ផ្សាយផ្ទាល់ (Livestream) នៅផ្សារណាត់សានថាង (San Thang)
ដោយសារមានវគ្គហ្វឹកហាត់បំណិនជំនាញអាជីវកម្មលើមូលដ្ឋានឌីជីថល ការកសាង ផ្សព្វផ្សាយរូបភាព និងពាណិជ្ជសញ្ញាកសិផលក្នុងតំបន់ ដែលបងប្អូនជនជាតិភាគតិចនាំយកកសិផលមកលក់នៅផ្សារណាត់សានថាង (San Thang) (ខេត្តឡាយចូវ - Lai Chau) បានអនុវត្តការផ្សាយផ្ទាល់ (livestream) ដើម្បីផ្សព្វផ្សាយ និងលក់ផលិតផល។
ផ្សារណាត់សានថាង (San Thang) នៅតែរក្សាបានលក្ខណៈពិសេស នៃផ្សារណាត់តំបន់ភ្នំ ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិតៃ (Tay) ម៉ុង (Mong) យ៉ាវ (Dao) យ៉ាយ (Giay) លឺ (Lu)។ ទីនេះគឺជាអាសយដ្ឋានទាក់ទាញភ្ញៀវទេសចរជាច្រើន រាល់ពេលដែលមកដល់ខេត្តឡាយចូវ (Lai Chau)។ ផ្តើមពីផ្សារប្រពៃណីដែលបើកតែថ្ងៃសត្វមានស្នែង (នៅថ្ងៃព្រហស្បត្តិ៍ និងអាទិត្យជារៀងរាល់សប្តាហ៍)ហើយភាគច្រើនជាការផ្លាស់ប្តូរសម្ភារៈកសិផលក្នុងតំបន់ ឥឡូវនេះកសិផលពិសេសៗ មិនត្រឹមតែបានលក់ទិញដោយផ្ទាល់ប៉ុណ្ណោះទេ នៅទាំងមានវត្តមានអ្នកផ្សាយផ្ទាល់ តភ្ជាប់អ្នកលក់ និងអ្នកទិញទៀតផង។
មិនចាំបាច់ទៅផ្សារ គ្រាន់តែតាមរយៈអ្នកផ្សាយផ្ទាល់ណែនាំ ភ្ញៀវពីចម្ងាយនៅតែអាចទិញមើមយិនសិន មើម Panax pseudoginseng ខ្ញីខ្មៅ ឬទឹកឃ្មុំព្រៃដែលពេញចិត្ត។ “លក់ដូរតាមរបៀបនេះ ខ្លួនជាអ្នកកណ្តាលចែកចាយទំនិញ រវាងប្រជាជន និងអ្នកទិញ។ ការលក់ដូរតាមរយៈផ្សាយផ្ទាល់មានប្រសិទ្ធភាពណាស់។ ជាធម្មតា ផ្សារណាត់មួយបែបនេះ នៅពេលព្រឹកមានទំនិញច្រើនណាស់ ប៉ុន្តែមកដល់ពេលថ្ងៃត្រង់គឺលក់ដាច់តែម្ដង។ ការចែកចាយទំនិញជូនបងប្អូនបាន ខ្លួនក៏មានប្រាក់កម្រៃ ក៏រីករាយណាស់ដែរ”។ បងស្រី ម៉ាយ ធីយៀន (Mai Thi Duyen) បានឱ្យដឹង។
បងស្រី ម៉ាយ ធីយៀន (Mai Thi Duyen) និងបងស្រី ហាំង ធីសួ (Hang Thi Sua) នៅខេត្តឡាយចូវ (Lai Chau) មានបទពិសោធន៍ ២ទៅ៣ឆ្នាំ ក្នុងការជួញដូរតាមរយៈផ្សាយផ្ទាល់ នៅតាមផ្សារណាត់នានា។ ពេលឃើញបងប្អូនមានកសិផលពិសេសៗ មានតម្លៃដូចជា៖ មើមយិនសិន មើម Angelica sinensis មើម Panax pseudoginseng ចេកព្រៃ។ល។ ពួកគាត់ក៏មកផ្សព្វផ្សាយលក់ដោយផ្ទាល់ តាមរយៈបណ្តាញអ៊ីនធឺណែត។ មិនត្រឹមតែអាចរកស៊ីបានគ្រប់គ្រាន់ប៉ុណ្ណោះទេ ឥឡូវអាចក្លាយជាអ្នកមានទៀតផង។
ផ្តើមពីមនុស្សពីរបីនាក់ ក្រុមអ្នកផ្សាយផ្ទាល់លក់កសិផលនៅផ្សារណាត់សានថាង (San Thang) ក៏កើនចំនួនច្រើនឡើង ហើយភាគច្រើនជាស្ត្រីភេទ។ អ្នកផ្សាយផ្ទាល់ម្នាក់ ដែលលក់ដាច់ ក៏អាចរកបានប្រាក់កម្រៃរាប់លានដុងដែរ។ អ្នកស្រុកក្នុងតំបន់ នាំយកផលិតផលដ៏មានតម្លៃមកផ្សារ ហើយបានក្រុមអ្នកផ្សាយផ្ទាល់ណែនាំ ជូនភ្ញៀវអតិថិជនគ្រប់តំបន់។
ចំពោះកសិករដូចជាបងស្រី តាន់ អ៊ូម៉ី (Tan U May) ចាប់តាំងពីមានក្រុមនេះមក ពួកគាត់បានជួយលក់ដូរនៅផ្សារណាត់ដោយមានប្រសិទ្ធភាព "កាលពីមុនទំនិញរបស់យើងខ្ញុំ ដែលនាំមកផ្សារណាត់មិនអាចទៅដល់តំបន់វាលទំនាបបានទេ ទោះបីទំនិញសុទ្ធតែជាផលិតផលពិសេសក៏ដោយ ក៏ពិបាកលក់ណាស់ដែរ។ តែឥឡូវមានអ្នកលក់តាមអ៊ីនធឺណែត ដូច្នេះងាយស្រួលលក់ជាង ថ្ងៃខ្លះខ្ញុំលក់យិនសិនបានពី៥ទៅ៧លានដុង”។ បងស្រី តាន់ អ៊ូម៉ី (Tan U May) បានរៀបរាប់ដោយរីករាយ។
មកដល់ផ្សារណាត់សានថាង (San Thang) បងស្រី យ៉ាង ធីម៉ៃ (Giang Thi Mai) មិនត្រឹមតែផ្សាយផ្ទាល់លក់យិនសិនប៉ុណ្ណោះទេ តែពេលណាមានផ្សារណាត់ ប្តីប្រពន្ធគាត់តែងតែមកដល់ស្វែងរកកសិផលកម្រ ដែលកំពុងពេញនិយមនៅលើទីផ្សារ ដើម្បីផ្សព្វផ្សាយតាមបណ្តាញអ៊ីនធឺណែត។ ដើម្បីណែនាំអតិថិជននៅឆ្ងាយសម្រេចចិត្តទិញ កសិផលដែលបានផ្សាយផ្ទាល់ត្រូវតែធានាគុណភាព ស្អាត និងសុវត្ថិភាពជានិច្ច។ អតិថិជនតាមបណ្តាខេត្ត នៅពេលដែលបានបញ្ជាទិញរួច ទំនិញនឹងបានដឹកជញ្ជូនទៅកាន់អាសយដ្ឋានប្រាកដ ត្រួតពិនិត្យគុណភាពស្រេច ទើបធ្វើការទូទាត់លុយ។
កម្មវិធីផ្សាយផ្ទាល់ ដើម្បីចែកចាយកសិផលនៅតាមផ្សារណាត់សានថាង (San Thang) គឺជាភស្តុតាងច្បាស់លាស់នៃការផ្លាស់ប្តូរខ្លាំងក្លារបស់តំបន់ភ្នំខេត្តឡាយចូវ (Lai Chau)។ ផ្តើមពីទូរសព្ទឆ្លាតវៃ បងប្អូនជនជាតិភាគតិចបង្កើតបានការតភ្ជាប់ទូលំទូលាយ ជាមួយទីផ្សារទូទាំងប្រទេស បង្កើនប្រាក់ចំណូល ហើយបន្តិចម្តងៗរួចផុតពីភាពក្រីក្រ ដោយសារផលិតផលក្នុងស្រុក៕
អត្ថបទ៖ វៀតគឿង រូបភាព៖ ថុងធៀន វៀតគឿង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង