់ផែ ញ៉ារ៉ុង (Nha Rong) (ទីក្រុងហូជីមិញសព្វថ្ងៃ) ចាប់ផ្តើមដំណើរស្វែងរកមាគ៌ាសង្គ្រោះជាតិ។
ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស និងលោកប្រធានហូជីមិញ ទូទាំងបក្ស ប្រជាជនទាំងមូល កងទ័ពទាំងមូលនៃប្រទេសវៀតណាម បានវាយកម្ទេចឧបាយកលឈ្លានពាន របស់កម្លាំងអមិត្ត ពួកប្រតិកិរិយា ការពារ និង រក្សាស្ថិរភាពរដ្ឋអំណាចបដិវត្តន៍។ នៅមហាសន្និបាតលើកទី២ របស់បក្ស (ឆ្នាំ១៩៥១) លោកបានបោះឆ្នោតជ្រើសរើស ជាប្រធានគណៈប្រតិបត្តិមជ្ឈិមបក្ស។ ក្រោមការដឹកនាំរបស់បក្ស និង លោកប្រធានហូជីមិញ ការតស៊ូនៃប្រជាជនវៀតណាម ប្រឆាំងនឹងអាណានិគមនិយម បារាំងឈ្លានពាន បានទទួលជ័យជំនះដ៏ត្រចះត្រចង់ បញ្ចប់ដោយជ័យជំនះ ជាប្រវត្តិសាស្ត្រដៀនបៀនភូ (Dien Bien Phu) "ល្បីល្បាញពេញពិភពលោក" (ឆ្នាំ១៩៥៤)។ ភាគខាងជើង បានរំដោះទាំងស្រុង គណៈកម្មាធិការមជ្ឈិមបក្ស និងលោកប្រធានហូជីមិញបន្តដឹកនាំ ប្រជាជនវៀតណាម អនុវត្តដំណាលគ្នានូវភារកិច្ចយុទ្ធសាស្ត្រពីរ នៃបដិវត្តន៍វៀតណាម៖ កសាងសង្គមនិយមនៅភាគខាងជើង តស៊ូរំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ បញ្ចប់បដិវត្តន៍ជនជាតិប្រជាធិបតេយ្យប្រជាជន នៅទូទាំងប្រទេស។
មហាសន្និបាតលើកទី៣របស់បក្ស (ឆ្នាំ១៩៦០) បានឯកភាពបោះឆ្នោតជ្រើសរើស លោកប្រធានហូជីមិញ ជាប្រធានគណៈប្រតិបត្តិមជ្ឈិមបក្សឡើងវិញ។ រដ្ឋសភានីតិកាលទី២ នីតិកាលទី៣ បានបោះឆ្នោតជ្រើសរើស លោកជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យ។ រួមជាមួយគណៈប្រតិបត្តិមជ្ឈិមបក្ស លោកប្រធានហូជីមិញ បានដឹកនាំនូវបុព្វហេតុកសាងសង្គមនិយមនៅភាគខាងជើង និងបានដាក់ចេញមាគ៌ាត្រឹមត្រូវសម្រាប់ ការតស៊ូប្រឆាំងសង្គ្រាមឈ្លានពាន នៃចក្រពត្តិអាមេរិក ឆ្ពោះទៅរកជ័យជំនះចុងក្រោយ។ ដាក់គ្រឹះធារនិងបន្តពូនជ្រុំមិត្តភាព រវាងជនជាតិវៀតណាម ជាមួយជនជាតិនានានៅលើពិភពលោក រវាងគណៈបក្សកុម្មុយនីស្តវៀតណាម ជាមួយគណៈបក្សកុម្មុយនីស្តនានា និងចលនាកម្មករអន្តរជាតិ។
មតកសាសន៍ដែលលោកបានបន្សល់ទុក គឺជាឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន រួមបញ្ចូលក្នុងនោះ មានខ្លឹមសារនៃមនោគមវិជ្ជា សីលធម៌ និងចិត្តគំនិតដ៏ឧត្តុង្គឧត្តម របស់មហាបុរសដ៏កម្រមួយរូប ដែលបានតស៊ូលះបង់ពេញមួយជីវិត ដើម្បីមាតុភូមិនិងមនុស្សជាតិ។ បងប្អូន ប្រជាជន និងយុទ្ធជនទូទាំងប្រទេសវៀតណាម នឹករលឹកលោកឥតឧបមា។ ការបាត់បង់រូបលោក បានបន្សល់ទុកនូវសេចក្តីស្រឡាញ់រាប់លាន សម្រាប់បក្សទាំងមូល ជនជាតិវៀតណាមទាំងមូល និងសាមគ្គីស្និទ្ធស្នាលជាមួយប្រជាជនជឿនលឿននៅលើពិភពលោក។
លោកប្រធានហូជីមិញ បានលះបង់ពេញមួយជីវិតរបស់លោក សម្រាប់បុព្វហេតុ បដិវត្តន៍របស់ បក្ស ជនជាតិ ប្រជាជនវៀតណាម និងដើម្បីសន្តិភាព វឌ្ឍនភាព សង្គម នៅលើពិភពលោក។ លោកបានឆ្លងកាត់ជីវិតមួយដ៏រុងរឿង ពោរពេញដោយការលំបាក លះបង់ខ្ពង់ខ្ពស់ សម្បូរបែប ដ៏បរិសុទ្ធ និងស្រស់ស្អាតឥតខ្ចោះ។ ជីវិតនិងបុព្វហេតុ បដិវត្តន៍ដ៏អស្ចារ្យ របស់លោកប្រធានហូជីមិញ ជានិច្ចកាលជាគំរូភ្លឺស្វាង សម្រាប់យុវជន ជំនាន់ក្រោយនៃប្រទេសវៀតណាម ក្នុងការសិក្សានិងធ្វើតាម។ នាមកេរ្តិ៍ឈ្មោះ និងបុព្វហេតុ របស់លោកប្រធានហូជីមិញ នឹងស្ថិតស្ថេរជានិច្ច ជាមួយទន្លេភ្នំនៃប្រទេសជាតិ រស់ជានិច្ចក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ៕