ក្លោងទ្វារតវ៉ (To Vo) និងប៊ុងបារី (Bung Ba Ri) - ជាទីដែលធម្មជាតិជួបប្រទះនឹងប្រវត្តិសាស្ត្រហ្វាងសា (Hoang Sa)

ក្លោងទ្វារតវ៉ (To Vo) និងប៊ុងបារី (Bung Ba Ri) - ជាទីដែលធម្មជាតិជួបប្រទះនឹងប្រវត្តិសាស្ត្រហ្វាងសា (Hoang Sa)

 

នៅលើកោះលីសឺន (Ly Son) រមណីយដ្ឋានពីរដែលនៅជាប់គ្នាគឺ ក្លោងទ្វារ តវ៉ និងប៊ុងបារី មិនត្រឹមតែមានភាពទាក់ទាញ ដោយសារសម្រស់ភ្នំភ្លើងដ៏ស្រស់ស្អាតប្លែកប៉ុណ្ណោះទេ ថែមទាំងរក្សាទុកអនុស្សាវរីយ៍​អំពីវីរជនកងនាវាហ្វាងសា ដែលធ្លាប់ចេញទៅសមុទ្រដើម្បីការពារអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាមផង។

ពេលនិយាយដល់កោះជួរមុខលីសឺន (ខេត្តក្វាងង៉ាយ - Quang Ngai) មនុស្សជាច្រើននឹកឃើញភ្លាមនូវវាលខ្ទឹមសដ៏ខៀវស្រងាត់ មាត់ភ្នំភ្លើងបុរាណ និងសមុទ្រដ៏ធំល្វឹងល្វើយ។ ក៏ប៉ុន្តែ​ នៅពីក្រោយសម្រស់នោះ ក៏មាន "សាក្សី" ស្ងៀមស្ងាត់ដែលផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រកោះសមុទ្រវៀតណាមដែរ។ ក្នុងនោះ ក្លោងទ្វារ តវ៉ និងប៊ុងបារី គឺជាទីតាំងតំណាងពីរ ដែលមានទាំងតម្លៃខាងភូមិសាស្ត្រផង​ និងផ្សារភ្ជាប់ទៅនឹងប្រពៃណីចេញទៅសមុទ្ររបស់អ្នកស្រុកនៅលើកោះផង​។

 

ក្លោងទ្វារថ្មបាសាល់ធម្មជាតិ នៃ ក្លោង​ទ្វារ​ តវ៉​ ជា​សញ្ញាសម្គាល់មួយ​ក្នុង​ចំណោម​សញ្ញា​​លេចធ្លោ​​ នៃ លីសឺន​ ដែល​ទើបតែ​បានជាប់ចំណាត់​ថ្នាក់ ​ជាបេតិកភណ្ឌជាតិ​។ រូបថត៖ វៀតគឿង​/VNP
ក្លោង​ទ្វារ​ តវ៉​ ជា​អាសយដ្ឋាន​ឈប់សម្រាក​មិនអាចខ្វះបាន ក្នុងដំណើរកម្សាន្តស្វែង​យល់​កោះ លីសឺន​។ រូបថត៖ ថុងថៀន​/VNP

ក្លោងទ្វារ តវ៉ - ស្នាមដាននៃភ្នំភ្លើង និងពេលវេលា

ស្ថិតនៅជាប់មាត់សមុទ្រនៃកោះធំ ក្លោងទ្វារ តវ៉ បានកកើត​ឡើងដោយលំហូរនៃកម្អែលភ្នំភ្លើង យ៉ៀងទៀន (Gieng Tien) ដែលបានផ្ទុះកាលពីរាប់ពាន់ឆ្នាំមុន។ នៅពេលដែលកម្អែលភ្នំភ្លើងជួបនឹងទឹកសមុទ្រត្រជាក់ ក៏កកក្លាយជាថ្មបាសាល់។ ឆ្លងកាត់ដំណើរការនៃអាកាសធាតុ និងការបោកបក់នៃរលកសមុទ្រជាបន្តបន្ទាប់ ផ្នែកថ្មដែលកម្សោយ​ត្រូវសឹក​បន្តិច​ម្តង​ៗ បង្កើត​បានជាដំបូលរាងកោងធម្មជាតិ បែរមុខ​ទៅរក​សមុទ្រ។

អ្នកស្រុកហៅរមណីយដ្ឋាននេះថា ក្លោងទ្វារ តវ៉ ព្រោះរូបរាងរបស់វាស្រដៀងទៅនឹង​សំបុកឱម៉ាល់។ រួមជាមួយនឹងដំណើរការកកើតភូមិសាស្ត្រ ទីនេះក៏ផ្សារភ្ជាប់ទៅនឹងរឿងព្រេងប្រជាប្រិយជាច្រើនអំពីមនុស្សយក្ស និងស្នាមជើងដែលបន្សល់ទុកនៅលើដំបូលថ្ម ដែលឆ្លុះបញ្ចាំងពីការស្រមើស្រមៃដ៏សម្បូរបែបរបស់អ្នកភូមិសមុទ្រឆ្លងកាត់ច្រើនជំនាន់។

ក្លោងទ្វារថ្មនេះ មានកម្ពស់ប្រហែល ២,៥ម៉ែត្រ និងប្រវែងជិត ២០ម៉ែត្រ។ នៅរាល់ពេលវេលានៃថ្ងៃ រមណីយដ្ឋាននេះមានសម្រស់ខុសៗគ្នា៖ ពេលអរុណរះ​បញ្ចេញពន្លឺពណ៌មាសលើ​ផ្ទៃសមុទ្រ ពន្លឺចែង​ចាំងកាត់រន្ធក្លោងទ្វារ បង្កើតបានជាផ្ទាំងពន្លឺ និងស្រមោលដ៏គួរឱ្យ​ទាក់ទាញ។ ពេលព្រះអាទិត្យអស្តង្គត ផ្ទាំងថ្មទាំងមូលប្រែទៅ​ជាពណ៌លឿងទុំយ៉ាងស្រស់ស្អាត​។ សម្រស់នេះហើយ ដែលបានកម្លាយទីនេះ ឲ្យទៅជាចំណតឈប់សម្រាកដ៏ពេញ​និយមសម្រាប់​ភ្ញៀវទេសចរ និង​អ្នកចូលចិត្តការ​ថតរូប ពេលមកដល់កោះ លីសឺន។

នៅខែកញ្ញា ឆ្នាំ២០២៥ ក្លោងទ្វារ តវ៉ បានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម រៀបចំណាត់ថ្នាក់​ជាកេរដំណែលថ្នាក់ជាតិ ដោយបញ្ជាក់ពីតម្លៃពិសេស នៃរមណីយដ្ឋាននេះ ក្នុងលំហវប្បធម៌​សមុទ្រ នៃកោះលីសឺន។

កុមារនៅតំបន់ពិសេស លីសឺន​ រៀន​ហែល​ទឹក និង​ហែលមុជទឹក នៅប៊ុង​បារី។ រូបថត៖ វៀតគឿង​/VNP
វាលសារាយ និងជ្រោយថ្មបង្កើតបានជាទេសភាពស្ងប់ស្ងាត់​ពិសេស នៅ ប៊ុងបារី​​។ រូបថត៖ កុងដាត​​/VNP

ប៊ុងបារី - ទីលានហ្វឹកហាត់របស់កងនាវាហ្វាងសា

មានចម្ងាយពីក្លោងទ្វារ តវ៉ ប្រមាណ ៣០ម៉ែត្រនៅជើងភ្នំ យ៉ៀង​ទៀន និងជិតវត្តឌុក (Duc) ប៊ុងបារី គឺជាអាងទឹកសមុទ្រតូចមួយ ដែលបានហ៊ុំព័ទ្ធដោយស្រទាប់ថ្មភ្នំភ្លើងពណ៌ខ្មៅរលោង។ ទីនេះមិនត្រឹមតែមានសម្រស់ធម្មជាតិប៉ុណ្ណោះទេ ថែមទាំងផ្ទុកនូវតម្លៃប្រវត្តិសាស្ត្រដ៏ពិសេសទៀតផង។

យោងតាមរឿងព្រេងក្នុងតំបន់ ស្នាមប្រហោងនៃប៊ុងបារី បានបង្កើតឡើងនៅពេលដែល​ទេវតាមួយអង្គរែកដីដើរកាត់តំបន់តវ៉ ហើយដីត្រូវធ្លាក់ចុះ។ ក៏ប៉ុន្តែ​ អ្វីដែលធ្វើឱ្យទីតាំងនេះ កាន់តែលេចធ្លោនោះគឺ ទំនាក់ទំនងជាមួយនឹងកងនាវាហ្វាងសាគ្រប់គ្រងតំបន់ បាក់ហាយ (Bac Hai)។

ពីប្រហែលឆ្នាំ១៧៧៦ ដល់ឆ្នាំ១៨៤៤ យុវជននៃកងនាវាហ្វាងសា ត្រូវបានសន្និដ្ឋានថាបានហ្វឹកហាត់ហែលទឹក មុជទឹក ពង្រឹងកាយសម្បទា និងកម្លាំងនៅទីនេះ មុនពេលឡើងទូកនេសាទសាមញ្ញ ដើម្បីឆ្លងកាត់សមុទ្រខាងកើត អនុវត្តភារកិច្ចវាស់វែងផ្លូវសមុទ្រ ដាំបង្គោល និងបញ្ជាក់អធិបតេយ្យភាពនៅប្រជុំកោះហ្វាងសា និងទ្រឿងសា (Truong Sa)។

ទីតាំងភូមិសាស្ត្រដែលបិទជិត ប៉ុន្តែពោរពេញដោយបញ្ហាប្រឈមនៃប៊ុងបារី បានរួមចំណែកក្នុងការហ្វឹកហាត់ស្មារតីរបស់វីរជនកោះសមុទ្រ ព្រមទាំងឆ្លុះបញ្ចាំងពីប្រពៃណីផ្សារភ្ជាប់ជាមួយនឹងសមុទ្ររបស់ប្រជាជនលីសឺន បានឆ្លងកាត់ជាច្រើនជំនាន់។

ចង្វាក់ជីវិតចិញ្ចឹមជីវិតរបស់អ្នកនេសាទ បូកផ្សំជាមួយសម្រស់ធម្មជាតិ បង្កើតបាន​ជាលក្ខណៈ​ពិសេស នៃ ក្លោង​ទ្វារ​ តវ៉​។ រូបថត៖ កុងដាត​​/VNP

សព្វថ្ងៃនេះ ដំណើរទៅកាន់ក្លោងទ្វារ តវ៉ និងប៊ុងបារី មិនត្រឹមតែជាដំណើរទស្សនានូវ​ទស្សនីយភាពភ្នំភ្លើងដ៏ប្លែកប៉ុណ្ណោះទេ វាក៏ជាឱកាសសម្រាប់ភ្ញៀវទេសចរទទួលអារម្មណ៍ពីការជួបប្រទះរវាងធម្មជាតិ និងប្រវត្តិសាស្ត្រ រវាងសម្រស់នៃថ្មបាសាល់ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ ជាមួយនឹងអនុស្សាវរីយ៍ អំពីមនុស្សដែលហ៊ានប្រឈមមុខនឹងរលកខ្យល់ ដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់វៀតណាម៕

  • អត្ថបទ៖ កុងដាត- រូបថត៖ កុងដាត វៀតកឿង ថុងថៀន ដាំងឡឹម
  • ប្រែសម្រួល៖ រីកើង​

top