ប៉ាតេ ប្រហិត (អឿកលែ - Uoc Le) - ខ្ជប់ទាំងរសជាតិវៀតណាម
ស្ថិតនៅតាមបណ្តោយទន្លេ ញែ (Nhue) ភូមិអឿកលែ (ឃុំយឹនហ្វា - Dan Hoa ទីក្រុងហាណូយ) បានល្បីល្បាញតាំងពីយូរយារណាស់មកហើយ ជាមួយនឹងរបរធ្វើប៉ាតេ ប្រហិត។ ឆ្លងកាត់រយៈពេលជិត ៥០០ឆ្នាំ របរប្រពៃណីនៅទីនេះ មិនត្រឹមតែជាមុខរបរចិញ្ចឹមជីវិតប៉ុណ្ណោះទេ ថែមទាំងជាការប្រមូលផ្តុំខ្លឹមសារ នៃសិល្បៈម្ហូបអាហារវៀតណាម ទីដែលដុំប៉ាតេ ប្រហិតនីមួយៗ សុទ្ធតែបង្កប់នូវតម្លៃវប្បធម៌ និងទឹកចិត្តរបស់អ្នកច្នៃ។
យោងតាមសិប្បករ ង្វៀន ឌឹកប៊ិញ (Nguyen Duc Binh) ដែលជាអ្នកមានបទពិសោធន៍ជាង៤០ឆ្នាំ នាំយកផលិតផលប៉ាតេ ប្រហិត អឿកលែ ទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ចំណុចពិសេសនៃប៉ាតេ ប្រហិត អឿកលែ ស្ថិតនៅលើភាពតឹងរ៉ឹងនៃការជ្រើសរើសវត្ថុធាតុដើម។ អ្នកច្នៃប្រើសុទ្ធតែសាច់ស្រស់ “សាច់ក្ដៅ” ដើម្បីរក្សាភាពស្អិតបែបធម្មជាតិ បង្កើតបានជាសាច់ប៉ាតេ ប្រហិត ដែលមានពណ៌ផ្កាឈូកស្រាល ផ្ទៃមុខម៉ដ្តរលោង និងមានរន្ធតូចៗ ដែលជាលក្ខណៈសម្គាល់ពិសេស។
រសជាតិ ប៉ាតេប្រហិត អឿកលែ មានជាតិផ្អែមឆ្ងាញ់បែបធម្មជាតិ លាយឡំនឹងក្លិនក្រអូបនៃស្លឹកចេក ខណៈដែលប្រហិតហ្វេ លេចធ្លោយដោយក្លិនក្រអូបហឹរ ជាមួយនឹងស្រទាប់ក្រៅពណ៌មាស និងផ្អែមទន់ខាងក្នុង។ ភាពសម្របនេះ បង្កើតបានជាបទដ្ឋាននៃរសជាតិ ដែលពាំនាំដោយអត្តសញ្ញាណម្ហូបអាហារវៀតណាមពិតប្រាកដ។
មិនត្រឹមតែស្ថិតក្នុងវិសាលភាពភូមិប៉ុណ្ណោះទេ អ្នកភូមិអឿកលែ នៅទាំងបាននាំយករបរនេះទៅគ្រប់ទិសទី និងទៅក្រៅប្រទេសផងដែរ។ នៅទីណា ដែលមានសហគមន៍ជនជាតិវៀតណាមរស់នៅ ទីនោះនឹងមានវត្តមានប៉ាតេ ប្រហិត អឿកលែ ដូចជាវិធីមួយក្នុងការថែរក្សា និងផ្សព្វផ្សាយរសជាតិមាតុភូមិ។
សព្វថ្ងៃនេះ ស្ថិតក្នុងជីវភាពរស់នៅបែបទំនើបក៏ដោយ ភូមិរបរមួយនេះ នៅតែប្រកាន់ខ្ជាប់គុណភាព និងកេរ្តិ៍ឈ្មោះ។ ដុំប៉ាតេនីមួយៗ មិនត្រឹមតែជាម្ហូបមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសាច់រឿងនៃប្រវត្តិសាស្ត្រ សីលធម៌វិជ្ជាជីវៈ និងជារសជាតិវៀតណាមមួយ បានខ្ចប់ទាំងពេលវេលាផង៕
អត្ថបទ និងរូបថត៖ ត្រឹង ថាញ់យ៉ាង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង
