បច្ចេកវិទ្យាបើកផ្លូវសម្រាប់ឧស្សាហកម្មវប្បធម៌វៀតណាម
ក្នុងយុគសម័យឌីជីថល ប្រទេសវៀតណាមកំពុងជាសក្ខីភាពនូវបន្លាស់ប្តូរយ៉ាងខ្លាំងក្លា នៅពេលដែលបច្ចេកវិទ្យា មិនត្រឹមតែជួយដល់ការអភិរក្សបេតិកភណ្ឌប៉ុណ្ណោះទេ នៅថែមទាំងក្លាយជាកម្លាំងចលករជំរុញការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ពង្រីកលំហច្នៃប្រតិដ្ឋ និងលើកកម្ពស់អំណាចទន់របស់ជាតិផង។
ពី "តម្លៃទន់" ដល់កម្លាំងចលករកំណើន
ក្នុងចរន្តនៃសកលភាវូបនីយកម្ម និងឌីជីថលូបនីយកម្ម ការរួមបញ្ចូលរវាងបច្ចេកវិទ្យា និងវប្បធម៌នៅវៀតណាម កំពុងក្លាយជាទិសដៅយុទ្ធសាស្ត្រ។ ប្រសិនបើ កាលពីមុន វប្បធម៌ បានមើលឃើញថាជាវិស័យស្មារតីជាចម្បងនោះ បច្ចុប្បន្នកំពុងបានកំណត់ទីតាំងដូចជាវិស័យសេដ្ឋកិច្ចមួយ ដែលមានសមត្ថភាពបង្កើតតម្លៃបន្ថែម និងរួមចំណែកដោយផ្ទាល់ដល់កំណើន។
នៅក្នុងសន្និសីទ CICON Vietnam 2026 ក្រោមប្រធានបទ "កំណើនប្រកបដោយចីរភាពក្នុងយុគសម័យ AI" សាស្រ្តាចារង បណ្ឌិត ម៉ាក់ ក្វឹកអាញ់ (Mac Quoc Anh) - ប្រធានវិទ្យាស្ថានសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគ្រាស និងជាអនុប្រធានសមាគមសហគ្រាសធុនតូច និងមធ្យម ទីក្រុងហាណូយ បានលើកឡើងថា៖ “យើងកំពុងឈរនៅចំពោះមុខចំណុចរបត់មួយ ដែលសិល្បៈមិនមែនជាទំនិញប្រណីតទៀតទេ ប៉ុន្តែវាកំពុងក្លាយជាផ្នែកមួយនៃសេដ្ឋកិច្ច”។ ប្រការនេះ ឆ្លុះបញ្ចាំងការផ្លាស់ប្តូរ ពី "តម្លៃទន់" ទៅជា "ធនធានរឹង" ទីដែលឧស្សាហកម្មវប្បធម៌ត្រូវបានរំពឹងថា នឹងក្លាយជាសសរស្តម្ភថ្មី។
ក្រឡេកមកមើលប្រវត្តិសាស្ត្រវិចិត្រសិល្បៈវៀតណាម ធ្លាប់បានរីកចម្រើនយ៉ាងខ្លាំងនៅដើមសតវត្សរ៍ទី២០ ជាមួយសាលាវិចិត្រសិល្បៈឥណ្ឌូចិន ដែលជាកន្លែងបណ្តុះបណ្តាលវិចិត្រករល្បីៗជាច្រើន។ ក៏ប៉ុន្តែ ដោយមានសង្គ្រាមរ៉ាំរ៉ៃ រួមជាមួយសម័យកាលឧបត្ថម្ភធន បានធ្វើឱ្យទីផ្សារសិល្បៈ ស្ទើរតែនៅឈរទ្រឹងអស់រយៈពេលជាច្រើនទសវត្សរ៍។ ចាប់តាំងបន្ទាប់ពី "បន្លាស់ប្តូរ" ឆ្នាំ១៩៨៦ ទីផ្សារសិល្បៈទើបតែរស់ឡើងជាបណ្តើរៗ បើកចេញជំនាន់ច្នៃប្រតិដ្ឋមួយ សកម្ម និងសមាហរណកម្មជាងមុន។
បច្ចុប្បន្ន វៀតណាមមានភាពប្រៀបជាច្រើន៖ វប្បធម៌ចំណាស់ ធនធានមនុស្សវ័យក្មេង និងការកើនឡើងយ៉ាងឆាប់រហ័ស នៃវណ្ណៈកណ្តាល ដែលជាក្រុមអតិថិជនត្រៀមខ្លួនចំណាយ លើផលិតផលវប្បធម៌។ តាមទិសដៅជាតិ ឧស្សាហកម្មវប្បធម៌ ត្រូវបានរំពឹងថា នឹងរួមចំណែក ៧% នៃ GDP នៅឆ្នាំ២០៣០ និង ៩% នៅឆ្នាំ២០៤៥ ព្រមទាំងរក្សាអត្រាកំណើន នៃការនាំចេញពី ៧ - ៩% ក្នុងមួយឆ្នាំ។
ទីផ្សារក៏បានកត់សម្គាល់នូវសញ្ញាវិជ្ជមានផងដែរ។ ក្នុងដំណាក់កាលឆ្នាំ២០២៤ - ២០២៥ ចំនួន វិចិត្រសាល (gallery) លំហច្នៃប្រតិដ្ឋ និងអគារដេញថ្លៃ នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ បានកើនឡើងយ៉ាងលឿន។ ស្នាដៃរបស់វិចិត្រករល្បីៗដូចជា ប៊ូយស្វឹនផាយ (Bui Xuan Phai) ឡេផូ (Le Pho) ង្វៀន ទឺងិម (Nguyen Tu Nghiem) ម៉ាយ ត្រុងធឺ (Mai Trung Thu) ទទួលបានការវាយតម្លៃខ្ពស់ សឱ្យឃើញការទាក់ទាញកាន់តែខ្លាំង នៃសិល្បៈវៀតណាម។
មិនត្រឹមតែវិចិត្រសិល្បៈប៉ុណ្ណោះទេ វិស័យភាពយន្តវៀតណាម ក៏មានការបោះជំហានទៅមុខយ៉ាងខ្លាំងផងដែរ។ ខ្សែភាពយន្ត "ម៉ាយ - Mai" ទទួលបានចំណូលជាង ៥០០ ពាន់លានដុងក្នុងស្រុក និងបានចាក់បញ្ចាំងនៅរោងភាពយន្តជាង ១០០កន្លែង នៅអាមេរិក កាណាដា និងអឺរ៉ុប ដែលអះអាងពីសមត្ថភាពប្រកួតប្រជែងអន្តរជាតិ នៃផលិតផលវប្បធម៌វៀតណាម។
បច្ចេកវិទ្យា "ដំឡើង" នូវប្រព័ន្ធអេកូឡូស៊ីច្នៃប្រតិដ្ឋ
បច្ចេកវិទ្យាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការផ្លាស់ប្តូរនេះ។ លោកដាំង មិញវែ (Dang Minh Ve) នាយករងសារមន្ទីរហាណូយ បានមានប្រសាសន៍ថា៖ “ការផ្លាស់ប្តូរឌីជីថល មិនជំនួសតម្លៃប្រពៃណីទេ ប៉ុន្តែជួយឱ្យរឿងរ៉ាវវប្បធម៌បានផ្សព្វផ្សាយ តាមរបៀបដែលទាក់ទាញ និងងាយស្រួលចូលទៅជិតជាងមុន”។
ជំនួសឱ្យការរក្សាទុកវត្ថុបុរាណតាមបែបប្រពៃណី បច្ចេកវិទ្យាដូចជា ការស្កែន 3D ការថតរូបកម្រិតខ្ពស់ និងការផ្ទុកទិន្នន័យ លើក្លោដ (Cloud storage) បង្កើតបានច្បាប់ចម្លងឌីជីថលយ៉ាងត្រឹមត្រូវ។ អាស្រ័យហេតុនេះ ការអភិរក្សកាន់តែមានចីរភាព ព្រមទាំងពង្រីកលទ្ធភាពចូលទៅជិតសម្រាប់អ្នកស្រាវជ្រាវ និងសាធារណជន។
មិនឈប់ត្រឹមតែការអភិរក្សនោះទេ បច្ចេកវិទ្យា កំពុងលើកកម្ពស់បទពិសោធន៍វប្បធម៌។ នៅសារមន្ទីរហាណូយ ការប្រើប្រាស់បច្ចេកវិទ្យា 3D mapping អេក្រង់អន្តរកម្ម និងទិន្នន័យឌីជីថល ធ្វើឱ្យដំណើរទស្សនាកាន់តែមានភាពរស់រវើក។ ទន្ទឹមនឹងនោះ ដំណើរកម្សាន្តពេលយប់នៅរមណីយដ្ឋានដូចជា វ៉ាន់មីវ - ក្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) កំពុងបង្កើតផលិតផលទេសចរណ៍ថ្មី ទីដែលបច្ចេកវិទ្យាពន្លឺ សំឡេង និងការពិតនិម្មិត (Virtual Reality) នាំមកនូវបទពិសោធន៍ពិសេស។
លោក ឡេ ស្វឹនគីវ (Le Xuan Kieu) នាយកមជ្ឈមណ្ឌលសកម្មភាពវប្បធម៌ និងវិទ្យាសាស្ត្រវ៉ាន់មីវ - ក្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) បានឱ្យដឹងថា៖ “កម្មវិធីដំណើរកម្សាន្តពេលយប់ នឹងបន្តបង្កើនកម្រិត ដោយមានបច្ចេកវិទ្យាដើរតួនាទីជាស្នូល ក្នុងការធ្វើថ្មីរបៀបនិទានរឿងបេតិកភណ្ឌ តាមរយៈនោះនាំមកនូវបទពិសោធន៍ទាក់ទាញ និងសមស្របជាង សម្រាប់ភ្ញៀវទេសចរសហសម័យ”។
ទម្រង់រូបភាពទាំងនេះ កំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង ជាពិសេសភ្ញៀវអន្តរជាតិ នៅពេលដែលពួកគាត់អាច "ប៉ះ" ប្រវត្តិតាមរយៈបច្ចេកវិទ្យា។ នេះក៏ជាវិធីដែលឧស្សាហកម្មវប្បធម៌ពង្រីកឥទ្ធិពល នាំយកអត្តសញ្ញាណវៀតណាមទៅកាន់ពិភពលោក។
ផ្នែកសហគ្រាស ក៏បានរួមចំណែកយ៉ាងសំខាន់ផងដែរ។ ក្រុមហ៊ុន បច្ចេកវិទ្យាវៀតណាមជាច្រើន បានប្រើប្រាស់ 3D ដើម្បីបង្កើតឡើងវិញនូវលំហប្រវត្តិសាស្ត្រ ចាប់ពីក្រុងបុរាណហាណូយ រហូតដល់រាជវាំងថាំងឡុង (Thang Long) និងសំណង់ស្ថាបត្យកម្មលេចធ្លោផ្សេងៗទៀត។ ការកសាងមូលដ្ឋានទិន្នន័យបេតិកភណ្ឌសុក្រឹតូបនីយកម្ម មិនត្រឹមតែបម្រើដល់ការអភិរក្សប៉ុណ្ណោះទេ នៅថែមទាំងបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់ការច្នៃប្រតិដ្ឋមាតិកា និងការអភិវឌ្ឍផលិតផលវប្បធម៌ ក្នុងបរិស្ថានឌីជីថលទៀតផង។
ក្នុងបរិបទថ្មី បេតិកភណ្ឌវប្បធម៌ មិនត្រឹមតែជាអនុស្សាវរីយ៍អតីតកាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាធនធាន សម្រាប់អនាគតផងដែរ។ នៅពេលដែលបច្ចេកវិទ្យាក្លាយជាស្ពានតំណភ្ជាប់ ឧស្សាហកម្មវប្បធម៌វៀតណាមកំពុងបោះជំហានឆ្លងកាត់ដែនគ្មានកំណត់នៃលំហ និងពេលវេលា បើកចេញប្រព័ន្ធអេកូឡូស៊ីច្នៃប្រតិដ្ឋដ៏រស់រវើក ទីដែលអត្តសញ្ញាណជាតិបានរក្សា និងផ្សព្វផ្សាយយ៉ាងខ្លាំងក្លា នៅលើផែនទីវប្បធម៌ពិភពលោក៕
អត្ថបទ៖ ង៉ឹនហា- រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង














