បណ្ឌិត ង្វៀន វៀតហឿង (Nguyen Viet Huong)៖ ភក្រ្តាឈានមុខ នៃបច្ចេកវិទ្យាណាណូវៀតណាម

បណ្ឌិត ង្វៀន វៀតហឿង (Nguyen Viet Huong)៖ ភក្រ្តាឈានមុខ នៃបច្ចេកវិទ្យាណាណូវៀតណាម

បន្ទាប់ពីបញ្ចប់ការសិក្សានៅអឺរ៉ុប ហើយត្រឡប់មកប្រទេសវៀតណាមវិញ បណ្ឌិត ង្វៀន​ វៀត​ហឿង អនុប្រធាន​នៃ​​មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកទេស​​សម្ភារៈ (សាកល​វិទ្យាល័យ​ Phenikaa) ដែលជា​ម្ចាស់រង្វាន់ភូគោល​មាស​២០២៤ (Golden Globe) និង​ជា​យុវជន​ឆ្នើមវៀតណាម ឆ្នាំ២០២៤ បាន​ជ្រើស​រើស​ផ្លូវ​ក្នុង​ការ​ក្តាប់​បច្ចេកវិទ្យា​ស្នូល ​នៅ​ក្នុង​មាតុភូមិ​ខ្លួន​ឯង​។ ស្នាដៃ​របស់​លោក​ មិន​ត្រឹម​តែ​ជា​ជោគ​ជ័យ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ ថែមទាំង​ឆ្លុះបញ្ចាំង​ពីការ​ផ្លាស់​ប្តូរ​នៃ​បច្ចេកវិទ្យា​សម្ភារៈ​ណាណូ របស់​វៀតណាម​ក្នុង​យុគសម័យ​ថ្មីផង​ដែរ​។

បណ្ឌិត ង្វៀន វៀតហឿង (Nguyen Viet Huong) ជា​អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង ដែល​ឈាន​មុខ​គេ ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​សម្ភារៈ​ណាណូ នៅប្រទេសវៀតណាម។ ឯកសារពីសាកលវិទ្យាល័យ Phenikaa

ស្លាក​ស្នាម​ឈានមុខ ក្នុង​យុគ​សម័យ​ឌីជីថល

ឆ្នាំ២០២៤ គឺជាឆ្នាំ​លេចធ្លោក្នុង​អាជីព​របស់បណ្ឌិត ង្វៀន​ វៀត​ហឿង​ នៅ​ពេល​ដែល​លោក​ទទួល​បាន​រង្វាន់កិត្តិយសជាបន្តបន្ទាប់ សម្រាប់អ្នកវិទ្យាសាស្ត្រវ័យ​ក្មេង។ នៅ​ពី​ក្រោយ​ពានរង្វាន់ទាំង​នេះ គឺជាដំណើរ​ដ៏ខ្ជាប់ខ្ជួន​នៃ​អ្នកវិទ្យាសាស្ត្រ ដែល​កើត​ឆ្នាំ ១៩៩០ រូបនេះ ជាមួយ​នឹងមហិច្ឆតា​ក្នុងការគ្រប់គ្រង​បច្ចេកវិទ្យា។

ក្នុងបរិបទដែលប្រទេសវៀតណាម កំពុងជំរុញ​ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បី​លើកកម្ពស់​សមត្ថភាពប្រកួតប្រជែង តួនាទី​របស់​អ្នក​ជំនាញ​ដូច​ជា​លោក កាន់​តែ​មាន​សារៈ​សំខាន់​។ លោក​ស្ថិតក្នុង​រលក​នៃ "Brain Gain" (ការហូរចូលនៃ​បញ្ញវន្ត) ដែល​ជា​អ្នកចេះដឹង បានទទួលការបណ្តុះបណ្តាល នៅ​ប្រទេស​មហា​អំណាច​បច្ចេកវិទ្យា​ ហើយ​ត្រឡប់មក​ជួយ​ជាតិ​វិញ។ ក៏ប៉ុន្តែ​ ជំនួស​ឱ្យ​ការ​ត្រឡប់​មក​ធ្វើ​ជា​បុគ្គលិក​ឈ្នួល លោក​បាន​ជ្រើសរើស​ក្លាយជាអ្នក​កំណកំណើត​។

បណ្ឌិត ហឿង (Huong) និងសហការី បានរចនា បង្កើត និង​ដំឡើង​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​ស្រទាប់​អាតូមិក ក្នុង​លំហ (Spatial Atomic Layer Deposition - SALD) "Made in Vietnam" ដំបូង​គេបង្អស់។ ឯកសារពីសាកលវិទ្យាល័យ Phenikaa
បណ្ឌិត ហឿង (Huong) ​តំណាងឱ្យរលកនៃ "Brain Gain" (ការទាក់ទាញបញ្ញវន្ត) - ជា​ការ​វិលត្រឡប់មកមាតុភូមិវិញ នៃធនធានមនុស្សដ៏ឆ្នើម ដែល​​បាន​បណ្តុះបណ្តាល​នៅ​បណ្តា​ប្រទេស មហាអំណាចបច្ចេកវិទ្យា។ ឯកសារពីសាកលវិទ្យាល័យ Phenikaa
 

ចំណុចលេចធ្លោបំផុត គឺការរួម​ជាមួយ​សហការី​ រចនានិង​ផលិត​​ដោយជោគជ័យ នូវ​ប្រព័ន្ធ​ "Spatial Atomic Layer Deposition (SALD)" ដែល​​ជា​ផលិតផល "Made in Vietnam" ដំបូង​បង្អស់​។ ជំនួសឱ្យ​ការពឹង​ផ្អែក​លើ​ឧបករណ៍​នាំ​ចូល​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ ក្រុមស្រាវ​ជ្រាវ​បានគ្រប់គ្រង​បច្ចេកវិទ្យាស្នូល​ដោយខ្លួនឯង ដែល​ជួយ​សន្សំ​សំចៃ​ថវិកា និង​បង្កើត​ឱកាស​ឱ្យ​និស្សិត​ក្នុង​ស្រុក​បាន​ប៉ះផ្ទាល់ ជាមួយ​បច្ចេកវិទ្យា​ទំនើប​។

តម្លៃនៃការស្រាវជ្រាវរបស់បណ្ឌិត ង្វៀន វៀតហឿង (Nguyen Viet Huong) បានដោះស្រាយដោយផ្ទាល់ នូវបញ្ហាសំខាន់ៗនៃសេដ្ឋកិច្ច - សង្គមវៀតណាម នោះគឺ​ថាមពល​ និងបរិស្ថាន។ ឯកសារពីសាកលវិទ្យាល័យ Phenikaa
បណ្ឌិត ង្វៀន វៀតហឿង (Nguyen Viet Huong) ជាគំរូមួយរូប ដែល​ផ្តល់​ការ​លើក​ទឹកចិត្ត ក្នុង​ដំណើរអភិវឌ្ឍន៍របស់​ប្រទេសជាតិ។ ឯកសារពីសាកលវិទ្យាល័យ Phenikaa

បច្ចេកវិទ្យា SALD អនុញ្ញាត​ឱ្យបង្កើតស្រទាប់​សម្ភារៈណាណូ​ដ៏ស្តើងបំផុត និង​មាន​ភាព​ស្មើគ្នា​ ជាមួយ​នឹងល្បឿនលឿនជាងវិធីសាស្ត្រ​ប្រពៃណី​រាប់រយ​ដង ហើយ​អាច​ដំណើរការ​ក្នុង​លក្ខខណ្ឌ​សម្ពាធបរិយាកាស​ធម្មតា ដោយ​មិន​ចាំបាច់​ប្រើ​បរិយាកាស​សុញ្ញាកាស (vacuum) ដែលមាន​តម្លៃ​ថ្លៃ។ ស្នាដៃនេះ មិនត្រឹម​តែ​មាន​តម្លៃផ្នែក​សិក្សា​ប៉ុណ្ណោះ​ទេ ​ថែមទាំង​បង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការ​ប្រើប្រាស់​ក្នុងវិស័យ​ថាមពល បរិស្ថាន និង​ជីវភាពរស់​នៅប្រចាំថ្ងៃ​ផង​ដែរ។

ក្រៅពីការបោះពុម្ពផ្សាយអន្តរជាតិជាង ៤០ ច្បាប់ និង​សញ្ញាបត្រ​ប៉ាតង់ផ្តាច់​មុខ បណ្ឌិត ង្វៀន​ វៀត​ហឿង ក៏យក​ចិត្តទុក​ដាក់​យ៉ាង​ខ្លាំង លើការ​បណ្តុះបណ្តាល​អ្នក​ជំនាន់​ក្រោយផង​ដែរ​។ លោក​បាន​ដឹកនាំនិស្សិត​ឱ្យចូលរួមក្នុងការ​ស្រាវជ្រាវ បោះពុម្ព​អត្ថបទ​វិទ្យាសាស្ត្រអន្តរជាតិ​កម្រិត Q1 និង​ស្នើ​ឱ្យ​មាន​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធាន​មនុស្ស "ពហុ​កម្រិត" ដោយ​រួមបញ្ចូលគ្នា រវាងចំណេះដឹង​អន្តរជាតិ និង​កម្លាំង​ក្នុង​ស្រុក​។​ សារ​ដែលលោកផ្ញើទៅកាន់​យុវជន យ៉ាង​ច្បាស់​ណាស់​៖ វិទ្យាសាស្ត្រ​គឺ​ជា​ផ្លូវ​ដើម្បី​បម្រើ​ជាតិ​។

បច្ចុប្បន្ន បណ្ឌិត ង្វៀន វៀត ហឿង (Nguyen Viet Huong) ជាអនុប្រធានមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកទេស​សម្ភារៈ (សាកលវិទ្យាល័យ Phenikaa) ជាម្ចាស់ពានរង្វាន់វិទ្យាសាស្ត្របច្ចេកវិទ្យា "បាល់មាស" ឆ្នាំ​២០២៤ និង​ជា​យុវជន​ឆ្នើម​វៀតណាម ប្រចាំឆ្នាំ​២០២៤។ ឯកសារពីសាកលវិទ្យាល័យ Phenikaa

ហេតុផលដែលគាត់ត្រឡប់មកប្រទេសវៀតណាមវិញ ដែល​សាមញ្ញបំផុត និងជ្រួតជ្រាបដោយទឹកចិត្តស្នេហាជាតិ៖ "ខ្ញុំបានទៅសិក្សាដោយប្រើថវិការដ្ឋ និងប្រាក់ពន្ធរបស់ប្រជាជន។ ភារកិច្ច​របស់​ខ្ញុំ គឺ​នាំយក​ចំណេះ​ដឹង​ទាំង​នោះ ត្រឡប់​មក​បម្រើ​ប្រជាជន​យើង​វិញ"​។

ឯកជ័យ​លាភីទ្វេដង​ និង "បំណុល" ពីលុយពន្ធ

កើតនៅកានឡុក​ ខេត្តហាទិញ​ លោក ង្វៀន​ វៀត​ហឿង បាន​បង្ហាញ​សមត្ថភាព​សិក្សា​ដ៏​ឆ្នើម​តាំង​ពី​ក្មេង។ លោក​ជាសិស្សជាប់ចំណាត់​​ថ្នាក់​​លេខ ១ ក្នុង​ការ​ប្រឡង​ចូល​មហា​វិទ្យាល័យ​បច្ចេកវិទ្យា (សាកលវិទ្យាល័យជាតិ​ហាណូយ)។ បន្ទាប់​មក លោក​ទទួល​បាន​អាហារូបករណ៍រដ្ឋាភិបាល ទៅរៀននៅប្រទេស​បារាំង (សាលា INSA Lyon) និង​បាន​បញ្ចប់ការសិក្សាជា​សិស្សឆ្នើមលេខ ១ ទាំង​កម្រិត​វិស្វករ និង​អនុបណ្ឌិត​។ ​សារណាថ្នាក់បណ្ឌិត របស់លោក​នៅ​សាកលវិទ្យាល័យ Grenoble Alpes ត្រូវ​បាន​សមាគម​គីមីវិទ្យា​បារាំង ប្រគល់រង្វាន់​ឆ្នើមបំផុត​ប្រចាំឆ្នាំ​២០១៩។

បណ្ឌិត ហឿង (Huong) ទទួលពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបាល់មាស ឆ្នាំ២០២៤។ ឯកសារពីសាកលវិទ្យាល័យ Phenikaa
បណ្ឌិត ង្វៀន វៀតហឿង (Nguyen Viet Huong) រួមជា​មួយ​បុគ្គលិក​នៃ​សាកល​វិទ្យាល័យ​ Phenikaa ថតរូបទុកជាអនុស្សាវរីយ៍ ក្នុងពិធីប្រគល់ពានរង្វាន់បាល់មាស ឆ្នាំ ២០២៤។ ឯកសារពីសាកលវិទ្យាល័យ Phenikaa

ក្នុង​ចំណោម​ឱកាសការងារជាច្រើន នៅ​អឺរ៉ុប លោក​បាន​ជ្រើស​រើស​ត្រឡប់​មក​វៀត​ណាម​វិញ ក្នុង​ហេតុផល​ដ៏សាមញ្ញ តែ​ពោរ​ពេញ​ដោយ​ក្តី​ស្រឡាញ់ ​ចំពោះ​​ជាតិ​មាតុភូមិ​ថា៖​ "ខ្ញុំរៀន​ដោយប្រើលុយ​ថវិការដ្ឋ លុយពន្ធ​របស់ប្រជាជន។ ទំនួល​ខុសត្រូវ​របស់ខ្ញុំ គឺត្រូវ​នាំយក​ចំណេះដឹងនោះ មកបម្រើប្រជាជន​វិញ"។ ទស្សនៈនេះ​បាន​ក្លាយ​ជា​ត្រីវិស័យ សម្រាប់ការសម្រេចចិត្តគ្រប់​យ៉ាង​៖ បដិសេធ​ប្រាក់ខែខ្ពស់ នៅបរទេស សុខចិត្ត​ទទួលយកការលំបាកដំបូង ដើម្បីកសាង​ក្រុមស្រាវជ្រាវ​ក្នុង​ស្រុក។

បច្ចេកវិទ្យា SALD ដែល​លោកបាន​អភិវឌ្ឍ បើក​ឱកាស​សម្រាប់​ការ​ផលិត​បន្ទះ​ថាមពល​ព្រះអាទិត្យ និងថ្មផ្ទុក​ថាមពល​ជំនាន់ថ្មី ដែលមាន​តម្លៃទាប និង​ប្រសិទ្ធភាព​ខ្ពស់ ព្រម​ទាំង​​ការ​ផលិត​ឧបករណ៍​ចាប់​សញ្ញា​ឧស្ម័ន​ឆ្លាត​វៃ ដែល​អាច​រក​ឃើញ​ឧស្ម័ន​ពុល​ក្នុង​កម្រិតទាប​បំផុត ក៏ដូច​ជា​បង្កើតស្រទាប់ការពារណាណូ ដែលមាន​ភាព​ធន់ និង​ចម្លង​អគ្គិសនី​បានល្អ ដើម្បី​ជំនួស​សម្ភារៈ​កម្រ។

បណ្ឌិត ហឿង (Huong) (ខាងស្តាំបំផុត) ចូលរួមក្នុងក្បួនដង្ហែ ក្នុងព្រឹត្តិការណ៍ A80។ ឯកសារពីសាកលវិទ្យាល័យ Phenikaa  
 
បណ្ឌិត ង្វៀន វៀតហឿង (Nguyen Viet Huong) (ទីបីពីខាងឆ្វេង) ថតរូបជាមួយយុវជនឆ្នើមវៀតណាម នៅក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ឯកសារពីសាកលវិទ្យាល័យ Phenikaa

រឿងរ៉ាវរបស់បណ្ឌិត ង្វៀន​ វៀត​ហឿង បង្ហាញឱ្យឃើញ​ថា ប្រទេស​វៀតណាម មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការចិញ្ចឹម​បីបាច់ និង​អភិវឌ្ឍ​ទេពកោសល្យ​វិទ្យាសាស្ត្រ​កម្រិត​ខ្ពស់​ នៅពេល​ដែល​យុវជន​ហ៊ានស្រមៃ​ធំ និង​ហ៊ានត្រឡប់​មកវិញ​។ សម្រាប់​លោក វិទ្យាសាស្ត្រ គឺគ្មានព្រំដែន​ឡើយ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រមាន​មាតុភូមិ ហើយ​មាតុភូមិ​នេះ ជា​កន្លែង​ដែល​ចំណេះដឹង ត្រូវបានប្រែក្លាយទៅជាតម្លៃប្រកប​ដោយ​និរន្តរភាព៕

  • អត្ថបទ៖ ហ្វាង​ញី​- រូបថត៖ ឯកសាររបស់សាកលវិទ្យាល័យ Phenikaa
  • ប្រែសម្រួល៖ រីកើង​

top