ពិសេសភាពនៃទំនៀមទម្លាប់ជ្រលក់ធ្មេញពណ៌ខ្មៅរបស់ស្ត្រីជនជាតិឡាវ
យោងតាមទស្សនៈរបស់ជនជាតិឡាវ (ស្រុក តាមយឿង (Tam Duong) ខេត្ត ឡាយចូវ (Lai Chau)) ទំនៀមទម្លាប់ជ្រលក់ធ្មេញពណ៌ខ្មៅមិនត្រឹមតែនាំមកនូវភាពស្រស់ស្អាត ភាពទាក់ទាញ និងភាពល្អិតល្អន់របស់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវអត្ថន័យជាច្រើននៃភព្វសំណាងទៀតផង។
ជនជាតិឡាវនៅស្រុក តាមដឿង (Tam Duong) គឺជាសហគមន៍មួយ ដែលមានចំនួនប្រជាជនមិនសូវច្រើនទេ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ ពួកគេនៅតែអភិរក្ស និងរក្សាបាននូវលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលជាច្រើនរបស់ពួកគេ។ លក្ខណៈវប្បធម៌ពិសេសមួយក្នុងចំណោមបណ្តាលក្ខណៈវប្បធម៌ពិសេសនោះ គឺទំនៀមទម្លាប់ជ្រលក់ធ្មេញពណ៌ខ្មៅរបស់ស្ត្រី។
ទំនៀមទម្លាប់ជ្រលក់ធ្មេញពណ៌ខ្មៅ គឺជាទំនៀមទម្លាប់បុរាណមួយរបស់ជនជាតិឡាវ។ កាលពីមុន ស្ត្រីដែលមានធ្មេញខ្មៅភ្លឺរលោងស្អាត មានសារៈសំខាន់ប្រៀបដូចជាស្ត្រីមានសក់វែងភ្លឺរលោង។ ការជ្រលក់ពណ៌ធ្មេញក៏គូសចំណាំនៃដំណាក់កាលពេញវ័យរបស់ស្ត្រីដែរ។ កញ្ញាណាជ្រលក់ធ្មេញពណ៌ខ្មៅនឹងទាក់ទាញចំណាប់អារម្មណ៍ពីបុរសជាច្រើន។ ម៉្យាងទៀត កញ្ញាមួយរូបដែលមានធ្មេញពណ៌ខ្មៅក៏បង្ហាញពីការឧស្សាហ៍ព្យាយាម ភាពប៉ិនប្រសប់ និងការហ្មត់ចត់ផងដែរ។
ស្ត្រីជនជាតិឡាវជ្រលក់ពណ៌ធ្មេញដោយខ្លួនឯង។ ប្រជាជនឡាវចូលព្រៃ និងកាប់ឈើមួយប្រភេទដែលមានជ័រច្រើន។ ពេលយកឈើនេះមកផ្ទះ គេបកសំបកចេញ និងហាលដើមឈើឱ្យស្ងួត រួចទុកលើដំបូលផ្ទះដោយប្រុងប្រយ័ត្ន។ ជំហានដំបូង មុនពេលដែលពួកគេជ្រលក់ពណ៌ធ្មេញ គេត្រូវសម្អាតធ្មេញឱ្យសស្អាត។ ពេលជ្រលក់ពណ៌ធ្មេញ ប្រជាជនឡាវដុតគល់ដើមឈើប្រភេទនោះ ដើម្បីប្រមូលយកផ្សែង។ ពេលអុសកំពុងឆេះ ត្រូវប្រើបន្ទះដែកស្មិតចាប់ផ្សែង។ បន្ទាប់មក គេប្រើចុងម្រាមដៃចង្អុលរឹតលើផ្ទៃមុខបន្ទះដែកស្មិតនេះពីរបីដង រួចរឹតលើធ្មេញ រហូតដល់ពេលណាគេឃើញថាធ្មេញខ្មៅរលោង។ ធ្វើដូចអញ្ចឹងជាបន្តបន្ទាប់ ក្នុងរយៈពេល ១សប្តាហ៍ ពួកគេចំណាយពេល ១ ម៉ោងក្នុងមួយថ្ងៃ ដើម្បីជ្រលក់ម្តងហើយម្តងទៀត។
រាល់ពេលដែលប្រជាជនឡាវជ្រលក់ពណ៌ធ្មេញ ដែលនឹងរក្សាទុកក្នុងអំឡុងពេលប្រហែល ២ខែ។ បើអ្នកណាចង់ឱ្យធ្មេញខ្មៅភ្លឺរលោង ប្រហែល១ឆ្នាំ គេជ្រលក់ឡើងវិញម្ដង។ ក្នុងអំឡុងពេលនៃការជ្រលក់ពណ៌ធ្មេញ ពួកគេមិនត្រូវបរិភោគអាហារ ទឹកក្ដៅ ឬបរិភោគអាហាររឹងពេក ទើបអាចរក្សាភាពធន់នៃពណ៌ធ្មេញ។
សម្រាប់អ្នកចូលចិត្តភាពស្អាត ពួកគេមិនជ្រលក់ធ្មេញពណ៌ខ្មៅទាំងមូលទេ ពួកគេនឹងស្រោបធ្មេញមាសពីរឬបីជាចម្រុះគ្នា និងមានភាពភ្លឺនៅថ្គាមខាងលើ បង្កើតឱ្យមានសម្រស់ប្លែកពីគេ។
ស្ត្រីជាច្រើននៅទីនេះចែករំលែកថា ប្រសិនបើស្ត្រីរៀបការហើយ ពួកគេអាចភ្លេចអ្វីៗបាន ប៉ុន្តែពួកគេពិតប្រាកដជាមិនអាចបំភ្លេចទម្លាប់ និងវិធីជ្រលក់ពណ៌ធ្មេញរបស់ពួកគេឡើយ។ ព្រោះការជ្រលក់ធ្មេញពណ៌ខ្មៅបានធ្វើជាបន្តបន្ទាប់។ ពួកគេជ្រលក់ពណ៌ធ្មេញអស់មួយជីវិត មិនមែនជ្រលក់ត្រឹមតែក្នុងរយៈពេលខ្លីនោះទេ។
ការជ្រលក់ពណ៌ធ្មេញបានក្លាយជា «ពិធីការ» មួយ ដើម្បីវាយតំលៃស្ត្រីល្អម្នាក់។ ស្ត្រីណាដែលធ្វេសប្រហែសក្នុងការជ្រលក់ពណ៌ធ្មេញ បានគេចាត់ទុកថាជាមនុស្សខ្ជិល ហើយបើស្អាត ក៏មិនគ្រប់លក្ខ ទាំងឫកពា ព្រមទាំងស្ដង់ដារសោភណ្ឌភាពរបស់ស្ត្រីក៏ដូច្នោះដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការអភិវឌ្ឍដ៏ខ្លាំងក្លារបស់ប្រទេស ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ភ្នំខ្ពង់និយាយរួម ជាពិសេសគឺខេត្ត ឡាយចូវ (Lai Chau) មួយថ្ងៃកាន់តែបានលើកកម្ពស់។ ការអភិវឌ្ឍដ៏គួរឲ្យកត់សម្គាល់នេះតភ្ជាប់ជាមួយនឹងបញ្ហាប្រឈមក្នុងការរក្សាទំនៀមទម្លាប់ប្រពៃណីផងដែរ។ ទំនៀមទម្លាប់ជ្រលក់ធ្មេញពណ៌ខ្មៅក៏មិនលើកលែងដែរ ជាមួយនឹងការផ្លាស់ប្តូរស្មារតីក្នុងសហគមន៍ជនជាតិឡាវ។ ដោយមានការយកចិត្តទុកដាក់ ពីអាជ្ញាធរ និងសហគមន៍ ទំនៀមទម្លាប់ជ្រលក់ធ្មេញពណ៌ខ្មៅរបស់ជនជាតិឡាវ និងជនជាតិ លឺ (Lu) នៅតែបានរក្សា និងបានលើកតម្កើង។ អ្នកស្រលាញ់វប្បធម៌ ចង់រក្សាទំនៀមទម្លាប់ដ៏ស្រស់ស្អាត និងប្លែកពីគេរបស់ជនជាតិ លឺ (Lu) និងជនជាតិឡាវនៅ ស្រុក តាមដឿង (Tam Duong)./.
អត្ថបទ៖ ថាវ វី/កាសែតរូបភាពវៀតណាម
រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម