កង្កែបដុតបំពង់ឬស្សី - រសជាតិនៃតំបន់ព្រៃភ្នំភាគពាយ័ព្យ
ភាគពាយ័ព្យ ជាព្រៃភ្នំមហិរមា និងមានភូមិលាក់ខ្លួនក្នុងពពក មិនត្រឹមតែល្បីល្បាញដោយសារទេសភាពដ៏គួរអោយទាក់ទាញប៉ុណ្ណោះទេ ថែមទាំងមានមុខម្ហូបប្លែកៗ ដែលពោរពេញទៅដោយអត្តសញ្ញាណផងដែរ។ ក្នុងចំណោមមុខម្ហូបពិសេសរបស់តំបន់ភ្នំខ្ពស់ កង្កែបដុតបំពង់ឬស្សីគួរតែលើកឡើងមុនគេ។ ម្ហូបនេះមិនត្រឹមតែជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងបានបង្កប់នូវរឿងរ៉ាវអំពីជីវិត វប្បធម៌ និងប្រជាជននៃភូមិភាគពាយ័ព្យទៀតផង។
សាច់កង្កែបសម្បូរប្រូតេអ៊ីន និងល្អសម្រាប់សុខភាពមនុស្ស ពេលកែច្នៃតាមបែបប្រពៃណីរបស់ប្រជាជននៃភូមិភាគពាយ័ព្យ វាបានក្លាយជាម្ហូបពិសេស។ សាច់កង្កែបឆ្ងាញ់ រួមផ្សំជាមួយគ្រឿងទេសពិសេសនៃតំបន់ភ្នំពាយ័ព្យដូចជា ម្រេចព្រៃ (វៀតណាមហៅថាម៉ាក់ខែន (mac khen)) ម្ទេស ទំពាង និងបន្លែមួយចំនួនប្រភេទទៀតនឹងបង្កើតមុខម្ហូបមួយដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ និងមិនអាចបំភ្លេចបានឡើយ។
សាច់កង្កែបស្រស់លាងសម្អាត បកស្បែកចេញ ហើយហាន់ជាដុំៗ រួចប្រឡាក់ជាមួយម្រេច (គ្រឿងទេសពិសេសមួយប្រភេទនៃតំបន់ពាយ័ព្យ) អំបិល ទំពាំង និងជីរគ្រប់មុខហាន់តូចៗ។ សាច់កង្កែបប្រឡាក់គ្រឿងទេស ទុកមួយភ្លេត រួចដាក់ចូលក្នុងបំពង់ឬស្សី បិទមាត់បំពង់ដោយស្លឹកចេកយ៉ាងតឹង។ ដុតបំពង់ឬស្សីលើធ្យូង រហូតដល់បំពង់ឡើងពណ៌ត្នោតមាស ដើម្បីឱ្យសាច់កង្កែបខាងក្នុងឆ្អិនទន់។
កង្កែបដុតបំពង់ឬស្សី គឺជាមុខម្ហូបប្រពៃណីរបស់ប្រជាជននៃភាគពាយ័ព្យ ដែលបានបន្តវេនជាច្រើនជំនាន់។ មុខម្ហូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងជីវិតប្រចាំថ្ងៃ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី បុណ្យទាន។ ការប្រើបំពង់ឬស្សីដើម្បីដុតកង្កែបបង្ហាញពីភាពប៉ិនប្រសប់ និងភាពច្នៃប្រឌិតរបស់ប្រជាជន ក្នុងការឆ្លៀតយក និងប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់ក្នុងធម្មជាតិ។ បំពង់ឬស្សី មិនត្រឹមតែជាឧបករណ៍ធ្វើម្ហូបប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យភាពសាមញ្ញនៃជីវភាពប្រចាំថ្ងៃនៅតំបន់ជនបទផងដែរ។ ម្ហូបនេះរួមផ្សំនឹងគ្រឿងផ្សំស្រស់ៗរបស់តំបន់ព្រៃភ្នំភាគពាយ័ព្យ ដូចជា កង្កែប គ្រឿងទេស និងបន្លែព្រៃ។ វិធីកែច្នៃគឺសាមញ្ញ ប៉ុន្តែនាំមកនូវរសជាតិឆ្ងាញ់ពិសេស ដែលបង្ហាញពីសោភណ្ឌភាពនៃមុខម្ហូបរបស់ប្រជាជននៅទីនេះ។
កង្កែបដុតក្នុងបំពង់ឬស្សី មិនត្រឹមតែជាមុខម្ហូបប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជានិមិត្តសញ្ញាវប្បធម៌របស់ប្រជាជនភាគពាយ័ព្យផងដែរ។ លើសពីនេះ កង្កែបដុតបំពង់ឬស្សីបបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវភាពខាងស្មារតីរបស់ប្រជាជននៅទីនេះ។ ប្រសិនបើអ្នកមានឱកាសមកកាន់ភាគពាយ័ព្យ កុំភ្លេចពិសាម្ហូបពិសេសនេះ ដើម្បីទទួលអារម្មណ៍យ៉ាងពេញលេញនូវភាពស្រស់ស្អាតនៃទឹកដី និងប្រជាជននៅទីនេះ។
អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនថាញយ៉ាង/ កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង