Traphaco - ពាណិជ្ជសញ្ញានាំយកឱសថវៀតណាមឈានទៅឆ្ងាយ
រួមបញ្ចូលប្រណីតភាពនៃវេជ្ជសាស្ត្របុរាណ ជាមួយនឹងបច្ចេកវិទ្យាទំនើប និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព Traphaco បានយកឱសថវៀតណាម ធ្វើជាមូលដ្ឋានគ្រឹះ កសាងពាណិជ្ជសញ្ញឱសថ ដ៏មានកិត្យានុភាព និងបោះជំហានបន្តិចម្ដងៗ ក្នុងការបញ្ជាក់ទីជំហរបស់ខ្លួន នៅលើទីផ្សារអន្តរជាតិ។
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៧២ កាលសម័យសង្គ្រាម ក្រុមអ្នកផលិតឱសថមួយ ដែលចំណុះមន្ទីរសុខាភិបាលផ្លូវរថភ្លើង បានបង្កើតឡើងនៅទីក្រុងហាណូយ ជាមួយនឹងភារកិច្ចផ្សំថ្នាំ ផលិតសេរ៉ូម និងសេរ៉ូមបញ្ចូលសរសៃឈាម ដើម្បីបម្រើការសង្គ្រោះទាហានរងរបួស និងមានជំងឺ។ ពីបុគ្គលិកដំបូង ត្រឹមតែ១៥នាក់ អង្គភាពនេះ បានអភិវឌ្ឍទៅជាក្រុមហ៊ុនភាគហ៊ុន Traphaco ដែលជាសហគ្រាសទទួលបានកិត្តិយសជាពាណិជ្ជសញ្ញាជាតិវៀតណាម អស់រយៈពេលជាច្រើនឆ្នាំបន្តគ្នា និងជាពាណិជ្ជសញ្ញាឱសថវៀតណាមតែមួយគត់ ដែលមានវត្តមានក្នុងបញ្ជីកំពូលពាណិជ្ជសញ្ញាទំនិញប្រើប្រាស់ទាំង ២៥ របស់ទស្សនាវដ្តី Forbes វៀតណាម ក្នុងឆ្នាំ២០២៣។
ប្រការដែលបង្កើតជាអត្តសញ្ញាណរបស់ Traphaco មិនមែនគ្រាន់តែជាការអភិវឌ្ឍលើទំហំប៉ុណ្ណោះទេ នៅទាំងជាតម្រង់ទិសយ៉ាងខ្ជាប់ខ្ជួនជាមួយនឹងឱសថវៀតណាមផងដែរ។ ក្នុងដំណាក់កាលដែលទីផ្សារឱសថមានការកើនឡើងយ៉ាងខ្លាំងនៃផលិតផលនាំចូល សហគ្រាសនេះបានជ្រើសរើសទាញយកតម្លៃ នៃវេជ្ជសាស្ត្របុរាណ ដោយរួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បីបង្កើតផលិតផលដែលមានគុណភាពខ្ពស់។ ផលិតផលដូចជា បង្កើនឈាមឡើងខួរក្បាល ឬ Boganic បានក្លាយជាឈ្មោះដែលធ្លាប់ស្គាល់ នៅក្នុងគ្រួសារវៀតណាមជាច្រើន បង្កើតទំនុកចិត្តដល់អ្នកប្រើប្រាស់គ្រប់ជំនាន់។
ទន្ទឹមនឹងការអភិវឌ្ឍផលិតផល Traphaco បានជ្រើសរើសផ្លូវអភិវឌ្ឍន៍បៃតងយ៉ាងឆាប់រហ័ស។ ចាប់តាំងពីចុងឆ្នាំ២០០០ សហគ្រាសបានអនុវត្តគម្រោង GreenPlan ជាមួយនឹងទម្រង់រូបភាពតភ្ជាប់ទំនាក់ទំនង រវាងរដ្ឋ អ្នកវិទ្យាសាស្ត្រ សហគ្រាស និងកសិករ ដើម្បីកសាងតំបន់វប្បកម្មឱសថលំដាប់ស្តង់ដារ GACP - WHO។ រហូតមកដល់បច្ចុប្បន្ន Traphaco បានអភិវឌ្ឍជាង ៣៦.៣០០ហិកតា នៃតំបន់វត្ថុធាតុដើម ដោយមានឱសថជាច្រើនប្រភេទ លំដាប់ស្តង់ដារអន្តរជាតិ ម្ចាស់ការលើប្រភពវត្ថុធាតុដើមស្អាត និងធានាគុណភាព តាំងពីដំណាក់កាលដំបូង។
មិនត្រឹមតែបង្កើតប្រភពឱសថប្រកបដោយចីរភាពប៉ុណ្ណោះទេ ទម្រង់រូបភាពនេះ ក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន នៅតាមតំបន់ជាច្រើនផងដែរ។ នៅខេត្តឡាវកាយ គ្រួសារជនជាតិភាគតិចជាច្រើន ដែលចូលរួមក្នុងតំបន់វប្បកម្មឱសថ ទទួលបានប្រាក់ចំណូលកើនពី៣ទៅ៥ដង បើធៀបនឹងវិធីសាស្ត្រធ្វើកសិកម្មបែបប្រពៃណី ព្រមទាំងបង្កើតការងារបន្ថែម និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។
ការខិតខំប្រឹងប្រែងទាំងនោះ បានជួយឱ្យ Traphaco ក្លាយជាសហគ្រាសវៀតណាម ដំបូង បានចូលរួមក្នុងសម្ព័ន្ធពាណិជ្ជកម្មជីវសាស្ត្រប្រកបដោយសីលធម៌ (UEBT) ព្រមទាំងទទួលបានកិត្តិយសជាច្រើនឆ្នាំបន្តគ្នា ក្នុងបញ្ជីកំពូលសហគ្រាសប្រកបដោយចីរភាពទាំង ១០ របស់វៀតណាម និងទទួលបានពានរង្វាន់សហគ្រាសឆ្នើម និងប្រកបដោយចីរភាពអាស៊ី ឆ្នាំ២០២២។ នៅឆ្នាំ២០២៤ សហគ្រាសនេះ បន្តទទួលបានពានរង្វាន់ UN Women WEPs Awards ផ្នែកសមភាពយេនឌ័រ នៅលើទីផ្សារ អះអាងសន្យាអភិវឌ្ឍន៍ប្រកបដោយចីរភាព លើគ្រប់វិស័យទាំងបីគឺ សេដ្ឋកិច្ច បរិស្ថាន និងសង្គម។
លោកស្រី ដាវ ធ្វីហា (Dao Thuy Ha) - អគ្គនាយកក្រុមហ៊ុនភាគហ៊ុន Traphaco បានមានប្រសាសន៍ថា ការអនុវត្តតាមស្តង់ដារអន្តរជាតិ មិនមែនដើម្បីឆ្លើយតបនឹងតម្រូវការចំពោះមុខរបស់ទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែជាជម្រើសយុទ្ធសាស្ត្រយូរអង្វែង។ លោកស្រីបានចែករំលែកថា៖ "នៅពេលដែលបរិយាកាសច្បាប់ផ្លាស់ប្តូរ សហគ្រាសជាច្រើនត្រូវរត់តាម ដើម្បីអនុវត្តឱ្យស្របតាមច្បាប់ នោះគឺជាប្រៀបខ្លាំងពិសេស របស់ Traphaco។ យើងខ្ញុំបានធ្វើត្រឹមត្រូវតាំងពីដើមដំបូង ទោះបីនៅពេលនោះ គ្មាននរណាម្នាក់មើលឃើញក៏ដោយ"។
បច្ចុប្បន្ននេះ Traphaco នៅតែបន្តប្រកាន់ខ្ជាប់យុទ្ធសាស្ត្រយកប្រភពឱសថវៀតណាម ធ្វើជាមូលដ្ឋានគ្រឹះ រួមបញ្ចូលចំណេះដឹងផ្នែកវេជ្ជសាស្ត្របុរាណ ជាមួយនឹងបច្ចេកវិទ្យាទំនើប និងការគ្រប់គ្រងតាមស្តង់ដារអន្តរជាតិ។ លោកស្រី ដាវ ធ្វីហា បានបញ្ជាក់ថា៖ "ដំណើរអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់យើងខ្ញុំ មានប្រភពចេញពីបេសកកម្មផលិតថ្នាំសង្គ្រោះមនុស្ស។ ហើយនៅគ្រប់ដំណាក់កាល នៃដំណើរនោះ យើងខ្ញុំតែងតែប្រកាន់ស្មារតីនាំមុខ នវានុវត្តន៍ និងការអនុលោមតាមស្តង់ដារយ៉ាងតឹងរ៉ឹងបំផុត"។
ពីក្រុមផ្សំថ្នាំមួយ នាសម័យសង្គ្រាម ដល់ក្លាយជាពាណិជ្ជសញ្ញាឱសថឈានមុខ Traphaco បង្ហាញឱ្យឃើញថា ឱសថវៀតណាមពិតជាអាចកសាងកិត្យានុភាព នៅលើទីផ្សារអន្តរជាតិបាន នៅពេលដែលត្រូវបានអភិវឌ្ឍដោយវិទ្យាសាស្ត្រ គុណភាព និងការទទួលខុសត្រូវ ចំពោះសហគមន៍៕
អត្ថបទ៖ វីថាវ - រូបថត៖ Traphaco
ប្រែសម្រួល៖ រីកើង
















