បេតិកភណ្ឌរស់​កណ្តាលរដ្ឋធានីហាណូយ

បេតិកភណ្ឌរស់​កណ្តាលរដ្ឋធានីហាណូយ

នៅតាមដងទន្លេតូឡិច (To Lich) តំបន់កែម៉ុក (Ke Moc) ជាលំហវប្បធម៌ដ៏យូរលង់របស់ថាំងឡុង (Thang Long) កាល​ពីបុរាណ បានរក្សានូវតម្លៃពិសេសៗ តាមរយៈពិធីបុណ្យ​​ប្រពៃណី នៃភូមិទាំង​៥។ បានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ពិធីបុណ្យនេះ បានផ្តល់ឱកាសឱ្យភ្ញៀវទេសចរយល់ដឹងកាន់តែស៊ីជម្រៅ អំពីប្រវត្តិសាស្ត្រ និងជីវភាពវប្បធម៌សហគមន៍ នៅចំកណ្តាលរដ្ឋធានីហាណូយ។

គ្រែស្នែង​​ បានប្រមូល​ផ្តុំ​គ្នា នៅទីធ្លាវិហារ​ភូមិ ដើម្បី​ប្រារព្ធពិធីសក្ការៈ មុនពេលចាប់ផ្តើមការដង្ហែ។ រូបថត៖ កុងដាត​/កាសែតរូបភាពវៀតណាម

កែម៉ុក (Ke Moc) ជាឈ្មោះហៅក្រៅនៃ​តំបន់ ញឹនមុក (Nhan Muc) ដែលជាតំបន់លំនៅឋានមួយ បាន​លេចឡើងឆាប់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រថាំងឡុង។ ឆ្លងកាត់ដំណើរការផ្លាស់ប្តូរនៃរដ្ឋបាល និងការរស់នៅ តំបន់ញឹនមុក បានបែងចែកទៅជាអង្គភាពភូមិ​ខុស​ៗ​​គ្នា​។ ក្នុងនោះ ញឹនមុកម៉ូន (Nhan Muc Mon) រួមមានភូមិទាំង ៥ គឺ៖ យ៉ាបញឹត (Giap Nhat) ក្វានញឹន (Quan Nhan) ចិញគិញ (Chinh Kinh) គឺឡុក (Cu Loc) និងភុងខ្វាង (Phung Khoang) តែង​បានគេហៅរួមថាភូមិម៉ុកទាំង៥។ នេះគឺជាសហគមន៍អ្នកស្រុក ដែលផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ទាំងផ្នែកភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងការរស់នៅ​បែប​វប្បធម៌ បង្កើតបានជាលំហវប្បធម៌ភូមិឋានវិសេសវិសាលមួយ ក្នុងទីក្រុងហាណូយ​ នាពេលបច្ចុប្បន្ន។

ជីវស្មារតីនៃ​អ្នកភូមិម៉ុកទាំង៥ ជំនឿលើការគោរពបូជាព្រះភូមិ (Thanh hoang) ដើរតួនាទីជាមជ្ឈមណ្ឌល។ ភូមិនីមួយៗ សុទ្ធតែមានវិហារភូមិ ​ដែល​ជាគ្រឹះស្ថាន​វប្បធម៌ប្រពៃណី សម្រាប់គោរពបូជា​ទេវតាការពារភូមិរៀងៗខ្លួន។ ព្រះភូមិទាំងនោះ មិនត្រឹមតែជា​បុគ្គលដែល​មានគុណបំណាច់ចំពោះភូមិ​ឋាន និង​ប្រទេសជាតិ​ប៉ុណ្ណោះទេ ​ថែមទាំង​ជានិមិត្តរូប នៃសីលធម៌ ជំនឿ និងការការពារដ៏ពិសិដ្ឋ​ សម្រាប់សហគមន៍ផងដែរ។

ការដង្ហែរគ្រែស្នែង​ ជាពិធីវិសេសវិសាលបំផុត​ នៅក្នុងពិធីបុណ្យភូមិម៉ុក​​ទាំង ៥។ រូបថត៖ កុងដាត/កាសែត​រូបភាពវៀតណាម
ក្បួនដង្ហែធ្វើចលនាយ៉ាងយឺតៗ និងអធិកអធមនៅលើដងវិថីនានា ក្នុងតំបន់ញឹនមុក (Nhan Muc)។ រូបថត៖ កុងដាត​/កាសែតរូបភាពវៀតណាម

ផ្អែកលើមូលដ្ឋាននៃជំនឿនោះ ពិធីបុណ្យភូមិម៉ុកទាំង៥ បានបង្កើតឡើង និងរក្សាទុកតាំង​ពីជំនាន់មួយ​ទៅ​ជំនាន់​មួយ​ ដូច​ជា​សកម្មភាពវប្បធម៌រួម នៃតំបន់កែម៉ុក​ទាំង​មូល។ ពិធីបុណ្យនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ​១០ ដល់ថ្ងៃ១២ ខែ​២ (តាម​ចន្ទគតិ) ដើម្បី​ដង្ហែ​ព្រះភូមិ​យាងកម្សាន្តនៅ​រដូវផ្ការីក​ ទស្សនា​ទេសភាពភូមិទាំង៥ និងបួងសួងសុំ​ឱ្យប្រទេសជាតិ មានសុខសន្តិភាព ប្រជាជនរស់នៅដោយសេចក្តីសុខសាន្ត​។ល។

គ្រែស្នែង បានដង្ហែកាត់តាមតំបន់លំនៅឋាន ដែលបង្ហាញពីភាពផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងជំនឿសាសនា និងជីវភាពរស់នៅប្រចាំថ្ងៃ។ រូបថត៖ កុងដាត​/កាសែតរូបភាពវៀតណាម
សមាជិកនៃ​ក្បួនដង្ហែ បានសហការគ្នាយ៉ាងស៊ីចង្វាក់គ្នា នៅពេលសែងគ្រែស្នែង​។ រូបថត៖ កុងដាត​/កាសែតរូបភាពវៀតណាម
 
អ្នកភូមិដែលចូលរួមក្នុងពិធីបុណ្យ បានស្លៀកសម្លៀកបំពាក់​ប្រពៃណី​ និ​ង​ពាក់មួក បង្កើតបាន​ជាចំណុចលេចធ្លោ នៃវប្បធម៌ក្នុងពិធីបុណ្យភូមិម៉ុក​។ រូបថត៖ កុងដាត​/កាសែតរូបភាពវៀតណាម

ខុសប្លែកពីពិធីបុណ្យទោលនៃ​ភូមិនីមួយៗ ពិធីបុណ្យភូមិម៉ុកទាំង៥ មាន​លក្ខណៈផ្សារភ្ជាប់​អន្តរភូមិ​យ៉ាងច្បាស់លាស់ ដោយបង្ហាញ​យ៉ាងស៊ីជម្រៅ​នូវស្មារតីសាមគ្គីភាព​សហគមន៍។ តាមទំនៀមទម្លាប់ពីបុរាណ ភូមិទាំងអស់បានរួមគ្នារៀប​ចំពិធី​បុណ្យយ៉ាងឱឡារិក​តាម​វដ្ត ដោយប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ​។ ក្នុង​ឱកាស​នេះ ​ពិធី​​ដង្ហែ និង​ការបូជា​បានប្រព្រឹត្តទៅ​យ៉ាង​សមរម្យ និងថ្លៃថ្នូរ ក្នុង​ន័យដង្ហែ​ព្រះភូមិ​ទៅកម្សាន្តក្នុង​លំហរួម នៃតំបន់កែម៉ុក ព្រមទាំងបញ្ញើ​បំណងប្រាថ្នា អំពីជីវភាព​សុខសាន្ត ភោគផលកសិកម្មល្អប្រសើរ និង​សហគមន៍សាមគ្គី​គ្នា។

លំហនៃដងវិថីនានា បានក្លាយជាផ្នែកមួយ នៃពិធីបុណ្យប្រពៃណី។ រូបថត៖ កុងដាត​/កាសែតរូបភាពវៀតណាម
រូបភាពនៃការដង្ហែគ្រែស្នែង បានបង្កើតជាចំណុចលេចធ្លោនៃវប្បធម៌នៅលើដងវិថី។ រូបថត៖ កុងដាត​/កាសែតរូបភាពវៀតណាម
អ្នកសែងគ្រែស្នែង ប្រើប្រាស់កម្លាំងខ្លាំង ដើម្បីរក្សាតុល្យភាព នៅពេលដែលបង្វិល​គ្រែស្នែង ​តាម​ដង​ផ្លូវ​។ រូបថត៖ កុងដាត​/កាសែតរូបភាពវៀតណាម
 

លំហនៃពិធីបុណ្យនេះ ជាប់ទាក់ទងនឹងប្រព័ន្ធវិហារភូមិ នៃភូមិម៉ុកនានា ដូចជាវិហារភូមិភុងខ្វាង វិហារភូមិគ្វានញឹន វិហារភូមិគឺចិញ វិហារភូមិយ៉ាបញឹត។ល។ វិហារនីមួយៗ ជាចំណុចប្រសព្វនៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងជំនឿ រួមចំណែកបង្កើតបានជាផែនទី​វប្បធម៌​ដ៏វិសេសវិសាល នៃតំបន់ញឹនមុក​។ ការដែលវិហារភូមិ​នានា រួមគ្នាចូលរួមពិធីបុណ្យតែមួយ មិនត្រឹមតែធ្វើឱ្យលេចធ្លោនូវទំនាក់ទំនងជិតស្និទ្ធ រវាងភូមិនានាប៉ុណ្ណោះទេ ថែមទាំង​​ឆ្លុះបញ្ចាំងគំនិត​ជាសហគមន៍ ដែលហួស​ពី​ដែនកំណត់​នៃភូមិឋានបិទជិត។ នេះគឺជាចំណុចជឿនលឿនមួយ នៅក្នុងរចនាសម្ព័ន្ធ​វប្បធម៌ប្រពៃណី។

 

ក្បួនដង្ហែឆ្ពោះទៅកាន់វិហារ​ភូមិ ដែលជាអាសយដ្ឋាន​ឈប់សម្រាក​ដ៏សំខាន់ នៅ​ក្នុងលំហ​នៃពិធីបុណ្យ។ រូបថត៖ កុងដាត​/កាសែតរូបភាពវៀតណាម
កាលៈទេសៈ​នៃការដង្ហែគ្រែស្នែង​ ឡើងលើកាំជណ្តើរខ្ពស់ ឆ្ពោះទៅកាន់វិហារ​ភូមិ តម្រូវឱ្យអ្នក​សែង​សហការគ្នាយ៉ាងស្ទាត់ជំនាញ ក្នុងការរក្សាតុល្យភាព ប៉ុន្តែនៅតែរក្សាបាន​ភាព​អធិកអធម។ រូបថត៖ កុងដាត​/កាសែតរូបភាពវៀតណាម
គ្រែស្នែង​ បានឈប់នៅពីមុខទីធ្លាវិហារ​ភូមិ ដើម្បីប្រារព្ធពិធីបុណ្យ ទទួលបដិសណ្ឋារកិច្ច។ រូបថត៖ កុងដាត​/កាសែតរូបភាពវៀតណាម

ទន្ទឹមនឹងពិធីកិច្ចបែបពិសិដ្ឋ​ ​ពិធីបុណ្យភូមិម៉ុកទាំង៥ ក៏ជាឱកាសសម្រាប់ប្រព្រឹត្តទៅនូវសកម្មភាពវប្បធម៌ប្រជាប្រិយជាច្រើន ល្បែងប្រពៃណី និងទម្រង់សិល្បៈសម្តែង ដែលមានលក្ខណៈភូមិ​ស្រុកយ៉ាង​ច្បាស់។ សកម្មភាពទាំងនោះ បានរួមចំណែកធ្វើឱ្យជីវស្មារតី​ប្រជាជនកាន់តែសម្បូរបែប ព្រមទាំងឆ្លុះបញ្ចាំងពីតម្លៃសោភ័ណភាព សីលធម៌ និង​របៀបរស់នៅបានបន្តវេនគ្នាឆ្លងកាត់​ជាច្រើនជំនាន់នៃ​អ្នក​ភូមិ​កែម៉ុក​៕

  • អត្ថបទ និងរូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម​
  • ប្រែសម្រួល៖ រីកើង​

top