កឹនយើ (Can Gio) - អាសយដ្ឋានទេសចរណ៍បៃតង
មានចម្ងាយពីមជ្ឈមណ្ឌលទីក្រុងហូជីមិញ ប្រមាណ ៥០គីឡូម៉ែត្រ កឹនយើ ទាក់ទាញភ្ញៀវទេសចរដោយព្រៃកោងកាងល្វឹងល្វើយ ប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹកដែលបានអង្គការ UNESCO ទទួលស្គាល់ និងបទពិសោធន៍ទេសចរណ៍ធម្មជាតិផ្សារភ្ជាប់នឹងការអភិរក្សធម្មជាតិ។
ស្ថិតនៅទិសអាគ្នេយ៍នៃទីក្រុងហូជីមិញ ព្រៃការពារកឹនយើ គឺជាអាសយដ្ឋានទេសចរណ៍ធម្មជាតិដ៏លេចធ្លោមួយ នៃតំបន់ភាគខាងត្បូង។ ផ្តើមពីដីដែលធ្លាប់តែត្រូវបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរក្នុងសម័យសង្គ្រាម កឹនយើ បានរស់ឡើងវិញយ៉ាងរឹងមាំ និងក្លាយជាតំបន់រក្សាទុកជីវចម្រុះពិភពលោកដំបូងបង្អស់របស់វៀតណាម ដែលបាន អង្គការ UNESCO ទទួលស្គាល់។
ជាមួយនឹងផ្ទៃដីព្រៃលិចទឹកជាង ៣៤.០០០ហិកតា ទីនេះមានប្រព័ន្ធអេកូឡូស៊ីលក្ខណៈពិសេស ដោយមានដើមកោងកាង ដើមម៉ាំ និងដើមវែត ដុះចម្រុះបង្កើតបានជាលំហបៃតងយ៉ាងធំល្វឹងល្វើយ។ បណ្តាញឫសឈើប្រទាក់ក្រឡាជួយទប់ដី ការពារការបាក់ដី និងកាត់បន្ថយការជ្រាបទឹកប្រៃ ព្រមទាំងរួមចំណែកសម្រួលបរិយាកាស សម្រាប់តំបន់ទីប្រជុំជន ដែលមានប្រជាជនកកកុញបំផុតនៅវៀតណាម។
មកដល់កឹនយើ ភ្ញៀវទេសចរអាចឆ្លងកាត់បទពិសោធន៍ នៃការចាកចេញពីចង្វាក់ជីវិតដ៏មមាញឹក នៃទីក្រុង ដើម្បីសម្រប់ខ្លួនក្នុងធម្មជាតិដ៏បរិសុទ្ធ។ ខ្សែផ្លូវទូកដែលក្រលាស់តាមព្រៃកោងកាង សំឡេងបក្សីទឹក កណ្តាលលំហស្ងប់ស្ងាត់ និងពណ៌បៃតងលាតសន្ធឹងឥតដែនកំណត់ បង្កើតបានជាភាពទាក់ទាញដោយឡែក នៃតំបន់មាត់សមុទ្រនេះ។
អាសយដ្ឋានលេចធ្លោនានាដូចជា តំបន់ទេសចរណ៍ធម្មជាតិ វ៉ាមសាត់ (Vam Sat) កោះស្វា (Dao Khi) និងបឹងប្រជៀវ (Dam Doi) ទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង ដោយសារប្រព័ន្ធរុក្ខជាតិ និងសត្វព្រៃដ៏សម្បូរបែប ទេសភាពទន្លេសមុទ្រពិសេស និងសកម្មភាពស្វែងយល់ពីធម្មជាតិ។
តាមលោក ង្វៀន ហ៊ឺវអ៊ឹន (Nguyen Huu An) អនុប្រធានការិយាល័យរៀបចំផែនការ និងអភិវឌ្ឍន៍ផលិតផល នៃមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ វិស័យទេសចរណ៍បានកំណត់ថា កឹនយើ គឺជាខ្សែចង្វាក់យុទ្ធសាស្ត្រ នៅក្នុងលំហអភិវឌ្ឍន៍ថ្មីរបស់ទីក្រុង ព្រមទាំងជាតំបន់ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងទិសដៅពង្រីកលំហកំណើន តាមទិសដៅបៃតង ចីរភាព និងមានជម្រៅ។ លោក ង្វៀន ហ៊ឺវអ៊ឹន (Nguyen Huu An) បានចាត់ទុកថា កឹនយើ មិនត្រឹមតែជាអាសយដ្ឋានទេសចរណ៍ធម្មតាប៉ុណ្ណោះទេ ថែមទាំងជាលំហតភ្ជាប់ រវាងទីក្រុងទំនើប ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ព្រៃលិចទឹក និងតម្លៃវប្បធម៌ពិសេសក្នុងស្រុក នៃតំបន់ឆ្នេរសមុទ្រភាគខាងត្បូង។ ប្រៀបខ្លាំងដូចជា តំបន់រក្សាទុកជីវចម្រុះពិភពលោក ប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹក ធនធានសមុទ្រ ព្រមទាំងតម្លៃវប្បធម៌សហគមន៍ដូចជា ធៀងលៀង (Thieng Lieng) មុខរបរនេសាទ និងពិធីបុណ្យប្រពៃណី គឺជាមូលដ្ឋានគ្រឹះ ដើម្បីអភិវឌ្ឍប្រភេទទេសចរណ៍ធម្មជាតិ សម្រាកលំហែកាយ ការថែទាំសុខភាព ទេសចរណ៍សហគមន៍ កីឡាសមុទ្រ និងទេសចរណ៍ផ្លូវទឹក។
នាពេលខាងមុខ ទីក្រុងហូជីមិញ មានទិសដៅផ្លាស់ប្តូរពីការទាញយកប្រយោជន៍ពីធនធានធម្មជាតិសុទ្ធសាធ ទៅជាការលើកកម្ពស់តម្លៃបទពិសោធន៍ និងអភិវឌ្ឍផលិតផលទេសចរណ៍គុណភាពខ្ពស់ ផ្សារភ្ជាប់នឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កឹនយើ ត្រូវបានរំពឹងថា នឹងរួមចំណែកបង្កើតរូបភាពគំរូ "អាសយដ្ឋានមួយ - ពហុប្រព័ន្ធអេកូឡូស៊ីបទពិសោធន៍" ដែលជាកន្លែងភ្ញៀវទេសចរអាចរួមបញ្ចូលទេសចរណ៍ទីក្រុង ធម្មជាតិ សម្រាកលំហែកាយ វប្បធម៌ ម្ហូបអាហារ និងសមុទ្រក្នុងដំណើរកម្សាន្តតែមួយ។
គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ក៏ត្រូវបានចាត់ទុកជាកម្លាំងចលករថ្មី សម្រាប់ទេសចរណ៍កឹនយើផងដែរ។ តាមលោក ង្វៀន ហ៊ឺវអ៊ឹន (Nguyen Huu An) សំណង់តភ្ជាប់ឆ្ពោះទៅសមុទ្រ នឹងជួយរៀបចំឡើងវិញនូវរចនាសម្ព័ន្ធលំហអភិវឌ្ឍន៍ទេសចរណ៍ភាគខាងត្បូងទីក្រុងហូជីមិញ ។ ជាពិសេស គម្រោងស្ពានកឹនយើ ដែលមានទុនវិនិយោគសរុបជាង ១៣.២០០ពាន់លានដុង រំពឹងថានឹងធ្វើសម្រេចនៅឆ្នាំ២០២៩ ហើយបានរំពឹងថានឹងកាត់បន្ថយពេលវេលាធ្វើដំណើរ ពីមជ្ឈមណ្ឌលទីក្រុងមកត្រឹមក្រោមមួយម៉ោង បង្កើតភាពងាយស្រួលដល់ភ្ញៀវទេសចរ និងវិនិយោគិនសេវាកម្ម។
ទីក្រុងហូជីមិញ ក៏មានទិសដៅអភិវឌ្ឍសេដ្ឋកិច្ចរាត្រី ដែលមានអត្តសញ្ញាណដោយឡែក នៃតំបន់សមុទ្រកឹនយើ ជាមួយនឹងសកម្មភាពនានាដូចជា ផ្សាររាត្រីគ្រឿងសមុទ្រ សិល្បៈសហគមន៍ ពិធីបុណ្យប្រពៃណី ទេសចរណ៍ផ្លូវទឹកពេលរាត្រី និងការសម្រាកលំហែកាយតាមឆ្នេរសមុទ្រ ដើម្បីពន្យារពេលស្នាក់នៅ និងបង្កើនប្រាក់ចំណូលជូនប្រជាជនក្នុងស្រុក។
នៅកណ្តាលព្រៃកោងកាងពណ៌បៃតងចាស់ និងលំហទន្លេសមុទ្រដ៏ស្ងប់ស្ងាត់ កឹនយើបច្ចុប្បន្ន មិនត្រឹមតែជា "សួតបៃតង" នៃទីក្រុងហូជីមិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងក្លាយជាអាសយដ្ឋានទេសចរណ៍បៃតងដ៏លេចធ្លោ នៃភាគខាងត្បូងវៀតណាម ទីដែលធម្មជាតិ វប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព ធ្វើដំណើរទន្ទឹមគ្នា ក្នុងដំណើរកម្សាន្តស្វែងយល់ប្រកបដោយភាពទាក់ទាញ៕
- អត្ថបទ៖សើនងៀ
- រូបថត៖ង្វៀនឡឹន ឯកសាររបស់គណៈគ្រប់គ្រងព្រៃការពារ និងអភិរក្សពិសេសទីក្រុងហូជីមិញ
- ប្រែសម្រួល៖ រីកើង








