ឋានសួគ៍សម្រាកលំហែកាយ មូយណែ (Mui Ne)
កាលពីមុន គ្រាន់តែជាភូមិនេសាទតូចមួយ ជ្រោយដី ដែលលយចេញក្រៅសម្រាប់អ្នកនេសាទមកចត និងជៀសវាងនៅពេលមានខ្យល់ព្យុះ។ ឥឡូវនេះ មូយណែ (Mui Ne) (ទីក្រុង ផានថៀត (Phan Thiet) ខេត្ត ប៊ិញធួន (Binh Thuan)) ត្រូវបានភ្ញៀវទេសចរក្នុងនិងអន្តរជាតិស្គាល់ដូចជា "ឋានសួគ៌ទេសចរណ៍សម្រាកលំហែកាយ" ទ្រង់ទ្រាយតំបន់។
ប្រជុំមណ្ឌលសម្រាកលំហែកាយ Sea Links City លំដាប់ផ្កាយ ៥ នៅ មូយណែ (Mui Ne) (ទីក្រុង ផានថៀត (Phan Thiet)) ។ រូបថត៖ ហ័ងហា/VNP
"មណ្ឌលសម្រាកលំហែកាយ" resort នៅឆ្នេរសមុទ្រពណ៌ខៀវ
ប្ដីប្រពន្ធលោក L.C និង លោកស្រី N.T ពីរដ្ឋធានី ហាណូយ(Ha Noi) មករស់នៅ មូយណែ (Mui Ne) ជាង ៣០ឆ្នាំមុន។ ពួកគាត់បានជ្រើសរើសទិញ អាផាតមិនក្នុងតំបន់ Sea Link City Resort ស្ថិតនៅសង្កាត់ មូយណែ (Mui Ne) (ទីក្រុង ផានថៀត (Phan Thiet) ខេត្ត ប៊ិញធួន (Binh Thuan) ចាប់តាំងពីទីនេះនៅត្រឹមតែជាគម្រោងថ្មី ដែលទើបចាប់ផ្តើមសាងសង់។
“ដំបូងឡើយ ខ្ញុំនិងភរិយាគ្រោងចាត់ទុកកន្លែងនេះគ្រាន់តែជាកន្លែងសម្រាកលំហែកាយ និងកម្សាន្តលេងជាមួយក្រុមគ្រួសារ និងកូនៗ ក្នុងរយៈពាលវិស្សមកាលតែប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីរស់នៅទីនេះក្នុងរយៈពេលខ្លី ខ្ញុំមានអារម្មណ៍ថាអាកាសធាតុនៅមូយណែ (Mui Ne) ល្អណាស់ ខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងពន្លឺថ្ងៃដ៏កក់ក្តៅពេញមួយឆ្នាំ ដែលល្អណាស់សម្រាប់សុខភាព ហើយវាមានចម្ងាយពីទីក្រុងហូជីមិប្រហែល ២០០ គីឡូម៉ែត្រប៉ុណ្ណោះ ដូច្នេះខ្ញុំសម្រេចចិត្តរស់នៅទីនេះ តាំងពីពេលនោះមក។” - លោក L.C បាននិយាយ។
មកដល់មូយណែ (Mui Ne) លើកនេះ យើងមានឱកាសបានទៅលេងផ្ទះរបស់គ្រួសារប្តីប្រពន្ធគាត់ ដើម្បីទទួលអារម្មណ៍ពីលំហ និងបរិយាកាសរស់នៅក្នុងទីក្រុងសមុទ្រនៃខាងត្បូងនៃភាគកណ្តាលវៀតណាម។ ម្ចាស់ផ្ទះ បាននាំក្រុមយើងខ្ញុំទៅទស្សនាអាផាតមិនពីរជាន់ក្នុងតំបន់ Sea Link City Resort ដែលរចនាឲ្យមានខ្យល់អាកាសចេញចូល និងរបៀបរៀបចំប្រកបដោយភាពឆ្លាតវៃ និងទំនើប។ លោក L.C បន្ថែមថា គាត់នៅទីនេះពេញមួយឆ្នាំ មិនចាំបាច់ប្រើម៉ាស៊ីនត្រជាក់ទេ ព្រោះគ្រាន់តែបើកបង្អួច ខ្យល់សមុទ្រក៏បក់មកយ៉ាងត្រជាក់ដែរ។ បណ្តាអាផាតមិននិងអគារធំៗនៅទីនេះត្រូវបានរចនាឡើងតាមបែបវិទ្យាសាស្ត្រ អគារដែលសាងសង់ក្រោយមិនត្រូវសាងសង់ឲ្យបិទរារាំងខ្យល់ និងបាំងទិដ្ឋភាពឆ្នេរសមុទ្រ សម្រាប់អគារដែលសាងសង់មុនឡើយ ដូច្នេះវាតែងតែត្រជាក់រៀងរហូត។
តំបន់ Sea Links City Resort បច្ចុប្បន្ននេះជាមណ្ឌលសម្រាកលំហែកាយលំដាប់ផ្កាយ ៥ ដ៏ល្បីល្បាញនៅ មូយណែ (Mui Ne) - ទីក្រុង ផាមថៀត (Phan Thiet) ដែលរចនាមានបន្ទប់ ប្រមាណជិត ១០០០ បន្ទប់ អាផាតមិន និងវីឡាដែលមានទីតាំងនៅលើខ្នងភ្នំត្រជាក់ ជាមួយនឹងសេវាកម្មសម្រាកលំហែកាយ លេងកម្សាន្ត អាហារ អាងហែលទឹក ទីលានវាយកូនហ្គោល លំដាប់អាស៊ី និងវិមានស្រាក្រហមដ៏អស្ចារ្យ និងបុរាណដែលលាក់ខ្លួន ពីក្រោយចំការទំពាំងបាយជូរបៃតង។
ក្រៅពីតំបន់ Sea Links City Resort បច្ចុប្បន្ន មូយណែ (Mui Ne) មានរាប់រយ resort មណ្ឌលសម្រាកកាយ និងសណ្ឋាគារលំដាប់ថ្នាក់ផ្សេងទៀត ដែលលាតសន្ធឹងតាមឆ្នេរសមុទ្រពីច្រកទ្វារនៃទីក្រុង ផាមថៀត (Phan Thiet) ទៅ ហនរ៉ម (Hon Rom) - ទីបញ្ចប់នៃ មូយណែ (Mui Ne) ។ មានឈ្មោះដូចជា The Cliff, Romana resort, Sailing Club, Centara Mirage, Anantara, Terracotta... គឺជាអាស័យដ្ឋានដ៏ល្បីល្បាញសម្រាប់ការសម្រាកលំហែកាយ និងទទួលបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាល់ពេលដែលពួកគេមកកាន់មូយណែ (Mui Ne) - ទីក្រុង ផាមថៀត (Phan Thiet)។ ដូច្នេះហើយ មូយណែ (Mui Ne) ត្រូវបានគេស្គាល់ដោយរហស្សនាមថា “មណ្ឌល resort” របស់ប្រទេសវៀតណាម។
លាដៃគ្រួសារប្ដីប្រពន្ធលោក L.C និងលោកស្រី N.T. ក្រុមយើងបានជ្រើសរើស Centara Mirage Resort ដែលមានទីតាំងនៅឈូងសមុទ្រ ហនរើម (Hon Rom) ក្នុងសង្កាត់ មូយណែ (Mui Ne) ជាកន្លែងឈប់សម្រាក និងសម្រាបលំហែកាយ។ Centara Mirage Resort ត្រូវបានសាងសង់តាមរចនាបទ មេឌីទែរ៉ាណេ - អេស្បាញ ធំទំលំទូលាយក្នុងទំហំផ្ទៃដីរហូតដល់ ១០០០ ហិកតា ហើយទើបតែបើកដំណើរការស្វាគមន៍ភ្ញៀវ នៅចុងឆ្នាំ ២០២១ ដូច្នេះវាដូចជាជំនោរខ្យល់ថ្មីដែលរួមចំណែកដល់ភាពសម្បូរបែបនៃ "ឋានសួគ៍សម្រាកលំហែកាយ" មូយណែ (Mui Ne) ។
ក្នុងអំឡុងពេលដែលស្នាក់នៅ មូយណែ (Mui Ne) យើងខ្ញុំបានទៅទស្សនា resort សណ្ឋាគារមួយចំនួនច្រើនដែលបានរចនាទាំងលំដាប់តាមបែបអាស៊ី និងអឺរ៉ុបផង ពីបុរាណរហូតដល់ទំនើប ជាមួយនឹងសេវាកម្មប្រើប្រាស់ចម្រុះដែលដំណើរការតាមបណ្តោយឆ្នេរសមុទ្រ មូយណែ (Mui Ne) ជាមួយឆ្នេរខ្សាច់ពណ៌សរាបស្មើ ទឹកសមុទ្រពណ៌ខៀវថ្លា រួមផ្សំនឹងរលកបោកបក់យ៉ាងទន់ភ្លន់។ សមុទ្រ មូយណែ (Mui Ne) មានភាពស្រស់បំព្រង ទាក់ទាញភ្ញៀវទេសចរណ៍បរទេសជាច្រើននាក់ មកលេងកន្សាន្ត ហែលទឹកសមុទ្រ ហាលកម្ដៅថ្ងៃ និងជិះក្តាររំអិលទឹកសមុទ្រ... បង្កើតរូបភាពទេសចរណ៍ដ៏រស់រវើក។
ម្ហូបអាហារនៅមូយណែ (Mui Ne) ក៏គួរឱ្យចាប់អារម្មណ៍ផងដែរ ជាមួយនឹងមុខម្ហូបធ្វើពីគ្រឿងសមុទ្រស្រស់ៗដែលត្រូវបានកែច្នៃតាមរចនាបទរបស់ប្រជាជនរស់ក្នុងស្រុក នៅតាមភោជនីយដ្ឋាន បណ្តោយ ឆ្នេរមូយណែ (Mui Ne) ។ ប្រសិនបើអ្នកមក មូយណែ (Mui Ne អ្នកគួរតែសាកល្បងញ៉ាំគ្រំ និងខ្យងអាំងជាមួយខ្លាញ់ខ្ទឹមដែលហូបជាមួយនំបញ្ចុក និងទឹកត្រីសុទ្ធ ផានថៀត (Phan Thiet) នោះជាបទពិសោធន៍ចំពោះមុខម្ហូបដ៏គួរឱ្យចាប់អារម្មណ៍មួយ។
ក្លាយជាគោលដៅឈានមុខក្នុងតំបន់
យោងតាមតម្រង់ទិស មូយណែ (Mui Ne) ត្រូវបានរដ្ឋាភិបាលអនុម័តអំពីផែនការមេអភិវឌ្ឍតំបន់ទេសចរណ៍ថ្នាក់ជាតិ រហូតដល់ឆ្នាំ ២០៤០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ជាមួយនឹងការប្តេជ្ញាចិត្តលើកស្ទួយបញ្ជូនតំបន់ទេសចរណ៍ជាតិ មូយណែ (Mui Ne) ទៅជាគោលដៅនាំមុខគេក្នុងតំបន់។តាមរយៈនោះ តំបន់ទេសចរណ៍ជាតិ មូយណែ (Mui Ne) ត្រូវបានគ្រោងទុកលើផ្ទៃដីសរុបចំនួន ១៤.៧៦០ ហ.ត ក្នុងភូមិភាគនៃឆ្នេរចំនួន ៣ គឺទីក្រុង ផាមថៀត (Phan Thiet) ស្រុក បាកប៊ិញ (Bac Binh) និងស្រុក ទុយផង (Tuy Phong)។ ក្រៅពីអាទិភាពដោយ អាកាសធាតុនិងទេសភាពដែលធម្មជាតិអំណោយផល មូយណែ (Mui Ne) ក៏ប្រមូលផ្តុំអាស័យដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រដ៏ល្បីល្បាញ និងសម្បូរបែបជាច្រើន ដែលបានកំណត់លក្ខណៈពិសេសនៃតំបន់ឆ្នេរសមុទ្រមានប្រពៃណីបុរាណពីយូរលង់មកហើយ។
នៅទីនោះមានប្រជុំប្រាសាទចាមបុរាណ Po sah Inu (សង្កាត់ភូហាយ (Phu Hai)) ជាមួយនឹងពិធីបុណ្យ Kate ប្រពៃណីរបស់ជនជាតិដើមចាម មានសាលា យុកថាញ (Duc Thanh) នៅក្បែរដងទន្លេ កាទី (Ca Ty) ដែលជាកន្លែងរក្សាទុកអនុស្សាវរីយ៍របស់លោកប្រធានហូជីមិញ (Ho Chi Minh) អារាម វ៉ាន់ធុយទូ (Van Thuy Tu) ត្រូវបានសាងសង់ក្នុងឆ្នាំ ១៧៦២ ដែលជាកន្លែងរក្សានិងដាក់តាំងគ្រោងឆ្អឹងត្រីបាឡែនធំបំផុតនៅប្រទេសវៀតណាម មានទឹកជ្រោះ ទៀន (Tien) (សង្កាត់ ហាមទៀន (Ham Tien)) ដែលមានចរន្តទឹកយ៉ាងត្រជាក់ហូរចេញពីចន្លោះភ្នំខ្សាច់ក្រហមទាំងពីរ។ មាន ហនរើម (Hon Rom) នៅតែរក្សាទេសភាពធម្មជាតិយ៉ាងសុខសាន្ត; ភូមិនេសាទ មូយណែ (Mui Ne) នាំមកនូវលក្ខណៈពេញលេញនៃភូមិនេសាទនៅតំបន់សមុទ្រ។ នៅទីនេះក៏មានឆ្នេរថ្មប្រាំពីរពណ៌ឆ្នេរសមុទ្រ (ឃុំ ប៊ិញថាញ (Binh Thanh) ស្រុក ទុយផង (Tuy Phong)) ត្រូវបានមជ្ឈមណ្ឌលសៀវភៅកំណត់ឯកទគ្គកម្មវៀតណាមទទួលស្គាល់ថាជា "ឆ្នេរថ្មដែលមានទ្រង់ទ្រាយ និងពណ៌ច្រើនបំផុតនៅវៀតណាម"; មានបឹងទឹកសាបធម្មជាតិមួយនៅកណ្តាលវាលខ្សាច់ដ៏ធំល្វឹងល្វើយមួយឈ្មោះថា បាវត្រាំង (Bau Trang) (ឃុំ ហ័រថាំង ( Hoa Thang) ស្រុក បាក់ប៊ិញ (Bac Binh))។ លើសពីនេះ មូយណែ (Mui Ne) ក៏ជាឆ្នេរមួយក្នុងចំណោមឆ្នេរ ទាំង ៥០ ដែលល្អបំផុត នៅលើពិភពលោកសម្រាប់កីឡាជិះទូកក្តោង និងជាឆ្នេរនាំមុខរបស់អាស៊ីសម្រាប់កីឡានេះផងដែរ។ កន្លែងនេះបានរៀបចំការប្រកួតកីឡាជិះទូកក្តោង ជិះក្តាររអិលសមុទ្រជាច្រើនលើកដែលទាក់ទាញកីឡាករជាច្រើនមកពីប្រទេសជាច្រើនជុំវិញពិភពលោកមកចូលរួមប្រកួត។
តំបន់ទេសចរណ៍ជាតិ មូយណែ (Mui Ne) ក៏មានសមត្ថភាពតភ្ជាប់ជាមួយតំបន់ទេសចរណ៍ផ្សេងៗទៀតរបស់ខេត្ត ប៊ិញធួន (Binh Thuan) ក៏ដូចជាក្នុងតំបន់ ដោយមានគោលដៅប្រើប្រាស់សក្តានុពលទេសចរណ៍បានល្អបំផុត ធានាប្រសិទ្ធភាពសេដ្ឋកិច្ចសង្គម លើកកម្ពស់ គុណភាពរស់នៅរបស់ប្រជាជន នាំមូយណែ (Mui Ne) ទៅជាមជ្ឈមណ្ឌលទេសចរណ៍ថ្នាក់អន្តរជាតិ អាស័យដ្ឋានគោលដៅនាំមុខគេនៃតំបន់អាស៊ីប៉ាស៊ីហ្វិក។
នាបច្ចុប្បន្ន ខេត្ត ប៊ិញធួន (Binh Thuan) បានកត់ត្រាឈ្មោះរបស់ខ្លួនក្នុងបញ្ជីខេត្តទេសចរណ៍ឆ្នើមទាំង ១០ របស់ប្រទេសវៀតណាម ហើយ មូយណែ (Mui Ne) បានក្លាយជាតំបន់ទេសចរណ៍ជាតិមួយក្នុងចំណោមតំបន់ទេសចរណ៍ជាតិទាំង ៦ ទូទាំងប្រទេស។ ភ្ញៀវទេសចរមកកាន់តំបន់ទេសចរណ៍ជាតិ មូយណែ (Mui Ne) នឹងទទួលបានបទពិសោធន៍ទេសចរណ៍ប្លែកៗ និងគួរឲ្យចាប់អារម្មណ៍ ដូចជាការទស្សនា ការសម្រាកលំហែកាយនៅឆ្នេរសមុទ្រ ការលេងកីឡាសមុទ្រ ទេសចរណ៍សមុទ្រ និងទេសចរណ៍សាសនាលើកោះ ...
លោក ប៊ុយថេញ៉ឹន (Bui The Nhan) នាយកមន្ទីវប្បធម៌ កីឡា និងទេសចរណ៍ ខេត្ត ប៊ិញធួន (Binh Thuan) បានឲ្យដឹងថា វិស័យទេសចរណ៍របស់ ខេត្ត ប៊ិញធួន (Binh Thuan) បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីកសាងម៉ាកយីហោទេសចរណ៍សមុទ្រ រួមជាមួយនឹងការរៀបចំព្រឹត្តិការណ៍អន្តរជាតិនានាដែលមានលក្ខណៈពិសេសដាច់ដោយឡែក ក្នុងរយៈពេលច្រើនឆ្នាំ។ ហេតុដូច្នេះ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២២ ខណៈពេលរោគរាតត្បាតនៃជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រងដោយជោគជ័យ ចំនួនភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅទីក្រុង ផានថៀត (Phan Thiet) បានកើនឡើងដល់ជាង ១,៩ លាននាក់ កើនឡើង ៣០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ក្នុងនោះ ភ្ញៀវបរទេសប្រហែល ២០.៦៤០នាក់ កើនឡើង ២០%; ប្រាក់ចំណូលត្រូវបានប៉ាន់ប្រមាណ ៣.៧០០ ពាន់លានដុង កើនឡើង៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
បន្ទាប់ពី ៣០ ឆ្នាំចាប់តាំងពីការបំបែកចេញពីខេត្ត ធួនហាយ (Thuan Hai) (១៩៩២) វិស័យទេសចរណ៍ ខេត្ត ប៊ិញធួន (Binh Thuan) មានការអភិវឌ្ឍយ៉ាងខ្លាំងក្លា បញ្ជាក់នូវម៉ាកយីហោ និងបន្តរក្សាសន្ទុះនៃកំណើនរបស់ខ្លួន មិនត្រឹមតែជាចំណុចភ្លឺស្វាងលើផែនទីទេសចរណ៍របស់វៀតណាមនៅភាគខាងត្បូងប៉ុណ្ណោះទេ មូយណែ (Mui Ne) នៅទាំងបានបង្កើនការអភិវឌ្ឍដ៏អស្ចារ្យ ក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រដ៏ល្បីលើពិភពលោក ដែលសក្តិសមនឹងកិត្តិនាមថា "ឋានសួគ៌សម្រាកលំហែកាយ "./.
នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ១៩៩៥ ទីក្រុង ផាមថៀត(Phan Thiet) ចៃដន្យទទួលស្វាគមន៍ភ្ញៀវទេសចររាប់សែននាក់ បន្ទាប់ពីទីក្រុងនេះត្រូវបានអ្នកវិទ្យាសាស្ត្រកំណត់ថា ជាកន្លែងដ៏ល្អបំផុតដើម្បីសង្កេតមើលសូរ្យគ្រាសទាំងមូលខាងចុងនៃសតវត្សទី ២០។ ដោយសារព្រឹត្តិការណ៍នេះ សក្ដានុពលទេសចរណ៍របស់ទីក្រុង ផានថៀត (Phan Thiet) ត្រូវបានរកឃើញដោយភ្ញៀវទេសចរក្នុងស្រុក និងបរទេសជាច្រើន ត្រូវបានវិនិយោគិនអង្កេតពិនិត្យ ហើយបានចាប់ផ្តើមរលកនៃការវិនិយោគ resort ទ្រង់ទ្រាយធំនៅទីនេះ។ ចាប់តាំងពីពេលនោះមក មូយណែ (Mui Ne) - ទីក្រុង ផានថៀត (Phan Thiet) ត្រូវបានគេចាត់ទុកថាជា "ទីតាំងប្រមូលផ្តុំ resort " របស់វៀតណាម។
អត្ថបទ៖VNP/ សើនងា - រូបថត៖ ង្វៀនថាំង ហឹវថាញ ហ័ងហា ឡេមិញ
ប្រែសម្រួលដោយង្វៀនយ៉ាង