តំណាប់ដូងបេនត្រែ - រក្សាមុខរបរសិប្បកម្ម នៅតំបន់ស្រុកស្រែ នានិទាឃរដូវ

តំណាប់ដូងបេនត្រែ - រក្សាមុខរបរសិប្បកម្ម នៅតំបន់ស្រុកស្រែ នានិទាឃរដូវ

ពេល​ពន្លឺព្រះអាទិត្យនៅ​​តំបន់ភាគខាងលិច នៃភូមិភាគ​ខាងត្បូងវៀតណាម ​ចែង​ចាំងចោលពន្លឺ​លើផ្ទៃទន្លេ បោះពន្លឺ​ឆ្លងកាត់ចម្ការដូង​ត្រឈឹង​ត្រឈៃ នៃ​ទឹកដីបេន​ត្រែ​កាល​អតីត ដែលបច្ចុប្បន្នបានបង្រួបបង្រួមចូលជា​ខេត្តវិញឡុង នៅ​តែ​បន្ត​រក្សា​​សង្វាក់​ផលិតតំណាប់​តាមបែបប្រពៃណី ដែល​បាន​ផ្សារ​ភ្ជាប់​ជាមួយ​មនុស្ស​ជាច្រើន​ជំនាន់​។ ពីផ្ទះបាយតូចៗតាមដងព្រែក ក្លិនក្រអូបឈ្ងុយឈ្ងប់នៃដូងរំងាស់ជាមួយស្ករ បាន​​ភាយតាមខ្យល់តិចៗ ញ៉ាំងឱ្យនឹកដល់បរិយាកាសបុណ្យចូលឆ្នាំថ្មី  ការ​ជួប​ជុំ​ក្រុម​គ្រួសារ​ និង​ទិដ្ឋភាពជនបទ​ដ៏សុខសាន្ត។

តំណាក់កាលជ្រើសរើស និងបែងចែកប្រភេទដូង នៅ​សិប្បកម្ម​ផលិតតំណាប់ដូង​ឯកជន Thanh Thanh (ឃុំ Luong Hoa ខេត្ត Vinh Long)។ រូបថត៖ សើនងៀ​/កាសែតរូបភាពវៀតណាម

ខេត្តបេនត្រែ បានគេស្គាល់តាំង​ពី​យូរមក​ហើយ​ថា ជាស្រុកកំណើតនៃដើមដូង ទី​នេះ​​ដើម​ដូង​មាន​វត្តមាន​នៅ​​គ្រប់សកម្មភាព​រស់នៅប្រចាំថ្ងៃ។ ចាប់ពីដើម ស្លឹក លលាដ៍ រហូតដល់ទឹក និងសាច់ដូង ទាំងអស់​សុទ្ធតែ​បាន​ប្រជាជន​ទាញ​យក​មក​បម្រើ​ដល់​ជីវភាព​រស់នៅ។​ ក្នុង​និន្នាការ​នោះ តំណាប់​ដូង​ បាន​ចាប់​កំណើត​ឡើង ​ដូច​ជា​កាដូ​ដ៏​សាមញ្ញ​មួយ ដែល​បានចម្រាញ់ចេញពីប្រភព​វត្ថុធាតុដើមដ៏សំបូរ​បែប និងវប្បធម៌ "មានអីប្រើហ្នឹង​"​ របស់​​អ្នកស្រុក​​តំប​​ន់​​ទន្លេ​។

 
ដំណាក់កាលកែច្នៃបឋមវត្ថុធាតុដើមផ្លែ​ដូងសម្រាប់ធ្វើតំណាប់។ រូបថត៖ សើនងៀ/កាសែតរូបភាពវៀតណាម

វត្ថុធាតុដើម សម្រាប់ធ្វើតំណាប់ ជា​សាច់ដូង​ស្រុក ដែល​បាន​ជ្រើសរើស​យ៉ាង​សម្រិត​សម្រាំង ពីចម្ការដូង​មាន​អាយុកាល​យូរ​ឆ្នាំ។ ផ្លែដូង​ដែល​យក​មក​ប្រើ​ប្រាស់​មាន​សាច់ក្រាស់ ល្មម ទន់ល្មើយ មិនខ្ចីពេក ហើយក៏មិនចាស់ពេក​ដែរ។ សាច់ដូង បន្ទាប់ពីបាន​ឆ្វៀលចេញ​ពី​លលាដ៍​ នឹងបាន​យកទៅ​ចិត​ជាសរសៃវែងៗ កោងបន្តិច រួច​លាង​ជម្រះ​ជាមួយទឹកស្អាតជាច្រើនដង ដើម្បី​ជម្រះជាតិប្រេង រក្សា​បាន​ពណ៌​ស​ធម្មជាតិ​។ ដំណាក់​កាល​ ដែលមើលទៅហាក់ដូចជា​សាមញ្ញទាំងនេះ បែរ​ជា​ទាមទារ​នូវ​​ភាព​​ផ្ចិតផ្ចង់​ និង​បទពិសោធន៍​របស់​អ្នកធ្វើ។

នៅ​ក្នុងផ្ទះបាយចង្រ្កាន​​អុស ខ្ទះ​តំណាប់​បាន​ដាក់​នៅលើចង្ក្រាន ដែល​មាន​ភ្លើង​តិចៗ​។ អ្នកធ្វើ​ឈរក្បែរខ្ទះ ដោយ​ភាព​អត់ធ្មត់រង់ចាំ​កូរ​ឱ្យ​សព្វ​ដៃ ដើម្បី​ឱ្យ​ស្ករ​ជ្រាប​ចូល​ទៅ​ក្នុង​សរសៃ​ដូង​នីមួយៗ។ នៅពេល​ទឹកស្កររីង​អស់ សរសៃ​តំណាប់​ចាប់ផ្តើម​ស្ងួត​បន្តិច​ម្តង​ៗ ដូង​គ្រប​ដណ្តប់​ដោយស្រទាប់ស្ករ​សម៉ដ្ត​ខៃ ជះ​ក្លិន​ក្រអូប​ឈ្ងុយ​ឈ្ងប់​យ៉ាងពិសេស។ តំណាប់​ដែល​​ធ្វើ​បាន​ល្អ​ ​នៅ​ពេល​ដែល​​សរសៃ​ដូង​នីមួយៗ ញែក​​ដាច់​​ពី​​គ្នា មាន​​រាងកោង​ទន់ ស្ងួត​ល្អ និង​រក្សាបាន​នូវ​រសជាតិផ្អែម​​ស្រទន់។

 
ដំណាក់កាលកូរ (រម្ងាស់​) តំណាប់ដូង ទាមទារឱ្យមានភាពហ្មត់ចត់ និងភាពប៉ិនប្រសប់ ដើម្បីកុំឱ្យដូងខ្លោច ដោយសារភ្លើងខ្លាំងពេក។ រូបថត៖ សើនងៀ​/កាសែតរូបភាពវៀតណាម

តាម​សម្តី​របស់លោកស្រី វ៉ធ្វី​ នៅឃុំយ៉ុង​ត្រោម​ ខេត្តវិញឡុង តំណាប់​ដូង​ដែល​ឆ្ងាញ់​បំផុត គឺ​នៅពេល​ដែល​បាន​រំងាស់​ដោយចង្ក្រានអុស។ ការត្រួត​ពិនិត្យ​ពេល​វេលា និង​ការ​កូរ​ឱ្យសព្វដៃ ជួយ​ឱ្យសរសៃដូង​ឆ្អិនល្មម មាន​ភាពស្វិត និង​ទន់សមគួរ​ ព្រម​ទាំង​មាន​ពណ៌​ស្មើគ្នា។ គ្រួសារ​របស់​លោកស្រី តែង​តែ​ធ្វើ​តំណាប់ នៅ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី ដោយ​ភាគច្រើនធ្វើតាម​ការកម្ម៉ង់​របស់អ្នកជិតខាង និង​ម៉ូយចាស់ៗ។ ជា​មធ្យម​ជារៀងរាល់​ថ្ងៃ លោក​ស្រីប្រើប្រាស់សាច់ដូង​ប្រហែល​ពី ៣០ ទៅ ៥០ គី​ឡូ​ក្រាម​ ដើម្បី​ធ្វើតំណាប់​ផ្គត់ផ្គង់​ទៅលើ​ទីផ្សារ។

 
តំណាប់ដែលធ្វើរួចរាល់ ត្រូវបានថ្លឹង និងវេចខ្ចប់ ព្រមទាំងបិទស្លាកសញ្ញាយ៉ាងហ្មត់ចត់។ រូបថត៖ សើនងៀ​/កាសែតរូបភាពវៀតណាម

ទន្ទឹមនឹង​តម្រូវការកាន់​តែសម្បូរ​បែប តំណាប់​ដូង​នាពេល​បច្ចុប្បន្ន​មិន​ត្រឹម​តែ​មាន​ពណ៌​​ស​ប្រពៃណី​ប៉ុណ្ណោះទេ ថែម​ទាំង​បាន​ច្នៃ​ប្រតិដ្ឋ​ជាមួយ​នឹង​ពណ៌​ធម្មជាតិ​ជា​ច្រើន​ទៀត ដូចជា៖ ពណ៌បៃតងខ្ចី​នៃស្លឹកតើយ ពណ៌លឿងទុំនៃផ្លែហ្គាក ពណ៌​ស្វាយ​ខ្ចី​នៃ​មើម​​ត្រាវ ពណ៌ត្នោតនៃកាហ្វេ និង​កាកាវ។ សម្រស់​ពណ៌​ទាំងនោះ បាន​ធ្វើ​ឱ្យ​ប្រភេទ​តំណាប់​​ដូង កាន់តែសម្បូរ​បែប ព្រម​ទាំង​ឆ្លុះ​បញ្ចាំង​ពី​ភាព​ប៉ិន​ប្រសប់​របស់​អ្នក​ផលិត​ផង​ដែរ។

ចេញពីផ្ទះបាយ​បែប​​លក្ខណៈគ្រួសារ តំណាប់​ដូង​បេនត្រែ​បាន​ក្លាយ​ជា​ផលិតផល​តំណាង​ឱ្យ​មូលដ្ឋាន។ ភូមិ​របរ និង​មូលដ្ឋានផលិតកម្មបែបប្រពៃណីជាច្រើន នៅ​តែ​បន្ត​រក្សា "ភ្លើង" មុខ​របរនេះ​យ៉ាងស្ងៀមស្ងាត់ បង្កើត​មុខ​របរ និង​ប្រាក់​ចំណូល​ស្ថិរភាព​សម្រាប់​ប្រជាជន។ ផលិតផល​បានយកចិត្តទុកដាក់កាន់តែខ្លាំង លើរូបភាព​ ក្លាយ​ជា​កាដូ​ដែល​នាំយកនូវរសជាតិទឹកដីដូង ទៅកាន់តំបន់ផ្សេងៗ​ជាច្រើន។

តំណាប់ដូង គឺជាមុខម្ហូបសម្រន់មួយ សម្រាប់ទទួលភ្ញៀវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ញ៉ាំបណ្តើរក្រេបតែបណ្តើរ និងជជែកគ្នាលេងយ៉ាងសប្បាយរីករាយនៅដើមឆ្នាំ ដែលជាលក្ខណៈវប្បធម៌ពិសេសនៃ​អ្នកស្រុកភាគនិរតី។ រូបថត៖ សើនងៀ​/កាសែតរូបភាពវៀតណាម
ការទទួលទានតំណាប់ដូងផ្អែមៗ ជាមួយតែមួយកែវក្តៅឧណ្ហៗ នៅពេលព្រឹកថ្ងៃបុណ្យចូលឆ្នាំ គឺជាទម្លាប់នៃ​មនុស្សជាច្រើន ដែលរស់នៅតំបន់ភាគនិរតី។ រូបថត៖ សើនងៀ​/កាសែតរូបភាពវៀតណាម

ក្នុងថ្ងៃដើមឆ្នាំ​​ នៅពេល​ភ្ញៀវមក​លេង​ផ្ទះ ម្ចាស់​ផ្ទះតែង​តែ​ទទួល​បដិសណ្ឋារៈ​ដោយ​ថាស​នំ និង​តំណាប់ ដែល​ក្នុងនោះមាន​ចំណិតតំណាប់ដូងផ្អែមស្រទន់ ស្វិត​ល្មម ញ៉ាំ​បណ្តើរ ក្រេប​ទឹកតែ​បណ្តើរ និងជជែកគ្នា​លេងយ៉ាងសប្បាយរីករាយ​នានិទាឃរដូវ​ដើមឆ្នាំ។ នេះគឺជា​សម្រស់​វប្បធម៌​ប្រពៃណី​ដែល​បាន​ប្រជាជន​តំបន់​ភាគ​ខាង​លិច​នៃ​តំប​ន់​ភូមិភាគ​ខាងត្បូង​វៀតណាម រក្សាទុក ដូចជា​វិធីមួយ​នៃតំណាប់​ដូង​បេនត្រែ​ផ្សារ​ភ្ជាប់​​សេចក្តីស្រឡាញ់យ៉ាងស្ងៀមស្ងាត់ រាល់ពេលរដូវផ្ការីកឈាន​ចូលមកដល់៕

  • អត្ថបទ៖ សើនងៀ- រូបថត៖ សើនងៀ & ឯកសារ
  • ប្រែសម្រួល៖ រីកើង​

top