ទីក្រុងឆ្នេរសមុទ្រ ញ៉ាត្រាង (Nha Trang)

ទីក្រុងឆ្នេរសមុទ្រ ញ៉ាត្រាង (Nha Trang)

ទីក្រុងឆ្នេរសមុទ្រ ញ៉ាត្រាង (Nha Trang) គឺជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌នៃខេត្ត ខាញហ័រ (Khanh Hoa) ។ នៅទីនេះក៏មានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ជាច្រើនដែលបង្កប់នូវអរិយធម៌ចំប៉ាបុរាណ។ ជាពិសេស ជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់បំព្រង និងអស្ចារ្យ ឈូងសមុទ្រ ញ៉ាត្រាង (Nha Trang) គឺជាឈូងសមុទ្រទីពីររបស់វៀតណាម បន្ទាប់ពីឈូងសមុទ្រ ហាឡុង (Ha Long) ត្រូវបានទទួលស្គាល់ថា ជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក។ ដោយភាពស្រស់ស្អាតពិសេសនៃទីក្រុងឆ្នេរសមុទ្រ ញ៉ាត្រាង (Nha Trang)ផ្លូវនៅម្ខាងសមុទ្រនៅម្ខាងទៀត តែងតែធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ ហើយវាក្លាយជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរបរទេសនៅពេលដែលពួកគេមានឱកាសមកលេងទីក្រុងញ៉ាត្រាង (Nha Trang) នៃប្រទេសវៀតណាម។

ជ្រុងមួយនៃទីក្រុងឆ្នេរសមុទ្រ ញ៉ាត្រាង (Nha Trang) (ខេត្ត​ខាញហ័រ (Khanh Hoa))។ រូបថត៖ ហ័ងហា/VNP

ភាពបុរាណនៅកណ្តាលទីក្រុងឆ្នេរសមុទ្រ

មកដល់ទីក្រុងឆ្នេរសមុទ្រ ញ៉ាត្រាង (Nha Trang) ដ៏ស្រស់បំព្រង និងរស់រវើក ក្រៅពីការសម្រាកលំហែកាយនិងទស្សនាទេសភាពសមុទ្រដ៏ស្រស់បំព្រង ភ្ញៀវទេសចរក៏មានឱកាសស្វែងយល់នូវកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាច្រើន សំណង់វប្បធម៌ដ៏ល្បីល្បាញ ដែលមានរចនាបទស្ថាបត្យកម្មប្លែកៗជាច្រើន។

ក្នុងនាមជាទឹកដីដែលធ្លាប់ដើរតួនាទីសំខាន់ក្នុងប្រវត្តិសាស្ត្រនៃនគរចំប៉ាបុរាណ ដូច្នេះនាសព្វថ្ងៃនេះ ទីក្រុងញ៉ាត្រាង (Nha Trang) នៅតែរក្សាបាននូវបេតិកភណ្ឌវប្បធម៌ចំប៉ាជាច្រើន។ ជាពិសេសអ្វីៗដែលលេចធ្លោជាងគេនោះ គឺប៉ម Po Naga ( ភាសាខ្មែរគេហៅថា ពោនគរ) ដែលជាសំណង់ស្ថាបត្យកម្មចំប៉ាបុរាណដ៏ស្រស់ស្អាត ដែលត្រូវបានសាងសង់ឡើង នៅពាក់កណ្តាលសតវត្សទី ៨ នៅលើកំពូលភ្នំ​តូចមួយ ដែលមានកម្ពស់ប្រហែល ២០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ចំងាយពីកណ្តាលក្រុងមិនឆ្ងាយប៉ុន្មានឡើយ។ កន្លែង​នេះ​ធ្លាប់​ជា​មជ្ឈមណ្ឌល​សាសនា​សម្រាប់សក្ការៈបូជាចំពោះព្រះពោធិនគរ​ដែលជា​មាតាបង្កើត​ជនជាតិ​ចាម​។ ក្រោយមក ជនជាតិវៀតណាមបានទទួលមរតកនេះ ថែរក្សា និងអភិវឌ្ឍន៍បានក្លាយជាព្រះម៉ែ ធៀន អ៊ីថាញ់ម៉ៅ (Thien Y Thanh Mau) ឬ ព្រះមាតាធៀន អ៊ីអាណា (Thien Y A Na) ជាព្រះអង្គដែលសក្ការៈបូជាដោយប្រជាជនវៀតណាម និងចាមនៅភាគកណ្តាលប៉ែក​ខាងត្បូង ។

ផ្លូវនាំទៅកាន់​ប៉ម Ponagar  ។ រូបថត៖ ដូតួន​ង៉ុក

ប៉ម Ponagar  ជាសំណង់ស្ថាបត្យកម្មដ៏ពិសេសមួយរបស់ជនជាតិចាម ដែលត្រូវបានសាងសង់ឡើងដោយថ្មម្តុំៗ ត្រូវបានធ្វើពីដីឥដ្ឋ ចម្រាញ់កខ្វក់ចេញ និងដុតក្នុងសីតុណ្ហាភាព៩០០០C ។ ក្នុង​ពេលដុត ត្រូវធានាអោយដុំថ្មមិនចាស់ពេក ឬខ្ចីពេក ពីព្រោះថ្មចាសពេកមិនអាចកែច្នៃបាន ឬខ្ចីពេកគឺងាយបែក។ បន្ទាប់នោះ ជាងនឹងសំលៀងថ្មជាមួយគ្នា ​ហើយប្រើកាវរុក្ខជាតិដើម្បីភ្ជាប់ថ្មទាំងអស់ជាមួយគ្នា​។ ប៉ម​សក្ការៈបូជាសំខាន់​ ស្ថិត​នៅ​កណ្តាល​មាន​កម្ពស់​ប្រហែល ២៣​ ម៉ែត្រ ដែលគេហៅថា ប៉ម Ponagar  ឬ​ ប៉ម​បា ដែល​ពីដើម​បាន​សក្កាៈបូជាចំពោះព្រះ​ព្រះម៉ែបាវ៌តី។ រូបចម្លាក់ និងការតុបតែងលំអ នៅក្នុងបរិវេណប៉ម ប្រាសាទ សុទ្ធតែមានភាពស្រស់ស្អាត និងល្អឆើតដែលត្រូវបានអ្នកស្រាវជ្រាវសិល្បៈចាត់ទុកថាជាស្នាដៃដ៏ឆ្នើមនៃចម្លាក់ចំប៉ាបុរាណ។

សំណង់ស្ថាបត្យកម្មពិសេសមួយទៀតដែលអ្នកទេសចរមិនអាចរំលងបានទេ នៅពេលទៅទស្សនាទីក្រុងឆ្នេរសមុទ្រ ញ៉ាត្រាង (Nha Trang) គឺវិហារកាតូលិក ចាញ​ទ័រញ៉ាត្រាង (Chanh Toa Nha Trang) ។ វិហារនេះមានទីតាំងនៅកណ្តាលទីក្រុង ស្ថិតនៅលើភ្នំខ្ពស់មួយ ដែលបានចាប់ផ្តើមកសាងនៅឆ្នាំ ១៩២៨ និងបញ្ចប់នៅឆ្នាំ ១៩៤១។ កាលពីអតីតកាល តំបន់នោះគឺជាដីព្រៃ ដើម្បីកសាងវិហារកាតូលិកនេះ ប្រជាជនបានបំផ្ទុះគ្រាប់មីនចំនួន ៥០០ គ្រាប់ ដើម្បីធ្វើ​កំពូលភ្នំនេះក្លាយទៅ​ជា​រាបស្មើ ហើយ​ផ្ទៃដីសាងសង់រហូតដល់ ៤៥០០ ម៉ែត្រការេ ។

ជាងពីរភាគបីនៃសតវត្សបានកន្លងផុតទៅ វិហារកាតូលិក ចាញទ័រញ៉ាត្រាង (Chanh Toa Nha Trang) នៅតែរក្សាបាននូវការរចនាដើម ក៏ដូចជាស្ថាបត្យ​កម្ម Gotic ពិសេស។ បច្ចុប្បន្ន ក្រៅ​ពី​ម៉ោង​រៀបចំ​ពិធិ វិហារកាតូលិក​ក៏​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ និង​បរទេស​មក​ទស្សនា។ ក្រៅ​ពី​ការ​ស្វែង​យល់​ពី​សម្រស់​វិហារ​ដែល​មាន​ទីតាំង​ខ្ពស់​នៃ​ភ្នំ​នេះ ភ្ញៀវទេសចរក៏​អាច​មើល​ឃើញ​នូវ​ទេសភាព​នៃ​ទីក្រុង​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​និង​រ៉ូមែនទិកនៃ​ខេត្ត ញ៉ាត្រាង (Nha Trang) ផង​ដែរ។

ទីក្រុងឆ្នេរសមុទ្រញ៉ាត្រាង​ (Nha Trang) ទាំងយប់ ឬថ្ងៃ មានភាពស្រស់ស្អាតគួរឲ្យទាក់ទាញ ដោយរូបភាពនៃផ្លូវនៅម្ខាងនិងសមុទ្រនៅម្ខាងទៀត។ ជាពិសេស ឆ្នេរសមុទ្រ​ ញ៉ាត្រាង (Nha Trang) ដែលជាឆ្នេរដ៏ស្រស់ស្អាតបំផុតរបស់ប្រទេសវៀតណាម មានប្រវែងជាង ១០ គីឡូម៉ែត្រ មានរាងដូចព្រះច័ន្ទអឌ្ឍចន្ទដ៏ស្រទន់ ឱបក្រសោបឈូងសមុទ្រ ញ៉ាត្រាង (Nha Trang) ដែលតែងតែជាគោលដៅកំពូលនៃអ្នកធ្វើដំណើរដែលចូលចិត្តរីករាយនឹងខ្យល់អាកាសបរិសុទ្ធនៃសមុទ្រ។

ស្វែងយល់ឈូតសមុទ្រ ញ៉ាត្រាង (Nha Trang)៖

ដើម្បីស្វែងយល់ពីភាពស្រស់ស្អាតទាំងអស់នៃទីក្រុង ញ៉ាត្រាង ( Nha Trang) គឺមិនពេញលេញទេ ដោយមិននិយាយអំពីឈូងសមុទ្រ ញ៉ាត្រាង (Nha Trang) ត្រូវបានគេប្រដូចទៅនឹង "ឋានសួគ៌" នៃទេសចរណ៍សមុទ្រនៅតំបន់ភាគកណ្តាលប៉ែកខាងត្បូង។ ឈូងសមុទ្រ ញ៉ាត្រាង (Nha Trang) ត្រូវបានគេស្គាល់ឈ្មោះផ្សេងទៀតគឺឈុងសមុទ្រ ប៊ិញកាង (Binh Cang) គឺជាឈូងសមុទ្រដែលមានទីតាំងនៅភាគខាងកើតនៃទីក្រុងដែលមានផ្ទៃដីសរុបប្រហែល ២៤.៩៥៧ ហិកតា។ នៅក្នុងឈូងសមុទ្រមានកោះធំៗ និងកោះតូចៗចំនួន ១៩  ដែលធំជាងគេគឺកោះ ហនត្រែ (Hon Tre) ដែលមានផ្ទៃដី ៣.២៥០ ហិកតា និងកោះតូចជាងគេគឺកោះហនណក (Hon Noc) ដែលមានផ្ទៃដីប្រហែល ៤ ហិកតា។

ឈូងសមុទ្រ ញ៉ាត្រាង (Nha Trang) ត្រូវបានទទួលស្គាល់ថា ជាឈូងសមុទ្រមួយក្នុងចំណោមឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតទាំង ២៩ នៅលើពិភពលោក។ ជាពិសេស កន្លែងនេះមានភាពល្បីល្បាញដោយប្រព័ន្ធអេកូឡូស៊ីត្រូពិចដ៏កម្រ ជាមួយនឹងផ្កាថ្មដ៏ស្រស់ស្អាតដែលជាជ្រកក្រោមទឹកថ្លា និងប្រភេទសត្វសមុទ្រដ៏កម្រ និងចម្រុះពណ៌រាប់រយប្រភេទ។

ទេសភាពរួមនៃកោះ ហនណូយ (Hon Noi) ។ រូបថត៖ VNP

នៅក្នុងឈូងសមុទ្រមាន ហនមុន (Hon Mun) ជាតំបន់បានហ៊ុំព័ទ្ធជុំវិញដោយសមុទ្រ ដែលត្រូវបានគេចាត់ទុកថា មានជីវចម្រុះច្រើនបំផុតនៅអាស៊ីអាគ្នេយ៍។ ដូច្នេះហើយ មកទល់នឹងពេលនេះ ហនមុន (Hon Mun)  នៅតែត្រូវបានចាត់ទុកថាជាកន្លែងជ្រមុជទឹកដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រទេស វៀតណាម។

កោះត្រចៀក​កាំ ហនណូយ (Hon Noi) ក៏​ជា​កន្លែង​ទាក់ទាញ​ដែល​ត្រូវ​មកទស្សនា ក្នុង​ដំណើរការស្វែង​យល់ទីក្រុង​ឆ្នេរមុទ្រ ​ ញ៉ាត្រាង (Nha Trang)។ មកដល់ ហនណូយ (Hon Noi) ភ្ញៀវទេសចរនឹងទៅទស្សនាប្រាសាទសក្ការៈបូជាចំពោះបុព្វបរុស​​ប្រកបមុខរបរ​​រកសំបុកត្រចៀក​កាំ ស្តាប់រឿងរ៉ាវអំពីប្រវត្តិនៃមុខរបររកសំបុកត្រចៀក​កាំ ទស្សនារូងភ្នំដែល​​ត្រចៀកកាំធ្វើ​សំបកលើច្រាំងថ្ម... និងមុជខ្លួននៅក្នុងសទឹកមុទ្រខៀវថ្លា។


ជាពិសេស កោះ ហនត្រែ (Hon Tre) ត្រូវបានចាត់ទុកថាជា ឋានសួគ៌ នៃការកម្សាន្ត និង​លំហែកាយ នៅឈូងសមុទ្រ​ញ៉ាត្រាង (Nha Trang) ដោយសារនៅទីនោះមានមណ្ឌលលំហែកាយ Vinpearl ញ៉ាត្រាង (Nha Trang) ដែលជាមណ្ឌល​លំហែកាយ ​លេងកម្សាន្តនិង​ស្វែងយល់នូវសមុទ្រឈានមុខគេ នៅអាស៊ីអាគ្នេយ៍។

តភ្ជាប់ពីទីក្រុងញ៉ាត្រាង (Nha Trang) ទៅកោះ ហនត្រែ (Hon Tre) គឺជារថយន្តខ្សែកាបឆ្លងសមុទ្រដ៏ល្បីល្បាញដែលមានប្រវែងជាង ៣ គីឡូម៉ែត្រដែលត្រូវបានទទួលស្គាល់ដោយអង្គការ Guinness World Record ថា ជារថយន្តខ្សែកាបឆ្លងសមុទ្រដែលវែងជាងគេលើពិភពលោក។ ពីកាប៊ីននៃរថយន្តខ្សែកាបឆ្លងកាត់សមុទ្រ ភ្ញៀវទេសចរនឹងមើលឃើញដោយផ្ទាល់ភ្នែកនូវទេសភាពដ៏អស្ចារ្យ និងស្រស់ស្អាតនៃឈូងសមុទ្រ ញ៉ាត្រាង (Nha Trang) រួមមាន៖ ទឹកសមុទ្រ​ពណ៌ខៀវថ្លា កប៉ាល់ នាវាធ្វើ​ដំណើរ​ទៅមកទៅវិញ​ដ៏អ៊ូអរ និងកោះធំនិង​កោះ​តូច​លេចចេញ​តាម​រូបរាង​ជាច្រើន។

មកទស្សនាមណ្ឌល​លំហែកាយ​ Vinpearl ញ៉ាត្រាង (Nha Trang) នៅលើកោះ ហន​ត្រែ (Hon Tre) ភ្ញៀវ​ដូចជា​វង្វេង​ផ្លូវវក្នុងពិភពកម្សាន្តកំពូល នៅ​មណ្ឌល Vinwonder  រួមមានហ្គេមដ៏ទាក់ទាញ ប្លែកៗថ្មី និងទំនើបជាច្រើនសម្រាប់ភ្ញៀវ​ទេសចរស្វែងយល់ទទួល​បទពិសោធន៍ និងចូល​រយមក្នុង​លេងកម្សាន្តដូចជា៖ ជិះខ្សែរ៉ូតមានប្រវែង  ៨០០ ម៉ែត្រ ដែលខ្សែរ៉ូតវែងបំផុត ចោតបំផុត និងខ្ពស់បំផុត នៅវៀតណាម; ស្វែងយល់ពីសម្រស់ដ៏អស្ចារ្យនៃបាតសមុទ្រ ញ៉ាត្រាង (Nha Trang) ដោយជិះនាវា​មុជទឹក Vinpearl ញ៉ាត្រាង (Nha Trang)  ដែលជានាវាមុជទឹកស្វែងយល់បាតសមុទ្រដើរដោយអគ្គិសនី​ដំបូងគេនៅពិភពលោក។

នាវា​នោះជានាវាដំបូងបង្អស់របស់ពិភពលោក ដែលមានជញ្ជាំងជាកញ្ចក់ថ្លា និងផ្តល់ចក្ខុវិស័យ ៣៦០ ដឺក្រេដែលជា​ ។ ភ្ញៀវ​ទេសចរ​អាច​ទស្សនា​កម្មវិធីសម្តែងការប្រគុំតន្ត្រីទឹក និងរីករាយជាមួយកម្មវិធីសម្តែង "រាប់លានដុល្លា" តាតា Show; ស្វែងយល់នូវភាពស្រស់ស្អាតនៃសួនផ្កាដែល​មាន​បណ្តាប្រភេទផ្កាមកពីទ្វីបទាំង ៥ លើពិភពលោក ឬទទួលបានបទពិសោធន៍ នៅពេល​ទស្សនាសួន​សត្វពាក់កណ្តា ព្រៃ King's Garden ដែលជាជម្រកសត្វកម្រជាច្រើនប្រភេទ នៅក្នុងពិភពលោក។ ទស្សនាភពបាតសមុទ្រដែលមានទំហំ ៣៤០០ម៉ែត្រការ៉េ ជាមួយនឹងសត្វសមុទ្រដ៏កម្រ និងគួរឱ្យស្រឡាញ់ជាង ៣០០ ប្រភេទ... និងចូលរួមក្នុងហ្គេមផ្សងព្រេងជាច្រើនទៀត។

ជាពិសេស មកដល់កោះ​ហនត្រែ (Hon Tre) ភ្ញៀវ​ទេសចរមាន​ឱកាស​សំរាកលំហែកាយ នៅក្នុងបណ្តាវីឡាលំដាប់ផ្កាយ ៥ របស់ Vinpearl។ ភ្ញៀវទេសចរស្នាក់នៅទីនេះមិនត្រឹមតែប្រើប្រាស់សេវាកម្មថែទាំ និងសេវាកម្មដ៏ប្រណិតលំដាប់ថ្នាក់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងមានឱកាសសាកល្បងនៅទីលានវាយកូនហ្គោលមាន ១៨ រន្ធ តាមស្តង់ដារអន្តរជាតិ និងសេវាកម្មផ្សេងៗ ទៀត​ដែល​ជាប់លំដាប់ខ្ពស់ជាច្រើនទៀត។

ទីក្រុងឆ្នេរសមុទ្រ​ ញ៉ាត្រាង (Nha Trang) សព្វថ្ងៃកំពុងផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ស្របនឹងជីវិតទំនើប ស្វាហាប់ ច្នៃប្រឌិត និងអភិវឌ្ឍន៍។ ទីក្រុងឆ្នេរសមុទ្រដ៏ស្រស់បំព្រងមួយនេះបាន កំពុង នឹងបន្សល់ទុកនូវចំណាប់អារម្មណ៏ដ៏ល្អប្រសើរនៅក្នុងចិត្តភ្ញៀវទេសចរ។ ទោះបីជាបានមកដល់តែម្តងក៏ដោយ ក៏ពួកគេមិនអាចបំភ្លេចបានដែរ៕

មណ្ឌលលេងកម្សាន្ត VinPearl នៅលើកោះ ហនត្រែ (Hon Tre) (ទីក្រុង ញ៉ាត្រាង (Nha Trang)/ខេត្ត ខាញហ័រ (Khanh Hoa)) ជាគោលដៅដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងទីក្រុងនេះ។ រូបថត៖ ហ័ងហា/VNP

អត្ថបទ៖ ថុង​ហាយ រូបថត៖ ហ័ងហា ដូ តួនង៉ុក  VNP និង​ឯកសារ

ប្រែសម្រួលដោយង្វៀនយ៉ាង


top