មាន់អាំង បាយក្រឡាន - អាហារពិសេសនៅតំបន់ព្រៃភ្នំតីង្វៀន (Tay Nguyen)

មាន់អាំង បាយក្រឡាន - អាហារពិសេសនៅតំបន់ព្រៃភ្នំតីង្វៀន (Tay Nguyen)

មាន់អាំង​ បាយ​ក្រឡាន​ ជាអាហារ​សាមញ្ញពិសេសនៅ​​តំបន់ព្រៃភ្នំតីង្វៀន (Tay Nguyen)​។ ម្ហូប​​នេះ បច្ចុប្បន្ន​មាន​ការ​ច្នៃ​ចម្អិន​ច្រើន​បែប​ ក៏ប៉ុន្តែ​នៅរក្សាបាន​រសជាតិ​ ផ្អែម​ឆ្ងាញ់​របស់​សាច់​មាន់ រួម​ជាមួយ​បាយ​ដំណើប​ទន់​។​

ភ្ញៀវទេសចរ​ពិសា​ម្ហូប​មាន់អាំង​ បាយ​ក្រឡាន​ ក្នុងបរិយាកាស​ពោរពេញទៅ​ដោយ​​លក្ខណៈ​វប្បធម៌​តំបន់​តីង្វៀន (Tay Nguyen)​។​

មាន់អាំង ​ជា​មាន់​ជំទង់​ចិញ្ចឹម​ព្រលែង​ ទម្ងន់​ក្រោម​១គីឡូក្រាម​ សាច់​ហាប់​ និង​ស្បែកស្តើង​​រលើប​។ បន្ទាប់ពី​ធ្វើ​លាង​ជម្រះ​ឱ្យ​ស្អាត យក​ទៅ​ប្រឡាក់​គ្រឿង​ដូចជា​​៖ មើម​ខ្ទឹម​ស មើម​ខ្ទឹម​ក្រហម ស្លឹក​គ្រៃ គ្រឿង​ក្រអូប​ ម្រេច​ ទឹក​ត្រី​ អំបិល​ ទឹក​ឃ្មុំ ជាពិសេស​មិនអាច​រំលងបាន​​ គឺ​បន្លែព្រៃ។ រូប​មន្ត​​គ្រឿង​ទេស​​ពិសេស​ប្រចាំត្រកូល​ បាន​ធ្វើ​ឱ្យសាច់​​មាន់អាំង ​មាន​រសជាតិ​​ពិសេស ជាលក្ខណៈ​នៃ​​​​តំបន់​​ព្រៃ​ភ្នំ​តីង្វៀន ​(Tay Nguyen)​។ បន្ទាប់មកទៀត​ រង់​ចាំ​​​គ្រឿង​ទេស​ជ្រាប​​សព្វគ្រប់​ និង​​យក​មាន់ទៅ​អាំងនៅ​លើ​ចង្ក្រាន​រងើក​ក្រហម​ឆ្អៅ​​។ ពឹង​លើ​​របៀប​អាំងមាន់​ ទើប​មុខម្ហូប​មាន​​រសជាតិឈ្ងុយ​​​ពិសេស​នេះ។ មាន់ទាំងមូល​​គាប​ដោយ​បន្ទះ​ឫស្សី​ ដាក់​លើ​ចង្រ្កាន​អាំង មិនមែន​ដាក់លើ​ដែក​អាំង​សាច់​​នោះទេ​។​ អាំងមាន់​​ដោយ​ធ្យូងឱស ​មានរសជាតិ​​ក្លិន​ក្រអូបជាង​​។ ពេល​អាំង​ ចុង​ភៅ​ត្រូវ​ត្រឡប​ចុះឡើង​ មើល​រងើក​ក្តៅ​ល្មម​ ពេល​មាន់​ឆ្អិន​ដល់ មាន​ពណ៌​លឿង​ទុំ​។​

ទន្ទឹមមាន់អាំង​ ដើម្បីដាំ​​បាយក្រឡាន​​ឈ្ងុយ​ឆ្ងាញ់​ ត្រូវមាន​អង្ករ​ដំណើរ​ឆ្ងាញ់។ ដំណើប​សម្រាប់​ដាំ​បាយ​ក្រឡាន​ គឺ​ជា​ស្រូវ​ដំណើប​គ្រាប់​តូច​ ទ្រវែង  បាន​បង​ប្អូន​ជនជាតិ​​តំបន់តីង្វៀន (Tay Nguyen) ដាំ​នៅតាម​ជើង​ភ្នំ​។ ក្រៅពីនោះ បំពង់ឫស្សី​ក៏មាន​សារសំខាន់មួយបែប​​ដែរ​។ ជ្រើស​បំពង់ឫស្សី​ខ្ចី សម្បក​ខៀវ​ ដើម​តូច​ល្មម​ ថ្នាំង​វែង​ ពេល​ដាំ​ទើប​មាន​រសជាតិ​ឈ្ងុយ​ឆ្ញាញ់ពិសេស​។

មុនពេល​ដាំ ត្រូវ​ត្រាំអង្ករ​ពី​៤ - ៦​ម៉ោង  បន្ទាប់​មក​លៀង​ជ្រះ​ ទុក​ស្ងួត​ទឹក​ ដាក់​ចូល​បំពង់​ឫស្សី (​ដាក់​ល្មម​មិនពេញ​ពេក​) រួច​ចុក​ដោយ​ឆ្នុក​ស្លឹក​ចេក​។ បាយ​បាន​ដាំ​រួម​ពេល​នឹង​មាន់​អាំង​ ពេល​ដុត​បំពង់​បាយ​ក្រឡាន​ ចុង​ភៅ​ត្រូវ​បង្វិល​បំពង់​ យ៉ាង​នេះ​​​​បាយ​ឆ្អិន​ស្មើ មិន​ខ្លោច​ម្ខាង​ ឆៅ​ម្ខាង​។ ពេល​មាន់​មាន​រសជាតិ​ក្លិន​ដ៏ទាក់ទាញ​ ខណៈនោះ​​​បំពង់​បាយ​ក្រឡាន​ក៏​ល្មមនឹង​ឆ្អិន​​ដែរ​។​

ការ​តុបតែង​ម្ហូប​របស់​ជនជាតិ​តំបន់​ភ្នំតីង្វៀន (Tay Nguyen) គ្មាន​អ្វី​ស្មុគ​ស្មាញ​នោះ​ទេ​​​។ បំពង់​ឫស្សី​កាត់​ជាកងៗ ដាក់​តម្រៀប​លើ​ចានទៀប​។ មាន់អាំង​ដាក់​ទាំង​មូល​​លើកស្ពក សម្រាប់​ភ្ញៀវ​ហែក​ពិសាដោយ​ខ្លួន​ឯង នៅក្បែរមាន​ចាន​អំបិល​សណ្តែក​ដី​លីង​ និង​អំបិល​ស្លឹក​ជីនាងវង​។ ចានអំបិល​សណ្តែកដី​​លីង​​​ពិសា​ជាមួយ​​បាយ​ក្រឡាន​ រីឯ​​ចាន​អំបិល​ស្លឹក​ជីនាង​វង​ ពិសា​ជាមួយ​មាន់អាំង​ ធ្វើឱ្យ​រសជាតិកាន់តែ​​ឆ្ងាញ់ពិសាជាង​។​

ពិត​ជា​អស្ចារ្យ​មែន ពេល​​បានអង្គុយ​ពិសា​បាយ​ក្រឡាន​និង​មាន់អាំង​ នៅ​ហាង​មួយដែល​​បាន​សាងសង់ ដោយ​មាន​​​ស្ថាបត្យកម្ម ​និង​បរិយាកាស​ពោរពេញ​ទៅ​ដោយ​​លក្ខណៈ​វប្បធម៌ជនជាតិ​តីង្វៀន (Tay Nguyen)។ ហាង​លក់​ចាប់ពីពេល​​ថ្ងៃ​ត្រង់​​រហូតដល់​ល្ងាច​ជ្រៅ​ តម្លៃ​បាយ​ក្រឡាន​មាន់អាំង​មួយ​ មាន​ប្រហែល​៣០០.០០០ដុង​៕​

បាយ​ក្រឡាន​និង​មាន់អាំង​ ជា​ម្ហូបពិសេស​នៅ​តំបន់តីង្វៀន​ (Tay Nguyen)។​

ភ្ញៀវ​ទេសចរ​អាចចូល​ពិសា​តាម​ហាង​នៅទីក្រុង​ Pleiku (ខេត្ត​យ៉ាឡាយ - Gia Lai​) ដែល​ជាហាង​មាន​មនុស្សជាច្រើន​​ចូល​ចិត្ត​ពិសា​៖

- បាយក្រឡាន​មាន់អាំង​ H'BLA T'RUNG​ ច្រក​ចូល​លេខ​២២០ ផ្លូវ​ឡេ​យឹន​ (Le Duan) សង្កាត់​ត្រាបា​ (Tra Ba)

- បាយក្រឡាន​មាន់អាំង Bazan ច្រក​ចូល​លេខ​៤៧៨ - ៤៨០ ផ្លូវ​ឡេ​យឹន ​(Le Duan)  សង្កាត់​ត្រាបា ​(Tra Ba)

- ហាង​សិប្បករ​ Ksor Hnao ច្រក​ចូល​លេខ​៤៩/១៨ ផ្លូវ ​ត្រឹន​ ង្វៀន​ហាន​ (Tran Nguyen Han) សង្កាត់​ដុង​ដា​ (Dong Da)

-​ ហាង​ la Gui លេខ​២៧ ផ្លូវ​ផាម ង៉ុក​ថាច់ (Pham Ngoc Thach) សង្កាត់​ថុង​ញឹត (Thong Nhat)

អនុវត្ត​៖ កុង​ដាត/កាសែតរូបភាព​វៀតណាម​

ប្រែសម្រួល៖ រីកើង​



top