ចង្កេះភ្នំអូគ្វីហូ (O Quy Ho) - ទីប្រសព្វដីនិងមេឃ

ចង្កេះភ្នំអូគ្វីហូ (O Quy Ho) - ទីប្រសព្វដីនិងមេឃ

ស្ថិតនៅ​លើ​ផ្លូវ​ជាតិលេខ​​ 4D ក្នុង​​តំបន់​ជាប់ព្រំប្រទល់ ​រវាង​ខេត្ត​ឡាវ​កាយ​ (Lao Cai) និង ឡាយ​ចូវ​ (Lai Chau) ចង្កេះភ្នំ​អូគ្វី​ហូ (O Quy Ho) ​មាន​ប្រវែង​ប្រហែល​៥០​គីឡូម៉ែត្រ​ ជា​ដង​ផ្លូវ​ចង្កេះភ្នំ​វែង​បំផុត​វៀតណាម​។ ចង្កេះភ្នំ​បាន​ជនជាតិម៉ុង​ (Mong) យ៉ាវ​ (Dao) យ៉ី(Giay)​។ល។ នៅ​ក្នុង​តំបន់ដែលប្រតិដ្ឋ​​ជា​​រឿង​ព្រេង​និទានមួយ​ ស្តីអំពី​រឿង​​ស្នេហាកំស​ត់​​ និង​បច្ចុប្បន្ន​ ទី​នេះ ជា​អាសយដ្ឋាន​ទេសចរណ៍​ពេញ​និយម​ ជាមួយ​នឹង​ចំណី​អារម្មណ៍​​ពិសេស​ ពោល​គឺ​គយគន់​ពពក​ ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​គ្រោះថ្នាក់ និង ទស្សនា​ទេសភាព​​ធម្មជាតិ​​មហស្ចារ្យ​។​

តំណាល​ថា​ បុរស​អូគ្វី​ហូ​ (O Quy Ho) ជា​បុត្រា​​អ្នក​តាភ្នំ​។ មួយ​ថ្ងៃៗ បុរស​នេះ​ឡើង​ភ្នំ​កាប់​ឱស ផ្លុំ​ខ្លុយ​ ធ្វើមិត្ត​នឹង​ពពកខ្យល់​ សព្វសត្វទាំងពួង។ ថ្ងៃមួយ​ បុត្រី​ទាំង​៧នាក់របស់​ព្រះឥន្ទ​ យាង​ចុះស្ថានមនុស្ស​កម្សាន្ត​កាយ​​ ងុត​ទឹក​ជ្រោះ​នៅ​ក្បែរ​ទី​បុរស​​ អូ​គ្វី​ហូ (O Quy Ho) ស្នាក់​នៅ​។​ បុត្រីពៅ​​បាន​​ឮសំឡេង​ខ្លុយ​រំពងរណ្តំ​​របស់បុរស​ ​អូគ្វី​ហូ​ (O Quy Ho) ​ក៏​ចាប់​​ចិត្តប្រតិពន្ធ​​​ស្រឡាញ់​បុរស​កាប់ឱស​ម្នាក់នេះ។ ផ្តើម​ពីនោះមក បុរស អូគ្វី​ហូ​ (O Quy Ho) និង ព្រះនាង​បុត្រីពៅ ​តែង​តែណាត់ជួប​សាសង​ផ្តោះផ្តងស្នេហា នៅ​ក្បែរ​ដងស្ទឹង​​។ 

ព្រឹល​នៅលើ​ចង្កេះ​អូគ្វី​ហូ (O Quy Ho)។ រូបថត៖ ង្វៀនគឿង​

ពេល​​ជ្រាបរឿង​រ៉ាវ​ ព្រះ​ឥន្ទ​បានហាម​​ព្រះនាង​បុត្រី​ពៅ មិនឱ្យ​យាង​ចុះស្ថានមនុស្ស​​​លោកទៀត​​ ព្រមទាំង​​ជប​បុរស ​អូគ្វី​ហូ (O Quy Ho) ​ក្លាយ​ជា​សត្វ​អណ្តើក​ខ្មៅ​។​ រីឯព្រះនាង​បុត្រី​ពៅ ​នឹក​រលឹក​គូស្នេហ៍ពន់ពេក​​ កើតទុក្ខ​​រហូតដល់ស្លាប់​​ទៅ​។ ពេលស្លាប់រួចព្រះនាង​​ក្លាយ​ជា​សត្វ​ហង្ស​ ពេល​រសៀលទន់ទេ សត្វហង្ស​​តែង​ហោះឆ្វេល​ឆ្វាត់​​កាត់​ចង្កេះភ្នំ យំ​ស្រែក​ គួរ​ឱ្យ​​ស្រណោះស្រណោក​ពន់ពេក​៖ អូគ្វី​ហូ! អូគ្វីហូ! យ៉ាងរំជួល​ចិត្ត​​​​ចំពោះ​គូស្នេហា​ដែលត្រូវ​​បែក​បាក់ អ្នក​ភូមិ ​អ្នកស្រុក​​បាន​ដាក់ឈ្មោះ​ចង្កេះភ្នំនេះ​​ ដែល​ជាទីកន្លែងបុរស​ ​​អូគ្វី​ហូ​ (O Quy Ho) ធ្លាប់បានស្នាក់នៅ ហៅថា​ចង្កេះ​ភ្នំ​អូគ្វីហូ​ (O Quy Ho) ហើយជ្រោះទឹកធ្លាក់មួយកន្លែង​ដែល​​គូស្នេហ៍ធ្លាប់បាន​​ណាត់ជួប​សាសង​ ហៅថា​ជ្រោះ​​ស្នេហ៍។​

តំបន់​ homestay មួយ ​លេច​អណ្តែត​ក្រោម​ពពក ​នៅលើ​ចង្កេះភ្នំ​អូគ្វី​ហូ (O Quy Ho)​។​ រូបថត៖ ត្រឹន​ហ៊ីវ​/កាសែតរូបភាព​វៀតណាម​

ក្រៅ​ពី​រឿង​ព្រេង​មួយនេះ ក៏មាន​មនុស្ស​ជា​ច្រើន​ហៅទីនេះ ថា​​ចង្កេះ​ភ្នំ​ពពក​ ដោយ​សារ​​ទីនេះ​តែ​ងមាន​​ពពក​ហ៊ុំ​ព័ន្ធជុំវិញ​ បំផុត​គឺ​នៅ​ពេល​ថ្ងៃរសៀល ឈរនៅលើ​ចង្កេះភ្នំ​ ទី​ប្រសព្វ​ព្រំទល់​រវាង​ខេត្ត​ទាំងពីរ​ ខេត្ត​ឡាវ​កាយ​ (Lao Cai) និង ឡាយ​ចូវ​ (Lai Chau) អ្នក​នឹង​បានឃើញ​​ពពក​សស្គុះ​អណ្តែត​មក​ដិតដាំលើ​​កំពូល​ភ្នំ រួច​លំហូរចុះ​ជ្រលង​ភ្នំខាងក្រោម​​។​ ភ្ញៀវទេសចរ​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ ដោយ​បាន​​ឈរជាន់​លើ​ពពក​ពាន់ដុំ​។ នៅ​ថ្ងៃដែល​មាន​អកាសធាតុ​ល្អ  ពី​កំពូល​ភ្នំ​ភ្ញៀវទេសចរ​អាច​គយ​គន់ឃើញ​​ទេសភាព​ផ្លូវ​រថយន្តធ្វើ​ដំណើរ​​​​ព័ន្ធ​ជុំ​ឆ្លងកាត់​ចង្កេះព្រៃ​ភ្នំ​សន្ធឹង​អន្លាយ​ ងើប​មើល​ទៅ​លើ ភ្ញៀវទេសចរ​អាច​​​ទស្សនា​​ទេសភាព​​មហស្ចារ្យ​នៃកំពូលភ្នំ​ ផាន​ស៊ី​ផាំង (Phan Xi Phang)។ ពី​កំពូល​ភ្នំ​សំឡឹង​មើលទៅ​ទិស​ខេត្ត​ឡាយ​ចូវ​ (Lai Chau) នឹង​បាន​ឃើញ​ភ្នំ​រាប់ពាន់ប្រដេញគ្នា​​ រួម​ជាមួយនឹង​ជ្រលង​ភ្នំ​ ដង​ផ្លូវរថយន្ត ប្រៀប​​ដូចជា​សសៃ​សូត្រ​រុំ​ព័ន្ធជុំ​វិញ​ចង្កេះភ្នំ​។


ស្ពាន​កញ្ចក់​កសាង​នៅលើ​ចង្កេះភ្នំ អូគ្វី​ហូ (O Quy Ho)។ រូបថត៖ ថុ​ងថៀន/កាសែតរូបភាពវៀតណាម​

អាកាសធាតុ​ក៏ជា​លក្ខណៈ​ពិសេសនៃ​​ចង្កេះភ្នំ ​អូគ្វីហូ (O Quy Ho)។ ​នៅ​រដូវ​ប្រាំង ម្ខាង​ចង្កេះភ្នំ​តំបន់​ស្រុក​សាប៉ា (Sa Pa) ខេត្ត​ឡាវ​កាយ​ (Lao Cai) អាកាសធាតុ​ត្រជាក់​​ ​រសៀល​និង​យប់រងារ លិច​​ក្រោម​សន្សើម​ធ្លាក់ ឯម្ខាង​នេះវិញ ​ស្រុក​តាម​ដឿង (Tam Duong)​ ខេត្ត​​ឡាយ​ចូវ​ (Lai Chau) បែរជាមាន​ថ្ងៃ​​ក្តៅ​ពន្លឺ​ចែង​ចាំង​។ ពេល​រដូវ​រងារ​មកដល់​ ខាង​ស្រុក​តាម​ដឿង (Tam Duong) ​ក្តៅស្រួល តែខាង​ស្រុក​សាប៉ា​ (Sa Pa) បែរជា​រងារ​ ធា្លក់​ព្រឹល​ ចុះអ័ព្ទមើលមិនឃើញ​ផ្លូវទៅវិញ​​។ ការ​ធ្វើ​ដំណើរ​ពី​ខាង​នេះ ទៅ​កាន់ខាងនោះ ទោះបី​នៅ​រដូវកាល​​ណាក៏ដោយ​ ក៏តែងតែ​ធ្វើ​ឱ្យ​ភ្ញៀវទេសចរ​ភ្ញាក់ផ្អើល​ ចំពោះ​ភាព​​ខុសប្លែក​​អំពី​អាកាសធាតុទីនេះ​​។​

ថ្ងៃអស្តង្គតលើ​ចង្កេះភ្នំ​អូគ្វី​ហូ (O Quy Ho)។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម​

ចំពោះ​ភ្ញៀវទេសចរ​ដែល​ចូលចិត្ត​ផ្សង​ព្រេង​ អូគ្វី​ហូ (O Quy Ho) គឺ​​ជា​ទីកន្លែង​ចង់​យក​ជំនះលើ​វា​ ដោយសារ​នេះ​ជា​ចង្កេះភ្នំ​ពត់ពេន​ គ្រោះថ្នាក់បំផុត​នៅ​​តំបន់ដង​ភ្នំទិស​ពាយព្យ​ ជាមួយនឹង​កំណាត់​ផ្លូវ​បត់​កែងពិបាក​ធ្វើដំណើរ​។​ ពេល​ឈប់សម្រាក​នៅ​លើ​ចង្កេះភ្នំ​អូគ្វី​ហូ (O Quy Ho) បោះខ្សែ​ភ្នែក​ទៅ​មើល​ទិស​ជើង​មេឃ​ ភ្ញៀវទេសចរ​ទើប​អាច​ឃើញ​នូវ​ភាព​ធំធេង​គ្មាន​ព្រំដែន​ នៃទឹកដីតំបន់ទិសពាយព្យ​។ ធ្វើ​ដំណើរ​ម្តង ក្រេប​យក​ពិសោធន៍ និង​ អារម្មណ៍​​ខុសប្លែង​ម្តង​។ នៅ​រាត្រី​ចន្ទពេញបូណ៌មី​ ផ្ទៃមេឃស្រឡះ ពន្លឺ​ចាំងចែង​​ចុះ​ផែន​ថ្មឈរ​​ ឬ​ជ្រែក​តាម​ចន្លោះ​ស្លឹក​ឈើ​នៅ​ក្បែរ​ដង​ផ្លូវ​ មើល​ទៅ​ស្អាត​ និងអាថ៌កំបាំ​ងណាស់។​


ចង្វេះ អូគ្វី​ហូ (O Quy Ho) ជា​អំណោយ​ដ៏កម្រ​ដែល​ធម្មជាតិ​ប្រទាន​ជូន សម្រាប់​តំបន់ភាគពាយព្យ​។ ជាមួយ​រឿង​ព្រេង​កំសត់ និង ពិរោះ​ បូក​ជាមួយ​នឹង​​ទេសភាព​ពពក មាន​គ្រប់​​រដូវកាល​​ទាំង៤ ចង្កេះ​ភ្នំ​អូគ្វី​ហូ (O Quy Ho) តែង​តែជំរុញចិត្ត​​ភ្ញៀវទេសច ​អញ្ជើញ​មក​ស្វែង​យល់ និង ផ្សង​ព្រេង​៕​

រូបថត៖ ង្វៀន​ថាំង ហ្វាង​ហា ត្រឹនហ៊ី ថុង​ថៀន ​ និង​វៀតគឿង​/កាសែតរូបភាពវៀតណាម

ប្រែសម្រួល៖ រីកើង


top