ដាភុក (Da Phuc) - គោលដៅទេសចរណ៍បៃតងដ៏ទាក់ទាញ នៅជាយក្រុងហាណូយ
ស្ថិតនៅតំបន់ជាយក្រុងហាណូយ ឃុំដាភុក (Da Phuc) កំពុងបោះជំហានអភិវឌ្ឍន៍ទម្រង់ទេសចរណ៍បៃតងយ៉ាងសកម្ម។ ជាមួយនឹងភាពប្រៀបនៃលំហអាកាសក្បែរមាត់ទន្លេកាឡូ (Ca Lo) និងទេសភាពភូមិឋានសុខសាន្ត ដាភុកបានរំពឹងថានឹងក្លាយជាគោលដៅដ៏ទាក់ទាញ សម្រាប់ដំណើរកម្សាន្តរយៈពេលខ្លី ដែលភ្ញៀវទេសចរអាចស្វែងយល់ពីសម្រស់ដ៏ស្រស់ត្រកាល នៃជនបទភាគខាងជើងនៃប្រទេសវៀតណាម នៅក្បែររដ្ឋធានីហាណូយតែម្តង។
ក្នុងនិន្នាការអភិវឌ្ឍន៍ទេសចរណ៍បៃតង និងទេសចរណ៍បែបបទពិសោធន៍ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ឃុំដាភុក កំពុងក្លាយជាចំណុចទាក់ទាញថ្មីនៃទីក្រុងហាណូយ។ ថ្មីៗនេះ មូលដ្ឋានបានដាក់ឱ្យដំណើរការជាផ្លូវការ នូវទម្រង់ “ទេសចរណ៍បៃតងដាភុក - River Camping” ដែលជាផលិតផលទេសចរណ៍ផ្អែកលើឧត្តមភាព នៃទេសភាពមាត់ទន្លេ ជីវភាពកសិកម្ម និងតម្លៃវប្បធម៌ប្រពៃណី នៃភូមិបុរាណដ៏ចំណាស់មួយនេះ ។
លំហអាកាសតាមបណ្តោយទន្លេកាឡូ គឺជាចំណុចលេចធ្លោបំផុតនៃទេសចរណ៍ដាភុក។ លំហូរខ្សែទឹកស្រទន់ រួមជាមួយវាលខ្សាច់មាត់ទឹកធំទូលាយ និងទំនប់ទឹកស្រឡះ បង្កើតបានជាទិដ្ឋភាពសុខសាន្ត ដែលជានិមិត្តរូបនៃជនបទភាគខាងជើង។ នេះជាលក្ខខណ្ឌអំណោយផល សម្រាប់អភិវឌ្ឍសកម្មភាពកម្សាន្តក្រោមលំហអាកាស ផ្តល់ឱកាសឱ្យភ្ញៀវទេសចរ បានរស់នៅក្បែរធម្មជាតិ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ នៃតំបន់ជាយក្រុង។
បទពិសោធន៍មួយដែលភ្ញៀវទេសចរចូលចិត្តបំផុត គឺការបោះតង់តាមមាត់ទន្លេ។ តំបន់បោះតង់ បានរៀបចំយ៉ាងរៀបរយ សមស្របសម្រាប់ដំណើរកម្សាន្តខ្លីថ្ងៃនៃគ្រួសារ ក្រុមមិត្តភក្តិ ឬសកម្មភាពជាក្រុម។ នៅទីនេះ ភ្ញៀវអាចបោះតង់ សម្រាកលំហែកាយ រៀបចំអាហារក្រោមផ្ទៃមេឃ និងរីករាយជាមួយភាពស្ងប់ស្ងាត់នៃធម្មជាតិ។ នៅពេលរាត្រីឈានចូលមកដល់ ទិដ្ឋភាពមាត់ទន្លេកាន់តែស្ងប់ស្ងាត់ ផ្តល់នូវអារម្មណ៍ធូរស្រាល និងសុខសាន្ត ខុសប្លែកទាំងស្រុងពីភាពអ៊ូអរ នៃជីវិតទីក្រុង។
ក្រៅពីនេះ ការអុំទូកកម្សាន្តលើទន្លេកាឡូ ក៏ជាសកម្មភាពគួរឱ្យចាប់អារម្មណ៍ផងដែរ។ ខ្សែទឹករលូន និងទេសភាពសងខាងផ្លូវ ដែលនៅរក្សាបានភាពសាមញ្ញនៃភូមិឋាន ជួយឱ្យភ្ញៀវទេសចរបានហាត់ប្រាណស្រាលៗផង និងមើលឃើញជីវភាពរស់នៅដ៏សាមញ្ញនៃអ្នកស្រុកផង។ វាលស្រែ ទំនប់ទឹក និងដំបូលផ្ទះលិចអណ្តែតតាមដងទន្លេ បង្កើតបានជារូបភាពមានក្តីសុខនៃតំបន់ជនបទក្បែររដ្ឋធានី។
ផ្នែកសំខាន់នៃដំណើរស្វែងយល់ដាភុក គឺស្វែងយល់ពីជីវភាពកសិកម្មរបស់អ្នកស្រុក។ ភ្ញៀវទេសចរអាចទៅទស្សនាតំបន់ផលិតកសិកម្មគំរូដូចជា តំបន់ដាំបន្លែ និងម្ទេស តាមបែបកសិកម្មស្អាត។ មិនត្រឹមតែស្តាប់ការណែនាំអំពីដំណើរការផលិតប៉ុណ្ណោះទេ ភ្ញៀវក៏អាចចូលរួមផ្ទាល់ក្នុងដំណាក់កាលងាយៗមួយចំនួន នៃការដាំដុះផងដែរ។ បទពិសោធន៍ទាំងនេះ ជួយឱ្យភ្ញៀវយល់ច្បាស់ពីការងាររបស់កសិករ ក៏ដូចជាផ្នត់ជីវិតប្រចាំថ្ងៃ នៅជាយក្រុង។
ជាទម្រង់ទេសចរណ៍ថ្មី ដាភុកយកចិត្តទុកដាក់ខ្ពស់ លើការការពារបរិស្ថាន និងរក្សាទេសភាពធម្មជាតិ។ ជំនួសឱ្យការអភិវឌ្ឍបែបប្រញាប់ប្រញាល់ មូលដ្ឋានផ្តល់អាទិភាពដល់សកម្មភាពទេសចរណ៍ក្នុងកម្រិតសមស្រប ដើម្បីធានាបាននូវតុល្យភាព រវាងការទាញយកផលពីទេសចរណ៍ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ីមាត់ទន្លេ។
សហគមន៍មូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍន៍ទេសចរណ៍។ ប្រជាពលរដ្ឋបានលើកទឹកចិត្តឱ្យចូលរួមផ្ទាល់ ក្នុងសកម្មភាពផ្សេងៗដូចជា ធ្វើជាមគ្គុទ្ទេសក៍ ផ្តល់សេវាកម្ម ផ្គត់ផ្គង់ កសិផល និងចម្អិនម្ហូបប្រពៃណី។ របៀបធ្វើនេះ មិនត្រឹមតែបង្កើតមុខរបរដល់អ្នកស្រុកប៉ុណ្ណោះទេ ថែមទាំងជួយឱ្យទេសចរណ៍ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយជីវភាពវប្បធម៌ក្នុងតំបន់។
តាមរយៈការអភិវឌ្ឍទេសចរណ៍បៃតង ដាភុករំពឹងថានឹងបង្កើតឱកាសសេដ្ឋកិច្ចថ្មីសម្រាប់សហគមន៍មូលដ្ឋាន ព្រមទាំងលើកកម្ពស់ស្មារតីការពារបរិស្ថាន និងថែរក្សាទន្លេកាឡូ។ សកម្មភាពទេសចរណ៍បានរៀបចំឡើងដោយសម្រប់ជាមួយធម្មជាតិ សមស្របតាមទិសដៅអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាពនៃទីក្រុងហាណូយ៕
អត្ថបទ៖ ខាញ់ឡុង - រូបថត៖ វៀតគឿង ខាញ់ឡុង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង














