ពិសេសភាពនៃសម្លៀកបំពាក់ជនជាតិស៊ីឡា

ពិសេសភាពនៃសម្លៀកបំពាក់ជនជាតិស៊ីឡា

ជនជាតិ​ស៊ី​ឡា​ជាជនជាតិ​មួយ​ក្នុង​ចំណោម​ជនជាតិ​ភាគតិច ដែល​មាន​ប្រជាជន​តិច​​បំផុត​ ក្នុង​សហគមន៍​ជនជាតិ​វៀតណាម​ទាំង​៥៤​ជនជាតិ​ រស់នៅ​តែ​ស្រុក​មឿង​ញែ (Muong Nhe) និង មឿង​តែ ​(Muong Te)។ សម្លៀក​បំពាក់​ជនជាតិ​ស៊ីឡា​ មាន​លក្ខណៈ​ពិសេស​ដោយ​ឡែក​នៃជនជាតិ​។ តាមរយៈ​សម្លៀកបំពាក់​អាច​ឆ្លុះបញ្ចាំង​ពីលក្ខណៈ​នៃ​អាយុ ក៏ដូចជា​ស្ថានភាព​គូស្រករ​​។​
កញ្ញា​ស៊ី​ឡា​ពាក់សម្លៀក​បំពាក់​ប្រពៃណី​ទៅ​លេង​បុណ្យ​។​

មាន​ឱកាស​ទៅ​ដល់​ស្រុក​មឿង​តែ (Muong Te) ខេត្ត​ឡាយ​ចូវ​ (Lai Chau) ក្នុងឱកាសបុណ្យទាន​ធំៗ​ អ្នក​​នឹង​បាន​ជួប​ប្រទះ​កញ្ញា​កក់ស្រក់​ចួត​កន្សែង​ស កាក់ប្រាក់​ផ្លេក​ៗ​នៅ​​ជាប់ទ្រូង​ ពាក់រ៉ូប​​សំពត់​ពណ៌ខៀវ​ផ្ទៃមេឃ​ បាន​​ដេរប៉ាក់​ក្បាច់រចនា​ គឺអ្នកនឹង​ដឹងបាន​ភ្លាមថា​ នោះ​ជា​កញ្ញា​ជនជាតិ​ស៊ី​ឡា​។​ សម្លៀកបំពាក់​ជនជាតិ​ស៊ីឡា​ គ្មាន​ភាព​ឆើត​ឆាយ​ គ្មាន​​​ក្បាច់​រចនា​ប្រណីត​ ប៉ុន្តែមាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​។​ ទោះបី​ មិនចេះ​ត្បាញ​​សំពត់​ដូច​ដើម ប៉ុន្តែ​ស្រ្តីជនជាតិ​ស៊ី​ឡា​ នៅតែរក្សា​បាន​សម្លៀក​បំពាក់​ប្រពៃណីរបស់​ខ្លួន​។ ជាពិសេស​ពួកគាត់​នៅ​មានការ​ផ្ចិត​ផ្ចង់ ​ក្នុង​ការ​ប្រើប្រាស់​កន្សែង​ចួត​ក្បាល ដើម្បី​បែង​ចែក​អ្នក​មាន​ប្តី​ និង​ អ្នកមិនទាន់មាន​ប្តី។​

 

លោក​យាយ​ ហូកូស្វឹន​ (Hu Co Xuan) - សិប្បករ​ជនជាតិ​ស៊ីឡា (ភូមិសែវ​ហៃ - Seo Hay ឃុំ​កាន​ហូ - Can Ho) រៀប​រាប់ថា​៖ "កន្សែង​ដែល​ជនជាតិ​ស៊ីឡា​ចួត​លើ​ក្បាល​មាន​ពីរ​ប្រភេទ​៖ កន្សែង​ស និង កន្សែង​ខ្មៅ។ កន្សែង​ស​សម្រាប់​កញ្ញា កន្សែង​ខ្មៅ​សម្រាប់​នារី​មាន​ប្តី​។ ការ​បែង​ចែក​នេះ មិនត្រឹមតែ​ជួយ​អ្នក​ក្រៅ​ស្គាល់​បាន​អ្នក​ដែលមាន​ប្តី​ និង​ មិនទាន់មានប្តី​ប៉ុណ្ណោះ នៅទាំង​មានអត្ថន័យ​ពិសិដ្ឋចំពោះ​អ្នក​មាន​ប្តី​ បង្ហាញពី​មនោសញ្ចេតនា​ និង ចិត្ត​ស្មោះស្មគ្រ​របស់គេ​ចំពោះ​ស្វាមី​"។​

 

ចាប់ពី​អាយុ​១៣ឆ្នាំ កញ្ញា​ជនជាតិ​ស៊ី​ឡា​ចាប់​ផ្តើម​ចួត​កន្សែង​។ កន្សែង​បាន​ធ្វើ​ដោយ​សំពត់​ស​ មាន​ដេរប៉ាក​ក្បាច់រចនា​ដោយ​សូត្រ​ពណ៌​ផ្សេងៗគ្នា​។ ក្បាល​កន្សែង​ម្ខាង​បាន​ដេរ​ជា​រូប​ស្លាបព្រួញ ក្បាល​ម្ខាង​តុបតែង​ដោយ​ក្បាច់​រចនា​ នៅ​ជាយ​កន្សែង​មាន​ព្រុយ​ ក្បាល​ព្រុយ​មាន​ភ្ជាប់​កាក់​បា្រក់​។ ពេល​កញ្ញា​ជនជាតិ​ស៊ីឡា​ មាន​គូស្រករ​ ពួកគាត់​នឹង​ចួ​តកន្សែង​ខ្មៅ សក់​ក្រង​ទទឹង​។ ប្រសិន​បើ​ ផ្នួង​សក់​មិនទាន់ធំ​គ្រប់គ្រាន់​ ត្រូវ​ទ្រាប់បន្ថែម​សក់​របស់ប្តី។ នៅ​កណ្តាល​ផ្នួង​សក់​មានបន្ថែម​កន្សែង​តូច​របស់ប្តី គ្មាននរណាដាក់ចុះ​ទេ​​ លើកលែង​​​មានបុណ្យ​សព​ទើប​នារី​អាច​ដាក់ចុះបាន​។ ប្រការ​នេះ​ បង្ហាញជំនឿ​​អំពី​មនោសញ្ចេតនា​ ទឹក​ចិត្ត​ប្តីប្រព័ន្ធ​ស្មោះត្រង់​ ស្មោះស្មគ្រ​ ផ្សារភ្ជាប់​​នឹង​ជនជាតិ​ស៊ី​ឡា។​

កញ្ញា​ជនជាតិ​ស៊ីឡា​ ពាក់​សម្លៀក​បំពាក់​ប្រពៃណី​ទៅលេង​បុណ្យ​។​

អាវ​របស់​នារី​ជនជាតិ​ស៊ី​ឡា​ក៏បានកាត់​​ដេរ​ដោយ​សំពត់​ខ្មៅ​ តួខ្លួន​អាវ​ខ្លី រឹបនឹង​រាង​កាយ​។ កដៃ​ និង ជាយ​​អាវ​បាន​​តុបតែង​ដោយចេស​​សូត្រ​ ឬ​សំពត់​ពណ៌ផ្សេង​គ្នា​។ ចំណុច​លេច​ធ្លោនៃ​​អាវ​ បង្កើត​ភាព​ទាក់ទាញ​សម្រាប់​នារី​ជនជាតិ​ស៊ី​ឡា​នោះ​គឺ ​នៅ​លើ​​ស្រទាប់​អាវ​ត្រង់ទ្រូង​ ​មាន​ដាំ​ដោយ​កាក់ប្រាក់​ បង្ហាញ​ភាព​ស្រទន់ស្រស់​​ស្អាត​។ នេះ​ជា​សំពត់​រាង​ចតុកោណ​ព្នាយ​ តុបតែង​ដោយចេស​សូត្រ​ក្រហម​ និង ដាំ​ដោយ​កាក់ប្រាក់​រៀប​​ស្មើគ្នា​។ អាវនេះ បាន​ដាំ​ដោយ​កាក់ប្រាក់ចំនួន​៧២​កាក់ រៀប​ជា​៩ជួរ​ ឬលោហធាតុ​រៀប​ជា​​ជួរ​ទទឹង​តុប​តែង​។​

 

រ៉ូប​នារី​ជនជាតិ​ស៊ី​ឡាជា​ប្រភេទរ៉ូប​​ដេរ​ភ្ជិត​​ ពណ៌ខ្មៅ​ រាង​វែង​ពី​ចង្កេះ​រហូតចុះដល់​ផ្នែក​ជើង​។ រ៉ូប​នីមួយ​ៗ​មាន​២ចំណែក​ច្បាស់លាស់​ សំពត់រុំចង្កេះ​​ និង តួរ៉ូប​។​ សំពត់​រុំចង្កេះ​​ គឺ​ផ្ទាំង​សំពត់​ពណ៌ផ្សេង​ ទទឹង​ប្រហែល​២០សង់ទីម៉ែត្រ​។ ជាយ​រ៉ូប​ដេរប៉ាក់​ដោយ​សូត្រ​ក្រហម​លេច​ធ្លោ។ ខ្សែ​​ចងចង្កេះ​ធ្វើ​ដោយ​សំពត់សូត្រ​នាង​ ឬ​សំពត់​កប្បាស​ពណ៌ខៀវ​ ក្បាល​សងខាង​នៃខ្សែ​​ចង​ចង្កេះ​មានតុបតែង​ក្បាច់​ផ្កា​ពណ៌ផ្សេង​ៗគ្នា​ ខ្សែ​ចងចង្កេះ​មាន​ប្រយោជន៍​រក្សា ​ឱ្យ​សំពត់រុំចង្កេះ​​រឹប​ជាប់នឹង​​ចង្កេះ​។ ចំពោះ​សម្លៀក​បំពាក់​​បុរសជនជាតិ​ស៊ី​ឡា​ ពួកគាត់តែង​ពាក់​សំពត់សារុង​ អាវ​រហែក​ទ្រូង​ អាវ​ខ្ជាប់​ឡេវ​ កឈរ​ មានថង់២​ឬ៣​ ពណ៌ខៀវ​​ចាស់​ ចួត​កន្សែង​ស​ជានិច្ច​។ ប៉ុន្តែបច្ចុប្បន្ន​ បុរស​ជនជាតិ​ស៊ី​ឡា ​បាន​បង្វែរការពាក់​សម្លៀកបំពាក់​​បែប​បារាំង​ទាំង​ស្រុង ​ដូច​ជនជាតិ​គិញ​ដែរ។​

កញ្ញា​ជនជាតិ​ស៊ី​ឡា​ទៅ​លេង​បុណ្យ​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​។​
 

រួមជាមួយ​​ការ​រួម​ប្រាស្រ័យវប្បធម៌​​នឹង​ជនជាតិ​ផ្សេងៗ​ ​សម្លៀកបំពាក់​ប្រពៃណី​មាន​ភាព​ផ្ចិត​ផ្ចង់​ប្រណីត​ ដូចនេះ​ជនជាតិ​ស៊ីឡា​ប្រើប្រាស់​សម្លៀកបំពាក់​នេះ សម្រាប់តែ​ឱកាសបុណ្យ​ទាន​ ថ្ងៃរៀប​ការ ឬព្រឹត្តិការណ៍​បុណ្យ​ភូមិ​ស្រុក​។ល។ នេះ​ក៏ជា​របៀប​មួយ​ដែល​ជនជាតិស៊ី​ឡា​រក្សា ​និង ​អភិរក្ស​អត្តសញ្ញាណ​នៃជនជាតិ​៕​

អត្ថបទ៖ កុង​ដាត​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top