លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh)៖ ពុះពាររាល់ការលំបាក បង្កើតមូលដ្ឋានគ្រឹះ បង្កើនសន្ទុះឈានចូលយុគសម័យថ្មី

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh)៖ ពុះពាររាល់ការលំបាក បង្កើតមូលដ្ឋានគ្រឹះ បង្កើនសន្ទុះឈានចូលយុគសម័យថ្មី

 

ក្នុងឱកាសឆ្នាំថ្មី២០២៦ នាយករដ្ឋមន្ត្រី លោក ផាម​ មិញជិញ បានផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម អំពីលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមក្នុងឆ្នាំ២០២៥ អាណត្តិ ២០២១ -២០២៥ និងភារកិច្ចសម្រាប់ឆ្នាំ២០២៦ ដែលជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតលើកទី១៤ របស់បក្ស។ កាសែតរូបភាពវៀតណាម សូមឧទ្ទេសនាម​ខ្លឹមសារនៃបទសម្ភាសន៍នេះដូចតទៅ៖

អ្នកសារព័ត៌មាន៖ ជម្រាប​លោកនាយករដ្ឋមន្ត្រី ក្នុងអាណត្តិ ៥ ឆ្នាំកន្លង និងឆ្នាំ២០២៥ ស្ថានភាពក្នុងប្រទេស និងពិភពលោកបានជួបប្រទះការលំបាក និងបញ្ហាប្រឈមជាច្រើនដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែក្រោមការដឹកនាំ និងការគ្រប់គ្រងយ៉ាងប្តូរផ្ដាច់របស់រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីផ្ទាល់ យើងបានជម្នះ "ជំនោរ​ខ្យល់​បញ្ជ្រាស"  សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បង្កើនសក្តានុពល និងឋានៈ​របស់ប្រទេសជាតិ។ សូមលោកនាយករដ្ឋមន្ត្រីចែករំលែកនូវសមិទ្ធផលលេចធ្លោទាំងនោះ?

នាយករដ្ឋមន្ត្រី លោក ផាម​ មិញជិញ៖ ចាប់តាំងពីដើមអាណត្តិមកទល់ពេលនេះ ស្ថានភាពពិភពលោកមានការវិវត្តយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ដោយមានបញ្ហាថ្មីៗជាច្រើនដែលមិនធ្លាប់មានពីមុនមក និងលើសពីការប៉ាន់ស្មាន ជាពិសេសគឺជំងឺរាតត្បាតកូវីដ-១៩ និងផលវិបាកធ្ងន់ធ្ងរដែលអូសបន្លាយពេលយូរ ការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងប្រទេសមហាអំណាច ជម្លោះ អស្ថិរភាពនយោបាយនៅកន្លែងជាច្រើន កត្តាសន្តិសុខមិនមែនប្រពៃណី គ្រោះធម្មជាតិ និងបម្រែបម្រួលអាកាសធាតុដែលជះឥទ្ធិពលកាន់តែធ្ងន់ធ្ងរ។ និន្នាការនៃកំណើនសេដ្ឋកិច្ចធ្លាក់ចុះ អតិផរណាខ្ពស់ និងបំណុលសាធារណៈរបស់ប្រទេសភាគច្រើនលើសពីកម្រិតសុវត្ថិភាព។ នៅក្នុងប្រទេស យើងបានរង "ផលប៉ះពាល់ទ្វេដង" ពីកត្តាអវិជ្ជមានខាងក្រៅផង និងត្រូវដោះស្រាយនូវចំណុចខ្វះខាតផ្ទៃក្នុងដែលអូសបន្លាយពេលច្រើនឆ្នាំផង។ ជាទូទៅ ការលំបាក និងបញ្ហាប្រឈមមានច្រើនជាងកាលានុវត្តភាព និងភាពងាយស្រួល។

 
នាយករដ្ឋមន្ត្រី ផាម មិញជិញ ចុះបញ្ជាការងារសង្គ្រោះ និងជួយសង្គ្រោះ ព្រម​ទាំងដោះស្រាយផលវិបាក នៃទឹកជំនន់ ដែលបង្កឱ្យមានការលិចលង់យ៉ាងខ្លាំង នៅតំបន់សង្កាត់ ផាន ឌីញភុង (Phan Dinh Phung) ខេត្តថាយ ង្វៀន ​(Thai Nguyen)។ រូបថត៖ យឿង​យ៉ាង​/VNA

ក្នុងបរិបទនោះ ក្រោមការដឹកនាំរបស់បក្ស រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីបានផ្ដោតលើការដឹកនាំ និងការគ្រប់គ្រងដោយបាវចនា "ម្ចាស់ការ បត់បែន ច្នៃប្រឌិត ប្តូរផ្ដាច់ និងមានប្រសិទ្ធភាព" ជាមួយស្មារតី "ពិភាក្សាតែការងារដែលត្រូវធ្វើ មិនពិភាក្សាថយក្រោយ" បង្កើតរបកគំហើញផ្នែកស្ថាប័ន យន្តការ និងគោលនយោបាយក្នុងលក្ខណៈ "ផ្លាស់ប្តូរស្ថានការណ៍" និង "ផ្លាស់ប្តូរស្ថានភាព"។ យើងបានសម្របខ្លួនយ៉ាងឆាប់រហ័ស ជម្នះផលវិបាកនៃជំងឺកូវីដ-១៩ ដោយ "ចេញដំណើរក្រោយ តែមកដល់មុន" ជាប្រទេសមួយក្នុងចំណោម ៥ ដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតក្នុងលោក អត្រាមរណភាពមានត្រឹមតែ ០,៣៧% ធៀបនឹងចំនួនករណីឆ្លងសរុប ដែលទាបជាងមធ្យមភាគពិភពលោក (១%)។ នេះជាមូលដ្ឋានសម្រាប់ការផ្ទេរស្ថានភាពពី "Zero COVID" ទៅជា "ការសម្របខ្លួនប្រកបដោយសុវត្ថិភាព និងបត់បែនជាមួយកូវីដ" ដោយបង្កើតកម្មវិធីស្តារ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ យើងបានជំរុញការកែលម្អស្ថាប័នឱ្យកាន់តែល្អប្រសើរ ផ្ដោតលើការដោះស្រាយការលំបាកក្នុងផលិតកម្ម និងអាជីវកម្ម បើកចំហ និងកៀរគរប្រើប្រាស់គ្រប់ប្រភពធនធានប្រកបដោយប្រសិទ្ធភាព បង្កើតរបកគំហើញអភិវឌ្ឍន៍លើគ្រប់វិស័យ។ ផ្តល់អាទិភាពដល់ការជំរុញកំណើនសេដ្ឋកិច្ចភ្ជាប់ជាមួយស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូ ការគ្រប់គ្រងអតិផរណា និងការធានាតុល្យភាពធំៗនៃសេដ្ឋកិច្ច។ យកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យវប្បធម៌ សង្គម និងបរិស្ថាន បង្កើនវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេស រក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ការងារកសាង និងកែលម្អស្ថាប័ន រួមជាមួយបដិវត្តន៍នៃការរៀបចំ សម្រិត​សម្រាំង​ក្បាលម៉ាស៊ីន​ និងការរៀបចំរដ្ឋបាលមូលដ្ឋាន ២ថ្នាក់ គឺជាចំណុចលេចធ្លោមួយក្នុងការដឹកនាំ និងការគ្រប់គ្រងក្នុងឆ្នាំ ២០២៥។ រដ្ឋាភិបាលបានដឹកនាំកសាង សម្របសម្រួល និងផ្តល់ប្រឹក្សាជូនការិយាល័យនយោបាយ ដើម្បីចេញសេចក្តីសម្រេចចិត្តចំនួន ១០ ដែលមានលក្ខណៈរបកគំហើញក្នុងវិស័យគន្លឹះ (ក្នុងនោះបានចេញផ្សាយចំនួន ០៧ និងកំពុងរៀបចំចេញផ្សាយចំនួន ០៣) [១] ព្រមទាំងដាក់ជូនរដ្ឋសភាដើម្បីចេញសេចក្តីសម្រេចចិត្តសម្រាប់ធ្វើស្ថាបនូបនីយកម្មលើសេចក្តីសម្រេចទាំងនេះ។ យើងបានកសាង និងដាក់ជូនរដ្ឋសភាដើម្បីអនុម័តនូវចំនួនច្បាប់ ក្រឹត្យ និងសេចក្តីសម្រេចចិត្តច្រើនបំផុតក្នុងអាណត្តិមួយបើធៀបនឹងពេលកន្លងមក[២]។ ទន្ទឹមនឹងនោះ បានផ្ដោតលើការអនុវត្តយ៉ាងប្តូរផ្ដាច់ និងមានប្រសិទ្ធភាពនូវបដិវត្តន៍នៃការរៀបចំ សម្រិត​សម្រាំង​ក្បាល​ម៉ាស៊ីន​ និងការរៀបចំរដ្ឋបាលមូលដ្ឋាន ២ថ្នាក់ ភ្ជាប់ជាមួយការបង្កើនវិមជ្ឈការ និងវិមជ្ឈការអំណាច។ ចំនួនបុគ្គលិកក្នុងរដ្ឋបាលបានកាត់បន្ថយ ១៤៥.០០០ នាក់ ចំណាយជា​ប្រចាំ​បានកាត់បន្ថយ ៣៩ពាន់ ពាន់​លានដុងក្នុងមួយឆ្នាំ។ រហូតមកដល់ពេលនេះ សកម្មភាពរបស់រដ្ឋបាលមូលដ្ឋាន ២ថ្នាក់ បានឈានចូលក្នុងរបៀបរៀបរយជាមូលដ្ឋាន។ ដោយប្តូរពីការគ្រប់គ្រងរដ្ឋបាលទៅជាការបម្រើប្រជាជន និងបង្កើតការអភិវឌ្ឍ។ ជំរុញការត្រួតពិនិត្យ និងកាត់បន្ថយនីតិវិធីរដ្ឋបាល និងលក្ខខណ្ឌអាជីវកម្ម ដើម្បីបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ប្រជាជន និងសហគ្រាស​ [៣]

 

 
នាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញជាអធិបតីក្នុងសម័យប្រជុំលើកទី១១ នៃគណៈកម្មាធិការដឹកនាំសម្រិត​សម្រាំង​ក្បាលម៉ាស៊ីន​ នៃ​រដ្ឋាភិបាល​។ រូបថត៖ យឿង​យ៉ាង​/VNA

ក្នុងបរិបទដ៏លំបាកបំផុត អាស្រ័យដោយការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល ប្រជាជន និងសហគមន៍​សហគ្រាស​ ក្រោមការដឹកនាំរបស់បក្ស ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ប្រទេសយើងបន្តមានបម្រែបម្រួល​ជាវិជ្ជមាន ជាមួយនឹងនិន្នាការខែក្រោយល្អជាងខែមុន ឆ្នាំក្រោយល្អជាងឆ្នាំមុន អាណត្តិនេះល្អជាងអាណត្តិមុនលើភាគច្រើនវិស័យ។ យើងសម្រេចបាន និងលើសកម្រិត​ផែនការ​សំខាន់ៗទាំង ១៥ នៃឆ្នាំ២០២៥ [៤] ដែលរួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅ ភារកិច្ច និងដំណោះស្រាយនៃអាណត្តិ ២០២១-២០២៥ ទាំងមូល។ ក្នុងនោះ លទ្ធផលលេចធ្លោមួយចំនួនរួមមាន៖

កំណើន GDP ក្នុងឆ្នាំ២០២៥ សម្រេចបាន៨,០២% ស្ថិតក្នុងចំណោមក្រុមប្រទេសដែលមានកំណើនខ្ពស់ក្នុងតំបន់ និងពិភពលោក [៥] ជាពិសេសក្នុងពេលដែលយើងរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូ ការគ្រប់គ្រងអតិផរណាក្នុងកម្រិត៣,៣១% ធានានូវតុល្យភាពធំៗនៃខឿនសេដ្ឋកិច្ច។ ការចំណាយលើសថវិការដ្ឋ បំណុលសាធារណៈ បំណុលរដ្ឋាភិបាល និងបំណុលបរទេសរបស់ជាតិ គឺទាបជាងកម្រិតកំណត់ជាច្រើន [៦]។ ចំណូលថវិការដ្ឋសម្រេចបានកម្រិតឯតទគ្គកម្ម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សម្រេចបានប្រមាណ ២,៦៥លាន ពាន់​​​លានដុង លើសពីការគ្រោងទុក ៣៤,៧៤% និងកើនឡើង ៣០,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ [៧]សរុបទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងឆ្នាំ២០២៥ ទាក់ទាញបាន ៣៨,៤ ពាន់លានដុល្លារអាមេរិក ទុនអនុវត្តជាក់ស្តែងសម្រេចបាន ២៧,៦២ ពាន់លានដុល្លារអាមេរិក ដែលជាចំនួនច្រើនបំផុតចាប់តាំងពីមានទុន FDI មក។ លទ្ធផលនេះនាំឱ្យសរុបទុន FDI ដែលទាក់ទាញបានក្នុងអាណត្តិទាំងមូលសម្រេចបាន ១៨៤,២ ពាន់លានដុល្លារអាមេរិក ស្ថិតក្នុងចំណោមក្រុមប្រទេសកំពុងអភិវឌ្ឍន៍ទាំង ១៥ ដែលទាក់ទាញ FDI ធំបំផុតក្នុងពិភពលោក។ ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបានកម្រិតឯតទគ្គកម្មជាង ៩៣០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥ (ក្នុងនោះការនាំចេញផលិតផលកសិកម្មលើសពី ៧០ ពាន់លានដុល្លារអាមេរិកជាលើកដំបូង) ស្ថិតក្នុងចំណោមក្រុមប្រទេសនាំមុខគេទាំង ២០ លើពិភពលោក។ ទំហំ GDP សម្រេចបានជាង ៥១៤ ពាន់លានដុល្លារអាមេរិក។ GDP មធ្យមសម្រាប់មនុស្សម្នាក់សម្រេចបាន ៥.០២៦ ដុល្លារអាមេរិក កើនឡើងជាង ១,៤ ដងធៀបនឹងឆ្នាំ២០២០ ដែលនាំឱ្យវៀតណាមចូលក្នុងក្រុមប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ ក្នុងឆ្នាំ២០២៥ មានសហគ្រាសបង្កើតថ្មី និងត្រឡប់មកដំណើរការវិញចំនួន ២៩៧.៥០០សហគ្រាស ខ្ពស់ជាង ១,៣ដងនៃចំនួនសហគ្រាសដែលដកខ្លួនចេញពីទីផ្សារ។ គិតមកទល់ពេលនេះ ប្រទេសទាំងមូលមានសហគ្រាសកំពុងដំណើរការចំនួន ១,០២លានសហគ្រាស កើនឡើងជាង ២០% ធៀបនឹងឆ្នាំ២០២០ ដែលបញ្ជាក់ពីតួនាទីរបស់សេដ្ឋកិច្ចឯកជន ជាកម្លាំងចលករដ៏សំខាន់បំផុត នៃសេដ្ឋកិច្ចជាតិ ស្របតាមស្មារតីនៃសេចក្តីសម្រេចលេខ៦៨ របស់ការិយាល័យនយោបាយ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ ខឿនសេដ្ឋកិច្ចកំពុងស្ថិតក្នុងដំណើរការផ្លាស់ប្តូរ ជាមួយនឹងកម្រិតបើកចំហខ្ពស់ ទំហំនៅមានកម្រិតនៅឡើយ ប៉ុន្តែលទ្ធផលដែលសម្រេចបាន បានបញ្ជាក់ពីសមត្ថភាពធន់នៃខឿនសេដ្ឋកិច្ចរបស់ប្រទេសយើង ចំពោះការប៉ះទង្គិចពីខាងក្រៅ។

នាយករដ្ឋមន្ត្រី  លោក ផាម មិញជិញ ចុះពិនិត្យការប្រតិបត្តិការរបស់រោងចក្រចម្រាញ់ប្រេង ងីសឺន (Nghi Son) (ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មានកម្រិត​ចម្រាញ់​ប្រេង​ ងីសឺន (Nghi Son)​)​។ រូបថត៖ យឿង​យ៉ាង​/VNA
 

មិនត្រឹមតែអំពីបរិមាណប៉ុណ្ណោះទេ គុណភាពនៃកំណើនកាន់តែត្រូវបានកែលម្អ។ ការរួមចំណែកនៃផលិតភាពកត្តាសរុប (TFP) ទៅក្នុងកំណើនសេដ្ឋកិច្ចសម្រេចបានប្រមាណ ៤៧% (លើសពីគោលដៅ ៤៥%)។ សន្ទស្សន៍នវានុវត្តន៍សកលឆ្នាំ២០២៥ របស់វៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៤៤ ក្នុងចំណោម ១៣៩ ប្រទេស និងតំបន់​ដែនដី។ រចនាសម្ព័ន្ធសេដ្ឋកិច្ចបន្តផ្លាស់ប្តូរតាមទិសដៅឧស្សាហូបនីយកម្ម និងទំនើបកម្ម។ សមាមាត្រនៃវិស័យឧស្សាហកម្ម សំណង់ និងសេវាកម្មក្នុង GDP បានកើនឡើងពី ៧៨,៦% ក្នុងឆ្នាំ២០២០ ដល់ ៨០,៤% ក្នុងឆ្នាំ២០២៥។ ចំណែកវិស័យកសិកម្មបានធ្លាក់ចុះពី ១២,៧% មកត្រឹម ១១,៦%។ គម្រោងដែលនៅសេសសល់ និងទន់ខ្សោយអូសបន្លាយពេលវេលាជាច្រើន ត្រូវបានដោះស្រាយយ៉ាងម៉ឺងម៉ាត់ រួមចំណែកប្រឆាំងនឹងការខ្ជះខ្ជាយ បញ្ចេញធនធាន និងជំរុញកំណើន  [៨]

ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រមានការរីកចម្រើនមានលក្ខណៈ​របក​គំហើញ​។ សំណង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ភស្តុភារ (logistics) សេវាកម្ម សុខាភិបាល អប់រំ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងដែលមានទំហំធំ សមកាលកម្ម និងទំនើប ត្រូវបានប្រមូលផ្តុំសាងសង់ និងបញ្ចប់ ដែលមានលក្ខណៈតភ្ជាប់ និងរីកសាយខ្ពស់ បង្កើតលំហអភិវឌ្ឍន៍ថ្មី បង្កើនតម្លៃបន្ថែមនៃដីធ្លី រួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ពង្រឹងការទាក់ទាញការវិនិយោគ និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីនាំវៀតណាមក្លាយជាមជ្ឈមណ្ឌលតភ្ជាប់ក្នុងតំបន់ និងសកលលោក។ ក្នុងអាណត្តិ ២០២១ - ២០២៥ សរុបទុនវិនិយោគសាធារណៈសម្រេចបានប្រមាណ ៣,៤ លាន​ ទ្រីលានដុង កើនឡើងជិត ៥៥% ធៀបនឹងអាណត្តិមុន បានរៀប​ចំ​យ៉ាងប្រមូលផ្តុំ កែសម្រួលភាពរាយប៉ាយ និងបែកខ្ញែក។ សរុបចំនួនគម្រោងដែលប្រើប្រាស់ថវិកាមជ្ឈិម បានកាត់បន្ថយពីប្រមាណ ១១.០០០ គម្រោង មកនៅត្រឹមប្រមាណ ៤.៦០០ គម្រោង (ថយចុះជិត ៦០%)។

នាយករដ្ឋមន្ត្រី លោក ផាម មិញជិញ អញ្ជើញចូលរួមពិធីទទួលរថភ្លើងដឹកទំនិញ ដែលចេញដំណើរពីទីក្រុងហាណូយ ទៅកាន់ទីក្រុង ជុងឃីង (Chongqing)។ រូបថត៖ យឿង​យ៉ាង​/VNA
 

គិតត្រឹមដំណាច់ឆ្នាំ២០២៥ ប្រទេសទាំងមូលបានបញ្ចប់ និងដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនប្រមាណ ៣.៣៤៥ គីឡូម៉ែត្រ (ប្រសិនបើរាប់ទាំងផ្លូវតភ្ជាប់ និងចំណុចប្រសព្វគឺ ៣.៨០៣​ គីឡូម៉ែត្រ លើសពីគោលដៅ ៨០៣ គីឡូម៉ែត្រ) និងផ្លូវតាមឆ្នេរសមុទ្រជាង ១.៧១១ គីឡូម៉ែត្រ លើសពីគោលដៅដែលមហាសន្និបាតលើកទី១៣ បានដាក់ចេញ។ ជាពិសេស ឆ្នាំ២០២៥ បានកត់សម្គាល់នូវព្រឹត្តិការណ៍បើកការដ្ឋាន និងសម្ពោធទ្រង់ទ្រាយធំចំនួន ៣លើក ជាមួយនឹងសំណង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន ៥៦៤ ដែលមានទំហំធំ និងសរុបទុនវិនិយោគជាង ៥,១៤លាន ពាន់​​លានដុង ក្នុងនោះប្រមាណ៧ ៥% ជាទុនឯកជន ដែលបង្ហាញយ៉ាងច្បាស់ពីប្រសិទ្ធភាពនៃការកៀរគរធនធានសង្គមសម្រាប់ការវិនិយោគអភិវឌ្ឍន៍។

 

វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងសម្រេចបានលទ្ធផលបឋមដ៏សំខាន់។ អនុវត្តតាមសេចក្តីសម្រេចលេខ៥៧ របស់ការិយាល័យនយោបាយ ក្នុងរយៈពេល ១ឆ្នាំ រដ្ឋាភិបាលបានដាក់ជូនរដ្ឋសភានូវសេចក្តីព្រាងច្បាប់ចំនួន ១០ ដែលកំណត់ដោយផ្ទាល់អំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្ម​ឌីជីថល រួមទាំងអនុក្រឹត្យណែនាំច្បាប់ចំនួន ១៩ ត្រូវបានប្រកាសឱ្យប្រើប្រាស់។ វៀតណាមបានឡើងមកលំដាប់ថ្នាក់ទី២ ក្នុងអាស៊ានលើការវិនិយោគ AI ជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោម ៤០ប្រទេសលើសន្ទស្សន៍ AI និងទី៤៤ ក្នុងចំណោម ១៣៩ លើសន្ទស្សន៍នវានុវត្តន៍សកល។ សសរស្តម្ភទាំងបីគឺ "រដ្ឋាភិបាលឌីជីថល - សង្គមឌីជីថល - ប្រជាពលរដ្ឋឌីជីថល" បានកើត​ឡើងយ៉ាងច្បាស់លាស់ នៅលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើប។ បណ្តាញ 5G បាន​គ្របដណ្តប់លើ ៩០% នៃប្រជាជន មជ្ឈមណ្ឌលទិន្នន័យជាតិ បានដាក់ឱ្យដំណើរការ ដែលនាំឱ្យវៀតណាមចូលក្នុងក្រុមប្រទេសដំបូង​ចំនួន៥ ដែលម្ចាស់ការទាំងស្រុងលើប្រព័ន្ធអេកូឡូស៊ី 5G។ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក៏បានកត់សម្គាល់នូវចំណុចរបត់​យុទ្ធសាស្ត្រជាមួយនឹងខ្សែខ្សែកាបអុបទិកលើដីអន្តរជាតិប្រវែង ៣.៩០០ គីឡូម៉ែត្រ កាត់តាម ៥ ប្រទេសអាស៊ាន ដែលគ្រប់គ្រងដោយវៀតណាម ជួយកាត់បន្ថយការពឹងផ្អែកលើខ្សែកាបក្រោមបាតសមុទ្រ បង្កើនស្ថិរភាពបណ្តាញ និងធានា​
សន្តិសុខ​ទិន្នន័យជាតិ។

នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានី ហាណូយ អគ្គលេខាបក្ស​ លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ផាម មិញជិញ និងថ្នាក់ដឹកនាំបក្ស រដ្ឋជាច្រើនរូបទៀត បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃការបង្កើតសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម - ថាមពលជាតិវៀតណាម (០៣/០៩/១៩៧៥ - ០៣/០៩/២០២៥) និងទទួលគ្រឿងឥស្សរិយយសពលកម្មលេខ១។ រូបថត៖ ថុង​ញឹត​ ក្វឹក​ខាញ / VNA
 
នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋធានី ហាណូយ នាយករដ្ឋមន្ត្រី លោកផាម មិញជិញ ប្រធានគណៈកម្មាធិការជាតិ ស្តីពីការបរិវត្តកម្ម​ឌីជីថល បានអញ្ជើញចូលរួមក្នុងទិវាបរិវត្តកម្ម​ឌីជីថលជាតិ។ រូបថត៖ រូបថត៖ យឿង​យ៉ាង ​/ VNA

វិស័យវប្បធម៌ និងសង្គមបានយកចិត្តទុកដាក់ ការធានាសន្តិសុខសង្គមបានធានា ហើយជីវភាពរស់នៅរបស់ប្រជាជនបានកែលម្អ។ ក្នុងដំណាក់កាល ២០២១ - ២០២៥ យើងបានចំណាយជាង ១,១លានពាន់​លានដុង សម្រាប់សន្តិសុខសង្គម (ស្មើនឹងប្រមាណ ១៧% នៃសរុបការចំណាយថវិការដ្ឋ)។ ចំណូលមធ្យមរបស់អ្នកធ្វើការបានកើនឡើងពី ៥,៥លានដុងក្នុងមួយខែក្នុងឆ្នាំ២០២០ ដល់ ៨,៤ លានដុងក្នុងមួយខែក្នុងឆ្នាំ២០២៥។ អត្រាគ្រួសារក្រីក្រពហុវិមាត្រ បានធ្លាក់ចុះពី ៤,៤% ក្នុងឆ្នាំ២០២១ មកត្រឹម ១,៣% ក្នុងឆ្នាំ២០២៥។ សម្រេចជាមូលដ្ឋាននូវគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម លឿនជាងការគ្រោងទុក៥ឆ្នាំ ៤ខែ ជាមួយនឹងផ្ទះជាង ៣៣៤ ពាន់ខ្នង។ ក្នុងឆ្នាំ២០២៥ ប្រទេសទាំងមូលបានបញ្ចប់ផ្ទះសង្គមជាង ១០២,១ពាន់ខ្នង សម្រេចបាន ១០២% នៃផែនការប្រចាំឆ្នាំ។ មូលនិធិលំនៅឋានជាតិបានបង្កើតឡើង។ គាំទ្រប្រមាណ ៨,៨​ពាន់​ ពាន់​លានដុង​ពីប្រភពថវិកាបម្រុងមជ្ឈិមឆ្នាំ២០២៥ និងអង្ករជាង ៤២,១ពាន់តោន ដល់មូលដ្ឋាននានា ដើម្បីស្តារឡើងវិញក្រោយគ្រោះមហន្តរាយធម្មជាតិ [៩]។ សាងសង់សាលារៀនអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ចំនួន ១០០ខ្នង ក្នុងពេលដំណាលគ្នានៅតាមឃុំជាប់ព្រំដែន ឱ្យ​បញ្ចប់មុនថ្ងៃបើក​បវេសនកាលឆ្នាំសិក្សាថ្មី២០២៦ - ២០២៧។​ យោងតាមអង្គការសហប្រជាជាតិ សន្ទស្សន៍សុភមង្គលរបស់វៀតណាមក្នុងឆ្នាំ២០២៥ ជាប់ចំណាត់ថ្នាក់ទី៤៦ កើនឡើង ៣៧ថ្នាក់ធៀបនឹងឆ្នាំ២០២០។

នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រី  លោក ផាម មិញជិញ បានអញ្ជើញទៅអុជធូប នៅស្តូបរំលឹកវិញ្ញាណក្ខន្ធ ទស្សនាការតាំងពិពណ៌រូបថត និងវត្ថុអនុស្សាវរីយ៍នៅផ្ទះវប្បធម៌ភូមិ ឡាងណូ (Lang Nu) និងអញ្ជើញចូលរួមពិធីសម្ពោធគម្រោងស្តារភូមិ ណូ (Nu) ឡើងវិញ នៅខេត្តឡាវកាយ (Lao Cai)។ រូបថត៖ យឿង​យ៉ាង ​/ VNA
 

សក្តានុពលការពារជាតិនិងសន្តិសុខបានពង្រឹង និងបង្កើន។ ផ្តល់អាទិភាពដល់ការបែងចែកធនធានវិនិយោគសម្រាប់ការពារជាតិ និងសន្តិសុខធំបំផុតមិនធ្លាប់មាន។ សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម​បានរក្សាយ៉ាងរឹងមាំ ធានាសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាជន។ ស្ថានភាពបទល្មើសបានគ្រប់គ្រង និងកាត់បន្ថយយ៉ាងច្បាស់លាស់ ដោយមានការថយចុះ ២៤,២៣% ធៀបនឹងឆ្នាំ២០២៤។ ការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិគឺជាចំណុចភ្លឺស្វាង ក្នុងនោះយើងបានដំឡើងកម្រិត និងលើកកម្ពស់ទំនាក់ទំនងជាមួយ១៧ប្រទេស ដែលធ្វើឱ្យចំនួនសរុបនៃប្រទេសដែលមានក្របខ័ណ្ឌទំនាក់ទំនង ចាប់ពីដៃគូគ្រប់ជ្រុងជ្រោយឡើងទៅមានចំនួន ៤២ប្រទេស ក្នុងនោះមានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កិត្យានុភាព និងឋានៈរបស់ប្រទេសជាតិបន្តបានលើកកម្ពស់។

 

អ្នកសារព័ត៌មាន៖ឆ្នាំ២០២៥ បន្តធ្វើ​សាក្សីនៃ​បម្លាស់ប្តូរថ្មីៗយ៉ាងខ្លាំងក្លាក្នុងការដឹកនាំ និងការគ្រប់​គ្រង​របស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី តាម​ទិសដៅជាក់ស្តែង ប្រសិទ្ធភាព កៀកជិតមូលដ្ឋាន ជិតស្និទ្ធ​ជាមួយប្រជាជន និងដើម្បីប្រជាជន កសាងរដ្ឋាភិបាលស្ថាបនា សកម្ម និងមនុស្សធម៌។ សូម នាយករដ្ឋមន្ត្រីមេត្តាចែករំលែកនូវបំណងប្រាថ្នា និងការប្តេជ្ញាចិត្ត​ចំពោះបញ្ហានេះ?

នាយករដ្ឋមន្ត្រីលោក ផាម​ មិញ​ជិញ​៖ អនុវត្តតាមភារកិច្ច និងសិទ្ធិអំណាចតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាការងារ។ ជាមួយបាវចនាសកម្មភាព "វិន័យ ទំនួលខុសត្រូវ, ម្ចាស់ការ ទាន់ពេលវេលា, សម្រិត​សម្រាំង​ប្រសិទ្ធភាព, បង្កើនល្បឿនទម្លុះទៅមុខ" រដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងសមាជិករដ្ឋាភិបាលម្នាក់ៗ បានលើកកម្ពស់ខ្ពស់បំផុតនូវស្មារតីម្ចាស់ការ ច្នៃប្រតិដ្ឋ​ ម៉ឺងម៉ាត់ និង​ដាច់ខាតក្នុងការដឹកនាំ និងការគ្រប់គ្រងលើគ្រប់វិស័យ។ លើកកម្ពស់តួនាទី និងបញ្ញាសមូហភាព​ផ្សារភ្ជាប់​ជាមួយការទទួលខុសត្រូវបុគ្គល។ ជាមួយបាវចនា "បក្សដឹកនាំ រដ្ឋាភិបាលឯកភាព រដ្ឋសភាឯកភាព ប្រជាជនគាំទ្រ ប្រទេសជាតិទន្ទឹងរង់ចាំ មិត្តភក្តិអន្តរជាតិជួយឧបត្ថម្ភ គឺមានតែពិភាក្សាគ្នាធ្វើ មិនពិភាក្សា​ថយក្រោយឡើយ"។ តាមដាន​ជិតស្និទ្ធនូវស្ថានភាពជាក់ស្តែង យកការអនុវត្តជាក់ស្តែងជាខ្នាតវាស់វែង។ កំណត់យកប្រជាជន និងសហគ្រាសជាមជ្ឈមណ្ឌល ជាកម្មវត្ថុ ជាប្រភពធនធាន និងជាកម្លាំងចលករចម្បងនៃការអភិវឌ្ឍ។

ជាមួយចក្ខុវិស័យ "មើលឱ្យឆ្ងាយ មើលឱ្យទូលាយ គិតឱ្យជ្រៅ ធ្វើឱ្យធំ", "ឱ្យតម្លៃលើពេលវេលា បញ្ញា និងការសម្រេចចិត្តបានត្រឹមត្រូវតាមកាលៈទេសៈ" ជាមួយស្មារតីធ្វើការ "មិនគិតថ្ងៃយប់", "ធ្វើទាំងថ្ងៃ ទាំងយប់ ទាំងថ្ងៃសម្រាក" រដ្ឋាភិបាល និងសមាជិករដ្ឋាភិបាលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ផ្លាស់ប្តូររបៀបគិត របៀបធ្វើ និងរបៀបចាត់តាំងអនុវត្ត។ តែងតែម្ចាស់ការ បត់បែន ច្នៃប្រឌិត និងមានវិធានការដោះស្រាយសមស្រប ទាន់ពេលវេលានូវបញ្ហាសំខាន់ៗដែលកើតឡើងភ្លាមៗ កិច្ចការធំៗ និងបន្ទាន់ ជាមួយបាវចនា "ទៅគឺត្រូវតែដល់ ពិភាក្សាគឺត្រូវមានដំណោះស្រាយ​ សម្រេចគឺត្រូវតែធ្វើ ធ្វើគឺត្រូវតែមានលទ្ធផល អាចថ្លឹងថ្លែង វាស់វែង និងកំណត់បរិមាណបាន"

 
 
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ សមមិត្ត ផាម មិញជិញ សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សរដ្ឋាភិបាល នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងដឹកនាំមហាសន្និបាតតំណាងអង្គភាពបក្ស នៃទីភ្នាក់ងារសារព័ត៌មានវៀតណាមលើកទី២៧ អាណត្តិ ២០២៥  - ២០៣០ បាន​រៀបចំ​នៅ​មជ្ឈមណ្ឌល​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ (លេខ​៥ លី ថឿង​កៀត​ ហាណូយ​) ក្នុងរូបថត៖ អគ្គនាយិកា​នៃទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី​ វូ វៀតត្រាង​ (Vu Viet Trang) និង អគ្គនាយករង​ ជូន​វត្ថុអនុស្សាវរីយ៍​ដល់​នាយករដ្ឋមន្រ្តី​  លោកផាម មិញ​ជិញ​។ រូបថត៖ យឿង​យ៉ាង​/VNA

ក្នុងឆ្នាំ២០២៥ និងចាប់តាំងពីដើមអាណត្តិមកទល់ពេលនេះ ចំណុចលេចធ្លោមួយក្នុងការដឹកនាំ និងការគ្រប់គ្រងរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី គ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងគ្រប់មូលដ្ឋាន គឺការផ្តោតលើ ការក្តាប់ជាប់សភាពការណ៍ តាមដានជាក់ស្តែង និងការឆ្លើយតបគោលនយោបាយដោយម្ចាស់ការ ទាន់ពេលវេលា បត់បែន និងប្រសិទ្ធភាព។ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីតែងតែរៀបចំកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីដាក់ចេញនូវដំណោះស្រាយសមស្រប ទាន់ពេលវេលា និងប្រសិទ្ធភាព។ ថ្នាក់ដឹកនាំរដ្ឋាភិបាលបានចុះបំពេញបេសកកម្មចំនួន ២៣៩លើក ទៅកាន់មូលដ្ឋាន ចុះផ្ទាល់ដល់ការដ្ឋាន និងគម្រោងនានា ដើម្បីពិនិត្យ ដាស់តឿន និងដឹកនាំដោះស្រាយរាល់ការលំបាក និងបញ្ហានៅនឹងកន្លែង ជាមួយបាវចនា "ទីណាប្រជាជនត្រូវការ ទីណាប្រជាជនមានការលំបាក ទីនោះមានរដ្ឋាភិបាល" ជាពិសេសក្នុងគ្រាដែលប្រជាជនជួបការលំបាក​ គ្រោះមហន្តរាយធម្មជាតិ និងទឹកជំនន់ ដូចជានៅខេត្តភាគខាងជើងចំនួន ២៦ ក្នុងឆ្នាំ​២០២៤ និងបណ្តាខេត្តនៅតំបន់​ខាងត្បូងភូមិ​ភាគកណ្តាល​ក្នុង​ខែតុលា និងវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ។

អាចបញ្ជាក់បានថា រដ្ឋាភិបាល​អាណត្តិ ២០២១ - ២០២៥ បានបន្ត និងលើកកម្ពស់ប្រពៃណី ៨០ឆ្នាំនៃរដ្ឋាភិបាលឆ្លងកាត់អាណត្តិនានា តែងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាព សកម្មភាពម៉ឺងម៉ាត់ កៀកជិតការអនុវត្តជាក់ស្តែង ផ្លាស់ប្តូរថ្មីឥតឈប់ឈរ និងលើកកម្ពស់គុណភាពការងារគ្រប់ជ្រុងជ្រោយ ជាមួយស្មារតីបម្រើជាតិ បម្រើប្រជាជន ដូចដែលអគ្គលេខាធិការ លោក តូឡឹម​ បានសរុបក្នុងឱកាសខួបលើកទី៨០ នៃរដ្ឋាភិបាលកន្លងមកថា៖ "ឆន្ទៈ - វិន័យ - សាមគ្គី - សុចរិតភាព - សកម្មភាព - ច្នៃប្រតិដ្ឋ​ - ប្រសិទ្ធភាព - ដើម្បីប្រជាជន"

អ្នកសារព័ត៌មាន៖ជម្រាប​លោកនាយករដ្ឋមន្ត្រី គោលដៅកំណើនពីរខ្ទង់លេខ ​ដឹកនាំប្រទេសឱ្យបន្តអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតបក្ស រដ្ឋាភិបាលលើកទី១ ក៏ដូចជាសេចក្តីព្រាងឯកសារនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស។ ដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលដៅ និងទិសដៅយុទ្ធសាស្ត្រទាំងនេះ តើ​រដ្ឋាភិបាលនឹងផ្តោតលើក្រុមភារកិច្ច និងដំណោះស្រាយសំខាន់ៗអ្វីខ្លះ?

នាយករដ្ឋមន្ត្រី​ លោក ផាម មិញ​ជិញ​៖ ឆ្នាំ២០២៦ គឺជាឆ្នាំដំបូង​នៃអាណត្តិ អនុវត្តសេចក្តីសម្រេចចិត្ត នៃ​មហាសន្និបាតលើកទី១៤ របស់បក្ស ជា​ឆ្នាំដំបូងនៃការអនុវត្តផែនការ ៥ឆ្នាំ ២០២៦ - ២០៣០ ឈាន​ទៅរកការអនុវត្តជោគជ័យគោលដៅពីរ គឺគោលដៅយុទ្ធសាស្ត្រ១០០ឆ្នាំ ដឹកនាំ​ប្រទេសជាតិ​ឈានជើង​ចូលយុគសម័យថ្មី អភិវឌ្ឍ​​ខ្លាំងក្លា រុងរឿង ស៊ីវិល័យ​ និង​សុភមង្គល។

ដើម្បីសម្រេចបាននូវគោលដៅខិតខំប្រឹងប្រែងកំណើនពីរ​ខ្ទង់លេខ​ អភិវឌ្ឍន៍ប្រទេសជាតិឆាប់រហ័ស និងប្រកបដោយ​ចីរភាព តាមសេចក្តីសម្រេចចិត្តរបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​នឹងផ្តោតលើការដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងគ្រប់មូលដ្ឋានឱ្យជ្រួតជ្រាប ពង្រាយ​​អនុវត្តយ៉ាងម៉ឺងម៉ាត់ ស្របគ្នា និងមានប្រសិទ្ធភាព នូវសេចក្តីសម្រេចចិត្តមហាសន្និបាតទី១៤ លើគ្រប់វិស័យ។ ពង្រាយ​​អនុវត្តយ៉ាងម៉ឺងម៉ាត់ ស្រប​គ្នា ប្រសិទ្ធភាប​គោល​ដៅជំរុញ​កំណើន​​ រួមជាមួយការរក្សាស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូ ការគ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗនៃខឿន​សេដ្ឋកិច្ច អនុវត្តឱ្យបានល្អនូវភារកិច្ចអភិវឌ្ឍន៍វប្បធម៌ សង្គម បរិស្ថាន ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ ក្នុងនោះ ភារកិច្ច និងដំណោះស្រាយសំខាន់ៗមួយចំនួន​រួមមាន៖

ទីមួយ៖ ផ្តោតលើការកែលម្អស្ថាប័ន និងច្បាប់ ធានានូវតម្លាភាព ភាពស្របគ្នា និងយុត្តិធម៌ ដោយផ្តោតសំខាន់លើច្បាប់ស្តីពីការវិនិយោគ និងអាជីវកម្ម ដើម្បីដោះលែងកម្លាំងផលិតកម្ម កៀងគរគ្រប់ប្រភពធនធាន និងបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍ ប្រែក្លាយស្ថាប័នពី "ចំណុចស្ទះនៃចំណុចស្ទះ" ឱ្យទៅជាអត្ថប្រយោជន៍ប្រកួតប្រជែងជាតិ។ លើកកម្ពស់ប្រសិទ្ធភាពនៃទីផ្សារគ្រប់ប្រភេទ។ ជំរុញការកែទម្រង់សំណុំបែបបទ​រដ្ឋបាល និងកែលម្អបរិយាកាស​អាជីវកម្ម។

 

 

ទីពីរ៖ បន្តផ្តោតលើការកែលម្អរចនាសម្ព័ន្ធកក្បាល​ម៉ាស៊ីន។ យកចិត្តទុកដាក់លើការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃរដ្ឋបាលមូលដ្ឋានទាំង ២ថ្នាក់​ ផ្សារភ្ជាប់ជាមួយការជំរុញវិមជ្ឈការ វមជ្ឈការ​អំណាច​ ការបែងចែកធនធាន និងលើកកម្ពស់សមត្ថភាពអនុវត្តរបស់ថ្នាក់ក្រោម។​ ជាពិសេស​លើកកម្ពស់​ស្មារតី "មូលដ្ឋានសម្រេច មូលដ្ឋានធ្វើ មូលដ្ឋានទទួលខុសត្រូវ"។

 

ទីបី៖ បន្តផ្តល់អាទិភាពដល់ការជំរុញកំណើន ប៉ុន្តែត្រូវរក្សាស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូ គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗ។ សម្របសម្រួលយ៉ាងជិតស្និទ្ធ បត់បែន និងមានប្រសិទ្ធភាពនូវគោលនយោបាយហិរញ្ញវត្ថុពង្រីកសមស្រប ស្នូល​សំខាន់ គោលដៅ​សំខាន់ គោលនយោបាយរូបិយវត្ថុម្ចាស់ការ បត់បែន ទាន់ពេលវេលា​ ប្រសិទ្ធភាព​ និងគោលនយោបាយម៉ាក្រូដទៃទៀត។ ជំរុញ និងធ្វើឱ្យថ្មីនូវកម្លាំងចលករកំណើនបែបប្រពៃណី និងអភិវឌ្ឍកម្លាំងចលករកំណើនថ្មី។ អភិវឌ្ឍទីផ្សារក្នុងស្រុកឱ្យខ្លាំងក្លា ជំរុញតម្រូវការប្រើប្រាស់ក្នុងស្រុក និងធ្វើពិពិធកម្មទីផ្សារនាំចេញ។

 

ទីបួន៖ បង្កើតគំរូកំណើនថ្មី រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ជំរុញឧស្សាហូបនីយកម្ម និងទំនើបកម្ម ដោយយក​វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្ត​ន៍​ និងបរិវត្តកម្មឌីជីថលជាកម្លាំងចលករចម្បង។ កសាងកម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្មគ្រឹះ ឧស្សាហកម្មឈានមុខ និងឧស្សាហកម្មដែលកំពុងលេចធ្លោ។ ផ្តោតលើការដោះស្រាយឱ្យដាច់ស្រឡះនូវបញ្ហាដែលនៅសេសសល់ សម្រាប់គម្រោងដែលអូសបន្លាយយូរ​។ លើកកម្ពស់ប្រសិទ្ធភាពមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងតំបន់ពាណិជ្ជកម្មសេរីនៅតាមមូលដ្ឋានមួយចំនួន។

 

ទីប្រាំ៖ ធានាឱ្យបាននូវវឌ្ឍនភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងសំខាន់ៗ។​ ផ្តោតប្រភពធនធានវិនិយោគលើភារកិច្ច និងគម្រោង ដែលមានលក្ខណៈរបកគំហើយ​ សម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។ ក្នុងនោះ ផ្តោតលើការអនុវត្តខ្សែផ្លូវរថភ្លើង ឡាវ​កាយ​ - ហាណូយ​ - ហាយ​ភុង​ បញ្ចប់ការសិក្សា​ និង​រចនាខ្សែផ្លូវរថភ្លើងតភ្ជាប់ជាមួយប្រទេសចិន ផ្លូវរថភ្លើងល្បឿនលឿនខាងជើង - ខាងត្បូង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលឆ្លើយ​តប​នឹង​កំណើន​សេដ្ឋកិច្ច​ ធានា​សន្តិសុខ​ថាមពល​ និងអភិវឌ្ឍន៍​ថាមពលនុយក្លេអ៊ែរ។​ វិនិយោគលើការសាងសង់សំណង់វប្បធម៌ កីឡា អប់រំ និងសុខាភិបាលសំខាន់ៗថ្នាក់ជាតិ ដែលមានកម្រិតតំបន់ និងអន្តរជាតិ។ល។​

 

ទីប្រាំមួយ៖ អភិវឌ្ឍធនធានមនុស្សគុណភាពខ្ពស់តាមស្តង់ដារអន្តរជាតិ ជាពិសេសវិស័យឈានមុខនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស័យអាទិភាព ទើប​លេចធ្លោ​ ដោយផ្តោតលើក្រុមឧស្សាហកម្មបច្ចេកវិទ្យាយុទ្ធសាស្ត្រទាំង ១១។ បង្កើតបម្លាស់ប្តូរច្បាស់លាស់នូវគុណភាពអប់រំ និងបណ្តុះបណ្តាលគ្រប់កម្រិត។

 

ទីប្រាំពីរ៖ យកចិត្តទុកដាក់លើការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងស្របគ្នានៃវិស័យវប្បធម៌ សង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងធានាសុខុមាលភាពសង្គម។ អនុវត្តកម្មវិធីគោលដៅជាតិស្តីពីការអប់រំ សុខាភិបាល វប្បធម៌ និងការកាត់បន្ថយភាពក្រីក្រ។ល។ ជំរុញការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងឧស្សាហកម្មកម្សាន្ត។ លើកកម្ពស់​គុណភាព​សេវាកម្ម​សុខាភិបាល​។ ជំរុញ​បង្វែ​រចនាសម្ពន្ធ​ពលកម្ម​ និង​បង្កើន​ផលិតភាព​ពលកម្ម​សង្គម​។​

ទីប្រាំបី៖ លើកកម្ពស់សមត្ថភាពគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព សម្រាប់​បម្រើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​។ ម្ចាស់ការទប់ស្កាត់​នឹងបម្រែបម្រួលអាកាសធាតុ និងបង្ការគ្រោះមហន្តរាយធម្មជាតិ។ ផ្តោតលើដំណោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ការបំពុលប្រភពទឹក និងបរិយាកាស ជាពិសេសនៅតាមទីក្រុងធំៗ។

 

ទីប្រាំបួន៖ ពង្រឹង និងបង្កើនការការពារជាតិ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម បង្កើតបរិយាកាសសន្តិភាព និងស្ថិរភាព សម្រាប់ការអភិវឌ្ឍ​ប្រទេសជាតិ។ ជំរុញការអនុវត្តស្របគ្នា មានប្រសិទ្ធភាព ​​ការបរទេស និងសមាហរណកម្មអន្តរជាតិឱ្យបានគ្រប់ជ្រុងជ្រោយ។ ជំរុញការទូតសេដ្ឋកិច្ច ស្នូល​គឺ​ការទូត​បច្ចេកវិទ្យា។

 

ទីដប់៖ អនុវត្តការងារព័ត៌មាន និងឃោសនាផ្សព្វផ្សាយ ជាពិសេសការផ្សព្វផ្សាយគោលនយោបាយ "យក​អ្វីដែលល្អដើម្បីបំបាត់អ្វីដែលអាក្រក់" និង "យក​អ្វីដែលវិជ្ជមានដើម្បីរុញច្រានអ្វីដែលអវិជ្ជមាន" រួមចំណែក​បង្កើតកម្លាំងចលករ បំផុស​គំនិត​ និងលើកកម្ពស់កម្លាំងសាមគ្គីក្នុងជន​ជាតិទាំងមូល ខិតខំ​ប្រឹង​ប្រែង​អនុវត្ត​ជោគ​ជ័យ​គោលដៅ​ និងភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ដែលបានដាក់ចេញ។

 
នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ (ថ្ងៃ៣០ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ) នាយករដ្ឋមន្ត្រី ផាម មិញជិញ បានអញ្ជើញទៅសួរសុខទុក្ខ ចុះពិនិត្យការងារប្រចាំការព័ត៌មាន និងជូនពរឆ្នាំថ្មី នៅទីភ្នាក់ងារសារព័ត៌មានវៀតណាម។ រូបថត៖ VNA

អ្នកសារព័ត៌មាន៖ក្នុងឱកាសដើមឆ្នាំថ្មី ឆ្នាំ២០២៦ សូមលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ចែករំលែកខ្លះៗជូនជនរួមជាតិ សមមិត្ត និងយុទ្ធជនទូទាំងប្រទេស?

នាយករដ្ឋមន្ត្រី លោក ផាម មិញជិញ៖ លទ្ធផលសំខាន់ៗ និងគ្រប់ជ្រុងជ្រោយដែលសម្រេចបានក្នុងឆ្នាំ២០២៥ ក៏ដូចជាពេញមួយអាណត្តិ ២០២១ ២០២៥ គឺជាសមិទ្ធផលនៃការដឹកនាំត្រឹមត្រូវរបស់បក្ស ការចូលរួមយ៉ាងសកម្មនៃប្រព័ន្ធនយោបាយទាំងមូល ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់ប្រជាជនទូទាំងប្រទេស និងសហគមន៍សហគ្រាស​ ជំនួយពីសហគមន៍អន្តរជាតិ ជាពិសេសគឺការគ្រប់គ្រងប្រកបដោយភាពម្ចាស់ការ បត់បែន ម៉ឺងម៉ាត់ ទាន់ពេលវេលា និងមានប្រសិទ្ធភាពរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី គ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងគ្រប់មូលដ្ឋាន។

ក្នុងឱកាសនេះ ក្នុងនាមរដ្ឋាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសង្ឃឹមថានឹងបន្តទទួលបានការយកចិត្តទុកដាក់ពិសេស ការដឹកនាំ និងការចង្អុលបង្ហាញយ៉ាងជិតដិតពីគណៈកម្មាធិការប្រតិបត្តិការ​មជ្ឈិម ដែលជាប្រចាំនិងផ្ទាល់គឺការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស ដែលមាន​សមមិត្តអគ្គលេខាធិការ តូ ឡឹម ជាប្រមុខ។ ការរួមដំណើរ ការចែករំលែក និងការចូលរួមយ៉ាងសកម្មរបស់រដ្ឋសភា រណសិរ្សមាតុភូមិវៀតណាម និងស្ថាប័ននានាក្នុងប្រព័ន្ធនយោបាយ។ ការជឿជាក់ ការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់ជនរួមជាតិ យុទ្ធជនទូទាំងប្រទេស និងជនជាតិវៀតណាមនៅក្រៅប្រទេស។ ការគាំទ្រនិងជំនួយពីមិត្តភក្តិអន្តរជាតិ។ ជាពិសេសគឺការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព សកម្មភាពម៉ឺងម៉ាត់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់បណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋាន។

ឈានចូលឆ្នាំថ្មី ឆ្នាំ២០២៦ ដែលជាការចាប់ផ្តើមនៃដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ រួមជាមួយទូទាំងប្រទេសដោយឆន្ទៈ ជំនឿ និងសេចក្តីប្រាថ្នាចង់ឈានឡើង សមូហភាពរដ្ឋាភិបាល និងសមាជិករដ្ឋាភិបាលម្នាក់ៗនឹងបន្តធ្វើជាគំរូឈានមុខ ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ប្រើប្រាស់អស់សមត្ថភាព បញ្ញា និងការទទួលខុសត្រូវ ដើម្បីអនុវត្តឱ្យបានល្អនូវតួនាទី និងភារកិច្ចតាមសមត្ថកិច្ចដែលបានប្រគល់ជូន រួមជាមួយទូទាំងប្រទេសបោះជំហានយ៉ាងរឹងមាំ ទៅក្នុងយុគសម័យថ្មី ដែលសម្បូររុងរឿង ស៊ីវិល័យ សុភមង្គល និងបោះជំហានយ៉ាងរឹងមាំទៅកាន់សង្គមនិយម។

 

អ្នកសារ​ព័ត៌មាន៖ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកនាយករដ្ឋមន្ត្រី​ ផាម មិញជិញ!

 

[១] បណ្តាសេចក្តីសម្រេចចិត្ត​ដែលបានប្រកាសឱ្យប្រើប្រាស់ (សេចក្តីសម្រេចចិត្ត​លេខ ៥៧, ៥៩, ៦៦, ៦៨, ៧០, ៧១, ៧២ របស់ការិយាល័យនយោបាយ) ស្ដីអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បរិវត្តកម្ម​​ឌីជីថលជាតិ, ការធ្វើសមាហរណកម្មអន្តរជាតិ, ការកសាង និងការអនុវត្តច្បាប់, ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន, សន្តិសុខថាមពលជាតិ, ការអប់រំ និងបណ្តុះបណ្តាល, សុខាភិបាល, ហើយកំពុងរៀបចំប្រកាសឱ្យប្រើប្រាស់នូវបណ្តាសេចក្តីសម្រេចចិត្ត​ស្តីពីការអភិវឌ្ឍវប្បធម៌ សេដ្ឋកិច្ចរដ្ឋ និងតំបន់ FDI

[២] ក្នុងឆ្នាំ២០២៥ បានដាក់ជូនរដ្ឋសភាអនុម័តគម្រោងច្បាប់ និងសេចក្តីសម្រេចចិត្ត​ចំនួន ៩៩ ច្បាប់, ប្រកាស​ឱ្យប្រើអនុក្រឹត្យចំនួន ៣៧៧ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន និងសេចក្តីសម្រេចចិត្ត​ចំនួន ០៦ ដើម្បីដោះស្រាយការលំបាក និងបញ្ហានានាក្នុងបទប្បញ្ញត្តិនៃច្បាប់។ ក្នុងអាណត្តិនេះ រដ្ឋាភិបាល បានដឹកនាំការកសាង និងដាក់ជូនរដ្ឋសភាអនុម័តច្បាប់ ក្រឹត្យច្បាប់ និងសេចក្តីសម្រេចចិត្ត​ជាង ១៧៨។ ប្រកាសឱ្យប្រើតាមសមត្ថកិច្ចនូវអនុក្រឹត្យចំនួន​៩៣៦។

[៣] នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល​ និងបណ្តាក្រសួង ស្ថាប័នលំដាប់​ក្រសួងតាមសមត្ថកិច្ច បានអនុម័តផែនការកាត់បន្ថយ និងសម្រួលសំណុំបែបបទ​រដ្ឋបាលដែលរំពឹងទុកចំនួន ៣.០៨៥/៤.៨៨៨ សំណុំបែបបទ​​ ពាក់ព័ន្ធនឹងសកម្មភាពផលិតកម្ម និងអាជីវកម្ម (សម្រេចបាន ៦៣,១%)។ កាត់បន្ថយលក្ខខណ្ឌអាជីវកម្មចំនួន ២.៣៧១/៦.៩៧៤ ក្នុងវិស័យវិនិយោគ និងអាជីវកម្មដែលមានលក្ខខណ្ឌ (សម្រេចបាន ៣៣,៩%)។ រយៈពេលដោះស្រាយសំណុំបែបបទ​រដ្ឋបាលរំពឹងថានឹងកាត់បន្ថយបាន ២៩.៣០៨ថ្ងៃ/៨៩.៧២១ថ្ងៃ (សម្រេចបាន ៣២,៧%) និងកាត់បន្ថយថ្លៃចំណាយលើការអនុវត្តសំណុំបែបបទ​​រដ្ឋបាលប្រហែល ៤៨,៦/១២០ ពាន់ទ្រីលានដុង/ឆ្នាំ (សម្រេចបាន ៤០,៥%)។

[៤] សរុបអាណត្តិទាំងមូល យើងសម្រេចបាន និងលើសកម្រិត​ផែនការ​សេដ្ឋកិច្ច - សង្គម​សំខាន់ៗ​ចំនួន ២២/២៦, សម្រេចបានប្រហាក់ប្រហែលចំនួន ០២/២៦ កម្រិត​ផែនការ​, មិនទាន់សម្រេចបានចំនួន ០២/២៦ កម្រិត​ផែនការ​ ក្នុងនោះលើសកម្រិត​ផែនការ​ទាំងអស់ អំពីសង្គម និងសុខុមាលភាពសង្គម។​ ក្នុងឆ្នាំ២០២៤ - ២០២៥ សម្រេចបាន និងលើសកម្រិត​ផែនការ​សេដ្ឋកិច្ច - សង្គម ទាំង ១៥/១៥។

[៥] សរុបអាណត្តិទាំងមូល៖ ឆ្នាំ២០២១ ដោយសារឥទ្ធិពលធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ-១៩ កំណើន GDP សម្រេចបានត្រឹមតែ ២,៥៥%។ ក្នុងរយៈពេល ៤ឆ្នាំ ២០២២ - ២០២៥ កំណើនសេដ្ឋកិច្ចជាមធ្យមសម្រេចបាន ៧,១៣% ក្នុងមួយឆ្នាំ (លើសគោលដៅ ៦, ៧% ដែលបានកំណត់ក្នុងសេចក្តីសម្រេចចិត្ត​នៃមហាសន្និបាតលើកទី១៣)

[៦] បំណុលសាធារណៈថយចុះពី ៤៤,៣% នៃ GDP ក្នុងឆ្នាំ២០២០ មកនៅត្រឹមប្រហែល ៣៥ ៣៦% នៃ GDP ក្នុងឆ្នាំ២០២៥ បង្កើតលំហហិរញ្ញវត្ថុ សម្រាប់ប្រតិបត្តិការ​ដើម្បីជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។

[៧] សរុបអាណត្តិទាំអមូល ២០២១ ២០២៥ ចំណូលថវិកាតាមប៉ាន់ស្មានសម្រេចបានប្រហែល ៩,៦លាន ពាន់លានដុង កើនឡើង ១,៣៦ ដងធៀបនឹងអាណត្តិមុន។​ ទន្ទឹមនឹងនោះនៅតែបន្តការលើកលែង ការកាត់បន្ថយ និងការពន្យារពេលបង់ពន្ធ និងថ្លៃសេវាប្រហែល ១,១លាន ពាន់លានដុង ព្រមទាំងសន្សំការចំណាយបានប្រហែល ១,៥៧លាន ពាន់​លានដុង។

 [៨] បានផ្តោតលើការពិនិត្យឡើងវិញ ការបែងចែកប្រភេទ និងការដោះស្រាយបញ្ហាយ៉ាងម៉ឺងម៉ាត់សម្រាប់គម្រោងដែលនៅសេសសល់ជិត ៣.០០០ គម្រោង ដែលមានដើមទុនសរុបរាប់លានទ្រី​លានដុង។

[៩] ទន្ទឹមនឹងនេះ បានផ្តោតលើការអនុវត្ត យុទ្ធនាការ ក្វាងទ្រុង” (Quang Trung) យ៉ាងរហ័សដើម្បីជួសជុល និងសាងសង់ផ្ទះជាង ៤១.០០០ខ្នង ដែលរងការខូចខាតធ្ងន់ធ្ងរ ឬបាត់បង់ក្នុងគ្រោះទឹកជំនន់កន្លងមក (ក្នុងនោះមាន ១.៥៩៧ខ្នង ត្រូវសាងសង់ឡើងវិញទាំងស្រុង)៕


top