រក្សាព្រលឹងសិល្បៈល្ខោនចម្រៀងបូយ (Hat boi) ក្នុងជីវភាពសហសម័យ
ក្នុងចរន្តដ៏រស់រវើក នៃប្រភេទកម្សាន្តសម័យថ្មី សិល្បៈល្ខោនចម្រៀងបូយ ដែលជាទម្រង់សិល្បៈ នៅលើឆាកបែបប្រពៃណី របស់វៀតណាម កំពុងប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ទៅ។ ក៏ប៉ុន្តែតាមរយៈការតស៊ូព្យាយាម របស់សិល្បករ ដែលមានចិត្តស្រឡាញ់វិជ្ជាជីវៈ ជាពិសេសគឺសិល្បការិនីឆ្នើម ង៉ុកខាញ់ (Ngoc Khanh) និងក្រុមសិល្បៈល្ខោនចម្រៀងបូយ ខាញ់មិញ (Khanh Minh) ទម្រង់សិល្បៈនេះ នៅតែត្រូវបានថែរក្សា និងបន្តមានវត្តមានក្នុងជីវភាពវប្បធម៌សហសម័យ។ល។
ល្ខោនចម្រៀងបូយ (ឬហៅម្យ៉ាងទៀតថា ល្ខោនចម្រៀងបូ) គឺជាទម្រង់សិល្បៈលើឆាកប្រពៃណី ដែលមានប្រវត្តិយូរលង់ណាស់មកហើយ របស់វៀតណាម ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងជីវភាពស្មារតីរបស់សហគមន៍។ នេះជាប្រភេទសិល្បៈចម្រុះ ដែលរួមបញ្ចូលគ្នានូវតន្ត្រី របាំ ការតុបតែងមុខ និងភាសាកាយវិការ ទៅតាមបទដ្ឋានយ៉ាងម៉ឺងម៉ាត់។ តួអង្គនីមួយៗមានលក្ខណៈជានិមិត្តរូបខ្ពស់ ឆ្លុះបញ្ចាំងពីទស្សនៈអំពីសីលធម៌ សណ្តាប់ធ្នាប់សង្គម និងជីវិតមនុស្សក្នុងវប្បធម៌ប្រពៃណី។ ដោយបទដ្ឋានត្រឹមត្រូវនេះ ដែលបង្កើតបានជាតម្លៃពិសេសរបស់ល្ខោនចម្រៀងបូយ។ ក៏ប៉ុន្តែក្នុងបរិបទដែលជីវភាពវប្បធម៌សម័យទំនើបកាន់តែ មានភាពសម្បូរបែប ទម្រង់សិល្បៈនេះ ក៏កាន់តែពិបាកទាក់ទាញទស្សនិកជនជាងមុន បើធៀបនឹងទម្រង់កម្សាន្តថ្មីៗ ជាច្រើនទៀត។
ស្ថិតនៅក្នុងស្ថានភាពនោះ ក្រុមសិល្បៈល្ខោនចម្រៀងបូយ ខាញ់មិញ នៅតែបន្តសកម្មភាពដូចជា លំហអភិរក្ស និងអនុវត្តសិល្បៈប្រពៃណី។ មិនរត់តាមចំណង់ចំណូលចិត្តបណ្ដោះអាសន្ន ក្រុមនេះ បានផ្តោតលើការរក្សាវិន័យវិជ្ជាជីវៈ និងឈុតឆាកបុរាណល្បីៗរបស់ល្ខោនចម្រៀងបូយ។ ការហ្វឹកហាត់បានប្រព្រឹត្តទៅជាទៀងទាត់ នៅក្នុងលំហដ៏សាមញ្ញ ដែលសិល្បករវ័យក្មេងរៀនពីរបៀបអត់ធ្មត់ជាមួយវិជ្ជាជីវៈ។ រាល់កាយវិការ ខ្សែភ្នែក ឬចង្វាក់ស្គរ សុទ្ធតែបានហ្វឹកហាត់យ៉ាងផ្ចិតផ្ចង់ ដើម្បីរក្សាឱ្យបាននូវស្មារតីពិតប្រាកដនៃឆាកល្ខោនប្រពៃណី។
ការសម្តែងម្តងៗរបស់ក្រុមសិល្បៈ ខាញ់មិញ ជាធម្មតា មិនសូវមានទស្សនិកជនច្រើនឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលភ្លើងឆាកល្ខោនបានបំភ្លឺ និងសម្លេងស្គរជ័យបានបន្លឺឡើង គ្រឿងតុបតែងកាយដ៏ល្អវិចិត្រ ចាប់ផ្តើមធ្វើចលនាក្នុងចង្វាក់សម្តែងយ៉ាងយឺតៗ ដែលរំលឹកអំពីសម័យកាលសិល្បៈប្រពៃណី ធ្លាប់ជាលំហជីវភាពវប្បធម៌ដ៏ស្និទ្ធស្នាលនៃសហគមន៍។ អ្នកដែលស្ថិតនៅពីក្រោយការថែរក្សាដ៏ខ្ជាប់ខ្ជួននេះ គឺសិល្បការិនីឆ្នើម ង៉ុកខាញ់ បានលះបង់ពេញមួយជីវិត ជាមួយសិល្បៈល្ខោនចម្រៀងបូយ។ ក្នុងវ័យ៧០ឆ្នាំ លោកស្រីទាំងគ្រប់គ្រងក្រុម ទាំងចូលរួមដឹកនាំរឿងផង រៀបចំការសម្តែង និងបណ្តុះបណ្តាលសិល្បករជំនាន់ក្រោយផង។
សិល្បការិនីឆ្នើម ង៉ុកខាញ់ បានចែករំលែកថា៖ “ក្តីស្រឡាញ់ចំពោះល្ខោនចម្រៀងបូយ បានដិតជាប់ក្នុងចិត្តខ្ញុំតាំងពីវ័យកុមារ។ នៅឆ្នាំ១៩៧៥ ខ្ញុំបានបំពេញការងារក្នុងនាមជាគ្រូបង្រៀននៅដេប៉ាតឺម៉ង់ល្ខោនចម្រៀងបូយ នៃសាលាមធ្យមសិក្សាសិល្បៈល្ខោន២ បានរួមចំណែកបណ្តុះបណ្តាលសិល្បករជាច្រើនជំនាន់។ សម្រាប់ខ្ញុំ ការបន្តសកម្មភាពរបស់ក្រុមមិនត្រឹមតែជាការងារប៉ុណ្ណោះទេ ថែមទាំងជាការទទួលខុសត្រូវ ក្នុងការថែរក្សាកេរដំណែលវប្បធម៌ផងដែរ”។ ទន្ទឹមនឹងការសម្តែង ការងារផ្ទេរចំណេះដឹង តែងតែបានក្រុមយកចិត្តទុកដាក់។ ល្ខោនចម្រៀងបូយ បានណែនាំនៅតាមសាលារៀន ពិធីបុណ្យវប្បធម៌ និងកម្មវិធីសហគមន៍ មិនមែនក្នុងនាមជា "វត្ថុបុរាណ" នៃអតីតកាលនោះទេ ប៉ុន្តែក្នុងនាមជាសិល្បៈដែលមានជីវិត។ ដំណើរការផ្ទេរវិជ្ជាជីវៈ មិនត្រឹមតែឈប់ត្រឹមកម្រិតបច្ចេកទេសសម្តែងប៉ុណ្ណោះទេ ថែមទាំងជាការផ្ទេរនូវស្មារតីវិន័យ ការគោរពគ្រូដើម និងមនសិការថែរក្សាកេរដំណែលជាតិផង។
សិល្បការិនីឆ្នើម ង៉ុកខាញ់ បានឱ្យដឹងថា ក្នុងបរិបទបច្ចុប្បន្ន ការអភិរក្សសិល្បៈប្រពៃណី តែងតែប្រឈមមុខនឹងបញ្ហាជាច្រើន។ ក៏ប៉ុន្តែ ភាពខ្ជាប់ខ្ជួននៃក្រុមសិល្បៈដូចជា ខាញ់មិញ ឱ្យឃើញថា ល្ខោនចម្រៀងបូយ នៅតែអាចបន្តមានវត្តមាន ក្នុងជីវភាពវប្បធម៌នាពេលបច្ចុប្បន្ន នៅពេលដែលកេរដំណែលបានថែរក្សា ដោយក្តីស្រឡាញ់វិជ្ជាជីវៈ និងការគោរពចំពោះតម្លៃប្រពៃណី៕
អត្ថបទ និងរូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង












