គយគន់ពពកលើកំពូលភ្នំ ហូវថាវ (Hau Thao)

គយគន់ពពកលើកំពូលភ្នំ ហូវថាវ (Hau Thao)

 

សាប៉ា​ (Sa Pa) (ខេត្ត​ឡាវកាយ - Lao Cai​) ធ្លាប់​ល្បីល្បាញ ដោយសារមានទី​កន្លែង​ទេសចរណ៍ស្រស់ស្អាត​ជាច្រើន ជាមួយនឹងជួរភ្នំធំ​ស្កឹមស្កៃ ស្រែកាំ​ជណ្តើរ​លាតសន្ធឹង​ និង បរិយាកាសបរិសុទ្ធ​នៃតំបន់ភ្នំ​ភាគពាយ័ព្យ។ ក្នុងចំណោមទីកន្លែង​​ទាក់ទាញ ឃុំហូវថាវ (Hau Thao) កំពុងក្លាយជាទី​កន្លែងគយ​គន់​ពពកល្អប្រពៃមួយ​ សម្រាប់​ភ្ញៀវទេសចរ ​ដែល​ចូលចិត្ត​ស្វែងយល់​ធម្មជាតិ​។​

ពពកអណ្តែតទៅតាមខ្យល់ឆ្លងកាត់ភូមិស្រុកនានា។

ចេញ​ពីមជ្ឈមណ្ឌល​ទីរួម​ស្រុក​សាប៉ា (Sa Pa) (ខេត្ត​ឡាវកាយ - Lao Cai​) ធ្វើដំណើរ​តាមផ្លូវ តាវ៉ាន​ (Ta Van) ប្រហែល៥​គីឡូម៉ែត្រ យើងខ្ញុំ​បាន​​​ទៅដល់ភូមិសាស្ត្រ ឃុំហូវ​ថាវ (Hau Thao) ហើយបាន​ដឹង​ថា​មជ្ឈមណ្ឌល​ឃុំហូវថាវ (Hau Thao) ស្ថិតនៅ​កម្ពស់​ប្រហែល​១៧០០​ម៉ែត្រ បើប្រៀប​នឹង​​នីវ៉ូ​ទឹក​សមុទ្រ ដោយមាន​ជ្រលងភ្នំធំល្វឹង​ល្វើយ​ជាច្រើន ​ទើប​ទី​នេះ គឺជាទីកន្លែងដ៏អស្ចារ្យ សម្រាប់គយ​គន់​ពពកហើរកាត់​​ឃុំ​សាប៉ា (Sa Pa)​។ មកដល់ទីនេះ សម្រប់​ខ្លួន​តាម​បែប​ធម្មជាតិ​អស្ចារ្យ​ជាមួយ​​នឹង​ដង​ភ្នំវែងអន្លាយ ជួយឱ្យអារម្មណ៍​យើងខ្ញុំ​មានភាព ស្រស់ស្រាយ​ បំភ្លេចទៅភាពមមាញឹក​នៅទី​ក្រុង។

វិហារហាងដា (Hang Da) បានសាងសង់នៅក្បែរជ្រលងពពកក្រាស់។

តាមការរៀប​រាប់​របស់ប្រជាជននៅទីនេះ​ ពពករសាត់​​អណ្តែតពេញមួយឆ្នាំ គ្របដណ្តប់លើព្រៃភ្នំ​នៃឃុំហូវ​ថាវ (Hau Thao)។ ជាពិសេស នៅ​ពេលព្រឹកព្រលឹម ឬ​​ពេលល្ងាច នៅពេលព្រះអរុណរះ ឬអស្តង្គត​ ពន្លឺរស្មី​ចែង​ចាំងជ្រៀត​​កាត់​ពពក បង្កើតបានជាទិដ្ឋភាព​អស្ចារ្យ​ ដែល​គ្មានទី​កន្លែងណាមួយ​អាចនឹងប្រៀបផ្ទឹម​បាន​។

កន្លែងស្នាក់នៅមួយ បានសាងសង់នៅក្បែរជម្រាលភ្នំ ដែលជួយឱ្យភ្ញៀវទេសចរងាយស្រួលគយគន់ទេសភាព។
 

ដង​ផ្លូវកោងបត់បែន ដែលគ្របដណ្តប់ដោយអ័ព្ទក្រាស់ ធ្វើឱ្យការ​មើលឃើញ​មានកម្រិត ប៉ុន្តែក៏ជាការ​សាកល្បង​នូវភាព​មាំមួន​ និង ការស៊ូទ្រាំ សម្រាប់អ្នក​ចូលចិត្តថ្មើរ​ជើង​ឡើង​ភ្នំ។​

ទីកន្លែង​គយ​គន់​ដាក់តាម​ដង​ផ្លូវ​ សម្រាប់​ភ្ញៀវទេសចរ​មើលទេសភាព​ជ្រលង​ភ្នំ​។​

ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ឃុំហូវថាវ (Hau Thao) ភ្ញៀវទេសចរ​ អាចជ្រើសរើសទីកន្លែងគយ​គន់​ពពក​ស្រស់ស្អាតមួយចំនួន ដូចជា កំពូលភ្នំខ្ពស់នៅភូមិហាងដា (Hang Da) ផ្ទះស្នាក់នៅ ម្តុំ​ដីទូលាយ​តាម​ដង​ផ្លូវ ឬភូមិហូវជឺង៉ៃ (Hau Chu Ngai) ​ស្ថិតនៅ​ខ្នង​ភ្នំ ។ល។ ទីកន្លែង​នីមួយៗសុទ្ធតែ មាន​ទិដ្ឋភាពដោយ​ឡែក​ នាំមក​នូវ​បទពិសោធន៍ប្លែកៗ សម្រាប់ការ​ធ្វើ​ដំណើរគយ​គន់​ពពក។​

ពីឃុំហូវថាវ (Hau Thao) ភ្ញៀវទេសចរអាចគយគន់វាលស្រែកាំជណ្តើរ​អស្ចារ្យ នៅជ្រលងមឿងហ្វ័រ​ (Muong Hoa)។

ក្រៅពីការគយ​គន់​ពពក ភ្ញៀវទេសចរ ក៏អាចទទួលបានបទពិសោធន៍សម្រាប់សកម្មភាពគួរឱ្យចំណាប់​អារម្មណ៍ជាច្រើនទៀត នៅឃុំ​ហូវថាវ (Hau Thao)​។ ធ្វើ​​ដំណើរ​ឆ្លងកាត់​ផ្លូវ​លំ ជ្រៀត​​​កាត់​វាល​​ស្រែកាំ​ជណ្តើរ​ ព្រមទាំង​ឆៀង​ចូល​ស្វែងយល់អំពី​ជីវភាព​រស់នៅ​របស់ប្រជាជនក្នុងតំបន់ នឹងនាំមកនូវបទពិសោធន៍​មិនអាចបំភ្លេច​បាន។



បទពិសោធន៍ផ្សង​ព្រេង​២ថ្ងៃ ១យប់ នៅឃុំហូវថាវ (Hau Thao) ពិតជាចំណាប់​អារម្មណ៍​មួយ​ដែលមិនអាច​បំភ្លេចបាន​ សម្រាប់យើងខ្ញុំ​។ ជាមួយការ​ធ្វើ​ដំណើរ​រយៈពេលខ្លី ក្រុមយើង​ខ្ញុំ​បានសម្រប់​ខ្លួន​ជាមួយ​នឹង​ពពក ក្រេប​យក​​បរិយាកាស​បរិសុទ្ធ និងស្វែងយល់អំពី​ភាពស្រស់ស្អាត នៃវប្បធម៌​ពិសេស​ របស់​​បងប្អូនជនជាតិដើមភាគតិច៕​

អត្ថបទ និងរូបថត៖ តឹត​សឺន/កាសែតរូបភាពវៀតណាម​


top