"ពីក្រដាស យ៉ (Do) " ៖ លើកកម្កើងវប្បធម៌សំណេរ និងសិល្បៈប្រជាប្រិយវៀតណាម
ការតាំងពិព័រណ៍ "ពីក្រដាស យ៉ (Do) " នៅលំហរមណីយដ្ឋានលេខ ៤០ ផ្លូវ ឡានអ៊ុង (Lan Ong) មិនមែនគ្រាន់តែជាការតាំងពិព័រណ៍នោះទេ ប៉ុន្តែនេះជាការខិតខំប្រឹងប្រែងដើម្បីរំលឹកឡើងវិញនូវការចងចាំ និងការលើកកម្កើងសម្ភារៈដែលធ្លាប់ជា "ព្រលឹង" នៃវប្បធម៌សំណេរ និងសិល្បៈប្រជាប្រិយវៀតណាម។
ភូមិសិប្បកម្មវៀតណាមមានប្រវត្តិអភិវឌ្ឍរាប់ពាន់ឆ្នាំ ហើយ ថាំងឡុង (Thang Long) - ហាណូយ (Ha Noi) គឺជាកន្លែងប្រមូលផ្តុំពិសេសភាពទាំងនោះ។ ក្នុងចំណោមនោះ សិប្បកម្មធ្វើក្រដាស យ៉ (Do) លេចធ្លោ ដូចជាស្ពានតំណេភ្ជាប់ចំណេះដឹង និងពេលវេលា។
បានបង្កើតឡើងពីយូរលង់មកហើយ ក្រដាស យ៉ (Do) ធ្លាប់ជាវត្ថុធាតុដើមសំខាន់បម្រើរាល់តម្រូវការសង្គមបុរាណ៖ ចាប់ពីការបោះពុម្ពគម្ពីរ និងការសរសេរអក្សរចិន និងវៀតណាម រហូតដល់ការផលិតក្រដាសពិសេសដ៏មានតម្លៃ ដើម្បីសរសេរព្រះរាជសារតែងតាំងក្នុងបណ្តារជ្ជកាលសក្តិភូមិ។ ជាពិសេស ក្រដាស យ៉ (Do) គឺជា "មូលដ្ឋានគ្រឹះ" បានបង្កើតជីវិតសម្រាប់គំនូរប្រជាប្រិយល្បីៗ ដូចជា ដុងហូ (Dong Ho) និង ហាងត្រុង (Hang Trong)។
ក្រដាស យ៉ (Do) ១ស្លឹកត្រូវបានធ្វើតាមបទដ្ឋានអាចរក្សាទឹកថ្នាំ និងស្នាមគំនូរឲ្យនៅដដែលរយៈពេលរាប់រយឆ្នាំ
ហើយក្លាយជាមធ្យោបាយសំខាន់បំផុតក្នុងការអភិរក្ស និងបញ្ជូនតម្លៃវប្បធម៌
ប្រវត្តិសាស្ត្រពីសម័យបុរាណរហូតដល់បច្ចុប្បន្ន។
ក៏ប៉ុន្តែ ការអភិវឌ្ឍនៃសង្គមសម័យទំនើប បានជំរុញសិប្បកម្មប្រពៃណីជាច្រើនឱ្យស្ថិតក្នុងស្ថានភាពលំបាក ហើយសិប្បកម្មធ្វើក្រដាស យ៉ (Do) ក៏យ៉ាងនោះដែរ។ ក្រដាសឧស្សាហកម្មទទួលការពេញនិយម ដោយសារតម្លៃទាម និងងាយស្រួលប្រើប្រាស់ បណ្តាលឱ្យក្រដាស យ៉ (Do) ដែលធ្លាប់ល្បីល្បាញ អវត្តមានជាបណ្តើរៗ ក្នុងជីវិតប្រចាំថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយ
ក្រដាស យ៉ (Do) មិនមែនគ្រាន់តែជាផលិតផលសិប្បកម្មប៉ុណ្ណោះទេ
ប៉ុន្តែវាក៏ជាមូលដ្ឋានគ្រឹះសម្ភារៈសម្រាប់ការអភិវឌ្ឍនៃវប្បធម៌ជាច្រើនប្រភេទផងដែរ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រលកនៃ "ការរស់ឡើងវិញ" បានចាប់ផ្តើមរីករាលដាល។
វិចិត្រករ អ្នកស្រាវជ្រាវ និងអ្នករចនាវ័យក្មេងជាច្រើននាក់ បានចាប់ផ្តើមវិលមករកក្រដាស
យ៉ (Do) វិញ។
ពួកគេមិនត្រឹមតែប្រើប្រាស់ក្រដាសប្រភេទនេះសម្រាប់គូរគំនូរប្រជាប្រិយ ឬសរសេរអក្សរក្បាច់ប៉ុណ្ណោះទេ
ថែមទាំងបញ្ចូលក្រដាស យ៉ (Do) ទៅក្នុងការរចនាក្រាហ្វិក សិល្បៈដំឡើង និងផលិតផលសិប្បកម្មច្នៃប្រឌិតនាសហសម័យទៀតផង។
នេះបង្ហាញពីការពិតដ៏មានសង្ឃឹមមួយ៖ សម្ភារៈប្រពៃណីនៅតែមានជីវិតខ្លាំងក្លា
និងសមត្ថភាពសម្របខ្លួនដ៏អស្ចារ្យជាមួយនឹងទម្រង់ច្នៃប្រឌិតថ្មីៗ។
ក្នុងបរិយាកាសមនោរម្យនៃផ្ទះលេខ
៤០ ផ្លូវ ឡានអ៊ុង (Lan
Ong) - ជាកន្លែងមួយដែលផ្សារភ្ជាប់នឹងមុខរបរឱសថបុរាណ
- វត្តមាននៃក្រដាសយ៉ (Do) បង្កើតការរួមផ្សំដ៏ពិសេសទាំងច្រមុះ
និងទាំងភ្នែក។ ភ្ញៀវទេសចរមកទីនេះមិនត្រឹមតែមើលក្រដាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្វែងយល់អំពី
"អំបោះក្រហម" ដែលឆ្លងកាត់ប្រវត្តិសាស្ត្រប្រជាជាតិផង។
នៅពេលដែលយើងលើកតម្កើងសម្ភារៈក្នុងស្រុក
នៅពេលដែលយើងដឹងពីរបៀបកម្លាយបេតិកភណ្ឌទៅជាធនធានសម្រាប់ឧស្សាហកម្មច្នៃប្រឌិត
នោះគឺជាពេលដែលអត្តសញ្ញាណជាតិត្រូវបានបញ្ជាក់យ៉ាងខ្លាំងក្លាបំផុត។
“ពីក្រដាស យ៉ (Do) ” ពិតជាបានបំពេញបេសកកម្មរបស់រដ្ឋទូតវប្បធម៌
តំណភ្ជាប់ប្រពៃណីជាមួយនឹងបច្ចុប្បន្ន ផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះបេតិកភណ្ឌទៅកាន់សហគមន៍។
ហើយនៅពេលចាកចេញពីកន្លែងតាំងពិព័រណ៍ដ៏ស្ងប់ស្ងាត់នោះ អ្នកទស្សនាម្នាក់ៗ មានអារម្មណ៍ថា៖
លំហូរនៃវប្បធម៌រាប់ពាន់ឆ្នាំនឹងមិនសាបសូន្យឡើយ យើងនៅតែស្រឡាញ់ "ក្រដាស់យ៉ (do)" ពីបុព្វបុរសរបស់យើង./.
អត្ថបទ៖ ថាញ់ យ៉ាង - រូបថត៖ ខាញ់ឡុង/VNP
















