តែអប់ផ្កាឈូក តីហូ (Tay Ho) - ពិសេសភាពនៃប្រជាជនហាណូយ
នៅចំកណ្ដាលរដ្ឋធានី ហាណូយ (Ha Noi)មានតែពិសេសមួយប្រភេទ ដែលគេចាត់ទុកថាជា “រតនសម្បត្តិ” នៃវប្បធម៌វៀតណាម៖ តែអប់ផ្កាឈូក តីហូ (Tay Ho)។ ពិសាតែប្រភេទនេះមិនត្រឹមតែមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះទេ ប៉ុន្តែនេះក៏បង្ហាញពីអារម្មណ៍ភ្លឺថ្លាសុភាពរាបសារ ភាពប៉ិនប្រសប់ និងសេចក្ដីស្រឡាញ់ចំពោះធម្មជាតិរបស់ប្រជាជនហាណូយ (Ha Noi) ទៀតផង។
ដើម្បីផលិតបានតែអប់ផ្កាឈូកមួយគីឡូក្រាម សិប្បករត្រូវប្រើផ្កាឈូក បាច់យៀប (Bach Diep) រាប់ពាន់ផ្កា ដែលបេះពីបឹង តី (Tay) នៅពេលព្រឹកព្រលឹម។ គ្រាប់លំអងពណ៌សនៃផ្កាឈូក - ជាផ្នែកតូចៗ ដែលផ្ទុកក្លិនក្រអូបបរិសុទ្ធ ត្រូវបានគេបំបែក និងយកទៅអប់ជាច្រើនដងជាមួយតែ ថាយង្វៀន (Thai Nguyen)។ ដំណើរការដ៏ស្មុគស្មាញនេះចំណាយពេល ពី១៥ ទៅ ២១ ថ្ងៃ ការអប់តែ និងលីងតែបានធ្វើម្តងហើយម្តងទៀត ដើម្បីឱ្យក្លិនផ្កាឈូកជ្រាបចូលជ្រៅក្នុងស្លឹកតែនីមួយៗ។ ភាពប៉ិនប្រសប់នេះបានបង្កើតរសជាតិល្វីងតិចៗ, ផ្អែមៗ និងក្លិនផ្កាឈូកដ៏បរិសុទ្ធ ដែលពិបាកនឹងបំភ្លេចបាន។
គ្រាប់លំអងពណ៌សនៃផ្កាឈូក ១ ខាំ ត្រូវការយកផ្កាឈូកពី១០០ ទៅ ១២០ ផ្កា។
ភូមិ ក្វាងអាន (Quang An) (សង្កាត់ តីហូ (Tay Ho)) គឺជាស្រុកកំណើតនៃសិប្បកម្មអប់តែផ្កាឈូកប្រពៃណី។ នៅទីនោះ ប្រជាជនជាច្រើនជំនាន់នៅតែបន្តឧស្សាហ៍ព្យាយាមរក្សាមុខរបរសិប្បកម្មនេះ និងប្រគល់បន្តវេននូវរូបមន្តអប់តែយ៉ាងអាថ៌កំបាំងជូនជំនាន់ក្រោយ។ សិប្បកម្មនេះត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ដែលបញ្ជាក់ពីតម្លៃពិសេសនៃតែអប់ផ្កាឈូកក្នុងជីវិតខាងវិញ្ញាណរបស់ជនជាតិវៀតណាម។
បច្ចុប្បន្ននេះ តែអប់ផ្កាឈូក តីហូ (Tay Ho) មិនត្រឹមតែជាភេសជ្ជៈដ៏មានតម្លៃក្នុងឱកាសសំខាន់ៗប៉ុណ្ណោះទេ នៅទាំងបានក្លាយជាអំណោយវប្បធម៌ដ៏មានអត្ថន័យ សម្រាប់មិត្តភក្តិអន្តរជាតិផងដែរ។ ពិសាតែអប់ផ្កាឈូកមួយពែង គឺការទទួលបានភាពថ្លៃថ្នូរនៃម្ហូបអាហារ ហើយបានយល់ដឹងនូវភាពស្រស់ស្អាតរបស់ទីក្រុងហាណូយ (Ha Noi) - ទីក្រុងវប្បធម៌ពាន់ឆ្នាំ។
អត្ថបទ និងរូបថត៖ ខាញហ័្វរ ប្រែសម្រួលដោយង្វៀនយ៉ាង









