ទីក្រុងហូជីមិញ - ស្នាដៃអភិវឌ្ឍរយៈពេលកន្លះសតវត្សរ៍
កន្លះសតវត្សរ៍ចាប់តាំងពីថ្ងៃ ដែលយកលោកប្រធានហូជីមិញ ដាក់ឈ្មោះទីក្រុងជាផ្លូវការ ទីក្រុងធំបំផុតរបស់ប្រទេសវៀតណាម បានឆ្លងកាត់ដំណើរការអភិវឌ្ឍយ៉ាងគួរឱ្យចាប់អារម្មណ៍។ ភាពលំបាកនៃសម័យកាលក្រោយសង្គ្រាម ទីក្រុងហូជីមិញ បានបញ្ជាក់ខ្លួនជាបណ្តើរៗ នូវតួនាទីជាសសរស្តម្ភសេដ្ឋកិច្ច ជាមហាទីក្រុងទំនើប សកម្ម និងពោរពេញដោយភាពរស់រវើក ដែលជានិមិត្តសញ្ញាមួយក្នុងចំណោមនិមិត្តសញ្ញាដ៏លេចធ្លោ សម្រាប់នដំណើរការបន្លាស់ប្តូរថ្មី និងការធ្វើសមាហរណកម្ម។ល។
ភាពក្លាហានជម្នះការលំបាក និងមហិច្ឆតាក្លាយជាសសរស្តម្ភ
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ១៩៧៦ នៅសម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី៦ រដ្ឋសភាវៀតណាម បានអនុម័តសេចក្តីសម្រេចប្តូរឈ្មោះទីក្រុងសាយហ្គន - យ៉ាឌិញ (Saigon - Gia Dinh) ទៅជាទីក្រុងហូជីមិញ។ ការសម្រេចចិត្តជាប្រវត្តិសាស្ត្រនោះ មិនត្រឹមតែបង្ហាញពីមនោសញ្ចេតនា និងការគោរពរបស់ប្រជាជនទូទាំងប្រទេស ចំពោះលោកប្រធាន ហូជីមិញ ប៉ុណ្ណោះទេ ថែមទាំងបើកទំព័រថ្មី នៃការអភិវឌ្ឍ សម្រាប់ទីក្រុងធំបំផុតនៅភាគខាងត្បូងប្រទេសវៀតណាមផងដែរ។
ប៉ុន្មានឆ្នាំដំបូងបន្ទាប់ពីឯកភាពទឹកដី គឺជាដំណាក់កាល ដែលពោរពេញទៅដោយបញ្ហាប្រឈម។ ទីក្រុងត្រូវប្រឈមមុខនឹងការលំបាក ផ្នែកសេដ្ឋកិច្ច - សង្គមជាច្រើន ចាប់តាំងពីអតិផរណា កង្វះខាតទំនិញ អត់ការងារធ្វើ រហូតដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលនៅមានកម្រិត ក្រោយពីសង្គ្រាម។ ក៏ប៉ុន្តែ នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ទីក្រុងហូជីមិញ តែងតែបានបក្ស និងរដ្ឋចាត់ទុកជាសសរស្តម្ភសេដ្ឋកិច្ចធំបំផុត រក្សាតួនាទីជាកម្លាំងចលករកំណើនរបស់ប្រទេសជាតិ។
ក្រឡេកមើលមកកន្លះសតវត្សរ៍ ស្មារតីជម្នះការលំបាកនោះ បានប្រែក្លាយទៅជាប្រភពថាមពលដ៏ធំធេង បង្វែរទីក្រុងទៅជា "មហាការដ្ឋានសំណង់" ជាមួយនឹងគម្រោងយក្សខ្នាតអន្តរជាតិ។ ជាឧទាហរណ៍ ការសាងសង់ប្រព័ន្ធផ្លូវក្រវាត់ក្រុងខ្សែទី៣ ផ្លូវក្រវាត់ក្រុងខ្សែទី៤ តភ្ជាប់តំបន់ផ្លូវល្បឿនលឿនទីក្រុងហូជីមិញ - ម៉ុកបាយ (តីនិញ) និងជាពិសេសគឺប្រព័ន្ធផ្លូវរថភ្លើងក្នុងក្រុង (Metro) ដ៏ទំនើប។
បន្ទាប់ពីការរួមបញ្ចូលខេត្ត ទីក្រុងហូជីមិញ មានផ្ទៃដី ៦.៧៧២ គីឡូម៉ែត្រការ៉េ ចំនួនប្រជាជនប្រហែលជាង ១៤លាននាក់ កម្លាំងពលកម្មប្រហែល ៧,៦៧លាននាក់។ ទីក្រុងដាក់គោលដៅដល់ឆ្នាំ២០៣០ ក្លាយជាទីក្រុងស៊ីវិល័យ ទំនើប ជាមជ្ឈមណ្ឌលនវានុវត្តន៍សកម្ម និងសមាហរណកម្មស៊ីជម្រៅ។ មានទីតាំងលេចធ្លោនៅតំបន់អាស៊ីអាគ្នេយ៍។ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ ខិតខំស្ថិតក្នុងក្រុមទីក្រុងទាំង១០០ ដែលមានគុណភាពជីវិតល្អបំផុត នៅលើពិភពលោក ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច - ហិរញ្ញវត្ថុ - សេវាកម្ម - ការអប់រំ - សុខាភិបាល នៃអាស៊ី ជាអាសយដ្ឋានទាក់ទាញទូទាំងសកលលោក អភិវឌ្ឍប្រកបដោយលក្ខណៈពិសេស ចីរភាព និងសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌។
ឈានចូលដំណាក់កាលបច្ចុប្បន្ន ទីក្រុងបន្តបង្កចំណាប់អារម្មណ៍ខ្លាំងលើស្នាដៃសំខាន់ៗ តាមរយៈការដាក់ពង្រាយយន្តការពិសេសលេចធ្លោ ស្របតាមបទប្បញ្ញត្តិរបស់រដ្ឋសភា ដោយមានការបើកផ្លូវសម្រាប់ទម្រង់អភិវឌ្ឍន៍ប្រកបដោយរបកគំហើញ ដូចជាបណ្តាញគមនាគមន៍ TOD (ការអភិវឌ្ឍទីក្រុងផ្តោតលើការដឹកជញ្ជូនសាធារណៈ) និងតម្រង់ទិសផ្លូវរថភ្លើងល្បឿនលឿន ពីសង្កាត់បេនថាញ់ (Ben Thanh) ទៅកឹនយើ (Can Gio)។ ចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែងរបស់ទីក្រុងនាយុគសម័យថ្មី មិនបង្អង់ត្រឹមការពង្រីកលំហតាមទិសទទឹងប៉ុណ្ណោះ ប៉ុន្តែឆ្ពោះទៅរកការរចនាសម្ព័ន្ធក្រុងឆ្លាតវៃ បន្សាំខ្លួនយ៉ាងបត់បែនទៅនឹងបម្រែបម្រួលអាកាសធាតុ និងការផ្លាស់ប្តូរបៃតង ដោយទូលំទូលាយ។
ជាពិសេស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ទីក្រុងហូជីមិញ បានបើកការដ្ឋានសាងសង់គម្រោងខ្នាតធំចំនួន៤ រួមមាន៖ ទីលានមជ្ឈមណ្ឌល និងមជ្ឈមណ្ឌលរដ្ឋបាលទីក្រុងហូជីមិញ ខ្សែផ្លូវរថភ្លើងលេខ២ ពីសង្កាត់បេនថាញ់ (Ben Thanh) - ធូធីម (Thu Thiem) តំបន់ទីប្រជុំជនសាកលវិទ្យាល័យអន្តរជាតិ គម្រោងសួនឧទ្យានបេនញ៉ារុង (Ben Nha Rong) - ខាញ់ហូយ (Khanh Hoi) បើកនូវសោភ័ណភាពថ្មីសម្រាប់មហាក្រុងមួយ ដែលមានប្រជាជនជាង ១៤លាននាក់ នៅពេលអនាគត។
ថ្លែងសុន្ទរកថាក្នុងពិធីបើកការដ្ឋានសាងសង់ លោកង្វៀន វ៉ាន់ដឿក (Nguyen Van Duoc) - ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានបញ្ជាក់ថា៖ "គម្រោងដែលបានបើកការដ្ឋាន និងដាក់ឱ្យដំណើរការនៅថ្ងៃនេះ នឹងចូលរួមចំណែកក្នុងការរៀបចំកំណត់ទម្រង់មហាក្រុងមួយ ដែលមានទំហំកម្រិតអន្តរជាតិ និងតំបន់។ នឹងបង្កើតលំហអភិបាលដោយភាពទំនើប តម្លាភាព បម្រើប្រជាជនកាន់តែប្រសើរ។ បើកចេញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈ ដែលមានលក្ខណៈតភ្ជាប់ និងការដឹកនាំ។ ព្រមទាំងគ្រឹះស្ថានវប្បធម៌មួយ ដែលរួមបញ្ចូលសម្រប រវាងការអភិវឌ្ឍសហសម័យ និងការរក្សានូវតម្លៃប្រវត្តិសាស្ត្រ - វប្បធម៌"។
មហាក្រុងទំនើប ស៊ីវិល័យ និងពោរពេញដោយមនោសញ្ចេតនា
ដើម្បីកត់សម្គាល់ការផ្លាស់ប្តូរនៃទីក្រុងមួយ ហេដ្ឋារចនាសម្ព័ន្ធ និងចរាចរណ៍ តែងតែជារង្វាស់ដែលងាយមើលឃើញបំផុត។ បន្ទាប់ពីរយៈពេល ៥០ឆ្នាំគត់ ដែលមានកិត្តិយសបានដាក់របស់លោកប្រធានហូជីមិញ ទីក្រុងហូជីមិញ បានផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ពីទីក្រុងបែបចាស់ដែលកកកុញ ចង្អៀត និងថប់ដង្ហើម ទៅជា "មហាក្រុង" ដ៏ទំនើប និងសកម្មបំផុតនៅក្នុងប្រទេស ជាមួយនឹងអគារខ្ពស់កប់ពពក មហាវិថីធំទូលាយ និងស្ពានដែលមានស្ថាបត្យកម្មពិសេស តភ្ជាប់ច្រាំងទាំងពីរនៃទន្លេសាយហ្គន។
សាក្សីជាក់ស្តែងបំផុត សម្រាប់ការលោតផ្លោះនេះ គឺជានិមិត្តសញ្ញាស្ថាបត្យកម្ម ដែលបន្សល់ទុកនូវស្នាដៃប្រចាំសតវត្សរ៍នៃទីក្រុង ឆ្លងកាត់សម័យកាលនីមួយៗដូចជា៖ អគារហិរញ្ញវត្ថុ Bitexco (Bitexco Financial Tower) ដែលមានរាងដូចផ្កាឈូក តំណាងឱ្យសេចក្តីប្រាថ្នាឈានឡើង ក្នុងប៉ុន្មានឆ្នាំដំបូងនៃការផ្លាស់ប្តូរថ្មី។ Landmark 81 ដែលជាអគារមួយ ស្ថិតក្នុងចំណោមអគារខ្ពស់បំផុត នៅលើពិភពលោក តំណាងឱ្យឆន្ទៈ កម្លាំង និងភាពរុងរឿង នៃប្រទេសវៀតណាមទំនើប។
ស្នាដៃនៃដំណើរការអភិវឌ្ឍ បានបង្ហាញយ៉ាងច្បាស់នៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលកាន់តែមានភាពទំនើប។ ជាមួយនឹងផ្លូវថ្នល់ជាង ៤.០០០ គីឡូម៉ែត្រ រួមជាមួយស្ពានតូចធំរាប់រយ ទីក្រុងហូជីមិញបានពង្រីកលំហទីក្រុងជាបណ្តើរៗ និងបង្កើនសមត្ថភាពតភ្ជាប់។ សំណង់ជាច្រើនដូចជា មហាវិថី វ៉ វ៉ាន់កៀត (Vo Van Kiet) (កើត-លិច) មហាវិថី ង្វៀន វ៉ាន់ឡិញ (Nguyen Van Linh) មហាវិថី ផាម វ៉ាន់ដុង (Pham Van Dong) ផ្លូវដៀនបៀនភូ (Dien Bien Phu) ផ្លូវរូងក្រោមដីឆ្លងទន្លេធូធិម (Thu Thiem) ស្ពានបាសន (Ba Son) ឬស្ពានភូមី (Phu My) បានក្លាយជាស្នាដៃជិតស្និទ្ធនៅក្នុងជីវភាពរស់នៅក្រុង។
ជាពិសេស ខ្សែផ្លូវរថភ្លើង Metro លេខ១ បេនថាញ់ (Ben Thanh) - ស៊ុយតៀន (Suoi Tien) គឺជាជំហានផ្លាស់ប្តូរដ៏សំខាន់ នៅក្នុងដំណើរការទំនើបកម្មការដឹកជញ្ជូនសាធារណៈ។ មិនត្រឹមតែកាត់បន្ថយរយៈពេលធ្វើដំណើរប៉ុណ្ណោះ ខ្សែផ្លូវរថភ្លើង Metro ដំបូងរបស់ទីក្រុងនេះ ក៏រួមចំណែកបង្កើតរបៀបរស់នៅទីក្រុងថ្មី ស៊ីវិល័យ និងជិតស្និទ្ធបរិស្ថានផងដែរ។
ទន្ទឹមនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងហូជីមិញក៏បានលះបង់ធនធានជាច្រើន សម្រាប់ការស្តារប្រឡាយ ការកែលម្អទីក្រុង បន្លាស់ទីលំនៅ ផ្ទះបណ្តោះអាសន្នតាមមាត់ទន្លេ និងការពង្រីកលំហបៃតងផងដែរ។ ការខិតខំប្រឹងប្រែងទាំងនោះ ឆ្លុះបញ្ចាំងពីទិសដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព យកគុណភាពជីវិតរបស់ប្រជាជនជាស្នូល។
កម្លាំងចលករថ្មីមួយ សម្រាប់អនាគត កើតចេញពីការពង្រីកលំហអភិវឌ្ឍន៍ តាមរយៈការបញ្ចូលបន្ថែម ខេត្តប៊ិញយឿង (Binh Duong) និងបារៀ (Ba Ria) - វុងតាវ (Vung Tau) ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយនឹងទំហំទ្រង់ទ្រាយថ្មី ទីក្រុងនេះ បានរំពឹងថានឹងក្លាយទៅជាមហាក្រុងពហុមជ្ឈមណ្ឌល ដែលជាប៉ូលកំណើនដ៏លេចធ្លោ ព្រមទាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ភស្តុភារ (logistics) ឆ្លាតវៃ សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង ឈានមុខនៅក្នុងតំបន់អាស៊ី។
ការផ្លាស់ប្តូរទាំងនោះ មិនត្រឹមតែមានវត្តមាន តាមរយៈសំណង់ទំនើបៗប៉ុណ្ណោះទេ ថែមទាំងអាចឃើញយ៉ាងច្បាស់នៅក្នុងចង្វាក់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនទៀតផង។ អង្គុយក្នុងហាងកាហ្វេក្បែរមាត់ទន្លេសាយហ្គន សម្លឹងមើលទៅតំបន់មជ្ឈមណ្ឌល ដែលកំពុងផ្លាស់ប្តូរឥតឈប់ឈរ លោក ង្វៀន វ៉ាន់ហាយ (Nguyen Van Hai) (អាយុ៧៥ឆ្នាំ) អ្នកដែលបានរស់នៅផ្សារភ្ជាប់ជាមួយទីក្រុង តាំងពីមុនឆ្នាំ១៩៧៥ បានចែករំលែកដោយក្តីរំភើបថា៖ "ប្រសិនបើ នរណាម្នាក់ធ្លាប់បានរស់នៅក្នុងទីក្រុងនេះ នៅថ្ងៃដំបូងក្រោយពីឆ្នាំ១៩៧៥ រហូតមកដល់បច្ចុប្បន្ន នឹងបានឃើញពីតម្លៃពេញលេញ នៃការផ្លាស់ប្តូរនៅថ្ងៃនេះ។ ជីវភាពរស់នៅផ្នែកសម្ភារៈប្រសើរជាងមុនច្រើន ឱកាសការងារក៏កាន់តែទូលំទូលាយជាងដែរ។ ជីវិតខាងស្មារតីកាន់តែសម្បូររបែប និងចម្រុះពណ៌។ ទីក្រុងនេះ មិនត្រឹមតែមានភាពមានបាន និងទំនើបជាងមុនប៉ុណ្ណោះទេ ថែមទាំងនៅតែរក្សាបានយ៉ាងខ្ជាប់ខ្ជួន នូវមនោសញ្ចេតនា ក្តីស្រឡាញ់ ភាពអត់ឱន និងការស្វាគមន៍រាក់ទាក់។ បានរស់នៅ និងឃើញទីក្រុងផ្លាស់ប្តូរថ្មី ក្នុងរយៈពេល៥០ឆ្នាំ ខ្ញុំពិតជាមានសំណាង និងមានមោទនភាពណាស់!"។
កន្លះសតវត្សរ៍ ដែលយកឈ្មោះ អ៊ំហូ ទីក្រុងបាននិងកំពុងបន្តសរសេរទំព័រប្រវត្តិសាស្ត្រមាស ដោយភាពក្លាហាន បញ្ញា និងមហិច្ឆតាឈានទៅមុខជានិច្ច។ ឥដ្ឋហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ដែលបានដាក់ចុះនៅថ្ងៃនេះ គឺជាការបញ្ជាក់យ៉ាងរឹងមាំ សម្រាប់អនាគតភ្លឺស្វាង នៃមហាក្រុងហូជីមិញ - បេះដូងសេដ្ឋកិច្ច នវានុវត្តន៍ និងការច្នៃប្រតិដ្ឋ នៃប្រទេសជាតិទាំងមូល៕
អត្ថបទ៖ សើនងៀ
រូបថត៖ ឡេមិញ ង្វៀនឡឹន ថុងហាយ/VNP ត្រឹន ថេផុង យ៉ាងសឺនដុង ត្រឹន ឡេហ្វី និងVNA
ប្រែសម្រួល៖ រីកើង


















