ដំណើរស្វែងរកឪពុកអស់រយៈពេលជាងកន្លះសតវត្សរ៍

ដំណើរស្វែងរកឪពុកអស់រយៈពេលជាងកន្លះសតវត្សរ៍

 

រយៈពេលជាងកន្លះសតវត្សរ៍ លោក ឡឹម ង៉ុកសឺន (Lam Ngoc Son) និងក្រុមគ្រួសារ មិនដែលបោះបង់ការស្វែងរកព័ត៌មាន និងតែងតែរក្សាក្តីសង្ឃឹមថានឹងអាចរកឃើញផ្នូររបស់ឪពុកបង្កើត គឺយុទ្ធជនពលី ឡឹមថុង (Lam Thong) ដែលបានពលីជីវិតនៅសមរភូមិភាគខាងត្បូង។

ជាងកន្លះសតវត្សរ៍ក្រោយថ្ងៃឪពុកបានចេញដំណើរទៅភាគខាងត្បូង ដើម្បីបំពេញបេសកកម្មពិសេស លោក ឡឹម ង៉ុកសឺន នៅមិនទាន់មានឱកាស​បានអុជធូបនៅមុខផ្នូររបស់ឪពុកសូម្បីតែម្តង។ ក្រុមគ្រួសារក៏មិនបានដឹងដែរថា ឪពុកបានប្រយុទ្ធនៅសមរភូមិណា ពលីជីវិតនៅទីណា និងកន្លែងបញ្ចុះសពបច្ចុប្បន្នស្ថិតនៅទីណាឡើយ។ លុះត្រាតែបានដឹងថា មជ្ឈមណ្ឌលបណ្ណសារជាតិទី៣ កំពុងរក្សាទុកឯកសារ និងវត្ថុអនុស្សាវរីយ៍របស់កម្មាភិបាល ដែលចេញទៅបំពេញបេសកកម្មនៅភាគខាងត្បូង (ទៅ​ B) ហើយបានទទួលច្បាប់ចម្លងសំណុំឯកសាររបស់យុទ្ធជនពលី ឡឹមថុង ទើបដំណើរស្វែងរកឪពុកអស់រយៈពេល ៥៦ ឆ្នាំរបស់ក្រុមគ្រួសារលោក ទទួលបានតម្រុយថ្មីដ៏មានតម្លៃបន្ថែមទៀត។

 

រូបថត​ក្រុមគ្រួសារលោកស្រី ផាម ធីថឹម (Pham Thi Tham) ភរិយារបស់យុទ្ធជនពលី ឡឹមថុង (នៅកណ្តាល) រួមជាមួយកូនប្រុស កូនស្រី កូនប្រសាប្រុសស្រី ថតនៅគេហដ្ឋាន កាលពីខែ​​កក្កដា​ ឆ្នាំ២០២៦។ រូបថត៖ ផ្តល់ដោយក្រុមគ្រួសារយុទ្ធជនពលី ឡឹមថុង។

នៅថ្ងៃខែកក្កដានៃការដឹងគុណ លោក ឡឹម ង៉ុកសឺន បានផ្ញើលិខិតទៅកាន់មជ្ឈមណ្ឌលបណ្ណសារជាតិទី៣ ដើម្បីស្វែងយល់អំពីសំណុំឯកសារ និងវត្ថុអនុស្សាវរីយ៍របស់ឪពុក ដែលជាកម្មាភិបាលចេញទៅភាគខាងត្បូង - យុទ្ធជនពលី ឡឹមថុង។ បន្ទាប់ពីទទួលបានការណែនាំឱ្យបំពេញបែបបទរួចរាល់ ក្រុមគ្រួសាររបស់លោកបានទទួលយកច្បាប់ចម្លង នៃសំណុំឯកសារដែលត្រូវបានរក្សាទុកអស់រយៈពេលជាងកន្លះសតវត្សរ៍។ ចំពោះមនុស្សជាច្រើន ទាំងនោះគ្រាន់តែជាក្រដាសស្នាមរដ្ឋបាលប៉ុណ្ណោះ ប៉ុន្តែចំពោះក្រុមគ្រួសារលោក សឺន វាគឺជាវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលរក្សាទុកនូវដានដ៏តិចតួចចុងក្រោយរបស់ឪពុក ដែលបានចេញដំណើរទៅបំពេញបេសកកម្មពិសេស រួចក៏បាត់ខ្លួនជារៀងរហូត។

ក្រោយពីទទួលបានសំណុំឯកសារអនុស្សាវរីយ៍ លោក សឺន បានចែករំលែកទាំងក្តីរំជួលចិត្តអំពីដំណើរស្វែងរកឪពុកអស់រយៈពេលជាង ៥៦ឆ្នាំថា៖ «មានការបែកគ្នាខ្លះមានរយៈពេលត្រឹមតែប៉ុន្មានថ្ងៃ ប៉ុន្មានខែ ឬប៉ុន្មានឆ្នាំប៉ុណ្ណោះ ប៉ុន្តែក៏មានការបែកគ្នាដែលអូសបន្លាយអស់រយៈពេលជាងកន្លះសតវត្សរ៍ដែរ ពោលគឺក្រុមគ្រួសារខ្ញុំបានតាមរកពុកអស់រយៈពេល ៥៦ ឆ្នាំមកហើយ។ រហូតមកដល់ថ្ងៃនេះ នៅពេលដែលកូនៗរបស់ពុកសុទ្ធតែមានអាយុជាង ៦០ ឆ្នាំអស់ទៅហើយ ពួកយើងនៅតែមិនទាន់ដឹងថា ពុកបានប្រយុទ្ធនៅសមរភូមិណា ពលីជីវិតក្នុងស្ថានភាពបែបណា កន្លែងបញ្ចុះសពនៅទីណា ហើយក៏នៅមិនទាន់រកឃើញសាច់ញាតិខាងពុកដែលបានបែកបាក់គ្នាក្រោយសង្គ្រាមដែរ»។

លោកបានឱ្យដឹងថា ក្រុមគ្រួសារសម្រេចចិត្តចែករំលែករឿងរ៉ាវរបស់ខ្លួន ដោយក្តីសង្ឃឹមដ៏ស្តួចស្តើងថា នឹងមានអ្នកដែលធ្លាប់ជួប ធ្លាប់ធ្វើការជាមួយឪពុករបស់លោក ឬជាកូនចៅរបស់សាច់ញាតិខាងឪពុក ដែលគ្រួសារបានដាច់ទំនាក់ទំនងតាំងពីក្រោយសង្គ្រាម។

 

រូបថត​កែឡើងវិញនៃ​កម្មាភិបាលចេញទៅភាគខាងត្បូង – យុទ្ធជនពលី ឡឹមថុង។ រូបថត​៖ ផ្តល់ដោយក្រុមគ្រួសារយុទ្ធជនពលី ឡឹម ថុង។

ទំព័រឯកសាររៀបរាប់ពីជីវិតរបស់កម្មាភិបាលទៅ B

សំណុំឯកសារដែលបច្ចុប្បន្នកំពុងរក្សាទុកនៅមជ្ឈមណ្ឌលបណ្ណសារជាតិទី៣ មានឯកសារចំនួន១១ច្បាប់ ដូចជា៖ ប័ណ្ណកម្មាភិបាលទៅ B ប្រវត្តិរូបសង្ខេប សេចក្តីសម្រេចតែងតាំងផ្លាស់ប្តូរការងារ លិខិតបញ្ជាក់ការផ្លាស់ប្តូរទីកន្លែង លិខិតឧទ្ទេសនាមជីវភាពបក្ស ប័ណ្ណផ្ទេរសមាជិកភាពបក្ស និងឯកសាររដ្ឋបាលមួយចំនួនទៀត។ ឯកសារទាំងឡាយដែលមើលទៅហាក់ដូចជាគ្រាន់តែជាបែបបទរដ្ឋបាលធម្មតាទាំងនោះ បែរជាបានរួមចំណែកបង្ហាញឡើងវិញយ៉ាងពេញលេញនូវដំណើរសកម្មភាពបដិវត្តន៍របស់កម្មាភិបាលម្នាក់ ដែលបានលះបង់ពេញមួយជីវិត ដើម្បីបុព្វហេតុរំដោះជាតិ។

ប័ណ្ណកម្មាភិបាលចេញទៅ B ចុះថ្ងៃទី ០៦/១២/១៩៧០ បានកត់ត្រាយ៉ាងច្បាស់ថា លោក ឡឹមថុង – ឪពុករបស់លោក ឡឹម ង៉ុកសឺន មានឈ្មោះប្រើប្រាស់ទូទៅគឺ ឡឹមថុង ឈ្មោះសម្ងាត់ ង្វៀនធៀន (Nguyen Thien) កើតថ្ងៃទី ០២/០៣/១៩២៥ ស្រុកកំណើតនៅ ដាកាវ (Dakao) ក្រុងសាយ​ហ្គន​ (បច្ចុប្បន្នជាទីក្រុងហូជីមិញ) និងមានសមត្ថភាពនិយាយ អាន សរសេរ និងបកប្រែភាសាបារាំងបានយ៉ាងល្អ។

លោក ឡឹមថុង គឺជាកូនរបស់លោក ឡឹម វ៉ាន់តឹម (Lam Van Tam) - ជាគ្រូបង្រៀន ទទួលមរណភាពនៅឆ្នាំ​១៩៥០) និង​លោកស្រី ង្វៀន ធីថ្វាយ (Nguyen Thi Thoai - ទទួល​មរណភាពពេលលោក​ទើប​មានអាយុ ៤ ឆ្នាំ)។​ លោកមានបងប្រុស ២ នាក់ គឺលោក ឡឹម ទួនដាត (Lam Tuan Dat) លោក ឡឹម តឹនស៊ឺ (Lam Tan Su) និងប្អូនស្រីម្នាក់ឈ្មោះ ឡឹម ង៉ុកអាញ់ (Lam Ngoc Anh - ធ្លាប់ធ្វើជាឆ្មប និងបានចូលរួមតស៊ូ បន្ទាប់មកត្រឡប់ទៅក្រុងសាយ​ហ្គន​វិញ ហើយ​ដាច់ទំនាក់ទំនង​តាំងពីឆ្នាំ​១៩៤៥)។ ក្រៅពីនេះ លោកមានប្អូនប្រុស​៥នាក់ ឪពុកទីទៃម្តាយតែមួយ​ គឺ ឡឹម តឹនវី (Lam Tan Vi) ឡឹម តឹនកាញ់ (Lam Tan Canh) ឡឹម តឹនសួន (Lam Tan Xuan) ឡឹម តឹនសាញ់ (Lam Tan Sanh) និង ឡឹម ធ្វីលៀវ (Lam Thuy Lieu)។ នៅពេលលោក ឡឹមថុង ចេញទៅតស៊ូ តាំងពីឆ្នាំ១៩៤៥ ប្អូនៗទាំងអស់សុទ្ធតែនៅតូចៗនៅឡើយ។

 

រូបថតកម្មាភិបាលទៅ B – យុទ្ធជនពលី ឡឹម​ថុង។ រូបថត៖ ផ្តល់ដោយក្រុមគ្រួសារយុទ្ធជនពលី ឡឹមថុង។

លោក​ជាកូនរបស់លោកគ្រូ ឡឹម វ៉ាន់តឹម និងលោកស្រី ង្វៀន ធី​ថ្វាយ។ បានចូលរួមបដិវត្តន៍តាំងពីថ្ងៃដំបូង​ នៃបដិវត្តន៍ខែសីហា ឆ្នាំ​១៩៤៥ លោកធ្លាប់បម្រើការងារ នៅតាមអង្គភាពជាច្រើន នៅណាមបូ (ភាគខាងត្បូង) មុនពេល​ប្រមូលផ្តុំកម្លាំងទៅភាគខាងជើងនៅឆ្នាំ​១៩៥៤។ បន្ទាប់​មក លោកបានកាន់តំណែងជាច្រើន ក្នុងវិស័យឧស្សាហកម្ម ជាពិសេស​នៅតាមអង្គភាព​ ចំណុះវិស័យធ្យូងថ្ម នៅខេត្តក្វាងនិញ (Quang Ninh)។

 

ឯកសារមួយចំនួននៅក្នុងសំណុំឯកសារ របស់កម្មាភិបាលចេញទៅ B ឡឹម​ថុង។ រូបថត​៖ មជ្ឈមណ្ឌលបណ្ណសារជាតិទី ៣ ​ការិយាល័យ​​គណៈកម្មាធិការ​បង្រួបបង្រួមរដ្ឋាភិបាល សំណុំឯកសារលេខ៤៦១២៦។

យោង​តាមសេចក្តីសម្រេចលេខ 2889 THG ចុះថ្ងៃទី ០២/០៩/១៩៧០ របស់ក្រុមហ៊ុន​ធ្យូងថ្ម ហុងហ្គាយ (Hong Gai) និងសេចក្តីសម្រេចលេខ 4565 ĐT/CBCt1 ចុះថ្ងៃទី ០៥/០៩/១៩៧០ របស់ក្រសួងអគ្គិសនី និងធ្យូងថ្ម លោក ឡឹម ថុង – ប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ នៃសហគ្រាសដឹកជញ្ជូនរថយន្ត កឹមផា ត្រូវបានចាត់តាំងឱ្យទៅកាន់ «គណៈចាត់តាំងមជ្ឈិម ដើម្បីទទួលភារកិច្ចថ្មីចាប់ពីថ្ងៃទី ១៥/០៩/១៩៧០»។

ថ្ងៃនោះក៏ជាថ្ងៃចាប់ផ្តើមនៃការបែកគ្នាអស់រយៈពេលជាងកន្លះសតវត្សរ៍របស់ក្រុមគ្រួសារផងដែរ។ ដោយសារភារកិច្ចត្រឡប់ទៅសមរភូមិភាគខាងត្បូងវិញ ត្រូវបានរក្សាជាការសម្ងាត់ដាច់ខាត នៅក្នុងប្រវត្តិរូបដែលសរសេរមុនថ្ងៃចេញដំណើរ លោក ឡឹម​ថុង បានសរសេរ​ថា «មិនធ្លាប់រៀបការម្តងណាឡើយ» និង «គ្មានកូនសូម្បី​តែម្នាក់»។ នៅពេល​អានឃ្លាទាំងនេះឡើងវិញក្រោយរយៈពេលជាង ៥០ ឆ្នាំ ក្រុមគ្រួសារមិនអាចទប់អារម្មណ៍ក្តុកក្តួលបានឡើយ ប៉ុន្តែលើសពីអ្វីៗទាំងអស់ គឺការយោគយល់យ៉ាងជ្រាលជ្រៅ ចំពោះភារកិច្ចដ៏ពិសិដ្ឋដែលលោកបានទទួល។

លោក សឺន បានរៀបរាប់ថា៖ «ម៉ែខ្ញុំមិនដែលបន្ទោសពុកម្តងណាឡើយ។ ម៉ែយល់ថា នៅពេលនោះ ពុកធ្វើបែបនេះគឺដើម្បីការពារប្រពន្ធកូន»។

 

លិខិតបញ្ជាក់ចុះថ្ងៃទី ១៦/០៤/១៩៧៧ របស់​គណៈកម្មាធិការបង្រួបបង្រួមរដ្ឋាភិបាល។ រូបថត​៖ ផ្តល់ដោយក្រុមគ្រួសារយុទ្ធជនពលី ឡឹម​ថុង។

លោកក៏មិនភ្លេចរឿងរ៉ាវ ដែលម្តាយបាននិទាន អំពីពេលវេលាលាគ្នាចុងក្រោយនោះ​ដែរ។ ថ្ងៃនោះ​ ឪពុកបាន​ដេកលើអង្រឹង​ ពរកូន​ស្រី​ពៅ ដែលទើបមានអាយុ២ឆ្នាំ នៅក្នុងដៃ រួចក៏យំដោយ​ស្ងៀមស្ងាត់។ ពេលប្រពន្ធសួរ​ថា៖ «បងកើត​អីហ្នឹង?» ពុកគ្រាន់តែ​ញញឹមយ៉ាង​ស្លូត​បូតរួច​និយាយ​ថា៖ «ធូលីហើរចូលភ្នែក»។ មួយសន្ទុះ​ក្រោយមក ពុកបានចាប់ដៃ​ម៉ែហើយ​ផ្តាំ​ថា៖ «លើក​នេះ បងទៅបំពេញការងារប្រហែលជាទៅយូរហើយ។ អូននៅផ្ទះ​ខិតខំមើលថែកូនៗផង​ណា»។ គ្មាននរណាម្នាក់នឹក​ស្មានថា នោះគឺជាពាក្យលាគ្នា​ចុងក្រោយឡើយ។ នោះគឺ​ជាលើក​ចុងក្រោយ ដែលម៉ែបានឃើញ​មុខស្វាមី និងជាលើក​ចុងក្រោយ​ ដែលកូនៗបានឃើញមុខពុក។

គ្មាន​នរណាម្នាក់នឹកស្មានថា នោះគឺជាពាក្យលាគ្នាចុងក្រោយឡើយ។ ឆ្នាំ​នោះ លោក សឺន ទើប​តែមានអាយុ​៦​ឆ្នាំប៉ុណ្ណោះ។

 

សេចក្តីសម្រេចលេខ 2889 THG ចុះថ្ងៃទី ០២/០៩/១៩៧០ របស់ក្រុមហ៊ុនធ្យូងថ្ម ហុងហ្គាយ (Hong Gai) ស្តីពីការចាត់តាំង​លោក ឡឹមថុង – ប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ នៃសហគ្រាសដឹកជញ្ជូនរថយន្ត កឹមផា ឱ្យទៅកាន់គណៈចាត់តាំងមជ្ឈិម ដើម្បីទទួល​ភារកិច្ចថ្មី​ ចាប់ពីថ្ងៃទី ១៥/០៩/១៩៧០។ រូបថត​៖ មជ្ឈមណ្ឌលបណ្ណសារជាតិទី ៣ ការិយាល័យ​គណៈកម្មាធិការបង្រួបបង្រួមរដ្ឋាភិបាល សំណុំឯកសារលេខ ៤៦១២៦ សន្លឹកទី​០៦។

សាម​សិបឆ្នាំក្រោយថ្ងៃដែល​លោក ឡឹម​ថុង បានពលីជីវិត សេចក្តីសម្រេចលេខ 20/CT-KT ចុះថ្ងៃទី ២២/០២/១៩៩០ របស់​ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ស្តីពី​ការផ្តល់ប័ណ្ណសរសើរ «មាតុភូមិចារឹក​គុណ» ជូន​គ្រួសារយុទ្ធជនពលីចំនួន៣៦គ្រួសារ ដែលបច្ចុប្បន្នរក្សាទុក​នៅមជ្ឈមណ្ឌលបណ្ណសារជាតិទី​៣ បានកត់ត្រាយ៉ាងច្បាស់​នូវឈ្មោះយុទ្ធជនពលី ឡឹម​ថុង (លេខរៀងទី​៩) កម្មាភិបាលសហគ្រាសដឹកជញ្ជូនរថយន្ត ស្រុក​កំណើត៖ សង្កាត់ដាកាវ ខណ្ឌទី១ ទីក្រុង​ហូជីមិញ ដែល​បានពលីជីវិត ក្នុងបុព្វហេតុតស៊ូប្រឆាំងអាមេរិក សង្គ្រោះជាតិ នៅឆ្នាំ​១៩៧០។

ជាងកន្លះសតវត្សរ៍តាម​រកឪពុក

ក្រោយ​ថ្ងៃដែលប្រទេសជាតិបានឯករាជ្យ​ ម្តាយ​របស់​លោក ឡឹម ង៉ុក​សឺន បានចាប់​ផ្តើមធ្វើ​ដំណើរ​តាមរកស្វាមី។ លោកស្រីបានទៅកាន់អណ្តូងរ៉ែធ្យូងថ្ម ដែវណាយ (Deo Nai) និងសហគ្រាសដឹកជញ្ជូនរថយន្ត កឹមផា ជាកន្លែងដែលលោក ឡឹមថុង ធ្លាប់ធ្វើការមុនពេលចេញទៅភាគខាងត្បូង។ អតីតមិត្តរួមការងារទាំងអស់ សុទ្ធតែបានជួយយ៉ាងសស្រាក់សស្រាំ ប៉ុន្តែគ្មាននរណាម្នាក់ដឹងថា លោកត្រូវបានចាត់តាំងឱ្យទៅទីណាឡើយ ដោយគ្រាន់តែណែនាំលោកស្រីឱ្យទៅរកគណៈកម្មាធិការបង្រួបបង្រួមរដ្ឋាភិបាល ដើម្បីស្រាវជ្រាវឯកសារ។

នៅប្រមាណឆ្នាំ១៩៧៧ លោកស្រីបានទៅដល់គណៈកម្មាធិការបង្រួបបង្រួមរដ្ឋាភិបាល ហើយ​បានជួបលោក ផាន គឺវ (Phan Cuu) – ប្រធានការិយាល័យគ្រប់គ្រងសមរភូមិខសង​ក្រោយ។ បន្ទាប់ពីពិនិត្យឯកសាររួច លោក ផាន គឺវ បាននិយាយទាំងភ្ញាក់ផ្អើលថា៖ «ខ្ញុំមិនបានដឹងថាសមមិត្ត ឡឹមថុង មានគ្រួសារនោះទេ»។ រហូតមកដល់ពេលនោះ អង្គភាពនៅតែមិនទាន់មានព័ត៌មានណាមួយ អំពីលោក ឡឹមថុង នៅឡើយ។

 

សេចក្តីសម្រេចលេខ 4565 ĐT/CBCt1 ចុះថ្ងៃទី ០៥/០៩/១៩៧០ របស់ក្រសួងអគ្គិសនី និងធ្យូងថ្ម ស្តីពីការចាត់តាំងលោក ឡឹមថុង – ប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ នៃសហគ្រាសដឹកជញ្ជូនរថយន្ត កឹមផា ឱ្យទៅកាន់គណៈចាត់តាំងមជ្ឈិម ដើម្បីទទួលភារកិច្ចថ្មីចាប់ពីថ្ងៃទី ១៥/០៩/១៩៧០។ រូបថត៖ មជ្ឈមណ្ឌលបណ្ណសារជាតិទី ៣ ការិយាល័យ​​គណៈកម្មាធិការបង្រួបបង្រួមរដ្ឋាភិបាល សំណុំឯកសារលេខ ៤៦១២៦ សន្លឹកទី០៤។

នៅថ្ងៃទី១៦/០៤/១៩៧៧ គណៈកម្មាធិការបង្រួបបង្រួមរដ្ឋាភិបាល បានចេញលិខិតបញ្ជាក់ថា លោកស្រី ផាម ធីថឹម កំពុងចិញ្ចឹមកូនពីរនាក់តែម្នាក់ឯង គឺ ឡឹម ង៉ុកសឺន និង ឡឹម ធីថាញ់ មិញ (Lam Thi Thanh Minh) ដែលជាកូនរបស់សមមិត្ត ឡឹមថុង កម្មាភិបាលចេញទៅភាគខាងត្បូងឆ្នាំ១៩៧០ ព្រមទាំងបានស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ និងបង្កលក្ខណៈជួយឧបត្ថម្ភគ្រួសារឱ្យឆ្លងផុតការលំបាក។

លិខិតនេះមានបោះត្រារបស់គណៈកម្មាធិការបង្រួបបង្រួមរដ្ឋាភិបាល និងមានហត្ថលេខារបស់លោក ផាន គឺវ ដោយទទួលបញ្ជាពីប្រធានគណៈកម្មាធិការបង្រួបបង្រួមរដ្ឋាភិបាល ក្នុងនាមជាប្រធានការិយាល័យគ្រប់គ្រងសមរភូមិខាង​ក្រោយ។

 

ប័ណ្ណកម្មាភិបាលរបស់កម្មាភិបាលចេញទៅភាគខាងត្បូង ឡឹមថុង ចុះថ្ងៃទី ០៦/១២/១៩៧០។ រូបថត​៖ មជ្ឈមណ្ឌលបណ្ណសារជាតិទី ៣ ការិយាល័យ​គណៈកម្មាធិការបង្រួបបង្រួមរដ្ឋាភិបាល សំណុំឯកសារលេខ ៤៦១២៦ សន្លឹកទី ០១ - ០២។ 

លោក សឺន បាន​រំលឹក​ឡើងវិញ​ថា៖ «ពេលឃើញពួកយើង អ៊ំស្រី ហាញ់ បាន​ឱបកូនៗ​របស់ពុក ហើយ​និយាយទាំងរំជួលចិត្តថា៖ យី! វា​មុខដូច​អា ថុង ខ្លាំងណាស់! អ៊ីចឹង​សោះ បានជា​វានិយាយ​ថា មិនដែល​មានប្រពន្ធកូន​»។

ក្រុមគ្រួសារក៏បាន​ទទួលយកមកវិញ នូវកង់ម៉ាក ថុងញឹក (Thong Nha​t) និង​វ៉ាលីមួយ ដែលលោក ឡឹម បាន​ផ្ញើទុកមុន​ថ្ងៃចេញដំណើរ។ ប៉ុន្តែបន្តិច​ក្រោយ​មក លោកស្រី ហាញ់ បានផ្លាស់​ទីលំនៅទៅ​កន្លែងផ្សេង ធ្វើឱ្យទំនាក់ទំនងជាមួយគ្រួសារខាងឪពុក ត្រូវបានកាត់ផ្តាច់ម្តងទៀត។

មិនបោះបង់ក្តីសង្ឃឹម ម្តាយរបស់លោក សឺន បាននាំកូនៗត្រឡប់ទៅភាគខាងត្បូងវិញ ដើម្បីបន្តការស្វែងរក។ រយៈពេល​តស៊ូចិញ្ចឹមជីវិតដ៏លំបាកវេទនា រួមជាមួយនឹងពេលវេលាបានធ្វើឱ្យតម្រុយ​ទាំងឡាយ កាន់តែរួមតូចទៅៗ។ លុះដល់ពេលលោកស្រីត្រឡប់ទៅទីក្រុងហាណូយវិញនៅឆ្នាំ១៩៨២ គណៈកម្មាធិការបង្រួបបង្រួមរដ្ឋាភិបាល ត្រូវបានរំសាយបាត់ទៅហើយ។ តម្រុយចុងក្រោយទាំងឡាយក៏ត្រូវបានបិទបញ្ចប់ជាបណ្តើរៗ។

 

សេចក្តីសម្រេចលេខ 20 CT/KT ចុះថ្ងៃទី ២២/០២/១៩៩០ ចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដូ មឿយ (Do Muoi) ស្តីពីការផ្តល់ប័ណ្ណសរសើរ មាតុភូមិចារឹកគុណ ជូនគ្រួសារយុទ្ធជនពលីចំនួន៣៦ គ្រួសារ ក្នុងនោះមានឈ្មោះយុទ្ធជនពលី ឡឹមថុង កម្មាភិបាលសហគ្រាសដឹកជញ្ជូនរថយន្ត ស្រុកកំណើត៖ សង្កាត់ដាកាវ ខណ្ឌទី១ ទីក្រុងហូជីមិញ ដែលបានពលីជីវិត ក្នុងបុព្វហេតុតស៊ូប្រឆាំងអាមេរិកសង្គ្រោះជាតិ នៅឆ្នាំ១៩៧០។ រូបថត៖ មជ្ឈមណ្ឌលបណ្ណសារជាតិទី ៣ ការិយាល័យ​ទីស្តីការរដ្ឋាភិបាល (១៩៥៧ - ១៩៩៥) សំណុំឯកសារលេខ ៣៥១ សន្លឹកទី ៤៣ - ៤៧។

ឆ្នាំនេះ ម្តាយ​របស់លោក សឺន មាន​អាយុ​៩៥ឆ្នាំហើយ។ សក់ស្កូវ​សព្រោងពេញ​ក្បាល គឺជាស្លាកស្នាម​នៃការរង់ចាំ​ស្វាមី និង​តាមរកឪពុកឱ្យកូនៗ អស់ស្ទើរតែពេញមួយជីវិត​។ កូនៗរបស់​យុទ្ធជនពលី ឡឹម​ថុង ឥឡូវនេះក៏បានឈាន​ចូលដល់វ័យជរា​ហើយដែរ ប៉ុន្តែនៅ​តែ​មិនទាន់​រសាយនូវសេចក្តីប្រាថ្នា ក្នុងការស្វែងរកបំណែក​ដែលនៅខ្វះខាត អំពីជីវិតរបស់​ឪពុក ដែល​ជាយុទ្ធជន​ម្នាក់​នោះឡើយ​។ ពួកគេសង្ឃឹមថានឹងអាចជួបជុំសាច់ញាតិបង្កើត និងអតីតយុទ្ធមិត្តដែលធ្លាប់ប្រយុទ្ធរួមស្លាប់រួមរស់ជាមួយលោក ដើម្បីយល់ដឹងឱ្យបានពេញលេញអំពីដំណើរចុងក្រោយរបស់ឪពុក និងរក្សាទុកនូវអនុស្សាវរីយ៍ទាំងនោះ សម្រាប់កូនចៅជំនាន់ក្រោយ។

សង្ឃឹមរកឃើញបំណែកដែលនៅខ្វះខាត

ចំពោះក្រុមគ្រួសារលោក ឡឹម ង៉ុកសឺន សំណុំឯកសារបណ្ណសារមិនត្រឹមតែជាក្រដាសស្នាមរដ្ឋបាលធម្មតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានតភ្ជាប់រវាងអតីតកាល និងបច្ចុប្បន្នកាល ដែលបើកក្តីសង្ឃឹមបន្ថែមទៀត បន្ទាប់ពីការតាមរកសាច់ញាតិអស់រយៈពេលជាងកន្លះសតវត្សរ៍។

ក្រុមគ្រួសារសង្ឃឹមថា ប្រសិនបើមាននរណាម្នាក់ជាកូនចៅរបស់លោកស្រី ផាម ធីហាញ់ លោក ហ្វិញ តឹនគៀត អ្នកនៅក្នុងត្រកូល ឡឹម ឬធ្លាប់ស្គាល់សមមិត្ត ឡឹម ថុង (ឈ្មោះសម្ងាត់ ង្វៀនធៀន) ដែលធ្លាប់បម្រើការងារនៅគណៈចាត់តាំងមជ្ឈិម កងវរសេនាធំលេខ ៦៥៨ កងពលលេខ ៣៣០ បញ្ជាការដ្ឋានភាគខាងកើតនៃភូមិភាគខាងត្បូង បញ្ជាការដ្ឋានកងទ័ពខេត្ត ឡុងចូវសា (Long Chau Sa) ឬបានចេញទៅភាគខាងត្បូងជាមួយគ្នានៅឆ្នាំ១៩៧០ សូមមេត្តាទំនាក់ទំនងមកកាន់លោក ឡឹម ង៉ុកសឺន តាមរយៈលេខទូរស័ព្ទ 0986.710.984 ឬ 0768.944.168។

 

ប័ណ្ណសរសើរ មាតុភូមិចារឹកគុណ របស់យុទ្ធជនពលី ឡឹមថុង យោងតាមសេចក្តីសម្រេចលេខ 20 CT/KT ចុះថ្ងៃទី ២២/០២/១៩៩០ ចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដូ មឿយ។ រូបថត៖ ផ្តល់ដោយក្រុមគ្រួសារយុទ្ធជនពលី ឡឹមថុង។

ចំពោះមនុស្សជាច្រើន នោះ​អាចគ្រាន់តែជាការចងចាំដ៏តូចមួយប៉ុណ្ណោះ ប៉ុន្តែចំពោះក្រុមគ្រួសារលោក សឺន នោះអាចជាបំណែកចុងក្រោយ ដែលជួយបិទបញ្ចប់ដំណើរស្វែងរក​ឪពុក ដែលបានអូសបន្លាយអស់រយៈពេលជាងកន្លះសតវត្សរ៍មកនេះ៕

  • អនុវត្ត​៖ កុងដាត/កាសែត​រូបភាពវៀតណាម - ត្រឹន ធីហ័ន (មជ្ឈមណ្ឌលបណ្ណសារជាតិទី៣)
  • រូបថត៖ ផ្តល់ដោយក្រុមគ្រួសារ
  • ប្រែសម្រួល៖ រីកើង​ 

top