"សម្រស់បេតិកភណ្ឌ" ជនជាតិម៉ុង (Mong) នៅរដ្ឋធានីហាណូយ
ផ្តើមពីបរិយាកាសភូមិស្រុក របរប្រពៃណីរវៃអំបោះ តម្បាញសំពត់ និងជ្រលក់ពណ៌ខៀវចាស់របស់ជនជាតិម៉ុង (Mong) នៅខេត្តឡាវកាយ (Lao Cai) បាននាំយកមករដ្ឋធានីហាណូយ ដើម្បីឧទ្ទេសនាមដល់ភ្ញៀវទេសចរ ក្នុងសកម្មភាពពិសោធន៍ផ្សងព្រេង "រក្សាសម្រស់បេតិកភណ្ឌ" ដែលរៀបចំដោយសារមន្ទីរនារីវៀតណាម។
លោកស្រី ឡេ កឹមញ៉ុង (Le Cam Nhung) ប្រធានការិយាល័យឃោសនាការទូតនៃសារមន្ទីរនារីវៀតណាមរៀបរាប់៖ "សារមន្ទីរនារីវៀតណាម បានរៀបចំសកម្មភាពពិសោធន៍វប្បធម៌ ដែលមានឈ្មោះថា "រក្សាសម្រស់បេតិកភណ្ឌ" ដើម្បីផ្សព្វផ្សាយក្តីស្រឡាញ់ចំពោះតម្លៃប្រពៃណី និងលើកកម្ពស់តួនាទីរបស់ស្ត្រី ជាពិសេសស្ត្រីជនជាតិភាគតិច នៅក្នុងដំណើរការនៃការរក្សា និងអភិរក្សសិប្បកម្មប្រពៃណី។ ទន្ទឹមនឹងនោះ មានបំណងចង់បញ្ជាក់ពីតួនាទីរបស់សារមន្ទីរ មិនត្រឹមតែជាកន្លែងឧទ្ទេសនាមតម្លៃវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ នៅទាំងជាលំហវប្បធម៌រស់ ជាទីកន្លែងយកសហគមន៍ធ្វើជាមជ្ឈមណ្ឌល ហើយបេតិកភណ្ឌបានបង្ហាញឡើងវិញ តាមរយៈពិសោធន៍អន្តរកម្ម និងស្និទ្ធស្នាល"។
ចំណុចពិសេសនៃសកម្មភាពនេះ គឺមានការចូលរួមដោយផ្ទាល់ ពីក្រុមស្ត្រីជនជាតិម៉ុងមកពីខេត្តឡាវកាយ (Lao Cai)។ នេះគឺជាអ្នកទាំងឡាយ ដែលកំពុងខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃ ដើម្បីរក្សារបរសិប្បកម្មប្រពៃណី នៅក្នុងសម្លៀកបំពាក់ពិសេសនីមួយៗរបស់ជនជាតិម៉ុង (Mong)។ តាមរយៈការតភ្ជាប់នៃអ្នកស្ម័គ្រចិត្តជនជាតិជប៉ុនម្នាក់ ដែលកំពុងធ្វើការនៅសារមន្ទីរនារីវៀតណាម ក្រុមនេះបានមកដល់រដ្ឋធានីហាណូយ ដើម្បីណែនាំភ្ញៀវទេសចរឱ្យចេះគូរក្រមួនឃ្មុំ និងជ្រលក់ពណ៌ខៀវចាស់ គឺជាបច្ចេកទេសសិប្បកម្មពិសេសពីរ ដែលបង្កើតបានភាពស្រស់ស្អាតប្លែក នៅលើសម្លៀកបំពាក់ជនជាតិម៉ុង (Mong)។
លោកស្រី លី ធីនិញ (Ly Thi Ninh) តំណាងក្រុមស្ត្រីជនជាតិម៉ុង បានរៀបរាប់៖ "នេះជាលើកទីបី ដែលយើងខ្ញុំបានអញ្ជើញមកដល់រដ្ឋធានីហាណូយ ដើម្បីចែករំលែកបច្ចេកទេសប្រពៃណី។ រាល់លើកដូចនេះ ខ្ញុំកាន់តែមានមោទកភាព ដោយសារមានមនុស្សកាន់តែច្រើន បានស្គាល់ពីសិប្បកម្មប្រពៃណីរបស់ជនជាតិខ្ញុំ ហើយខ្ញុំមានកម្លាំងចិត្តកាន់តែខ្លាំង ដើម្បីរក្សា និងបន្តបង្រៀនដល់កូនចៅ"។
នៅថ្ងៃពិសោធន៍ផ្សងព្រេងនេះ មិនត្រឹមតែជនជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងភ្ញៀវអន្តរជាតិ ជាពិសេសជនជាតិជប៉ុន ក៏បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលពួកគាត់ បានកាន់ឧបករណ៍គូរដោយផ្ទាល់ដៃ ស្តាប់រឿងរ៉ាវអំពីលំនាំនីមួយៗផ្សារភ្ជាប់នឹងជីវិត ស្មារតី និងទំនៀមទម្លាប់ជនជាតិម៉ុង (Mong)។ បន្ទាប់ពីគូរក្រមួនឃ្មុំលើសំពត់ ពួកគាត់បានណែនាំឱ្យជ្រលក់ពណ៌ខៀវចាស់ជាដំណាក់កាលមួយ ដែលមិនអាចខ្វះបានដើម្បីធ្វើបញ្ចប់សម្លៀកបំពាក់ប្រពៃណី។
បង Hizume Shots យុវជនជនជាតិជប៉ុន ដែលបានចូលរួមកម្មវិធីនេះ បានរៀបរាប់ដោយក្តីរំភើបថា៖ "ខ្ញុំធ្លាប់បានអានច្រើនអំពីវប្បធម៌វៀតណាម ប៉ុន្តែថ្ងៃនេះជាលើកទីមួយ ដែលខ្ញុំបានយល់ដឹងច្បាស់លាស់ អំពីក្រុមមនុស្សប្រាកដប្រជាមួយ។ ការងារបានធ្វើដោយផ្ទាល់ដៃ និង ស្តាប់រឿងរ៉ាវពណ៌នា ធ្វើឱ្យខ្ញុំចង់ទៅដល់ស្រុកមូកាងចាយ (Mu Cang Chai) ដោយផ្ទាល់ ដើម្បីស្វែងយល់បន្ថែមអំពីវប្បធម៌ និងមនុស្សនៅទីនោះ"។
ពិសោធន៍ "រក្សាសម្រស់បេតិកភណ្ឌ" មិនមែនគ្រាន់តែជាសកម្មភាពពិសោធន៍សិប្បកម្មធម្មតាៗនោះទេ ប៉ុន្តែនៅជាដំណើរវែងឆ្ងាយ រវាងអតីតកាល និងបច្ចុប្បន្នកាល រវាងភូមិស្រុក និងទីក្រុង។ នោះគឺជាវិធី ដែលសារមន្ទីរនារីវៀតណាម បញ្ជាក់ពីតួនាទីរបស់ខ្លួន ដូចជាអង្គការមួយ នាំមុខក្នុងការអភិរក្សវប្បធម៌ ភ្ជាប់ជាមួយនឹងការអភិវឌ្ឍសហគមន៍ ជាពិសេសស្ត្រី និង ក្រុមងាយរងគ្រោះ។ លើសពីនេះ សកម្មភាពនេះ បានបើកទ្វារឱ្យមនុស្សជាច្រើន យល់ដឹងកាន់តែច្បាស់ អំពីតម្លៃបេតិកភណ្ឌរស់ ដើម្បីតាមរយៈនោះ រួមគ្នាការពារ រក្សា និងអភិវឌ្ឍ៕
អត្ថបទ៖ ង៉ឺនហា រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង