ពិសិដ្ឋភាពនៃពិធីដង្ហែទឹក នៅតាមដងទន្លេហុង (ទន្លេក្រហម)

ពិសិដ្ឋភាពនៃពិធីដង្ហែទឹក នៅតាមដងទន្លេហុង (ទន្លេក្រហម)

តាំងពីយូរលង់ណាស់មកហើយ ទន្លេហុង (ទន្លេក្រហម) មិនត្រឹម​តែនាំ​មក​នូវ​ដីល្បាប់​សម្រាប់​ភូមិឋាន​ដ៏សម្បូរ​សប្បាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​​បានចិញ្ចឹម​បីបាច់​ជីវភាព​​វប្បធម៌ និង​ជំនឿ​ ​របស់អ្នកភូមិនៅតាមដងទន្លេទៀតផង​។ នៅក្នុងឃ្លាំង​បេតិកភណ្ឌនោះ ពិធី​ដង្ហែ​ទឹក គឺ​ជា​​ពិធី​​ដ៏ពិសិដ្ឋមួយ ដែល​បង្ហាញពីការ​គោរព​ចំពោះដង​ទន្លេ និង​​សេចក្តី​ប្រាថ្នា​​ចង់​បាន​​ភ្លៀង​ធ្លាក់​​អំណោយផល និង​អាកាសធាតុល្អ។ ភូមិនីមួយៗ មានការអនុវត្ត​រៀងៗ​ខ្លួន ដែល​ផ្សារ​ភ្ជាប់​​ទៅនឹង​ប្រវត្តិសាស្ត្រ មុខរបរ និងរឿង​ព្រេង​របស់សហគមន៍។

ពិធីកិច្ច​ដឹងគុណចំពោះដងទន្លេ

ស្ថិតនៅ​ជាយក្រុងហាណូយ ភូមិ ឡៀន​ហា (Lien Ha) ប្រារព្ធ​ពិធី​ដង្ហែទឹក នៅថ្ងៃ​៨ ខែ​១ (តាម​ច័ន្ទគតិ) ដែល​ជាពិធី​បើក​ នៃ​ពិធីបុណ្យប្រចាំភូមិ​ផងដែរ​។ ពាំនាំ​នូវ​ជំនឿ​គោរព​​បូជា​ "ទន្លេ​មាតា" របស់​ប្រជាកសិករ នៅតំបន់ភាគខាង​ជើង ពិធីនេះ បង្ហាញ​ពី​ការ​ដឹង​គុណ​ចំពោះ​ប្រភព​ទឹក ដែល​បានចិញ្ចឹមបីបាច់ជីវិត​សហគមន៍ អស់ជាច្រើនជំនាន់។

ក្បួនដង្ហែទឹកនៃពិធីបុណ្យភូមិធូខោយ​ ចាប់​ផ្តើមចេញពីវិហារភូមិ។ រូបថត៖ វៀត​គឿង​/VNP
ការ​ដង្ហែគ្រែស្នែងព្រះមាតា​ពិសិដ្ឋ ទៅកាន់​ទន្លេហឿង​ ដើម្បី​ដង្ហែទឹក ក្នុងពិធីបុណ្យភូមិ ធូខោយ​។ រូបថត៖ វៀត​គឿង​/VNP
អ្នក​ភូមិឡៀន​ហា នាំយក​ទឹក​ពិសិដ្ឋ​ពីទន្លេ​ក្រហម មកតម្កល់នៅ​វិហារ​​ភូមិ ដើម្បី​ធ្វើពិធីសែន​ព្រះភូមិ​។ រូបថត៖ ថុ​ងថៀន​​/VNP

លោក ង្វៀន​ វ៉ាន់​មិញ (Nguyen Van Minh) ​ព្រឹទ្ធាចារ្យនៅភូមិឡៀន​ហា​​ អ្នក​ដែល​បាន​ចូលរួមក្នុង​ពិធីបុណ្យនេះ ជាង៤០​ឆ្នាំមកហើយ បានមាន​ប្រសាសន៍ថា​៖ "ទឹកត្រូវ​បានដង​យក​ពី​កណ្តាលទន្លេ​ ដែល​គេចាត់ទុកថា ជាកន្លែង​ថ្លា និង​បរិសុទ្ធ​បំផុត រួច​ដង្ហែ​ត្រឡប់​មកវិហារ​ភូមិវិញ ដើម្បី​ងូតទឹកថ្វាយ​រូបសំណាក ព្រះភូមិ (Thanh hoang)"។

អាចារ្យ​​ដួស​ទឹក​៣៧​ត្រឡោក ពី​កណ្តាល​ទន្លេក្រហមដាក់ចូលក្នុង​ក្អម ដើម្បីដង្ហែ​មកកាន់​វិហារ​ភូមិបាតត្រាង​ ធ្វើពិធីសម្ងាត់។ រូបថត៖ វៀត​គឿង​/VNP​

ក្បួនដង្ហែ​មានប្រវែងជាង​១​គីឡូម៉ែត្រ ចេញ​ដំណើរពីវិហារ​ភូមិ​បុរាណ ដើរ​តាម​ឆ្នេរ​ទំនប់​ឆ្ពោះ​ទៅ​កាន់​ទន្លេ ដោយ​មាន​មនុស្សចូលរួម​​រាប់រយនាក់​។ នៅពេល​ទូកចេញ​ទៅ​ដល់​កណ្តាល​ទន្លេ អាចារ្យ​បានថ្វាយគ្រឿងសក្ការៈ​ដល់​ព្រះម៉ែ​គង្គា បន្ទាប់មក​ដងទឹក​ចាក់​ចូល​ទៅ​ក្នុង​ក្អម​។ ទឹក​ដ៏ពិសិដ្ឋ ត្រូវបានដង្ហែត្រឡប់មកវិហារ​ភូមិ​វិញ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ពិធីសែន​ព្រេន​ពេញ​មួយឆ្នាំ ដែល​ជានិមិត្តរូប​នៃចំណង​ដ៏រឹងមាំ រវាងភូមិនិងដងទន្លេ។​

ស្ថិតនៅ​ចម្ងាយ​មិនដល់២០​គីឡូម៉ែត្រ ពីភូមិឡៀន​ហា​​ ភូមិធូ​ខោយ (Tho Khoi) ក៏នៅ​រក្សា​បាន​​ពិធីដង្ហែទឹក​ដ៏ពិសេសមួយ​ផងដែរ​។ ក្បួនដង្ហែ​មានប្រវែង​ជិត​២​គីឡូម៉ែត្រ ពីវិហារ​ភូមិ​ទៅ​មាត់​ទន្លេ ដោយមានភាពលេចធ្លោជាមួយ​នឹងគ្រែស្នែង​ដ៏ពិសិដ្ឋ ​តែងតែបាន​​ដង្ហែ​រត់ និង​បង្វិល​ជុំវិញ​។ គ្រែស្នែង​ទាំង៦ តំណាង​ឱ្យព្រះភូមិទាំង​៦​អង្គ ដែល​បាន​គោរព​បូជា នៅវិហារ​ភូមិ ដោយមាន​យុវជន និងយុវនារី ជាអ្នក​ទទួល​បន្ទុក​។

ពេល​ទៅដល់​មាត់​ទន្លេ ក្អម​ដាក់ទឹកត្រូវបាន​យកឡើងលើទូក ឆ្ពោះទៅ​កណ្តាល​ទន្លេ​។ អាចារ្យ​ដងទឹក​ស្អាត​ចំនួន៣៧​ផ្តិល រួចក្បួន​ដង្ហែ​ប្រញាប់ត្រឡប់​ មកវិហារ​ភូមិ​វិញ ដើម្បី​អនុវត្ត​​ពិធី​សម្ងាត់ ក្នុងការងូត​ទឹកថ្វាយ​រូបសំណាក​ព្រះភូមិ។ នេះជាពិធីដ៏ពិសិដ្ឋ ​មាន​តែ​អ្នក​ថែរក្សាវិហារ​ភូមិ និងអាចារ្យ​ប៉ុណ្ណោះ ដែល​ទើបបាន​​អនុញ្ញាត​ឱ្យចូលរួម។

ដងទន្លេក្នុងជីវភាពរស់នៅ របស់ភូមិសិប្បកម្ម

ប្រសិនបើ ពិធីដង្ហែទឹក​ នៅភូមិឡៀន​ហា​ និង ធូខោយ​ ឆ្លុះ​បញ្ចាំង​ពីជីវភាព​រស់​នៅ របស់​ប្រជាកសិករ នោះ​ពិធីដង្ហែទឹក​ នៅភូមិកុលាលភាជន៍​បាត​ត្រាង​ (Bat Trang) វិញ បាន​បន្សល់​ទុក​នូវស្លាក់​ស្នាមដ៏​​​ជ្រាលជ្រៅ នៃភូមិសិប្បកម្មនៅ​តាម​ដង​ទន្លេ។​

បាន​ទទួល​ស្គាល់​ជា​បេតិកភណ្ឌវប្បធម៌អរូបី​ថ្នាក់​ជាតិឆ្នាំ​២០២៥ ពិធី​ដង្ហែ​ទឹក ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ពិធី​ផ្គត់ផ្គង់ទឹក គឺជា​ផ្នែកមួយ​ដ៏សំខាន់ នៃពិធីបុណ្យបាតត្រាង​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ពាក់​កណ្តាល​ ខែ២ (តាម​ច័ន្ទ​គតិ)។ ចំពោះ​អ្នកភូមិកុលាលភាជន៍​ ទន្លេ​ក្រហម​ មិន​ត្រឹម​តែ​ជា​ទន្លេ ដែល​ផ្សារភ្ជាប់ជាមួយ​នឹងប្រវត្តិសាស្ត្រសហគមន៍ប៉ុណ្ណោះទេ ថែមទាំង​ផ្តល់​នូវ​ដីឥដ្ឋ និង​ប្រភពទឹកចាំបាច់ សម្រាប់មុខរបរធ្វើកុលាលភាជន៍​ផងដែរ។

ធ្វើ​ពិធី​សុំការ​អនុញ្ញាត​ពីសេនាបតី លឺយ៉ា និងព្រះ​ភូមិ ឡៀន​ហា​ ដើម្បី​ចេញ​ទៅដង្ហែ​ទឹក​។ រូបថត៖ ថុង​ថៀន​/VNP
បណ្តាចាស់ព្រឹទ្ធាចារ្យនៃភូមិឡៀន​ហា​ ថ្វាយទឹកពិសិដ្ឋនៅវិហារភូមិ។ រូបថត៖ ថុង​ថៀន​/VNP
 

ថ្នាក់​ជាតិឆ្នាំ​២០២៥ ពិធី​ដង្ហែ​ទឹក ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ពិធី​ផ្គត់ផ្គង់ទឹក គឺជា​ផ្នែកមួយ​ដ៏សំខាន់ នៃពិធីបុណ្យបាតត្រាង​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ពាក់​កណ្តាល​ ខែ២ (តាម​ច័ន្ទ​គតិ)។ ចំពោះ​អ្នកភូមិកុលាលភាជន៍​ ទន្លេ​ក្រហម​ មិន​ត្រឹម​តែ​ជា​ទន្លេ ដែល​ផ្សារភ្ជាប់ជាមួយ​នឹងប្រវត្តិសាស្ត្រសហគមន៍ប៉ុណ្ណោះទេ ថែមទាំង​ផ្តល់​នូវ​ដីឥដ្ឋ និង​ប្រភពទឹកចាំបាច់ សម្រាប់មុខរបរធ្វើកុលាលភាជន៍​ផងដែរ។

លោកង្វៀន​ ឌឹក​ខ្វា (Nguyen Duc Khoa) សមាជិក​គណៈកម្មការរៀបចំពិធីបុណ្យបាត​ត្រាង​​ ឆ្នាំ​២០២៦ បានចែក​រំលែក​ថា ពិធីដង្ហែទឹក មិនត្រឹម​តែ​មាន​អត្ថន័យ​ក្នុងការ​សែនព្រេន​ប៉ុណ្ណោះ​​ទេ ថែមទាំងក្រើន​រំលឹក​ដល់​មនុស្ស​ជំនាន់​ក្រោយ អំពី​ការ​ទទួល​ខុស​ត្រូវ ក្នុង​ការ​ការពារ​ដង​ទន្លេ ដែលជា​ប្រភពជីវិត​របស់​ភូមិសិប្បកម្ម​។

បន្ទាប់ពី​បញ្ចប់ពិធី ទឹកពិសិដ្ឋ​ត្រូវបានរក្សាទុក នៅវិហារ​ភូមិបាតត្រាង​ សម្រាប់គោរព​បូជាពេញមួយ​ឆ្នាំ។ រូបថត៖ វៀត​គឿង​/VNP​

តាម​រយៈពិធី​ដែល​​បានបន្តវេនពីជំនាន់មួយ​ទៅជំនាន់​មួយ ពិធី​ដង្ហែទឹក​នៅ​តាម​ដង​ទន្លេក្រហម​ បានក្លាយ​ជាចំណង​តំណភ្ជាប់​អតីតកាល ជាមួយនឹង​បច្ចុប្បន្នកាល​។ នៅលើ​ដំណើរការ​នគរូបនីយកម្ម​យ៉ាងឆាប់រហ័ស ពិធីទាំងនោះ នៅតែ​បាន​រក្សាទុក​ ហើយ​ជា​មធ្យោបាយមួយ សម្រាប់សហគមន៍​ទីក្រុង​ហាណូយ ដើម្បី​សម្តែង​ការ​ដឹង​គុណ ចំពោះ​ដង​ទន្លេ ដែល​បានចិញ្ចឹមបីបាច់​ជីវិត វប្បធម៌ និងចំណង​អនុស្សាវរីយ៍​ នៃទឹកដី​រដ្ឋ​ធានី​៕

តាម​រយៈពិធី​ដែល​​បានបន្តវេនពីជំនាន់មួយ​ទៅជំនាន់​មួយ ពិធី​ដង្ហែទឹក​នៅ​តាម​ដង​ទន្លេក្រហម​ បានក្លាយ​ជាចំណង​តំណភ្ជាប់​អតីតកាល ជាមួយនឹង​បច្ចុប្បន្នកាល​។ នៅលើ​ដំណើរការ​នគរូបនីយកម្ម​យ៉ាងឆាប់រហ័ស ពិធីទាំងនោះ នៅតែ​បាន​រក្សាទុក​ ហើយ​ជា​មធ្យោបាយមួយ សម្រាប់សហគមន៍​ទីក្រុង​ហាណូយ ដើម្បី​សម្តែង​ការ​ដឹង​គុណ ចំពោះ​ដង​ទន្លេ ដែល​បានចិញ្ចឹមបីបាច់​ជីវិត វប្បធម៌ និងចំណង​អនុស្សាវរីយ៍​ នៃទឹកដី​រដ្ឋ​ធានី​៕

អត្ថបទ៖ ប៊ិច​​វឹន​- រូបថត៖ វៀត​គឿង​ ថុង​ថៀន​/VNP

ប្រែសម្រួល៖ រីកើង​


top