ទីរួមខេត្ត សាប៉ា (Sa Pa) - តន្រ្តីនៃនៃធម្មជាតិ និងវប្បធម៌តំបន់ភាគពាយ័ព្យ

ទីរួមខេត្ត សាប៉ា (Sa Pa) - តន្រ្តីនៃនៃធម្មជាតិ និងវប្បធម៌តំបន់ភាគពាយ័ព្យ

ភ្ញៀវទេសចរអន្តរជាតិជាច្រើនបានប្រៀបធៀបទីរួម​ខេត្ត​ សាប៉ា (Sa Pa) (ខេត្ត ឡាវកាយ (Lao Cai)) ដូចជាបទភ្លេងដ៏ទាក់ទាញនៃធម្មជាតិ និងវប្បធម៌នៅតំបន់ភ្នំខ្ពស់នៅភាគពាយ័ព្យ។ ដោយសារនៅទីនោះមិនត្រឹមតែមានភាពធំទូលាយ រ៉ូមែនទិក និងភាពអស្ចារ្យនៃធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែតំបន់នេះក៏មានពណ៌រស់រវើកនៃជីវភាព និងវប្បធម៌របស់បងប្អូនជនជាតិដូចជា ជនជាតិម៉ុង (Mong) ជនជាតិ​យ៉ាវ (Dao) ក្រហម ជនជាតិតៃ ​(Tay)​  ជនជាតិ​យ៉ៃ​(Giay)​ ជនជាតិ​ ស្វាផូ (Xa Pho).. បង្កើតនូវភាពទាក់ទាញពិសេសនៃទីរួមខេត្ត​ទេសចរណ៍ដ៏ល្បីលើពិភពលោកនេះ។

 

ទីរួមខេត្ត សាប៉ា (Sa Pa) ជា​គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​នៅភាគ​ពាយ័ព្យ​។ កាសែត Lonely Planet ធ្លាប់បានសរសេរថា "ជួរភ្នំហ័ង​លៀនសើន (Hoang Lien Son) (ទីរួមខេត្ត សាប៉ា (Sa Pa)) ត្រូវបានភ្ញៀវទេសចរអន្តរជាតិស្គាល់ថា ជាភ្នំ Tonkinese Alps។ ជួរភ្នំដ៏មហិមារ និង​ខ្ពស់ឡើងដល់មេឃ ដែល​មានកំពូលភ្នំ Fansipan ដ៏ខ្ពស់បំផុតនៅក្នុងប្រទេសវៀតណាម។

ភ្ញៀវ​ទេសចរណ៍អាច​សម្រប​ខ្លួន​ក្នុង​​សម្រស់​នៃ​ជួរ​ភ្នំ​បត់បែន​ដែលរូបរាងពីរ៉ាមីត រហូតដល់​វាល​ស្រែ​កាំជណ្តើរ ​ឆ្ពោះទៅកាន់​ជ្រលង​ភ្នំ និង​ភូមិ​របស់បងប្អូន​ជនជាតិ​មួយ​ចំនួន ដូចជា ជនជាតិម៉ុង (Mong) ជនជាតិ​យ៉ាវ (Dao) ក្រហម ជនជាតិ តៃ (Tay) ជនជាតិយ៉ៃ (Giay)... ដែល​សម្បូរ​ទៅ​ដោយ​អត្តសញ្ញាណ​វប្បធម៌​ប្រពៃណី"។ មកដល់ទីរួមខេត្ត សាប៉ា (Sa Pa) ភ្ញៀវទេសចរនឹងបានទស្សនាភាពស្រស់ស្អាតនៃកំពូលភ្នំ Fansipan មានកម្ពស់ ៣.១៤៣ ម៉ែត្រ ដែលត្រូវបានគេស្គាល់ជា "ដំបូលឥណ្ឌូចិន" ហើយមានចម្ងាយប្រហែល ៩ គីឡូម៉ែត្រពីកណ្តាលទីរួមខេត្ត សាប៉ា (Sa Pa) ។ នៅទីនោះមានប្រាសាទ និងវត្តអារាមជាច្រើនត្រូវបានសាងសង់យ៉ាងធំនិងអស្ចារ្យ នៅលើកំពូលភ្នំខ្ពស់ ដែល​ចំនៅកណ្តាល​ពពក និងជំនោរខ្យល់បក់បោកខ្លាំង។

តំបន់ទេសចរណ៍វប្បធម៌ និងវិញ្ញាណនៅលើកំពូលភ្នំ Fansipan ។ រូបថត៖ Sun World Fansipan Legend

នៅលើដំបូលឥណ្ឌូចិន ភ្ញៀវទេសចរនឹងទទួល​បទពិសោធន៍ប្លែកៗជាច្រើន ពេលខ្លះពពកហោះហើរ ជួនកាលពពក​បាំងផ្លូវ ពេលខ្លះទៀត ខ្យល់បក់បោកខ្លាំង​ៗ។ ជាពិសេស រៀងរាល់ព្រឹក ពពកពីកំពូល​ភ្នំហោះចុះទីរួម​ខេត្ត សាប៉ា (Sa Pa) ចុះជ្រលងភ្នំ​ មឿង​ហ័រ (Muong Hoa) និងចូលទៅក្នុងភូមិនានា ដែលបង្កើតទេសភាពធម្មជាតិទាំងរ៉ូមែនទិកផង និងទាំងអស្ចារ្យផង នៅទីរួម​ខេត្ត សាប៉ា (Sa Pa) ។

នៅលើកំពូលភ្នំ Fansipan ដ៏ពិសិដ្ឋ ជារៀងរាល់ថ្ងៃនៅគ្រប់រដូវ ធម្មជាតិបាន​ពាក់អាវស្អាតមួយ​​មានភាពទាក់ទាញខុសៗគ្នា ដែលគ្មានកន្លែងណាមួយក្នុងទឹក​ដី​វៀតណាមដែលមាន​ឡើយ។ នោះគឺជា​កាលៈទេសៈព្រិលពណ៌សគ្របដណ្តប់លើបណ្តាសំណង់វិញ្ញាណដ៏ពិសិដ្ឋនៅលើកំពូលភ្នំខ្ពស់ក្នុងរដូវរងារ ឬកាលៈទេសៈនាពេលរាត្រី មេឃភ្លឺចាំងពីផ្កាយរាប់មិនអស់ ឬពេលរសៀល ​ពន្លឺនៃព្រះអាទិត្យ​លិចដែលមាន​ពណ៌មាសគ្របដណ្តប់សមុទ្រ​ពពក។

ជ្រលងភ្នំ មឿង​ហ័រ (Muong Hoa) ស្ថិតនៅក្នុងឃុំ ហៅថាវ (Hau Thao) ចម្ងាយប្រហែល ៨ គីឡូម៉ែត្រពីទីរួម​ខេត្ត សាប៉ា (Sa Pa) ។ កន្លែងនេះទាក់ទាញភ្ញៀវទេសចរមួយចំនួនធំ ដោយសារតែប្រព័ន្ធវាលស្រែកាំជណ្តើរដ៏អស្ចារ្យ រួមផ្សំ​នឹង​ទេសភាព​ជម្មជាតិដ៏ស្រស់ស្អាត និង​រ៉ូមែនទិកដូចបទ​កំណាព្យ។ នៅពេល​ដែលអ័ព្ទគ្របដណ្តប់ស្ថានសួគ៌ និងលោកិយ ជ្រលងភ្នំលេចចេញដូចជាចំណុចពិសេសមួយ ហើយក្នុងរដូវកាលនីមួយៗ ព្រលឹងភ្ញៀវទេសចរត្រូវក៏មាន​ការរំភើបចិត្តខុសៗគ្នា។

ភ្ញៀវទេសចរបានទទួលបទ​ពិសោធន៍ខណៈនៅលើកំពូលភ្នំ Fansipan ដែលមានកម្ពស់ ៣.១៤៣ ម៉ែត្រ។ រូបថត៖ ហ័ងហា/កាសែតរូបភាពវៀតណាម

រដូវផ្ការីកគឺជារដូវដែលជ្រលងភ្នំ មឿង​ហ័រ (Muong Hoa) ពាក់លើខ្លួន​ពណ៌ផ្កាឈូក​និង​ពណ៌ស​នៃផ្កា​ម៉ាក់​ខៃនិង​ពណ៌ផ្កា plum។ នៅរដូវស្លឹកឈើជ្រុះ ជ្រលងភ្នំភ្លឺដោយពណ៌មាសនៃស្រូវទុំ នៅវាលស្រែកាំជណ្តើរដ៏ស្រស់ស្អាតបំផុតលើពិភពលោក។ ក្នុងរដូវរងារ ភ្ញៀវទេសចរសម្រុកមកទីនេះដើម្បី "គយគន់ទេសភាព​ព្រិល​ធ្លាក់" ដែលជាទិដ្ឋភាពដ៏រ៉ូមែនទិក និងចម្លែកហាក់ដូចជាទេសចរនៅប្រទេសនៃ "លោកខាងលិច"។


ស្ថិតនៅក្បែរជើងភ្នំ Fansipan និងនៅជាប់ជ្រលងភ្នំ មឿង​ហ័រ (Muong Hoa) ទីរួម​ខេត្ត​ សាប៉ា (Sa Pa) លេចឡើងជាមួយនឹងលក្ខណៈបុរាណ និងទំនើប។ ទីរួមខេត្ត សាប៉ា (Sa Pa) បាន​ឆ្លងកាត់​ដំណើរកា​រ​បង្កើត​ និង​អភិវឌ្ឍ ក្នុង​រយៈពេល ១២១ឆ្នាំ ។ ចំណុច​លេច​ធ្លោកក្នុងដំណើរនោះ បានរក្សាទុក​កេរដំណែល​ប្រវត្តិសាស្ត្រ ហើយ​បច្ចុប្បន្ន​នេះ​ក្លាយទៅជា​កន្លែងល្បីល្បាញ​របស់ទីរួម​ខេត្ត សាប៉ា (Sa Pa) ដែលទាក់ទាញភ្ញៀវទេសចរជាច្រើន ដូចជា វិហារកាតូលិកថ្ម សាប៉ា (Sa Pa) និងផ្ទះបារាំងបុរាណដែលនៅសេសសល់។

វិហារថ្មកាតូលិកត្រូវបានសាងសង់ក្នុងឆ្នាំ ១៨៩៥ បានជួសជុល និងរក្សាទុក​ស្ថានភាព​ដើម ដែលជារូបភាពពិសេសនៃទីរួម​ខេត្ត សាប៉ា (Sa Pa)។ រូបថត៖ ផាម​បាំង

ស្ថិតនៅចំកណ្តាលទីរួម​ខេត្ត​នេះ វិហារកាតូលិកថ្ម  សាប៉ា (Sa Pa) ត្រូវបានសាងសង់ឡើងដោយជនជាតិបារាំង ក្នុងឆ្នាំ ១៩២៦  និងបញ្ចប់នៅឆ្នាំ ១៩៣៥។ វិហារនេះបែរខ្នងជាប់ជួរភ្នំ ហាម​រ៉ុង (Ham Rong) និងជាកន្លែងរៀបចំសកម្មភាពសាសនាដ៏សំខាន់សម្រាប់ប្រជាជនកាន់សាសនាគ្រឹស្ត នៅទីរួម​ខេត្ត សាប៉ា (Sa Pa) ហើយត្រូវបានគេចាត់ទុកថាជា "បេះដូងនៃទីរួម​ខេត្ត​នេះ" ។

សព្វថ្ងៃនេះ ភ្ញៀវទេសចរទៅកាន់ទីរួម​ខេត្ត សាប៉ា (Sa Pa) នឹងមានការភ្ញាក់ផ្អើល ដោយភោជនីយដ្ឋាន សណ្ឋាគារដែលទើបសាងសង់ថ្មីៗ ជាច្រើន និងមានស្ថាបត្យកម្មបែបបារាំងពីសតវត្សរ៍មុន។ ជាគំរូគឺសណ្ឋាគារ Hotel de la Coupole MGallery by Sofitel របស់ក្រុមហ៊ុន Sungroup គ្រុប  បន្ទាប់មកគឺសណ្ឋាគារ PistaChio Sa Pa ។ ស្ថាបត្យកម្មបែបចាស់ និងថ្មី រួមជាមួយនឹងទេសភាពធម្មជាតិរ៉ូមែនទិក​ ដើម្បីបង្កើតទីរួម​ខេត្ត សាប៉ា (Sa Pa) ដ៏ល្បីល្បាញមួយនៅក្នុងពពក ដែលប្រៀបធៀបដូចជា "នារី​ស្រស់ស្អាតម្នាក់" និងមាន​ភាពទាក់ទាញក្នុងក្រសែភ្នែកភ្ញៀវទេសចរ។


ភ្ញៀវទេសចរណ៍ និងបងប្អូនជនជាតិនៅទីនេះចូល​រួម​ក្នុង​របាំគោះអង្រែ ក្នុងពិធីបុណ្យមួយនៅ ទីរួម​ខេត្ត សាប៉ា (Sa Pa) ។ រូបថត៖ ផាម​បាំង

សាប៉ា (Sa Pa) ជាទីរួម​ខេត្ត ដែលជាទីតាំងរស់នៅដ៏យូរយាររបស់ជនជាតិគិញ (Kinh) និង​បងប្អូន​ជនជាតិ​បងប្អូនមួយ​ចំនួនដូចជា​ជនជាតិ​ម៉ុង (Mong) ជនជាតិ​យ៉ាវ​ក្រហម (Dao) ជនជាតិ​តៃ (Tay) ជនជាតិ​យ៉ៃ (Giay) ជនជាតិ​ស្វាផ (Xa Pho) ។ ជនជាតិនីមួយៗរស់នៅទីនេះ មានទំនៀមទម្លាប់ លក្ខណៈវប្បធម៌រៀងៗខ្លួន ​បាន​បង្កើតភាពប្លែក និងទាក់ទាញក្រសែភ្នែកភ្ញៀវ​ទេសចរ។

នៅសាប៉ា (Sa Pa) បងប្អូនជនជាតិម៉ុង (Mong) មានចំនួនប្រជាជនច្រើនជាងគេ ដែលស្មើនឹង ៥០% នៃចំនួនប្រជាជន។ គោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុតនៅទីរួម​ខេត្ត សាប៉ា (Sa Pa) សព្វថ្ងៃគឺភូមិ កាតកាត (Cat Cat) ដែលជាកន្លែងជនជាតិ​ម៉ង​  (Mong)​ រស់នៅភាគច្រើន។ នេះជាភូមិដែលមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ប៉ុន្តែរហូតដល់​បច្ចុប្បន្ននេះ​ភូមិ​នេះនៅតែរក្សាបានរបរសិប្បកម្មប្រពៃណីដូចជា ដាំកប្បាស ត្បាញក្រណាត់ និងធ្វើគ្រឿងអលង្ការប្រពៃណី។ មក​ដល់​ទី​នេះ ភ្ញៀវទេសចរ​នឹង​បានស្វែងយល់​និង​សង្កេត​មើល​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ជនជាតិ​ម៉ុង (Mong) មើល​ឃើញ​ដោយ​ផ្ទាល់​ភ្នែកអំ​ពី​របៀប​ដែល​ជនជាតិ​ម៉ុង​ (Mong) ត្បាញសម្លៀកបំពាក់ប្រពៃណី និងហូបម្ហូប​អាហារពិសេសនៅភាគពាយ័ព្យដូចជាថាំង​កូ (thang co) ស្រាពោត ជាដើម...

 

ពិធីបុណ្យរបស់បងប្អូនជនជាតិដែល​រស់នៅទីរួម​ខេត្ត សាប៉ា (Sa Pa) មានលក្ខណៈប្លែកៗ និង​ពិសេស ហើយបង្កប់នូវជំនឿសាសនាពីបុរាណ។ ពិធីបុណ្យតែងបានប្រព្រឹត្តទៅនៅដើមខែនៃនិទាឃៈរដូវ។ ម៉្យាងទៀត ពិធីបុណ្យភាគច្រើនបាន​រៀបចំ​ក្នុងភូមិមួយ​។ ទោះយ៉ាងណាក៏ដោយ នៅជ្រលងភ្នំ មឿង​ហ័រ (Muong Hoa) ពិធីបុណ្យខ្លះបាន​រៀបចំតាម​ភូមិសាស្ត្រ​​នៃតំបន់​  ឬតាមភូមិបុរាណមួយ​។

ការសម្តែងរបាំប្រពៃណីរបស់បងប្អូនជនជាតិ ម៉ុង (Mong) ក្នុងពិធីបុណ្យ ហ្វៅតាវ (Gau Tao) ទីរួម​ខេត្ត សាប៉ា (Sa Pa) ។ រូបថត៖ ផាម​បាំង

ជនជាតិ​ម៉ុង​ (Mong) មានពិធីបុណ្យ ណាវសុង (Nao Song) (ស្បថនៅដើមឆ្នាំ) ដែលប្រារព្ធឡើងនៅថ្ងៃរោងនៃខែទី (តាមច័ន្ទគតិ) ក្នុងព្រៃហាមឃាត់នៃភូមិ​។ ឬដូចជាពិធីបុណ្យ ញ៉ឹនសុង (Nhan Song) របស់ជនជាតិយ៉ាវ (Dao) បានប្រារព្ធឡើងក្នុងខែទី ១(តាមច័ន្ទគតិ) ជាមួយនឹងទម្រង់សិល្បៈប្រជាប្រិយ ដូចជា សិល្បៈរបាំរួម​ផ្សំ​ជាមួយសិល្បៈតន្ត្រី (ចម្រៀងអំពីទាហានមកពីមេឃ ការធ្វើ​ដំណើរ​ទ័ព ការបញ្ចៀសវិញ្ញាណអាក្រក់ ​...) សិល្បៈនៃពាក្យសំដីដែល​រៀបរាប់អំពីរឿង​ព្រេងនូវត្រកូលនាមបាន (Ban) ទ្រៀវ (Trieu) ដាំង (Dang) ... ពោលថា គុណូបការដ៏ធំធេងរបស់បុព្វបុរស រឿងព្រេងអំពីនៃព្រះនិងអាទិទេពមួយចំនួនក្នុងពិភពខាងវិញ្ញាណរបស់ជនជាតិ យ៉ាវ (Dao) ។

ក្នុងចំណោមពិធីបុណ្យនានារបស់បងប្អូនជនជាតិរស់នៅ សាប៉ា (Sa Pa) ពិធីបុណ្យ យ៉ោងបោក (Gioong Booc) របស់ជនជាតិយ៉ៃ (Giay) មានទ្រង់ទ្រាយធំ ដោយទាក់ទាញបងប្អូនជនជាតិ យ៉ៃ (Giay) ជនជាតិម៉ុង (Mong) និង ជនជាតិ យ៉ាវ(Dao) រាប់ពាន់នាក់នៅជ្រលងភ្នំ មឿង​ហ័រ (Muong Hoa) មកចូលរួម។ បងប្អូន​ជនជាតិ សា​ផ (Xa Pho) នៅភូមិ ណឹម​សាង (Nam Sang) រៀបចំពិធីបុណ្យបោសសម្អាតភូមិ នៅថ្ងៃទី ២ នៃខែទី ២ (តាមច័ន្ទគតិ ) ដែល​មានពិធីជាច្រើន ដើម្បីបណ្ដេញភាពចង្រៃ និងបួងសួង​សុំ​សេចក្តីសុខ។ បច្ចុប្បន្ន​នេះ ទ្រង់ទ្រាយ​នៃ​ពិធីបុណ្យ​ប្រពៃណី​របស់បងប្អូន​ជនជាតិ​កំពុង​ពង្រីក​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​ច្រើន​។

ពិធីអាពាហ៍ពិពាហ៍របស់បងប្អូនជនជាតិ​យ៉ាវ (Dao) ក្រហមនៅទីរួម​ខេត្ត សាប៉ា (Sa Pa)។ រូបថត៖ ហ័ងហា/កាសែតរូបភាពវៀតណាម

រឿងរ៉ាវគួរឱ្យចាប់អារម្មណ៍អំពីជីវភាពខាងវប្បធម៌របស់បងប្អូនជនជាតិរស់នៅ សាប៉ា (Sa Pa) ហាក់ដូចជាមានការ​រៀបរាប់ជារៀងរហូត ដោយមិនដែលអាក់ខានឡើយ ព្រោះនៅទីនេះមានតម្លៃវប្បធម៌រូបី និងអរូបីជាច្រើន ថែមទាំងប្រជាជនបាន​ថែរក្សាប្រកបដោយនិរន្តរភាព។ អ្វីៗ ទាំងអស់នៅ​តែ​រង់​ចាំ​ភ្ញៀវ​ទេសចរមក​និង​ស្វែង​យល់ ​ព្រោះ​ជា​រៀង​រាល់​ថ្ងៃ រាល់​រដូវនៅ សាប៉ា (Sa Pa) ធ្លាប់បានប្រៀបនឹង "បទ​ចម្រៀង" ថ្មី​មួយ​ដែល​មាន​សំឡេង​ខុសៗ​គ្នា និង​ចំណាប់​អារម្មណ៍​ផ្សេងៗ គ្នា។/.

  • អត្ថបទ៖ ថុង​ធៀន - រូបថត៖ ង្វៀន​ថាំង ហ័ងហា ផាមបាំង

    បច្ចេកទេសនិង​ក្រាហ្វិក៖ ត្រាងញុង


top