កសិកម្មហាណូយធ្វើបដិវត្តន៍យ៉ាងខ្លាំងក្លាដើម្បីជម្នះទីផ្សារជប៉ុន-កូរ៉េខាងត្បូង
ក្នុងការខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់កសិផលវៀតណាម ទីក្រុងហាណូយ កំពុងជំរុញខ្លាំងការធ្វើស្ដង់ដារនីយកម្មបទដ្ឋាន ការតាមដានប្រភពដើម និងការបង្កើតតំបន់វត្ថុធាតុដើម មានគុណភាពខ្ពស់។ ចាប់ពីការផ្លាស់ប្តូរឌីជីថល រហូតដល់តំណភ្ជាប់ខ្សែសង្វាក់ វិស័យកសិកម្មនៃរដ្ឋធានីកំពុងឈានចូលដំណាក់កាលនៃការផ្លាស់ប្តូរខ្លាំងក្លា ដោយគោលបំណងជម្នះទីផ្សារ ដែលពិបាកៗដូចជា ប្រទេសជប៉ុន និងកូរ៉េខាងត្បូងជាដើម។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទីក្រុងហាណូយបានម្ចាស់ការផ្លាស់ប្តូរទិសដៅនៃការអភិវឌ្ឍកសិកម្មស៊ីជម្រៅ យកចិត្តទុកដាក់លើគុណភាព និងស្ដង់ដារអន្តរជាតិ ជាស្នូលនៃការអភិវឌ្ឍ។ តំបន់ផលិតកម្មកសិផលប្រមូលផ្តុំ បានរៀបចំផែនការតាមរយៈគំរូ "តំបន់វត្ថុធាតុដើមធំ - ខ្សែសង្វាក់តម្លៃគ្មានចន្លោះ" ដែលតភ្ជាប់គ្រប់ដំណាក់កាលចាប់ពីការប្រមូលទិញ ការកែច្នៃ ការរក្សាទុក រហូតដល់ការប្រើប្រាស់ និងការនាំចេញ។
លោក តា វ៉ាន់ត្រឿង (Ta Van Tuong) នាយករងមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយបានឱ្យដឹងថា គោលដៅរបស់ទីក្រុង មិនមែនគ្រាន់តែពង្រីកបរិមាណទិន្នផលនោះទេ តែត្រូវបង្កើតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ និងអាចប្រកួតប្រជែងក្នុងទីផ្សារដែលពិបាកបំផុត។ វិធីសាស្ត្រនេះ បង្ហាញពីការផ្លាស់ប្តូរផ្នត់គំនិតយ៉ាងខ្លាំង ក្នុងវិស័យកសិកម្មហាណូយ - ពីផលិតកម្មរាយរង ទៅជាផលិតកម្មទ្រង់ទ្រាយធំ ជាប្រព័ន្ធត្រឹមត្រូវ និងគោរពតាមបទដ្ឋានអន្តរជាតិ។
មូលដ្ឋានគ្រឹះសំខាន់មួយ ក្នុងចំណោមមូលដ្ឋានដែលជួយលើកកម្ពស់កម្លាំងប្រកួតប្រជែងនៃកសិផលហាណូយ នោះគឺតាមគំរូសហប្រតិបត្តិការ រវាង រដ្ឋ - សហគ្រាស - កសិករ។ ក្នុងនោះ៖ រដ្ឋ ដើរតួនាទីជាអ្នកបង្កើតបរិស្ថាន គាំទ្រឧបត្ថម្ភបច្ចេកទេស និងត្រួតពិនិត្យស្ដង់ដារ។ សហគ្រាស វិនិយោគបច្ចេកវិទ្យា តំណភ្ជាប់ផលិតកម្ម និងធានាការទិញនូវផលិតផល។ កសិករ អនុវត្តគោរពតាមបទដ្ឋានផលិតកម្មស្អាត តម្រូវតាមលក្ខណៈវិនិច្ឆ័យសុវត្ថិភាពស្បៀងអាហារ។ យន្តការនេះបង្កើតបានខ្សែសង្វាក់ផ្គត់ផ្គង់ស្ថិរភាព និងតម្លាភាព ជាកត្តាដែលទីផ្សារជប៉ុន និងកូរ៉េខាងត្បូងយកចិត្តទុកដាក់ជាពិសេស។
ហាណូយ ក៏កំពុងជំរុញខ្លាំងនូវការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្មផងដែរ។ ទិន្នានុលេខអេឡិចត្រូនិក ប្រព័ន្ធតាមដានប្រភពដើម និងការអនុវត្តបញ្ញាសិប្បនិមិ្មត (AI) ជួយត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនូវដំណើរការផលិតកម្ម - កែច្នៃ - នាំចេញទាំងមូល។ ចំពោះទីផ្សារដែលចូលចិត្តភាពច្បាស់លាស់ដូចជា ជប៉ុន - កូរ៉េ សមត្ថភាព “កំណត់អត្តសញ្ញាណផលិតផលនីមួយៗ” ជាគុណសម្បត្តិប្រកួតប្រជែងសំខាន់ រួមចំណែកបង្កើនទំនុកចិត្តនៃដៃគូនាំចូល។
ទន្ទឹមនឹងបច្ចេកវិទ្យា ហាណូយដាក់គោលដៅអភិវឌ្ឍកសិកម្មបៃតង និងចរាចរបង្វិលជុំ កាត់បន្ថយការបំភាយឧស្ម័ន សម្របខ្លួននឹងបម្រែសម្រួលអាកាសធាតុ។ ផលិតផលមកពីតំបន់វត្ថុធាតុដើម ដែលមានស្ដង់ដារនៃរដ្ឋធានី បច្ចុប្បន្នមានវត្តមាននៅលើប្រព័ន្ធចែកចាយទំនើបៗជាច្រើន ដូចជាផ្សារទំនើប ហាងលក់អាហារស្អាត សណ្ឋាគារ ភោជនីយដ្ឋាន និងកំពុងពង្រីកទៅកាន់បណ្តាញនាំចេញ។
នៅឆ្នាំ២០២៤ ទំហំទឹកប្រាក់នាំចេញកសិផល និងរុក្ខផលរបស់ហាណូយ ជាលើកដំបូងបានលើសពី ២ពាន់លានដុល្លារអាមេរិក។ ដោយឡេក ១០ខែដំបូងនៃឆ្នាំ២០២៥ តួលេខនេះឈានដល់ ១,៨៨ពាន់លានដុល្លារអាមេរិក ក្នុងនោះ កសិផលមាន ១,២២ពាន់លានដុល្លារអាមេរិក - ទាំងអស់នោះ គឺជាសញ្ញាណដែលបញ្ជាក់ពីកំណើនស្ថិរភាព និងភាពទាក់ទាញនៃកសិផលរបស់រដ្ឋធានី ក្នុងទីផ្សារអន្តរជាតិ។
ជាមួយនឹងតម្រូវការទិញច្រើន និងចូលចិត្តលើផលិតផល ដែលមានស្ដង់ដារខ្ពស់ ជប៉ុន និងកូរ៉េខាងត្បូង កំពុងក្លាយជាទីផ្សារទាំងពីរដ៏សំខាន់នៃកសិកម្មហាណូយ។ បច្ចុប្បន្នមានសហគ្រាសរដ្ឋធានីប្រហែល ៣៨ក្រុមហ៊ុន បាននាំចេញទៅកាន់ទីផ្សារទាំងពីរនេះ ជាមួយនឹងមុខទំនិញដូចជាកាហ្វេ តែ ឈើអែម ផ្លែឈើ ផ្សិតត្រចៀកកណ្ដុរ ផ្សិតខ្មៅ បន្លែស្រស់ និងបន្លែបង្កក។ សហគ្រាសមួយចំនួនដែលបង្កចំណាប់អារម្មណ៍ដូចជា ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ផលិតកម្ម ពាណិជ្ជកម្មនិង នាំចេញ-ចូល យឿងកៀន នាំចេញផ្សិតត្រចៀកកណ្តុរ ផ្សិតខ្មៅទៅកាន់ប្រទេសជប៉ុន។ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត អភិវឌ្ឍកសិកម្ម និង ពីគ្រោះបរិស្ថាននាំចេញម្ទេសបង្កកទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតឯកបុគ្គល នាំចេញ-ចូល និងអភិវឌ្ឍបច្ចេកវិទ្យាជប៉ុន នាំចេញមើមខ្ទឹមខ្មៅ ទៅកាន់ប្រទេសកូរ៉េខាងត្បូង។ សម្ពន្ធក្រុមហ៊ុនភាគហ៊ុនមិញតៀន នាំចេញកាហ្វេ ទៅកាន់ទីផ្សារជប៉ុន។ល។
ឆ្ពោះទៅកាន់ការធ្វើស្ដង់ដារនីយកម្ម ដើម្បីលោតផ្លោះទៅមុខ លោក តា វ៉ាន់ត្រឿង នាយករងមន្ទីកសិកម្ម និង បរិស្ថានហាណូយ បានឱ្យដឹងថា ទីក្រុងកំពុងអនុវត្តដំណោះស្រាយជាច្រើនក្នុងពេលដំណាលគ្នាដូចជា៖ បង្កើនការបណ្តុះបណ្តាល អំពីស្ដង់ដារអនាម័យសុវត្ថិភាពស្បៀងអាហារ និងបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដូចជា EVFTA, CPTPP។ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើតតំបន់វត្ថុធាតុដើម ដែលមានស្ដង់ដារ សម្រាប់បម្រើដល់ការនាំចេញ។ ជំរុញការនាំចេញនូវ ផលិតផលកែច្នៃស៊ីជម្រៅ ឆ្លើយតបតាមតម្រូវការនៃការតាមដានប្រភពដើម ទំនួលខុសត្រូវសង្គម និងនិរន្តរភាព។ ពង្រីកសកម្មភាពតំណភ្ជាប់ពាណិជ្ជកម្ម ផ្សព្វផ្សាយផលិតផលសំខាន់ ផលិតផល OCOP ទៅកាន់ទីផ្សារអន្តរជាតិ។
ជំហានទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋធានីហាណូយ មិនមែនគ្រាន់តែពង្រីកចំណែកទីផ្សារនោះទេ ថែមទាំងឆ្ពោះទៅកាន់ការបង្កើតពាណិជ្ជសញ្ញាកសិផលរបស់រដ្ឋធានី ដែលជាពាណិជ្ជសញ្ញាមួយដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីជម្នះទីផ្សារដែលពិបាកបំផុតនៅទ្វីបអាស៊ី។
អត្ថបទ៖ ហ្វាងហា រូបថត៖ ហ្វាងហា កុងដាត និងឯកសារ
ប្រែសម្រួល៖ រីកើង













