Yoshioka Norihiko – អ្នកតភ្ជាប់ស្ពានវប្បធម៌ជប៉ុន - វៀតណាម
ក្នុងបរិបទនៃទំនាក់ទំនងរវាងវៀតណាម-ជប៉ុនមួយថ្ងៃកាន់តែជិតស្និទ្ធ វប្បធម៌បានក្លាយជាស្ពានដ៏សំខាន់មួយរវាងប្រជាជននៃប្រទេសទាំងពីរ។ លោក Yoshioka Norihiko នាយកមជ្ឈមណ្ឌលដោះដូរវប្បធម៌ជប៉ុនប្រចាំប្រទេសវៀតណាម បាននិងកំពុងចូលរួមចំណែកធ្វើឱ្យទំនាក់ទំនងនេះ កាន់តែស៊ីជម្រៅតាមរយៈគម្រោងច្នៃប្រតិដ្ឋ និងកិច្ចសហប្រតិបត្តិការសិល្បៈ។ល។
អ្នកសារព័ត៌មាន៖ តើលោកអាចចែករំលែកបន្តិច អំពីដំណើររបស់លោកមកដល់រដ្ឋធានីហាណូយជាលើកដំបូង រហូតដល់ត្រឡប់ទៅវិញ ក្នុងតំណែងជានាយកមជ្ឈមណ្ឌលដោះដូរវប្បធម៌ជប៉ុន ប្រចាំប្រទេសវៀតណាមបានទេ?
លោក Yoshioka Norihiko ៖ ខ្ញុំបានមកដល់រដ្ឋធានីហាណូយជាលើកដំបូង នៅខែតុលា ឆ្នាំ២០០៨ ខណៈពេលដែលមជ្ឈមណ្ឌលទើបតែបង្កើតឡើងថ្មីៗ។ ខ្ញុំបានមកជួយគាំទ្រក្នុងការកសាងមូលដ្ឋានគ្រឹះសកម្មភាព ហើយនៅឆ្នាំ២០១០ ខ្ញុំបានតែងតាំងជានាយករងដំបូងគេ និងបានកាន់តំណែងនេះរហូតដល់ឆ្នាំ២០១៤។ ក្នុងអំឡុងពេលនោះ ខ្ញុំនៅទាំងបានរៀនភាសាវៀតណាម នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រផង។ បន្ទាប់មក ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ ខ្ញុំបានធ្វើការនៅទីក្រុងបាងកក (ប្រទេសថៃ)។ នៅខែមេសា ឆ្នាំ២០២៤ ខ្ញុំបានត្រឡប់មករដ្ឋធានីហាណូយវិញ ក្នុងតំណែងជានាយកមជ្ឈមណ្ឌល។
អ្នកសារព័ត៌មាន៖ តើលោកមានអារម្មណ៍យ៉ាងណា ពេលត្រឡប់មករដ្ឋធានីហាណូយវិញ បន្ទាប់ពី១០ ឆ្នាំ?
លោក Yoshioka Norihiko ៖ រដ្ឋធានីហាណូយ ផ្តល់នូវអារម្មណ៍ដែលទាំងធ្លាប់ស្គាល់ផង និងថ្មីផង។ រដ្ឋធានីនេះ រីកចម្រើនយ៉ាងឆាប់រហ័ស សកម្ម និងសម្បូរសក្ដានុពល។ ជាពិសេស ជីវភាពវប្បធម៌ - សិល្បៈ នៅវៀតណាមបច្ចុប្បន្នមានភាពសម្បូរបែបខ្លាំងជាងមុន ដោយមានភាពទូលំទូលាយតាំងពីប្រពៃណី រហូតដល់សហសម័យ តាំងពីសកម្មភាពផ្លូវការ រហូតដល់សហគមន៍ច្នៃប្រតិដ្ឋឯករាជ្យ។
អ្នកសារព័ត៌មាន៖ ក្នុងតំណែងថ្មី តើលោកបានដាក់ចេញយុទ្ធសាស្ត្រអ្វីខ្លះ សម្រាប់សកម្មភាពនៃមជ្ឈមណ្ឌល?
លោក Yoshioka Norihiko ៖ ទីមួយ យើងខ្ញុំផ្តោតលើការកសាងបណ្តាញតភ្ជាប់ ជាមួយទាំងវិស័យសាធារណៈ និងឯកជន ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព។ ទីពីរ មជ្ឈមណ្ឌលខិតខំប្រឹងប្រែងក្នុងការណែនាំវប្បធម៌ជប៉ុន ឱ្យមានភាពចម្រុះ សមស្របនឹងមុខសញ្ញាចម្រុះ ប៉ុន្តែធានាបានគុណភាពខ្ពស់។
អ្នកសារព័ត៌មាន៖ តើលោកឃើញាមានការផ្លាស់ប្តូរអ្វីខ្លះ ចំពោះរបៀបដែលប្រជាជនវៀតណាម ជាពិសេសយុវជន ក្នុងការឈ្វេងយល់វប្បធម៌ជប៉ុន?
លោក Yoshioka Norihiko ៖ បច្ចេកវិទ្យា គឺជាភាពខុសគ្នាយ៉ាងធំធេងបំផុត។ អ៊ីនធឺណិតល្បឿនលឿន និងទូរសព្ទឆ្លាតវៃ ជួយឱ្យយុវជនវៀតណាមងាយស្រួល និងអាចជ្រើសរើសបុគ្គលភាវូបនីយកម្មរៀងៗខ្លួន ជាមួយនឹងវប្បធម៌ជប៉ុន។ តាំងពីភាពយន្ត តន្ត្រី ម្ហូបអាហារ រហូតដល់ការរចនា និងសិល្បៈ ពួកគេមានលទ្ធភាពស្វែងរកខ្លឹមសារ ដែលសមស្របនឹងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។
អ្នកសារព័ត៌មាន៖ ក្នុងដំណើរធ្វើការ តើលោកមានអនុស្សាវរីយ៍ណា ដែលមិនអាចបំភ្លេចបានទេ?
លោក Yoshioka Norihiko ៖ ការតាំងពិព័រណ៍ “Yayoi Kusama ៖ ភាពមមៃ” នៅឆ្នាំ២០១៣ ក្នុងឱកាសខួបអនុស្សាវរីយ៍ ៤០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន គឺជាអនុស្សាវរីយ៍ដ៏គួរឱ្យចងចាំមួយ។ យើងខ្ញុំបានផ្លាស់ប្តូរមជ្ឈមណ្ឌលទាំងមូល ទៅជាកន្លែងសិល្បៈKusama ដោយទាក់ទាញភ្ញៀវជាង ៥០.០០០នាក់។ ក្រៅពីនេះ ក៏មានការសម្តែងនៃសិល្បករ ល្ខោនគរ Naoki Iimuro ដោយមានការចូលរួមសម្តែងរបស់សិល្បករវៀតណាម ង្វៀន ហឿងទុង (Nguyen Huong Tung) ដែលបានបង្កចំណាប់អារម្មណ៍ល្អសម្រាប់ទស្សនិកជនជប៉ុន។
អ្នកសារព័ត៌មាន៖ តើមជ្ឈមណ្ឌលមានគម្រោងថ្មីអ្វីខ្លះ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងការតភ្ជាប់សិល្បករទាំងពីរប្រទេស?
លោក Yoshioka Norihiko ៖ ថ្មីៗនេះ យើងខ្ញុំបានគាំទ្រក្រុមសិល្បៈជប៉ុន contact Gonzo ឱ្យសហការជាមួយសិល្បករវៀតណាម ដើម្បីសម្តែងរឿង “ព្យុះ”។ នៅខែវិច្ឆិកាខាងមុខនេះ អ្នកថតរូប Tawada Yuki និងសិល្បករកុលាលភាជន៍ Fukumoto Fuku នឹងចូលរួមក្នុង Photo Hanoi រួមជាមួយនិស្សិត និងសិល្បករវៀតណាម ដើម្បីបង្កើតស្នាដៃថ្មីៗ។ ខ្ញុំសង្ឃឹមថា នៅពេលអនាគត កិច្ចសហប្រតិបត្តិការនឹងពង្រីកទៅជាគម្រោងសិល្បៈសម្តែងទ្រង់ទ្រាយធំ ដើម្បីឱ្យវប្បធម៌នៃប្រទេសទាំងពីរ ពិតជាអាចរួមបញ្ចូលនិងរីកចម្រើនកាន់តែស៊ីជម្រៅថែមទៀត។
អ្នកសារព័ត៌មាន៖ សូមថ្លែងអំណរគុណលោកយ៉ាងជ្រាលជ្រៅចំពោះការសន្ទនាគួរឱ្យចំណាប់អារម្មណ៍នេះ!
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញ់ឡុង និង ឯកសារ
ប្រែសម្រួល៖ រីកើង











