ទីក្រុង ដាណាំង (Da Nang) ក្នុងរដូវផ្កាត្រសេតពណ៌លឿង និងស្វាកន្ទុយសជើងក្រហម
ជារៀងរាល់ឆ្នាំ ចាប់ពីខែមីនា ដល់ខែមេសា នៃប្រតិទិនសុរិយគតិ ព្រៃឈើនៅលើឧបទ្វីប សើនត្រា (Son Tra) ក្នុងទីក្រុង ដាណាំង (Da Nang) មានពណ៌លឿងភ្លឺនៃផ្កាត្រសេត ហើយនេះជារដូវដែលដើមឈើដុះលូតលាស់យ៉ាងល្អ ដើមឈើមានមែកខ្នែងជាច្រើន ទាក់ទាញសត្វស៊ីស្លឹកមក និងរកស៊ី ជាពិសេសគឺសត្វស្វាកន្ទុយសជើងក្រហម ដែលជាសត្វដ៏ស្រស់ស្អាត គេស្គាល់ថាជា “ម្ចាស់ក្សត្រីនៃទោចម្កុដ”។
ស្វាកន្ទុយសជើងក្រហម (មានឈ្មោះវិទ្យាសាស្ត្រPygathrix nemaeus) ជាក្រុមស្វាស៊ីស្លឹក ប៉ុន្តែជួនកាល ពួកវាស៊ីផ្លែឈើ ឬគ្រាប់តាមរដូវកាលផ្សេងៗ ។ ជាធម្មតា ស្វាកន្ទុយសជើងក្រហម រស់នៅ និងលោតផ្លោះពីមែកឈើមួយទៅមែកឈើមួយ ក្នុងព្រៃ ប៉ុន្តែពេលខ្លះវានៅតែចុះទៅដី ដើម្បីផឹកទឹក ឬស៊ីដី ដើម្បីបន្ថែមសារធាតុរ៉ែ។
ស្វាកន្ទុយសជើងក្រហម គឺជាប្រភេទសត្វកម្រ ដែលរស់នៅតែក្នុងតំបន់ឥណ្ឌូចិន ដែលត្រូវបានចាត់ចំណាត់ថ្នាក់ថា ប្រភេទស្វតជិតផុតពូជនៅក្នុងសៀវភៅក្រហមវៀតណាម និង IUCN ពិភពលោក ។ យោងតាមមជ្ឈមណ្ឌលអភិរក្សជីវចម្រុះ វៀតណាមពណ៌បៃតង (GreenViet) ដែលជាអង្គការកំពុងប្រតិបត្តិការលើវិស័យអភិរក្សជីវចម្រុះ នៅភាគកណ្តាល តំបន់ តីង្វៀន (Tay Nguyen) នៅឧទ្វីប សើនត្រា (Son Tra) ទីក្រុង ដាណាំង (Da Nang) បច្ចុប្បន្នមានស្វាកន្ទុយសជើងក្រហមជាង ១៣០០ ក្បាល រស់នៅក្នុងបរិស្ថានធម្មជាតិ ដែលជាបរិមាណសត្វស្វាប្រភេទនេះដ៏ច្រើនបំផុត និងមាននិរន្តរភាពបំផុត នាពេលបច្ចុប្បន្ននេះ។
អាស្រ័យលើតំបន់ សត្វស្វាកន្ទុយស ជើងក្រហមមានឈ្មោះផ្សេងៗគ្នា។ ឧទាហរណ៍ ស្វាប្រាំពីរពណ៌ ស្វាទាហាន ស្វាសម្តេចប៉ាប សត្វស្វាលាក់ក្បាលលេចចេញកន្ទុយ ឬស្វាផ្កា... តំបន់ខ្លះហៅវាថា ស្វាសម្តេចប៉ាប ព្រោះវាមានរោមចម្រុះពណ៌ និងភាពថ្លៃថ្នូរ។ ឬតំបន់មួយចំនួនទៀត ប្រជាជនហៅវាថា ស្វាប្រាំពីរពណ៌ ដោយសារតែរោមរបស់វាមានប្រាំពីរពណ៌ផ្សេងគ្នា។ ឬប្រជាជនក្នុងតំបន់ផ្សេងទៀត គេហៅថា ជាស្វាទាហាន ពីព្រោះនៅលើក្បាលរបស់វាមានរោមពណ៌ខ្មៅ ដែលមើលទៅដូចជាមួក beret របស់ទាហាន។ តំបន់ខ្លះថែមទាំងហៅវាថា "សត្វស្វាលាក់ក្បាលលេចចេញកន្ទុយ" ពីព្រោះនៅពេលដែលសត្វស្វាឃើញមនុស្ស ពួកវាភាគច្រើនតែយកស្លឹកនិងមែកឈើ ដើម្បីបាំងមុខ ប៉ុន្តែគេបានមើលឃើញកន្ទុយរបស់វា ដែលមើលទៅគួរឱ្យស្រឡាញ់ និងងាយស្រួលក្នុងការសម្គាល់។
យោងតាមការសង្កេតរបស់យើង ហ្វូងស្វាកន្ទុយសជើងក្រហមភាគច្រើន រស់នៅឧទ្វីប សើនត្រា (Son Tra) ដែលមានកូនស្វា សូម្បីតែ ហ្វូងស្វាកន្ទុយស ជើងក្រហមជាច្រើន ដែលមានកូនស្វាមួយចំនួន។ នោះបង្ហាញថា ស្វាកន្ទុយសជើងក្រហម លូតលាស់ និងសម្របខ្លួនបានល្អទៅនឹងបរិស្ថាននៅក្នុងតំបន់នេះ។ ថ្មីៗនេះ ការសិក្សាហ្សែន បានកំណត់ប្រវត្តិនៃការបង្កើតស្វាកន្ទុយ សជើងក្រហម ចាប់តាំងពី ១ លានឆ្នាំមុន ហើយបង្ហាញថា ប្រភេទស្វានេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយស្វាកន្ទុយស ជើងប្រជេះ ជាងស្វាកន្ទុយស ជើងខ្មៅ។
ស្វាកន្ទុយសជើងក្រហម ត្រូវបានពិពណ៌នា និងដាក់ឈ្មោះដំបូង នៅឆ្នាំ ១៧៧១ ដោយអ្នកវិទ្យាសាស្ត្រ លោក Linnaeus ។ នៅពេលនោះ ប្រភេទសត្វស្វានេះ ត្រូវបានរកឃើញ នៅភាគខាងជើងនៃខេត្ត ក្វាងណាម (Quang Nam) និងភ្នំ ជឹ ម៉មរៃ (Chu Mom Ray) នៃខេត្ត កូនទុំ (Kon Tum) ។ នៅឧបទ្វីប សើនត្រា (Son Tra) ប្រជាជនបានរកឃើញ ហ្វូងស្វាកន្ទុយសជើងក្រហម នៅឆ្នាំ ១៩៦៩ ដោយ លោក Van Peenen និងសហការី។
លទ្ធផលដែលបានកត់ត្រាពីព្រៃធម្មជាតិ ទៅដល់តំបន់សង្គ្រោះសត្វបង្ហាញថា សត្វស្វាកន្ទុយសជើងក្រហម អាចបន្តពូជពេញមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ជាធម្មតា ពេលវេលាបង្កាត់ពូជច្រើនបំផុតនៃឆ្នាំជារដូវប្រាំង ព្រោះវាអាចទាក់ទងទៅនឹងភាពសម្បូរនៃប្រភពចំណីអាហារ និងលក្ខខណ្ឌអាកាសធាតុអំណោយផល សម្រាប់ការលូតលាស់របស់កូនស្វា។
ស្វាកន្ទុយសជើងក្រហមគឺជា សត្វដែលមានសកម្មភាព នាពេលថ្ងៃ និងរស់នៅលើដើមឈើ។ គ្រួសារស្វាកន្ទុយស ជើងក្រហម តែងតែជ្រើសរើសដើមឈើធំៗ ខ្ពស់ និងមានមែកឈើក្រាស់សម្រាប់ដេក។ ជាពិសេស ស្វាប្រភេទនេះមិនដែលដេក ក្នុងរូងភ្នំ ឬច្រាំងថ្មឡើយ។ ដើមឈើដែលស្វាកន្ទុយស ជើងក្រហម ត្រូវបានជ្រើសរើសជាកន្លែងជម្រក ដែលមានទីតាំងបាំងខ្យល់ ហើយពួកវានឹងត្រឡប់ទៅទីនោះ ច្រើនដង ដើម្បីដេក។បើនិយាយពីជីវិតសង្គមវិញ ស្វាកន្ទុយស ជើងក្រហម រស់នៅក្នុងគ្រួសារនីមួយៗ មានស្វាកន្ទុយស ជើងក្រហមឈ្មោលធំមួយក្បាល ដែលយកស្វាញី ពីរ ដល់បីក្បាល (យកជាប្រពន្ធ) និងកូនរបស់ពួកវា។ ជួនកាល គ្រួសារជាច្រើនអាចប្រមូលផ្តុំគ្នា ក្លាយជាហ្វូង ដែលមានចំនួនស្វាជាង ៥០ ក្បាល។ នៅក្នុងឧបទ្វីប សើនត្រា (Son Tra) ការអភិរក្សដ៏ល្អនៃចំនួនស្វាកន្ទុយសជើងក្រហម មិនត្រឹមតែបង្កើតភាពចម្រុះនៃប្រព័ន្ធអេកូឡូស៊ីពិសេសនៃតំបន់អភិរក្សនេះប៉ុណ្ណោះទេ ថែមទាំងបង្កើតភាពទាក់ទាញសម្រាប់ទេសចរណ៍ស្វែងយល់នូវបរិស្ថានធម្មជាតិ ទន្ទឹមនឹងកម្មភាពទេសចរណ៍សមុទ្រ ដែលជាចំណុចខ្លាំងរបស់តំបន់៕
- អត្ថបទ និងរូបថត៖ ថាញហ្វ័រ / VNP