នៅកំពង់ផែ ញ៉ារ៉ុង (Nha Rong)

នៅកំពង់ផែ ញ៉ារ៉ុង (Nha Rong)

នៅទន្លេសាយហ្គន (Sai Gon) កំពង់ផែញ៉ារ៉ុង (Nha Rong) គឺជាទីតាំងប្រវត្តិសាស្ត្រល្បីល្បាញបំផុតមួយ របស់​ប្រ​ទេស វៀតណាម។ កាលពី ១១៥ឆ្នាំមុន ពីកន្លែងនេះ យុវជនស្នេហាជាតិ ង្វៀន តឹតថាញ់ (Nguyen Tat Thanh) បានចេញដំណើរសង្គ្រោះជាតិ ផ្តើមដំណើរការ​នាំប្រជាជាតិវៀតណាម ឆ្ពោះទៅរក​ឯករាជ្យ និង សេរីភាព។

នៅទន្លេសាយហ្គន (Sai Gon) កំពង់ផែញ៉ារ៉ុង (Nha Rong)គឺជាទីតាំងប្រវត្តិសាស្ត្រល្បីល្បាញបំផុតមួយ របស់ប្រទេសវៀតណាម។ រូបថត៖ យ៉ាង សឺនដុង

ឈរនៅលើស្ពានខាញហូយ (Khanh Hoi) សម្លឹងមើល ទន្លេសាយហ្គន (Sai Gon) ភ្លឺចែងចាំង ក្រោមពន្លឺ​ព្រះអាទិត្យ ខ្ញុំបានគយគន់ទេសភាព​កំពង់ផែ ញ៉ារ៉ុង (Nha Rong)  ជាកន្លែង ដែលពេលវេលាហាក់ដូចជាបង្អង់​ នៅ​កណ្តាលចង្វាក់នៃជីវិតសម័យទំនើបនៃទីក្រុងហូជីមិញ។ រលកទន្លេ​នៅតែបោកបក់ចូលទៅ​កំពង់ផែឥតឈប់ឈរ ដូចក្នុងរយៈពេល​​ជាង១សតវត្សមុន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩១១ ​យុវជនស្នេហាជាតិ ង្វៀន តឹតថាញ់ (Nguyen Tat Thanh) ដែលមានឈ្មោះហៅថា វ៉ាន់បា  (Nguyen Van Ba) ឡើងលើកប៉ាល់ Amiral Latouche Tréville ផ្តើមដំណើរការស្វែងរកមធ្យោបាយសង្គ្រោះជាតិ។

ពីកំពុងទន្លេនេះ លោកបានធ្វើដំណើរឆ្លងកាត់​ទ្វីបជាច្រើន ដោយស្វែងរកមាគ៌ារំដោះជាតិ។ ដំណើរនោះ មិនត្រឹមតែ​បានផ្លាស់ប្តូរជីវិតមនុស្សម្នាក់ប៉ុណ្ណោះទេ ថែមទាំងបាន​បើកទំព័រថ្មីនៃប្រវត្តិសាស្ត្រវៀតណាមទៀតផង។ ដូច្នេះ កំពង់ផែញ៉ារ៉ុង (Nha Rong) មិនមែនគ្រាន់តែជាសំណង់​ស្ថាបត្យកម្មមួយនៅក្បែរទន្លេនោះទេ ប៉ុន្តែវាក៏ជានិមិត្តរូប​នៃសេចក្តីប្រាថ្នាឯករាជ្យ​ សេរីភាព និងឆន្ទៈឈានទៅ​អនាគត​របស់ប្រជាជាតិវៀតណាមទៀតផង។

 
សារមន្ទីរហូជីមិញ - សាខាទីក្រុងហូជីមិញ បាន​បែងចែកជាប្រធានបទផ្សារភ្ជាប់នឹងជីវិត និងអាជីពរបស់លោកប្រធានហូជីមិញ។ រូបថត៖ ង្វៀនឡឹន / VNP
ភ្ញៀវទេសចរបរទេសស្វែងយល់នូវជីវិត និងអាជីពបដិវត្តន៍របស់លោកប្រធានហូជីមិញនៅសារមន្ទីរហូជីមិញ - សាខានៅទីក្រុងហូជីមិញ។ ។ រូបថត៖ ថុងហាយ​/ VNP

សព្វថ្ងៃនេះ កំពង់ផែញ៉ារ៉ុង  គឺជាទីតាំងនៃសារមន្ទីរហូជីមិញ - សាខានៅទីក្រុងហូជីមិញ។ នៅខាងក្នុង​អគារបុរាណ​ គឺជាប្រព័ន្ធ​ដាក់តាំងពិព័រណ៍​ រួមមាន ៩ប្រធានបទ​ណែនាំអំពីជីវិត និង​អាជីពរបស់លោកប្រធាន​ហូជីមិញ។ បច្ចុប្បន្ន​សារមន្ទីរនេះ​មានឯកសារ និងវត្ថុ​បុរាណជាង ២៣.០០០ រួមទាំងវត្ថុបុរាណដើមជាង ៤.០០០គ្រឿង និង​ការប្រមូលផ្ដុំ​ដ៏កម្រជាច្រើន មានតម្លៃ​ជាប្រវត្តិសាស្ត្រពិសេស។

តាមលំហូរភ្ញៀវទេសចរ ខ្ញុំបានយកចិត្តទុកដាក់​ស្តាប់នូវ​រឿងរ៉ាវ រៀបរាប់ដោយមគ្គុទ្ទេសក៍​ទេសចរណ៍​វ័យ​ក្មេង។ វត្ថុ​តាងនីមួយៗ រូបថតនីមួយៗ និងឯកសារនីមួយៗ បានរួម​ចំណែកដល់ការ​បង្កើតឡើង​វិញនូវដំណើរនៃ​ការសង្គ្រោះ​ជាតិ សកម្មភាពបដិវត្តន៍ និងការរួមចំណែកដ៏ធំធេង​របស់​លោកប្រធាន ហូជីមិញ​ចំពោះ​ប្រជាជាតិវៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ  លោក Thongloun Sisoulith និងភរិយាលោកស្រី Naly Sisoulith រួមជាមួយគណៈប្រតិភូជាន់ខ្ពស់មកពីបក្ស និងរដ្ឋឡាវ បានអញ្ជើញមកទស្សនាកំពង់ផែ ញ៉ារ៉ុង និងអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូជីមិញ។ រូបថត៖ សួនឃូ / VNA
យុវជនវៀតណាមនៅក្រៅប្រទេស នៅទីក្រុងហូជីមិញរៀបចំពិធីអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅកំពង់ផែញ៉ារ៉ុង។ រូបថត៖ សួនឃូ/ VNA

ដើម្បីនាំយកប្រវត្តិសាស្ត្រ ឱ្យកាន់តែជិតសាធារណជន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សារមន្ទីរ ហូជីមិញ - សាខានៅទីក្រុងហូជីមិញ បានលើកកម្ពស់​ការ​អនុវត្ត​បច្ចេកវិទ្យា និងការធ្វើ​បរិវត្តកម្មប្តូរឌីជីថល។ នៅឆ្នាំ ២០២៤ សារមន្ទីរបានអនុវត្តគម្រោងមួយ​ ដើម្បីធ្វើឌីជីថល​កន្លែងតាំងពិព័រណ៍ ដោយប្រើប្រាស់ធនធានសង្គម ជួយឱ្យ​សាធារណជន ចូលមើលវត្ថុតាង និង​ឯកសារ​ពីចម្ងាយ។ បច្ចុប្បន្ននេះ ឯកសារ និងវត្ថុតាងជាង ១៥៦០០ រួមជាមួយ​នឹងសៀវភៅជិត ២៩០០ក្បាល​អំពី​លោកប្រធានហូជីមិញ ត្រូវបានធ្វើឌីជីថល ​រួមចំណែក​ក្នុងការអភិរក្ស និងផ្សព្វ​ផ្សាយ​តម្លៃ​នៃ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រដល់ទស្សនិកជន​ទាំងក្នុងស្រុក និងអន្តរជាតិ។

កម្មវិធីទូរទស្សន៍ "ហូជីមិញ - ភ្លឺចែងចាំងឆន្ទៈវៀតណាម" ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍វៀតណាម ក្នុងឱកាសអបអរសាទរខួប ១៣០ ឆ្នាំ នៃទិវាកំណើតលោកប្រធាន ហូជីមិញ (ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ១៨៩០ - ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០)។ រូបថត៖ ផាន ថាញ់ វូ/ VNA

មិនត្រឹមតែជាកន្លែងសម្រាប់ទស្សនាប៉ុណ្ណោះ កំពង់ផែ ញ៉ារ៉ុង ក៏ជាកន្លែងអប់រំប្រពៃណី​ដ៏សំខាន់មួយ​​ ក្នុង​ទីក្រុង​ហូជីមិញ ផងដែរ។ នៅទីនោះ​តែងតែរៀបចំ​សកម្មភាព​នយោបាយ អប់រំ​ប្រវត្តិសាស្ត្រ ពិធីបញ្ចូលសមាជិកបក្ខជន ពិធី​បញ្ចូល​​សមជិក​សហភាពសហព័ន្ធយុវជន ពិធីរាយ​ការណ៍​​ពីសមិទ្ធផល​ជម្រាបជូនលោកប្រធានហូជីមិញ និងកម្មវិធី​រំលឹកគុណ​ជាច្រើនទៀត បានរួមចំណែក​ដល់ការ​លើក​កម្ពស់​សេចក្តីស្នេហាមាតុភូមិ ប្រទេសជាតិ​សម្រាប់​យុវជន​ជំនាន់ក្រោយ។

ចាកចេញពីកំពង់ផែញ៉ារ៉ុង ខ្ញុំបានងាកមើលទៅ​ទន្លេ​សាយហ្គន (Sai Gon) នៅតែហូរយ៉ាងស្ងៀមស្ងាត់ ឆ្ពោះទៅ​សមុទ្រធំ។ ជាងមួយសតវត្ស​កន្លងទៅ​​ចាប់តាំង​ពីថ្ងៃដែលយុវជន ​ង្វៀន តឹតថាញ់ (Nguyen Tat Thanh)​ចេញទៅស្វែងរកមធ្យោបាយសង្គ្រោះជាតិ ប៉ុន្តែកន្លែងនេះ​នៅតែរក្សាបាននូវតម្លៃ​នៃទីតាំងប្រវត្តិសាស្ត្រពិសេសមួយ។ នៅកណ្តាល​​ទីក្រុង​ហូជីមិញមួយ​ដ៏ស្វាហាប់ និងទំនើប កំពង់ផែ​​​ញ៉ារ៉ុង​នៅតែជា​យុថ្កា​នៃអនុស្សាវរីយ៍ រំលឹកយើង​អំពី​ ដំណើរបន្លាស់ប្តូរវាសនារបស់ប្រជាជាតិវៀតណាម

អត្ថបទ៖ ថុងហាយ - រូបថត៖ ថុងហាយ / VNP  ឯកសារ



top