បណ្តាកោះពេជ្រស្ថិតក្នុងដែនសមុទ្រភាគខាងត្បូង

បណ្តាកោះពេជ្រស្ថិតក្នុងដែនសមុទ្រភាគខាងត្បូង



កោះភូក្វឹក (Phu Quoc) កោះ​ណាម​យូ (Nam Du) និងកោះ​ កូនដាវ (Con Dao) គឺជាប្រជុំកោះចំនួនបីដ៏ល្បីល្បាញ ស្ថិត​ក្នុង​ដែនសមុទ្រភាគខាងត្បូងនៃប្រទេសវៀតណាម ដែលតែងតែមានឈ្មោះនៅក្នុងការ​បោះឆ្នោត​ជ្រើសរើសនូវវិស័យទេសចរណ៍ក្នុងតំបន់ និងពិភពលោកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ កោះទាំងបីខាងលើនេះ ត្រូវបានគេស្គាល់ថាជា "កោះពេជ្រ" ដោយសារសម្រស់ធម្មជាតិដ៏អស្ចារ្យនិង​ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌សមុទ្រ និងមាន​ប្រៀបលេចធ្លោសម្រាប់សក្តានុពលនេសាទ ដូច្នេះ កោះទាំងនោះកំពុងក្លាយជាកម្លាំងចលករសម្រាប់វៀតណាមវិនិយោគក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ក្នុងនោះវិស័យទេសចរណ៍សមុទ្រគឺជាវិស័យនាំមុខគេ។

កោះភូក្វឹក (Phu Quoc) គឺជាអង្គភាពរដ្ឋបាលថ្នាក់ទីក្រុងសមុទ្រដំបូង និងជាកោះតែមួយគត់នៅប្រទេសវៀតណាម នាពេលបច្ចុប្បន្ននេះ។ ទីក្រុង ភូក្វឹក (Phu Quoc) ស្ថិត​ក្នុងខេត្ត​ គៀន​​យ៉ាង (Kien Giang) ដែលជាប្រជុំកោះមួយ រួមមានកោះធំ និងតូចចំនួន ២២ ដែលមានផ្ទៃដីសរុប ៥៧៣ គីឡូម៉ែត្រការ៉េ ក្នុងនោះកោះ ភូក្វឹក (Phu Quoc) ជាកោះធំជាងគេ ដែលមានផ្ទៃដី ៥៦៧ គីឡូម៉ែត្រការ៉េ។ ក្រឡេកមើលទៅលើផែនទី កោះភូក្វឹក (Phu Quoc) មានរូបរាងដូចត្រីបាឡែនយក្ស ដែលមានក្បាលបែរមុខទៅទិសខាងជើង​ ប៉ុន្តែពេលមកដល់​កោះដ៏ធំបំផុតនេះ ដើម្បីទទួលបទពិសោធន៍ពីប្រភេទទេសចរណ៍ផ្សេងៗ ភ្ញៀវទេសចរជាច្រើនបញ្ជាក់ថា កោះភូក្វឹ​ក (Phu Quoc)  មានសោភ័ណ្ឌភាពអស្ចារ្យនៃ ទេពមច្ឆាស្ថតិ​ក្នុងដែន​សមុទ្រភាគខាងត្បូង។

Grand World ភូក្វឹក (Phu Quoc) - ទីក្រុងមិនដេក ដែលមើលពីលើ។ រូបថត៖ ទ្រឿង​ភូក្វឹក

 

កោះភូក្វឹ​ក (Phu Quoc)  មានភាពស្រស់ស្អាតនៃសមុទ្រពណ៌ខៀវស្រងាត់ វាលខ្សាច់ពណ៌ស ពន្លឺនៃព្រះអាទិត្យពណ៌លឿង និងព្រៃឈើ​ធម្មជាតិលាតសន្ធឹងទៅកាន់សមុទ្រ ដើម្បីលេងកម្សាន្តជាមួយរលកសមុទ្របោកបក់ទៅកាន់ឆ្នេរនៅរដូវទាំងបួន... ធម្មជាតិបានផ្តល់ជូនអំណោយផលដល់កោះ​ ភូក្វឹក​ (Phu Quoc) ឆ្នេរសមុទ្រ​ដ៏អស្ចរ្យ ដូចជា ឆ្នេរ យ៉ាយ (Dai) ឆ្នេរ ទ្រឿង (Truong) ឆ្នេរ សៅ (Sao) ... រួមជាមួយនឹងភាពស្រស់ស្អាតនៃធម្មជាតិរវាងធាតុធម្មជាតិនៃសមុទ្រ និងអាថ៌កំបាំងនៃឧទ្យានជាតិភូក្វឹក​ (Phu Quoc) ដ៏ធំល្វឹង​ល្វើយ។

កោះ​ ភូក្វឹក (Phu Quoc) មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេសប៉ុណ្ណោះទេ ថែមទាំងនេះជាគោលដៅសម្រាប់សហគ្រាសជាច្រើនដែលវិនិយោគលើវិស័យទេសចរណ៍ផងដែរ។ ក្រុមហ៊ុន​ធំៗ ក្នុងស្រុក និងបរទេសដូចជា Vingroup, Sungroup, BIM group, CEOgroup, MIKgroup, Milltol... បានបណ្តាក់ទុន និងតូបតែង "ទេពមច្ឆា" ដោយ​ការកសាងសណ្ឋាគារ មណ្ឌលសម្រាក​លំហែកកាយ កន្លែង​លេងកម្សាន្តដ៏ប្រណិត ដូចជា៖ Vinpearl Land , Sun World ហន​ថើម (Hon Thom) Nature Park, Vinpearl Safari, Casino ភូក្វឹក (Phu Quoc), កន្ត្រក​ខ្សែកាប អានធើយ  (An Thoi) - ហន​ថើម (Hon Thom)...

 

 

វប្បធម៌ប្រពៃណី មុខរបរប្រពៃណី និងជាពិសេសរបរនេសាទក៏ជាចំណុចទាក់ទាញសម្រាប់ភ្ញៀវទេសចរ ពេលទៅទស្សនាកោះ ភូក្វឹក (Phu Quoc)។ ម៉ាក​ផលិតផលកសិកម្មល្បីឈ្មោះរបស់កោះ ភូក្វឹក (Phu Quoc) ដូចជា ទឹកត្រី ​និងម្រេចដែលល្បីទូទាំងប្រទេស និងក្រៅប្រទេស។ ជាពិសេស រោងចក្រផលិតទឹកត្រី និងចំការដាំម្រេចនៅទូទាំងកោះ​​ ភូក្វឹក (Phu Quoc)  គឺជាកន្លែងទេសចរណ៍ពិសេសម្រាប់ភ្ញៀវទេសចរមកទស្សនា និងទទួលបទពិសោធន៍។

ភ្ញៀវទេសចរណ៍ដែលមកដល់កោះ​ភូក្វឹក (Phu Quoc) ក៏មានឱកាសបានឃើញទិដ្ឋភាពនៃទូកនេសាទដឹក​ត្រីជាច្រើន​គ្រឿងដែលមកចត់កំពង់ផែត្រី អាន​ថើយ (An Thoi) ជារៀងរាល់ព្រឹកព្រលឹម។ កំពង់ផែត្រី អាន​ថើយ (An Thoi) ត្រូវបានរដ្ឋាភិបាលវិនិយោគជិត ១៥០ពាន់លានដុង ដើម្បីអាចទទួលទំនិញឆ្លងកាត់កំពង់ផែនេះដែលសម្រេចបាន ៥០០.០០០ ទៅ ៧០០.០០០ តោន/ឆ្នាំ និងចំនួនភ្ញៀវទេសចរណ៍ប្រមាណ ៣៦០.០០០នាក់/ឆ្នាំ ​បានជួយឲ្យកោះ ភូក្វឹក (Phu Quoc) ពង្រីក​តួនាទី​ជា​មជ្ឈមណ្ឌល​ភស្តុភារបរត្រីនៅដែនសមុទ្រភាគ​ខាងលិច ក៏ដូចជាការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រជុំកោះនេះដែរ។



ប្រជុំកោះ ណាម​យូ (Nam Du) ស្ថិត​ក្នុង​ស្រុកកោះ គៀន​ហាយ​ (Kien Hai) ខេត្ត គៀន​យ៉ាង (Kien Giang)។ ប្រជុំកោះដ៏ស្រស់ស្អាតនេះ ធ្លាប់ត្រូវបានបោះឆ្នោតជ្រើសរើសជាកោះមួយក្នុងចំណោមកោះដ៏ស្រស់ស្អាតបំផុតទាំង ១០ នៅប្រទេសវៀតណាម ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងកោះ ភូក្វឹក (Phu Quoc) ហើយមានផ្ទៃដីប្រហែល ១.០៥៤ ហិកតា។ ក្នុងនោះមានកោះធំ និងតូចចំនួន ២១  ក្នុងនោះមានកោះចំនួន ១១ ដែលមានប្រជាជនរស់នៅ ។  ក្នុងរយៈពេលប៉ុន្មានឆ្នាំមក​នេះប្រជុំកោះធម្មជាតិដ៏ស្រស់បំព្រងនេះ ត្រូវបានមនុស្សជាច្រើនស្គាល់​។ កោះនីមួយៗ នៅទីនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងរឿងព្រេងដែលគួរឱ្យរំភើប និងចាប់ចិត្តបណ្ដាលឱ្យភ្ញៀវ​ទេសចរកាន់តែចង់ដឹងចង់លយ់។

ទេសភាពនៃសមុទ្រ និងផ្ទៃមេឃលើកោះណាមយូ (Nam Du)  និងកោះធំ តូចឆ្លាស់គ្នា។ រូបថត៖ លឹវ​ត្រុង​ដាត

ដោយ​មាន​សម្រស់​ធម្មជាតិ ​​​ទឹកសមុទ្រ​ខៀវថ្លា ខ្សាច់​ពណ៌ស ពន្លឺនៃ​ព្រះអាទិត្យ ផ្កាថ្ម ហ្វូងត្រី​ចម្រុះ​ពណ៌ និងគ្រឿង​​សមុទ្រ​ស្រស់ៗ​ជាច្រើន​ប្រភេទ កោះ​ណាម​យូ (Nam Du) ត្រូវ​បាន​ប្រដូច​ទៅ​នឹង​ឈូង​សមុទ្រ ហាឡុង (Ha Long) តូច​មួយ​នៅ​កណ្តាល​ដែនសមុទ្រ​ភាគ​ខាង​ត្បូង ​ដែលនាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ។

ខុសនឹង​កោះភូក្វឹក​ (Phu Quoc)  ពេលមកដល់កោះ ណាមយូ (Nam Du) ភ្ញៀវទេសចរនឹងហូបរួមជាមួយ​គ្នា ស្នាក់នៅរួមជាមួយគ្នា ទទួលបានបទពិសោធន៍រួមជាមួយ​គ្នា និងស្វែងយល់នូវជីវិតដែលតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសមុទ្ររបស់ប្រជាជននៃកោះនេះ។ នៅទីនេះ ភ្ញៀវទេសចរអាចចូលរួមក្នុងដំណើរអេកូទេសចរតាមសមុទ្រពិតប្រាកដ ជាមួយនឹងអ្នកមគ្គុទ្ទេសក៍ទេសចរជានេសាទករដែលរស់នៅលើកោះនេះ។ មិនត្រឹមតែប៉ុណ្ណោះទេ កោះ​ណាម​យូ (Nam Du) ក៏មានឆ្នេរសមុទ្រ​ធម្មជាតិ​ស្រស់ស្អាត ដូចជា៖ ឆ្នេរម៉ែនលើន (Men Lon) ឆ្នេរ ម៉ែនញ៉ូ (Men Nho) ឆ្នេរ សយ (Soi)   ឆ្នេរ ឺ (Ngu) កោះដួយ ណាយ (Duoi Nai) កោះម៉ៅ (Mau) កោះលើន (Lon) កោះអុង (Ong)... ទំព័រទេសចរណ៍ដ៏ល្បីល្បាញ The Culture Trip  ធ្លាប់បានសន្និដ្ឋាន​ថា ឆ្នេរ​ កីមែន (Cay Men) នៃប្រជុំកោះ ណាម​យូ (Nam Du) ដូចជា យើងមិនដឹងហៅ​កន្លែង​នោះជា​អី ​ក្រៅ​ពី​ឋានសួគ៌!


 

ការស្វែងយល់ពីកោះណាម​យូ (Nam Du) ភ្ញៀវទេសចរក៏មានឱកាសទទួលបទពិសោធដ៏រីករាយនិង​ចាប់ចិត្តដូចជា ការឡើងភ្នំ ការមុជទឹកសមុទ្រដើម្បីមើលផ្កាថ្ម ការស្ទូច​ត្រីលើសមុទ្រ ហូប​គ្រឿង​សមុទ្រស្រស់ៗ និងថែមទាំងបានទទួល​បទពិសោធន៍​ពីការ​ធ្វើ​ជាអ្នកនេសាទនៃភូមិនេសាទមានអាយុកាលរាប់សិបឆ្នាំ។

វីឡា​បែរមុខទៅកាន់​សមុទ្រ​ដែល​មាន​រចនាបទ​ជិតស្និទ្ធនឹង​ធម្មជាតិ​នៃ​រមណីយដ្ឋាន​ប្រណីត Six Senses កូនដាវ (Con Dao) ។ រូបថត៖ ឡេមិញ/កាសែតរូបភាពវៀតណាម
ជួរដើមឆត្ររួតប្រៀបដូចជា "សាក្សីរស់" នូវការរីកចម្រើនរបស់ស្រុកកោះ "ពីឋាននរកលោកិយ" ក្នុងអំឡុងពេលស្ថិតក្រោមរបបអាណានិគមបារាំង និងសង្រ្គាមប្រឆាំងនឹងអាមេរិចក្លាយទៅជា "ឋានសួគ៌ទេសចរណ៍" សព្វថ្ងៃនេះ។ រូបថត៖ បាវអៀន ​/កាសែតរូបភាពវៀតណាម 

កូនដាវ (Con Dao) គឺជាប្រជុំកោះមួយស្ថិតនៅខេត្ត​ បារៀ  (Ba Ria) -  វូងតាវ (Vung Tau) រួមទាំងកោះចំនួន ១៦ ដែលមានទំហំខុសៗគ្នា និងផ្ទៃដីសរុប ៧៦ km² ក្នុងនោះកោះដែលធំជាងគេគឺកោះ កូនដាវ (Con Dao) មានផ្ទៃដី ៥១,៥២ km²

ទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញពីរ Lonely Planet (អូស្ត្រាលី) និង Travel and Leisure (សហរដ្ឋអាមេរិក) ធ្លាប់បានហៅកោះ កូនដាវ (Con Dao) ជាកោះ "អាថ៌កំបាំងបំផុត" និង "ទាក់ទាញបំផុត" នៅលើភពផែនដី។ អ្នកនិពន្ធនៃទស្សនាវដ្តីទាំងពីរនេះបានសន្និដ្ឋាន​ថា បន្ទាប់ពីជិត ៥០ ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៧៥ មក កូនដាវ (Con Dao) មានដំណើរការផ្លាស់ប្តូរដ៏អស្ចារ្យពី "ឋាននរកលោកិយ" ក្លាយទៅជា "ឋានសួគ៌ទេសចរណ៍" និងអភិរក្សប្រព័ន្ធអេកូឡូស៊ីសមុទ្រពិសេសដូចថ្ងៃនេះ។

 

មុនឆ្នាំ ១៩៧៥ ក្នុងសម័យអាណានិគមបារាំង និងក្រោមរបបសាធារណរដ្ឋវៀតណាម កូនដាវ (Con Dao) ធ្លាប់ត្រូវបានចាត់ទុកថាជា "ឋាននរកលោកិយ" ព្រោះវាមានប្រព័ន្ធពន្ធនាគារដែលបែងចែក​ជាតំបន់ឃុំឃាំងដ៏ឃោឃៅបំផុតក្នុងពិភពលោក ដើម្បី​ឃុំ​ឃាំងនិងធ្វើទារុណកម្មអ្នកស្នេហាជាតិវៀតណាម និងអ្នកបដិវត្តន៍។

សព្វថ្ងៃនេះ មកដល់ កូនដាវ (Con Dao) ភ្ញៀវនឹងនឹកដល់សម័យកាលប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននិងវិរៈភាពនៃបដិវត្តន៍វៀតណាម។ នៅក្នុង "ឋាននរកលោកិយ" នេះអស់រយៈពេលជាង ១០០ ឆ្នាំ (ពីឆ្នាំ ១៨៦២ ដល់ឆ្នាំ ១៩៧៥) ឆ្លងកាត់សង្រ្គាមតស៊ូទាំងពីរគឺប្រឆាំងនឹងបារាំង និងសហរដ្ឋអាមេរិក ដើម្បីសង្គ្រោះប្រទេសជាតិ។ អ្នកស្នេហាជាតិវៀតណាមប្រហែល ២០.០០០ នាក់ត្រូវបានចាប់យកមកដាក់គុក ធ្វើទារុណកម្ម និងពលីជីវិត ដែល​ធ្វើ​ឲ្យពិភពលោកទាំងមូលរន្ធត់ចិត្ត នៅពេលដែលការពិតត្រូវបានបែកធ្លាយ។ 


ហនបៃកាញ (Hon Bay Canh) គឺជាកោះធំទីពីរក្នុងចំណោមកោះទាំង ១៦ ស្ថិតក្នុងប្រជុំកោះ កូនដាវ (Con Dao) ។ ស្ថិតនៅភាគខាងកើតនៃកោះ កូន​សើន (Con Son) ដែលមានផ្ទៃដី ៦៨៣ ហិចតា មានពីរផ្នែកតភ្ជាប់ជាមួយ​គ្នាដោយវាលខ្សាច់នៅកណ្តាលហៅថា បាយ​កាតលើន (Bai Cat Lon) ។ កោះបៃកាញ​ (Bay Canh) ប្រៀបបាននឹងចំណុចពណ៌បៃតងនៅចំកណ្តាលសមុទ្រដ៏ធំល្វឹងល្វើយ និងផ្ទៃមេឃនៃ កោះកូន​ដាវ (Con Dao)។ កោះទាំងមូលបានគ្របដណ្តប់ដោយព្រៃត្រូពិចសមុទ្រកោះ។ រូបថត៖ តឹតសើន​/VNP

 

ក្រោយឆ្នាំ ១៩៧៥ នៅពេលដែលប្រទេសវៀតណាមត្រូវបានរំដោះទាំងស្រុង កូនដាវ (Con Dao) បានផ្លាស់ប្តូរបន្តិចម្តងៗទៅជាគោលដៅទេសចរណ៍ដ៏ចាប់ចិត្ត និង​ពិសេសខាងវប្បធម៌ និងជំនឿសាសនា ប្រវត្តិសាស្រ្តរបស់វៀតណាម។ កូនដាវ (Con Dao) សព្វថ្ងៃល្បីដោយដំណើរកម្សាន្តដូចជា៖ ទស្សនាគុក កូនដាវ (Con Dao) អុជធូបនៅទីបញ្ចុះសព ហាង​យឿង (Hang Duong) ហែលទឹក មុជទឹកស្គី គយគន់ផ្កាថ្ម ដើរក្នុងព្រៃ មើលអណ្តើកកើត...។

កូនដាវ (Con Dao) មាន​ឆ្នេរសមុទ្រ​ស្អាតដែល​ទាក់​ទាញ​ភ្ញៀវ​ជាច្រើន​នាក់ ។ រូបថត៖ ឯកសារនៃឧទ្យានជាតិកូនដាវ (Con Dao)
 

ជារៀងរាល់ឆ្នាំ កូនដាវ (Con Dao) ទទួលភ្ញៀវទេសចររាប់សែននាក់មកទស្សនា សម្រាកលំហែកាយ និងលេង​កម្សាននៅលើឆ្នេរធម្មជាតិដ៏វែង គយគន់សម្រស់ដ៏អស្ចារ្យនៃសមុទ្រ និងផ្ទៃមេឃដែលធម្មជាតិបានផ្ដល់ជូនកន្លែងនេះ។ ដោយទេសភាពធម្មជាតិដ៏កម្រ ស្រស់ស្អាត រួម​ជាមួយ​នឹងតម្លៃពិសេស​ខាងវប្បធម៌ និងប្រវត្តិសាស្រ្ត ចាប់ពី "ឋាននរកលោកិយ" កូនដាវ (Con Dao) នាពេលបច្ចុប្បន្ននេះ បានប្រែក្លាយទៅជាកោះដ៏ទាក់ទាញបំផុតនៅលើភពផែនដី ហើយជាកន្លែងដ៏កម្រមួយនៅលើពិភពលោក​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មាន​បំណង់ប្រាថ្នា ​នាពេល​ថ្ងៃណាមួយ ពួកគេ​មាន​ឱកាស​​ត្រឡប់​មក​វិញ​./.

 

អត្ថបទ៖ ថុងធៀន - រូបថត៖ បាវ​អៀន ឡេមិញ ទ្រឿង​ភូក​ក្វឹក លឹវត្រុង​ដាត ឯកសារនៃឧទ្យាជាតិកូនដាវ និងVNP

បច្ចេកទេស ក្រាហ្វិក៖ ដាំង​ទៀន

 


 


top