របរធ្វើនំបញ្ចុកក្រៀមនៅទីក្រុង ដាណាំង (Da Nang)

របរធ្វើនំបញ្ចុកក្រៀមនៅទីក្រុង ដាណាំង (Da Nang)

ដាណាំង (Da Nang) ជាតំបន់ដែលមានរបរសិប្បកម្មប្រពៃណីជាច្រើន និងល្បីល្បាញទូទាំងប្រទេសដូចជា ចម្លាក់ថ្ម ងូ ហាញ​សឺន (Ngu Hanh Son) ធ្វើកន្ទេលនៅកឹម​នេ (Cam Ne) ទឹកត្រីណាម​អូ (Nam O) នំបាញ់​ត្រាង ទុយលាន់ (Tuy Loan) នំស្ងួតល្ង យាយលៀវ (Lieu) ... ហើយមានទាំង​របរធ្វើនំ​បញ្ចុក​ក្រៀម ហ័រ​វ៉ាង (Hoa Vang)។ ថ្វីត្បិតតែ​របរធ្វើ​នំបញ្ចុក​ក្រៀម​នេះមិន​ទទួល​ប្រាក់ចំណូលបានច្រើនក៏ដោយ ប៉ុន្តែផលិតផលនេះទទួលបានការពេញនិយម

នំបញ្ចុក​ត្រូវ​បាន​ថ្កល់លើធ្នើ​ខ្ពស់​យ៉ាង​ប្រុង​ប្រយ័ត្ន ​ដើម្បី​ធានា​អនាម័យ​ក៏​ដូច​ជា​ទាញ​យក​សមត្ថភាព​សម្ងួត​តាម​ធម្មជាតិ​នៃ​ពន្លឺនៃ

ប្រសិនបើប្រជាជននៃ​ភាគខាងជើងចូលចិត្តមីសួរ ប្រជាជនភាគខាងត្បូងចូលចិត្តមីស្រស់ រីឯប្រជាជនក្នុង​តំបន់​ក្វាង (Quang) វិញ ​ចូលចិត្តហូបនំបញ្ចុក​ក្រៀម​ ដើម្បី​កែច្នៃក្លាយទៅជា​ម្ហូបរបស់ពួកគេ​។ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសក្នុងពិធីជប់លៀងសែនខួបម្ដងៗ ប្រជាជនក្នុង​តំបន់​ក្វាង (Quang) តែងតែប្រើប្រាស់នំបញ្ចុក​ក្រៀម ដើម្បីរៀបចំម្ហូបឆានិងសំឡ ដើម្បីទទួលភ្ញៀវ។ សរសៃនំបញ្ចុក​ក្រៀមគឺ​​សាមញ្ញ​ណាស់ នៅពេល​កែច្នៃ​ជាមួយ​គ្រឿង​ផ្សំមួយ​ចំនួន​ដូច​ជា សាច់ ត្រី បន្លែ មើម ផ្លែ... ប្រែ​មក​ជា​ម្ហូបមាន​រសជាតិ​ឆ្ងាញ់ និង​ស្រស់​មិន​អាច​ពិពណ៌នាបានទេ។ ហេតុដូច្នេះហើយ បើទោះបីជាមានវត្តមានរបស់គុយទាវ មីសួរ ហ្វើ... ជាមួយនឹងប្រភេទជាច្រើនដែលមានលក់នៅលើទីផ្សារក៏ដោយ ប៉ុន្តែនំបញ្ចុកក្រៀម ដាណាំង (Da Nang) នៅតែលេចចេញ​ក្នុង​តារាងមុខ​ម្ហូបរបស់ស្ត្រីមេផ្ទះដែលប៉ិន​ប្រសប់ក្នុង​តំបន់​ក្វាង (Quang) ។

ដំណាក់កាល​កែច្នៃ​អង្ករ ​មុន​កិន​ម្សៅ​ដើម្បី​ធ្វើ​នំបញ្ចុក។ រូបថត៖ ង្វៀនទ្រីញ

នៅក្នុង​ប៉ុន្មាន​ថ្ងៃក្តៅនៃ​ខែឧសភា យើងបានទៅភូមិ យឿងសើន (Duong Son) (ឃុំ ហ័រទៀន (Hoa Tien) ស្រុក ហ័រវ៉ាង (Hoa Vang) ទីក្រុង ដាណាំង (Da Nang)) ដើម្បីមក​ទស្សនា​រោង​ជាង​ធ្វើ​នំបញ្ចុក​ក្រៀម មានតាំងពីយូរយារណាស់មកហើយនិងល្បីល្បាញក្នុងភូមិ​នេះ​។ នោះ​គឺ​រោង​ជាង​ធ្វើ​នំបញ្ចុក​របស់​លោក ង្វៀន ហុង​យឿង (Nguyen Hong Duong)  និង​លោកស្រី ផាម ធីត្រា (Pham Thi Tra)។ ថ្ងៃដែលយើងមកជួបលោក យឿង (Duong) និង​លោកស្រី​ ត្រា (Tra) ពួកគេកំពុងមមាញឹកក្នុងការធ្វើដំណាក់កាលចុងក្រោយនៃការធ្វើ​នំបញ្ចុក​ ដើម្បីត្រៀមរៀបចំនិង​ផ្តល់ដល់អតិថិជន។ ​លោកស្រី​ ត្រា (Tra) បាននិយាយថា រោង​ជាងធ្វើ​នំបញ្ចុករបស់គាត់មានអាយុ  ៣០ ឆ្នាំហើយ ដែលស្ថិតក្នុងចំណោមរោងជាងវ័យ​ចំណាស់បំផុត នៅទីក្រុង​ ដាណាំង (Da Nang) - ខេត្ត ក្វាង​ណាម (Quang Nam) ។

កាលពីជាង ៣០ ឆ្នាំមុន នៅទីក្រុង​ ដាណាំង (Da Nang) - ខេត្ត ក្វាង​ណាម (Quang Nam)​ មានរោងជាងនំបញ្ចុកតែ ១ ឬ ២ ប៉ុណ្ណោះ ឥឡូវនេះ ទីក្រុង​ ដាណាំង (Da Nang) មានការអភិវឌ្ឍ ប៉ុន្តែ​មានរោង​ជាងមិនហួស ​ ៥ កន្លែងឡើយ។  មូលហេតុ​ដែល​មនុស្ស​តិច​តួច​ធ្វើប្រកបមុខរបរនេះ ​ព្រោះ​វា​ពិបាក​ណាស់ ហើយ​អ្នក​ត្រូវ​មាន​ភាព​ល្អិតល្អន់​គ្រប់​ដំណាក់កាល ប៉ុន្តែ​ចំណូល​ក៏​មិន​ច្រើន​ដែរ» ។  លោកស្រី ត្រា (Tra) បានចែករំលែក។

ដើម្បីធ្វើ​នំបញ្ចុក​ក្រៀម​ស្វិតឆ្ងាញ់ត្រូវតែឆ្លងកាត់ដំណាក់កាលកែច្នៃយ៉ាងប្រុងប្រយ័ត្ន និងល្អិតល្អន់ជាច្រើន។ រូបថត៖ ង្វៀនទ្រីញ

ដើម្បីមាន​នំបញ្ចុក​ក្រៀម​មួយកញ្ចប់ជូនដល់អតិថិជន គឺដំណើរការដ៏​យូរដូចជា ជ្រើសរើសអង្ករ ផ្អបអង្ករ កិនស្រូវ  កៀបម្សៅ វេចខ្ចប់... លោកស្រី ត្រា (Tra) បាននិយាយថា ជារៀងរាល់ថ្ងៃ ប្រហែលម៉ោង ១ និង​ ០០ នាទី រសៀល ​ត្រូវ​យក​អង្ករ​ទៅ​លាង​ បន្ទប់​មក​ទុក​ឲ្យ​ស្ងួត​ក្នុង​ខណៈពេលប្រហែល ២ ម៉ោង ​ហើយកិន​ជា​ម្សៅ បន្ទាប់​មក​ម្សៅ​ត្រូវ​ផ្អប​ក្នុង​រយៈពេលប្រហែល ២ ម៉ោង​ទៀត ហើយ​យក​ទៅ​កៀប​ជា​សរសៃ។ បន្ទាប់​ពី​កៀបម្សៅជារួចរាល់ហើយ ​ ទុក​នំបញ្ចុក​ក្នុង​ខណៈពេល​​មួយ​យប់ ដើម្បីទុកឲ្យស្ងួតតាមបែបធម្មជាតិ នាព្រឹកថ្ងៃបន្ត នំបញ្ចុក​នឹងហាលថ្ងៃឱ្យស្ងួតទាំងស្រុង។
ការ​ធ្វើ​នំបញ្ចុក​ក្រៀម​​ពិតជា​ការងារ​ដ៏​លំបាក​មួយ​និង​ទាមទារ​ភាព​ល្អិតល្អន់ ក្នុង​ដំណាក់កាលនីមួយៗ។ រូបថត៖ ង្វៀនទ្រីញ

ដើម្បីធ្វើ​នំបញ្ចុកក្រៀម​តាម​ស្តង់​ដា ពេលកែច្នៃជាមុខម្ហូប នំបញ្ចុកត្រូវមានសភាពទន់ ស្វិត មិនម៉ត់ ឆ្ងាញ់ មិនជូរ ហើយ​ទាម​ទារអ្នក​ធ្វើ​មានបទពិសោធន៍ក្នុងការជ្រើសរើសអង្ករ ផ្អប​អង្ករ ស្ងោ​នំបញ្ចុក ..ព្រោះពេលវេលាផ្អប និងសីតុណ្ហភាពទឹកពុះ គឺកំណត់គុណភាពនៃសរសៃនំបញ្ចុក។

នំ​បញ្ចុក​ធ្វើដោយដៃស្ទើរតែទាំងស្រុង មានតែ​ដំណាក់​កាល​កៀប​ម្សៅ​ក្លាយជា​សរសៃដែល​ប្រើ​ប្រាស់ម៉ាស៊ីន ដើម្បី​សរសៃ​នំបញ្ចុក​មានប្រវែងស្មើគ្នា និងជួយកាត់បន្ថយកម្លាំង​ពលកម្មផងដែរ។ ជាពិសេស នំបញ្ចុក​ក្រៀម ហ័រវ៉ាង (Hoa Vang) ធ្វើ​ពីវត្ថុ​ធាតុ​ដើមធម្មជាតិសុទ្ធសាធ ដោយមិនប្រើសារធាតុរក្សាទុក ដូច្នេះហើយ នំបញ្ចុកបានធានាសុវត្ថិភាពនិងអនាម័យចំណីអាហារ និងអាចរក្សាទុកបានយូរ។

ប្រជាជន​ភូមិ យឿង​សើន (Duong Son) ឃុំ ហ័រ​ទៀន (Hoa Tien) ស្រុក ហ័រ​វ៉ាង (Hoa Vang) មាន​របរធ្វើ​នំបញ្ចុក​ក្រៀមប្រពៃណី

បច្ចុប្បន្ននេះ មុខរបរធ្វើនំបញ្ចុកក្រៀម​នៅស្រុក  ហ័រ​វ៉ាង (Hoa Vang) មានប្រជាជនដែលប្រកបមុខរបរនេះមិនច្រើនឡើយ ប៉ុន្តែដោយក្តីស្រលាញ់ និងការជក់​ចិត្តចំពោះមុខ​របរនោះ ប្រជាជនដូចជាលោក យឿង (Duong) និងលោកស្រី ត្រា (Tra) បានរក្សានូវមុខរបរប្រពៃណីរបស់ទីក្រុង​ ដាណាំង (Da Nang)។ ដោយ​ផលិតផល​នំបញ្ចុក​ក្រៀម ហ័រ​វ៉ាង (Hoa Vang) នៅតែបានអ្នកប្រើប្រាស់នៅក្រុង​ ដាណាំង (Da Nang) និង​ខេត្ត ក្វាង​ណាម (Quang Nam) និងឆ្ងាយបន្តិចទៀតគឺ ខេត្ត​ក្វាង​ង៉ាយ (Quang Ngai) ជ្រើសរើស​ ដើម្បីធ្វើ​ពិពិធកម្ម​ម្ហូបអាហារប្រចាំ​ថ្ងៃថែមទៀត និងរាល់ពេលមានកម្មវិធីជប់លៀង ទទួលភ្ញៀវពីជិត និងឆ្ងាយ./.

  •  

អត្ថបទនិង​រូបថត៖ សហការី ង្វៀន​ទ្រីញ

ប្រែសម្រួល​ដោយង្វៀន​យ៉ាង


top