ភូមិ សើនដុង (Son Dong) – ភាពថ្លៃថ្នូរភូមិសិប្បកម្មអាយុកាលរាប់រយឆ្នាំ

ភូមិ សើនដុង (Son Dong) – ភាពថ្លៃថ្នូរភូមិសិប្បកម្មអាយុកាលរាប់រយឆ្នាំ

ភូមិ​ឆ្លាក់​រូប សើន​ដុង (Son Dong) (ឃុំ​ សើន​ដុង (Son Dong) ស្រុក​ ហ័យ​ឌឹក (Hoai Duc) រដ្ឋធានី ហាណូយ (Ha Noi)) ល្បីល្បាញដោយ​មុខរបរ​ឆ្លាក់រូបសំណាក់ ធ្វើ​គ្រឿង​សក្ការៈបូជាប្រពៃណី ​ជាមួយនឹងបច្ចេកទេស​លាបពណ៌​ក្រហម ពណ៌មាសដ៏ថ្លៃថ្នូរ​ត្រូវបាន​អតិថជន​ក្នុង​ស្រុក ​និង​អន្តរជាតិ​វាយតំលៃខ្ពស់។

ទិដ្ឋភាពនៃ​រោង​ជាង​ឆ្លាក់មួយ​ ​ នៅភូមិ​ សើន​ដុង (Son Dong)។

ភូមិ​សិប្បកម្ម​  សើន​ដុង (Son Dong) ត្រូវបានសាបរលាបខ្លះៗ ​ក្នុង​សម័យ​សង្រ្គាម​ប្រឆាំង​នឹង​អាមេរិក ​និងសម័យឧបត្ថម្ភធន ប៉ុន្តែបន្ទាប់​មក​​មុខរបរនេះ​ត្រូវបាន​សិប្បករ ង្វៀន​ ជី​យៅ (Nguyen Chi Dau) និង​សិប្បករ ង្វៀន​ឌឹក​កឿង (Nguyen Duc Cuong) ស្ការឡើង​វិញ​នៅ​ឆ្នាំ១៩៨៣។ សិប្បករ  ង្វៀន​ ជី​យៅ (Nguyen Chi Dau) ជាសិប្បករ​ម្នាក់កាលពីសម័យអណានិគមបារាំង  បាន​សម្រេច​ចិត្ត​​ស្ការ​មុខរបរ​ប្រពៃណី​ឡើង​វិញ​​​ ដោយការ​រៀបចំ​​ថ្នាក់​បង្រៀន​របៀប​ឆ្លាក់​ឈើ​និង​ ​ធ្វើ​ម្រ័ក្សណ៍​ខ្មុក ដើម្បី​ប្រគល់​មុខរបរ​នេះ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ។ សិស្សានុសិស្ស​ជាង​ ៣០ នាក់​នាពេលនោះ ឥឡូវនេះ​បាន​ក្លាយទៅជា​សិប្បករ​ល្អ និងជាម្ចាស់​រោង​ជាង​ធំៗ ក្នុង​ភូមិ​ ​ហើយពួកគេ​កំពុងបន្តវេន​មុខ​របរ​ដល់​ជំនាន់​ក្រោយទៀត។ រហូតដល់​បច្ចុប្បន្ននេះ​ មុខរបរ​ប្រពៃណី​នេះបានបន្ត​​ពីមួយជំនាន់ទៅមួយ​ជំនាន់យ៉ាងរលូន។


ដំណាក់​កាល​លាប​ពណ៌មាសឲ្យរូបសំណាក់

ដើម្បី​​ឆ្លាក់បានរូបសំណាក់​ឈើ​មួយ ​ការជ្រើសរើសឈើគឺជាដំណាក់កាល​សំខាន់​បំផុត។ វត្ថុ​ធាតុ​ដើមសម្រាប់ឆ្លាក់​​​ព្រះពុទ្ធ​បដិមាគឺចាំបាច់ត្រូវតែយក​ឈើ​ខ្នុរ ដោយ​សារ សាច់ឈើទន់ ​ក្រាស រលោង ដូច្នោះជៀសវាង​​កំហុសនៅពេល​​ចម្លាក់។ ឈើ​ខ្នុរ​​​អាច​ប្រើប្រាស់ក្នុងរយៈពេល​ច្រើន​ឆ្នាំ ពិបាកប្រេះ ងាយស្រួល​ឆ្លាក់។ ប្រភព​ឈើ​ខ្នុរ​មក​ពី​បណ្ដាខេត្ត ភូ ថ (Phu Tho) ថាយង្វៀន (Thai Nguyen) ថាញ​ហ័រ (Thanh Hoa) ងេអាន (Nghe An)ត្រូវបានសិប្បករ​​ភូមិ​ សើន​ដុង (Son Dong) ប្រើប្រាស់ច្រើនជាងគេ​។ ឈើ​ខ្នុរ ប្រើបានតែខ្លឹមសម្រាប់ឆ្លាក់តែប៉ុណ្ណោះ​​ ។ បច្ចេកទេស​​លាប​ពណ៌​​ក្រហម​និង​មាសគឺស្មុគ​ស្មាញណាស់ រួមមាន​ដំណាក់កាល​លាប ហើយដុះខាត់ជា​​ច្រើន​ដង បន្ទាប់មកសិប្បករ​លាប​ពណ៌ប្រាក់ និងពណ៌មាសលើរូបចម្លាក់ តាមតម្រូវការរបស់អតិថិជន។ ឆ្លាក់រូប​​សំណាក​​គឺ​ពិបាក​បំផុត សិប្បករ​ត្រូវ​បង្កើត និងបញ្ចូលបានព្រលឹងចូលទៅក្នុង​រូបចម្លាក់ ​មើល​ទៅ​មានរូប មានរាង មាន​អារម្មណ៍... ក្រៅពី​នោះគឺផលិតផលសម្រាប់សក្ការៈ​បូជា​ដែល​លាប​ដោយ​ម្រ័ក្សណ៍ខ្មុក ពណ៌មាសក៏​មានភាព​ថ្លៃថ្នូរ និងស្រស់ស្អាត តាមរយៈទឹកដៃរបស់សិប្បករមានជំនាញរបស់សប្បករភូមិ សើនដុង (Son Dong) ។


បច្ចុប្បន្នេះ ឃុំ​មាន​​សិប្បករ​ជាង​ ៤០០០ នាក់​ប្រកបមុខរបរនេះ ក្នុង​នោះមាន​សិប្បករ​ឆ្នើម​ជាងពាក់កណ្តាល ​​និង​សិប្បករឆ្នើម​ជាច្រើននាក់​បាន​លើក​តំកើង​ និង​​ទទួល​កិត្តនាម​​ជាសិល្បករ។ ។ ដោយថ្វីដៃដ៏ប៉ិនប្រសប់របស់សិប្បក​រ​​ភូមិ សើន​ដុង (Son Dong) បាន​បង្កើត​ស្នាដៃសិល្បៈជាច្រើនដែល​​មាន​ភាព​ថ្លៃថ្នូរ និងបង្កប់ដោយអត្តសញ្ញាណជាតិ។ លទ្ធផលដែលសិប្បករ  សើន​ដុង (Son Dong) ទទួលបានបន្ទាប់ពីប៉ុន្មានថ្ងៃខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ នៅក្នុងរោងជាងឈើ គឺជាភាពល្បីល្បាញ ដែលមិនត្រឹមតែល្បីល្បាញនៅគ្រប់តំបន់ក្នុងប្រទេសតែប៉ុណ្ណោះទេ ថែមទាំងល្បីល្បាញក្នុងប្រទេសជាច្រើនជុំវិញពិភពលោកទៀតផង។

ភាពពិសេស​នៅ​ភូមិ​ សើន​ដុង (Son Dong) គឺអតិថជន​​អាច​បញ្ជាទិញ​រូបចម្លាក់ជាគ្រឿងសក្ការៈបូជាណាក៏បាន សិប្បករ​​អាចធ្វើ​ដោយភ្លាមៗ​ មិនចាំបាច់​មានគំរូស្រាប់ទេ។ ទន្ទឹម​នឹងនោះ ប្រជាជននៅភូមិ​សើន​ដុង (Son Dong) នៅទាំង​ឆ្លាក់​រូបអាទិទេព​ដែល​ផ្អែក​ទៅលើរូបថត ឬ​រូប​រាង​ពេញ​ខ្លួន តាមតម្រូវ​ការរបស់អតិថជន ដោយ​ហេតុ​នេះ​ការឆ្លាក់​រូប​ចម្លាក់​ឈើ​ស្រដៀង​នឹង​រូប​ថតដោយពិតៗ។ ដើម្បីធ្វើកិច្ចការទាំងនេះ សិប្បករត្រូវតែមានបទពិសោធន៍ យល់អំពីរឿងព្រេង ឫកពា តំណែង បទពិសោធន៍ ទីតាំងនៃរូបសំណាក់នីមួយៗក្នុងគំនិត រួចបញ្ចូល​ព្រលឹង​ក្នុង​រូបសំណាក​ទាំងនោះ។

ថ្វីដៃដ៏ប៉ិនប្រសប់របស់សិប្បករភូមិ សើន​ដុង (Son Dong) ក៏បានបន្សល់ទុកនៅស្ថាបត្យកម្មវប្បធម៌របស់ទីក្រុងហាណូយ​ (Ha Noi) ដូចជា៖ វ៉ាន់មៀវក្វឹក​ទឹយ៉ាម (Quoc Tu Giam) (មហាវិទ្យល័យដំបូង​របស់​ប្រទេសវៀតណាម) ប្រាសាទ ង៉ុក​សើន (Ngoc Son) ស្ពាន ថេហូក (The Huc) វត្តសសរស្តម្ភមួយ ... មុខរបរថ្លៃថ្នូរក្នុងដៃ សិប្បករភូមិ សើនដុង (Son Dong) នៅទាំងបានពង្រីកផ្សព្វផ្សាយទៅគ្រប់តំបន់ រួមចំណែកក្នុងការស្តារ និងអភិរក្សស្នាដៃវប្បធម៌សាសនាជាច្រើន។

តូប​ដាក់តាំង​​ផលិតផល​នៅ​ភូមិ សើន​ដុង (Son Dong)

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ យុវជនជាច្រើននៃភូមិសិប្បកម្ម សើន​ដុង (Son Dong) បានចំណាក់ទៅកាន់ទីក្រុងធំៗ ដើម្បីបើករោងជាង និងហាងនានា ដើម្បីណែនាំអំពីចម្លាក់ និងផលិតផលសិល្បៈវិចិត្ររបស់ភូមិសិប្បកម្ម។ ដោយហេតុនេះ ជួយឱ្យម៉ាកនៃវត្ថុ​សក្ការៈបូជា រូបសំណាក់ឈើ ផលិតផលវិចិត្រសិល្បៈនៃភូមិ សើន​ដុង (Son Dong) ដែលធ្លាប់ល្បីល្បាញ ឥឡូវនេះត្រូវបានមនុស្សស្គាល់កាន់តែច្រើន​./.

ក្នុង​ឆ្នាំ ២០០៧ សៀវភៅ​ឯកទគ្គកម្ម ​វៀតណាម​បាន​ចុះ​បញ្ជី​ឈ្មោះ ភូមិ​ សើន​ដុង (Son Dong) ជា ភូមិ​ចម្លាក់ និងធ្វើ​គ្រឿង​សក្ការៈបូជា​​ព្រះពុទ្ធ​សាសនា​ធំ​បំផុត​ក្នុង​ប្រទេស​វៀតណាម។ នាបច្ចុប្បន្ន ផលិតផលរបស់ភូមិសិប្បកម្ម សើន​ដុង (Son Dong) មិនត្រឹមតែបម្រើជីវភាពវប្បធម៌ ស្មារតី និងសាសនាក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងនាំចេញទៅបរទេសដូចជា ជប៉ុន កូរ៉េ រុស្ស៊ី ...

 អត្ថបទ៖ ថាវ​វី រូបថត៖ ត្រឹន​ថាញ​យ៉ាង ប្រែសម្រួល​ដោយង្វៀន​យ៉ាង


top