បបរអយស្ទ័រ - រសជាតិនៃសមុទ្រ

បបរអយស្ទ័រ - រសជាតិនៃសមុទ្រ

ពីអយស្ទ័រស្រស់ៗ នៅដែនសមុទ្រវៀតណាម ប្រជាជនបានបង្កើតជាមុខម្ហូបបបរអយស្ទ័រ​ដ៏ឈ្ងុយឆ្ងាញ់ ជីវជាតិ និងពោរពេញដោយរសជាតិ​មហាសមុទ្រ។ សាមញ្ញ​តែប្រណីត បបរអយស្ទ័រមិនត្រឹមតែជាមុខម្ហូបធម្មតា​ធ្លាប់ជួបប្រទះ​​ក្នុងជីវភាពរស់នៅនៃ​ប្រជាជនវៀតណាមប៉ុណ្ណោះទេ តែវាក៏ជាមធ្យោបាយមួយ សម្រាប់ភ្ញៀវទេសចរ អាចទទួលអារម្មណ៍ពេញលេញពីរសជាតិផ្អែម​នៃសមុទ្រ និងភាពសាមញ្ញនៃម្ហូបវៀតណាមផងដែរ។

បបរអយស្ទ័រ​ជា​មុខម្ហូប​សម្បូរ​ជាតិ​បំប៉ន​ បានប្រៀប​ដូចជា​ viagra ធម្មជាតិ​ ដែល​មាន​រសជាតិ​សមុទ្រ​នៃប្រជា​ជនវៀតណាម​។ រូបថត៖ ថាញ់ហ្វ័រ​/កាសែតរូបភាពវៀតណាម​

អយស្ទ័រ គឺជាគ្រឿងសមុទ្រដែល​ពេញនិយម នៅតាមតំបន់សមុទ្រវៀតណាម ​សម្បូរទៅដោយ​ជាតិ​បំប៉ន​ និង​ងាយស្រួលចម្អិន។ ពីអយស្ទ័រ ប្រជាជនវៀតណាមអាចបង្កើតបានជា​មុខម្ហូបឆ្ងាញ់ៗជាច្រើន ដូចជា៖ អយស្ទ័រអាំងខ្លាញ់ស្លឹកខ្ទឹម អយស្ទ័រអាំងប៊ឺខ្ទឹមស អយស្ទ័រ ដុត​ឈីស​អយស្ទ័រចៀនពងមាន់ អយស្ទ័រចំហុយ សម្លអយស្ទ័រ និងអយស្ទ័រញ៉ាំឆៅ (Sashimi)។ល។​ ក្នុងចំណោមនោះ បបរអយស្ទ័រនៅតែជាមុខម្ហូបបែប​ស្រុកស្រែ ប៉ុន្តែមាន​រសជាតិ​ទាក់ទាញ​បំផុត។

អយស្ទ័រ​ស្រស់​ៗ​ ធាត់​ ច្នៃបាន​ជា​បបរអយស្ទឺរ​ឆ្ងាញ់​ពិសា​ សប្បូរជា​តិ​បំប៉ន​។​ រូបថត៖ ថាញ់ហ្វ័រ​/កាសែតរូបភាពវៀតណាម​

ប្រទេសវៀតណាម មានឆ្នេរសមុទ្រវែង និងមានតំបន់ទឹកភ្លាវថ្លាស្អាត សម្បូរទៅដោយ​ផ្លង់​តុង (Plankton) ដែលជាលក្ខខណ្ឌដ៏ល្អបំផុត សម្រាប់របរចិញ្ចឹមអយស្ទ័រ។ នៅតាម​បណ្តោយតំបន់​ភាគកណ្តាល ដូចជាខេត្ត ធឿធៀនហ្វេ (Thua Thien Hue) ដាណាំ​ង (Da Nang) ខាញ់ហ្វា (Khanh Hoa)។ល។ សុទ្ធតែល្បីល្បាញដោយសារអយស្ទ័រ​​ស្រស់ និង​មានសាច់​ណែន។

យោងតាមការស្រាវជ្រាវ អយស្ទ័រមានផ្ទុកវីតាមីន និងសារធាតុរ៉ែចាំបាច់ជាច្រើន ដូចជា វីតាមីនD ​ជាតិដែក ​ម៉ាញេស្យូម ​សេលេញ៉ូម​ ប្រូតេអ៊ីន ​ស័ង្កសី​ ទង់ដែង​ វីតាមីន​​B12 ​និង អូមេហ្គា-3 ដែល​ល្អខ្លាំងសម្រាប់បេះដូង ឆ្អឹង និងខួរក្បាល។ ប្រជាប្រិយ​​វៀតណាម តែង​​ប្រៀប​ប្រដូច​អយស្ទ័រ ​ទៅ​នឹង ​"ប្រភព​ Viagra នៃសមុទ្រ"​ ដែល​ជួយ​បង្កើន​សុខភាព និង​​កម្លាំង ហេតុដូច្នេះ​ហើយ វា​បាន​មនុស្សជាច្រើន​​ពេញចិត្ត ជាពិសេសគឺ​បុរសៗ។

គ្រឿង​ផ្សំសម្រាប់ធ្វើបបរអយ​ស្ទ័រ​ គឺ​សាមញ្ញណាស់រួមមាន អយ​ស្ទ័រ​ស្រស់ ខ្ទឹមក្រហម ខ្ទឹមស្លឹក​ ជីវ៉ាន់ស៊ុយ ខ្ញី ទឹកត្រី ម្រេច។ល។ រូបថត៖ ថាញ់ហ្វ័រ​/កាសែតរូបភាពវៀតណាម​

បបរអយស្ទ័រ​ងាយស្រួលចម្អិន គ្រឿងផ្សំសាមញ្ញតែប្រណីត។ គ្រាន់តែ​មាន​​អយស្ទ័ខ្ចី ជា​ប្រភេទអយស្ទ័រធំ សាច់ខ្លាញ់ ពណ៌សដូចទឹកដោះ រួមជាមួយអង្ករ ជួនកាល​ដាក់បន្ថែម​សណ្តែកខៀវ​ ឬគ្រាប់ឈូក ចម្អិនជាមួយខ្ទឹមក្រហម ខ្ញី ម្រេច ទឹកត្រី និង​ជីរវ៉ាន់ស៊ុយ។ អង្កររម្ងាស់ឱ្យឆ្អិនជាបបរ រីឯសាច់អយស្ទ័រឆាជាមួយខ្ទឹមក្រហម និងគ្រឿងទេស រួចដាក់ចូលក្នុងឆ្នាំងបបរដែលកំពុងពុះ បន្ថែមគ្រឿងទេសឱ្យល្មមមាត់​។

ហើយ​ជា​ធម្មតា​មិនអាច​ណាខ្វះ​គ្រឿង​ផ្សំ ​អង្ករ​ខ្សាយ​ និង ទឹក​ត្រី​ឆ្ងាញ់​ៗ។​ រូបថត៖ ថាញ់ហ្វ័រ​/កាសែតរូបភាពវៀតណាម​

បបរអយស្ទ័រ ឆ្ងាញ់បំផុតគឺញ៉ាំពេលនៅក្តៅ។ បបរមួយ​មាត់ៗ​ឈ្ងុយឆ្ងាញ់ លាយឡំជាមួយរសជាតិផ្អែមពីអយស្ទ័រ ព្រមទាំងក្លិនក្រអូបនៃស្លឹកខ្ទឹម ម្រេច និងខ្ញី។ មុខម្ហូបនេះសក្តិសមសម្រាប់គ្រប់រដូវកាលទាំងអស់​ ពិសេសបំផុតគឺនៅពេលបានអង្គុយញ៉ាំ នៅមាត់សមុទ្រ​ដែលមានខ្យល់បក់ ជាទីដែលរសជាតិប្រៃនៃសមុទ្រ ហាក់ដូចជាជ្រាបចូលទៅក្នុងសាច់អយស្ទ័រស្រស់ៗតែម្ដង។

មិនត្រឹមតែឈ្ងុយ​ឆ្ងាញ់នោះ​ទេ បបរអយស្ទ័រក៏ជាអាហារដែលមានតម្លៃសមរម្យ និងងាយរក​ នៅតាមហាងលក់គ្រឿងសមុទ្រ ក្នុងតម្លៃប្រហែល៥០.០០០ - ១០០.០០០ដុង​ ពោល​គឺមិនដល់ ​៥​ដុល្លារអាមេរិកផងក្នុងមួយចាន។ មកដល់វៀតណាម ភ្ញៀវទេសចរមិនគួររំលងឱកាសភ្លក់រសជាតិម្ហូបដ៏សាមញ្ញ តែពោរពេញដោយភាពទាក់ទាញ​នេះ - ជាទីដែលប្រមូលផ្ដុំរសជាតិផ្អែមនៃសមុទ្រ ភាពប៉ិនប្រសប់របស់ប្រជាជនវៀតណាម និងស្មារតីម្ហូបអាហារ ដែលពោរពេញ​ដោយ​អត្តសញ្ញាណជាតិ៕​

  • រៀប​រៀង​៖ ថាញហ្វ័រ​/ កាសែតរូបភាពវៀតណាម
  • ប្រែសម្រួល៖ រីកើង​

top