“Madame ប៊ិញ” - ភាពអង់អាចក្លាហានរបស់វៀតណាម នៅលើឆាកអន្តរជាតិ

“Madame ប៊ិញ” - ភាពអង់អាចក្លាហានរបស់វៀតណាម នៅលើឆាកអន្តរជាតិ

ក្នុង​លំហូរ​នៃ​​ប្រវត្តិសាស្ត្រវៀតណាមនាសម័យទំនើប លោកស្រី ង្វៀន​ ធីប៊ិញ​ (Nguyen Thi Binh) អតីតអនុប្រធានរដ្ឋ​ជាឥស្សរជនលេចធ្លោ​មួយ​រូប ជាអ្នកការទូតឆ្នើមម្នាក់​ ជានិមិត្តរូប​នៃ​បញ្ញា ភាពអង់អាច​ក្លាហាន និង​កិត្យានុភាពនៃ​ស្ត្រី​វៀតណាម ​នៅ​លើ​ឆាក​អន្តរជាតិ។

·         អតីត​អនុប្រធានរដ្ឋ ង្វៀន ធីប៊ិញ (Nguyen Thi Binh) (ខែសីហា ឆ្នាំ​២០២៥)។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម

លោកស្រីង្វៀន​ ធី​ប៊ិញ  (Nguyen Thi Binh) មានឈ្មោះកំណើតជា ង្វៀន​ ធី​ចូវ​សា (Nguyen Thi Chau Sa) កើតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩២៧ នៅ​ខេត្ត​ក្វាង​ណាម​ (Quang Nam) (បច្ចុប្បន្នជាទីក្រុងដាណាំង) ក្នុង​គ្រួសារមួយ​ដែល​មាន​ប្រពៃណី​​ស្នេហាជាតិ។ ជាចៅស្រីរបស់លោក ផាន​ ចូវ​ត្រិញ​ (Phan Chau Trinh) ដែល​ជាអ្នកស្នេហាជាតិ និងជាអ្នកធ្វើ​កំណែទម្រង់​ដ៏អស្ចារ្យនៅ​ដើម​សតវត្សរ៍​ទី​២០​ លោក​ស្រី​​បានបណ្តុះស្មារតីឯករាជ្យ គំនិតជឿនលឿន និង​ឧត្តមគតិ​បម្រើ​ជាតិ​មាតុភូមិ​​តាំងពីក្មេង។

·         ថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៧៣ នៅទីក្រុងប៉ារីស (​បារាំង) លោក​ស្រី ង្វៀន ធីប៊ិញ (Nguyen Thi Binh) រដ្ឋមន្ត្រីការបរទេស នៃរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ន នៃសាធារណរដ្ឋវៀតណាមខាងត្បូង បានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការបញ្ចប់សង្គ្រាម និងការស្តារសន្តិភាពឡើងវិញ​នៅវៀតណាម។ រូបថត៖ វ៉ាន់លឿង – ទីភា្នក់ងារសារព័ត៌មានវៀតណាម​

ចាប់ពីឆ្នាំ១៩៤៥ លោកស្រីបានចូលរួមចលនាដណ្តើមអំណាចនៅទីក្រុង​សាយហ្គន​ សកម្មក្នុងសកម្មភាពបដិវត្តន៍ ហើយ​បាន​ក្លាយ​ជា​សមាជិក​គណៈ​កម្មាធិការ​​ប្រតិបត្តិ​នារី​​សង្គ្រោះ​​ជាតិ​។ នៅឆ្នាំ១៩៤៨ លោកស្រី​បានចូលជា​សមាជិក​បក្សកុម្មុយនិស្តវៀតណាម។ ដំណាក់កាល​ដែលត្រូវបានពួកអាណានិគមបារាំង ចាប់ឃុំឃាំង​នៅពន្ធនា​គារជីហ្វ័រ​ (Chi Hoa) (១៩៥១ - ១៩៥៣) បានដុសខាត់ឆន្ទៈ និងភាពអង់អាច​ក្លាហាន​របស់​លោក​ស្រីបន្ថែមទៀត ឱ្យ​ក្លាយ​ជា​អ្នកបដិវត្តន៍​ដ៏​អង់អាច​ក្លាហាន​និងរឹងមាំមួយរូប។​ 

អគ្គលេខាធិការ​បក្ស លោក តូ ឡឹម បានផ្តល់កិត្តិនាម​​ជាវីរពលកម្ម​ ជូន សមមិត្ត ង្វៀន ធីប៊ិញ (Nguyen Thi Binh) អតីតសមាជិក​គណៈ​កម្មាធិការ​មជ្ឈិមបក្ស អតីតអនុប្រធានរដ្ឋ និង​អតីត​​រដ្ឋមន្ត្រីក្រសួង​ការបរទេស នៃរដ្ឋាភិបាលបដិវត្តន៍​បណ្តោះអាសន្ន នៃសាធារណរដ្ឋវៀតណាមខាងត្បូង។ រូបថត៖ ផាម​ហាយ​

បុព្វហេតុ​ការទូតរបស់លោកស្រីង្វៀន​ ធី​ប៊ិញ (Nguyen Thi Binh) ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ដំណាក់កាលលំបាកបំផុត នៃប្រវត្តិសាស្ត្រ​ជាតិ - សង្គ្រាម​តស៊ូ​ប្រឆាំង​នឹង​ចក្រ​ពត្តិ​អាមេរិក។ បន្ទាប់​ពីការវាយលុកទូទៅ និង​ការបះបោរនា​ចូល​ឆ្នាំវក១​៩៦៨ ក្រោម​សម្ពាធ​កាន់តែ​កើនឡើង​ពី​មតិសាធារណៈ​អន្តរជាតិ សហរដ្ឋអាមេរិក​​បង្ខំ​ឱ្យមាន​ការ​​ទទួល​យក​ការ​ចរចា ជាមួយ​តំណាង​វៀត​ណាម។ ក្នុងបរិបទនោះ លោកស្រីង្វៀន​ ធី​ប៊ិញ​ (Nguyen Thi Binh) ​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​គណៈប្រតិភូចរចា​នៃរណសិរ្សជាតិ​រំដោះ​វៀតណាមខាងត្បូង នៅឯសន្និសីទប៉ារីស​។

ពេល​មកដល់​ទីក្រុងប៉ារីស នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៦៨ ភ្លាម លោកស្រី​បាន​បង្ក​​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​​មតិសាធារណៈ​អន្តរជាតិ ជាមួយ​នឹង​សុន្ទរកថា​បកបង្ហាញអំពី​ដំណោះស្រាយ ៥ ចំណុច នៃ​​រណសិរ្សជាតិ​រំដោះ​វៀត​ណាម​ខាង​ត្បូង​។ របៀប​បញ្ចេញមតិត្រង់ៗ ហេតុផលមុតស្រួច និង​អាកប្បកិរិយា​ប្រកប​ដោយ​ទំនុកចិត្ត​របស់​លោក​ស្រី ធ្វើឱ្យសារព័ត៌មានលោកខាងលិច មិនសរសើរមិនបាន ហើយ​ហៅ​លោក​ស្រី ដោយគោរព​ថា “Madame Binh”

ថ្នាក់ដឹកនាំគណបក្ស និងរដ្ឋ បានប្រគល់បាច់​ផ្កា សម្តែងការដឹងគុណ ចំពោះអតីតអនុប្រធានរដ្ឋ ង្វៀន ធីប៊ិញ (Nguyen Thi Binh) ក្នុងឱកាសពិធីរំលឹកខួបអនុស្សាវរីយ៍​លើក​ទី​៥០ឆ្នាំ​ នៃទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការបញ្ចប់សង្គ្រាម និងការស្តារសន្តិភាពឡើងវិញនៅវៀតណាម (២៧/០១/១៩៧៣ - ២៧/០១/២០២៣)។ រូបថត៖ ផាមហាយ

ក្នុងរយៈពេលជិត៥ឆ្នាំ នៃការចរចាតានតឹង លោកស្រីង្វៀន​ ធី​ប៊ិញ (Nguyen Thi Binh) គឺជាតំណាងនៃសម្លេងសន្តិភាព ការពារខ្ជាប់ខ្ជួននូវជំហរត្រឹមត្រូវរបស់ជាតិ។ ជាមួយ​នឹងភាពអង់អាច​​ក្លាហាន ភាពបត់បែន និងសិល្បៈនៃការចរចាប៉ិនប្រសប់ លោក​ស្រី​បាន​រួម​ចំណែកបង្កើតសម្ពាធអន្តរជាតិ បង្ខំឱ្យសហ​រដ្ឋ​អាមេរិក​ចរចាយ៉ាងម៉ឺងម៉ាត់  បន្ធូរ​ជំហាន​ម្តងមួយៗ។

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៧៣ លោកស្រី​គឺជាស្ត្រី​តែម្នាក់គត់​ក្នុង​ចំណោម​តំណាង​ទាំង​បួននាក់ ដែល​បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស -​ ​ជា​ឯកសារ​ដែល​មាន​អត្ថន័យប្រវត្តិសាស្ត្រ​ដ៏​សំខាន់ បាន​បញ្ចប់សង្រ្គាមជាផ្លូវការ និង​ស្តារ​សន្តិភាព​​នៅ​វៀត​ណាម​។ រូបភាព​លោកស្រី ង្វៀន ​ធី​ប៊ិញ  (Nguyen Thi Binh) នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា មិនត្រឹមតែជានិមិត្តរូបនៃវិស័យការទូតវៀតណាមប៉ុណ្ណោះទេ នៅ​ទាំង​ជានិមិត្តរូបនៃស្ត្រីវៀតណាមនៅលើឆាកអន្តរជាតិផងដែរ។

 

ជីវិត និងបុព្វហេតុ​របស់លោកស្រី ង្វៀន ធីប៊ិញ (Nguyen Thi Binh) នឹងនៅតែជាប្រភពបំផុសគំនិតដ៏មានតម្លៃ សម្រាប់មនុស្ស​ជំនាន់ក្រោយ ដែលមិនត្រឹមតែដាស់ស្មារតី​មោទនភាពជាតិ​ប៉ុណ្ណោះទេ នៅទាំង​ជាមេរៀនមួយ អំពីស្មារតី​សាមគ្គីភាព ភាពអង់អាច និងសេចក្តីស្រឡាញ់ជាតិផងដែរ។ រូបថត៖ កុងដាត/ VNP

ចំពោះ​ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច លោកស្រី​បានគេផ្តល់​រហស្សនាម​ថា ផ្កា​កុលាប​រាំ​ នៅ​កណ្តាល​ហ្វូង​ចចក ដែល​ជារូបភាព​ប្រៀបធៀបដ៏ជ្រាលជ្រៅមួយ ដើម្បីសរសើរ​ពី​ភាពទន់ភ្លន់​តែអង់អាចក្លាហាន ស្រគត់ស្រគំតែខ្លាំងក្លា។ លោកស្រី​មាន​ទាំង​ភាព​ប៉ិនប្រសប់​ក្នុង​ការ​គិត​បែបយុទ្ធសាស្ត្រ ភាពស្ងប់ស្ងាត់​​ក្នុង​ការ​ដោះស្រាយ​ស្ថានការណ៍ និង​សមត្ថភាព​បញ្ចុះបញ្ចូលដ៏កំពូល - គុណសម្បត្តិ​ដែល​ធ្វើ​ឱ្យ​លោកស្រីក្លាយជាអ្នកការទូតដ៏ឆ្នើមម្នាក់​។

អតីតអនុប្រធានរដ្ឋ ង្វៀន ធីប៊ិញ (Nguyen Thi Binh) ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ឆ្នាំ​ នៃទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការបញ្ចប់សង្គ្រាម និងការស្តារសន្តិភាពឡើងវិញ នៅវៀតណាម (២៧/០១/១៩៧៣ - ២៧/០១/២០២៣)។ រូបថត៖ ផាមហាយ

បន្ទាប់ពីទទួល​បាន​ជោគជ័យនៅសន្និសីទទីក្រុងប៉ារីស លោកស្រីង្វៀន​ ធីប៊ិញ​ (Nguyen Thi Binh) គាត់​នៅ​តែ​​ទទួល​បាន​ការ​ទុក​ចិត្ត​ឱ្យ​កាន់​តំណែង​សំខាន់ៗ​ជាច្រើន៖ រដ្ឋមន្ត្រី​ក្រសួង​អប់រំ អនុ​ប្រធាន​គណៈកម្មាធិការកិច្ចការបរទេស​មជ្ឈិមបក្ស និងជា​​ប្រធាន​គណៈ​កម្មាធិការ​​កិច្ចការបរទេសនៃរដ្ឋសភា ជាពិសេស តំណែង​អនុប្រធានរដ្ឋ​​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុង​អំឡុង​ឆ្នាំ១៩៩២ - ឆ្នាំ​២០០២។

តាងនាមការអនុញ្ញាតពីអគ្គលេខាធិការ និងជាប្រធានរដ្ឋឡាវ លោក Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម បានប្រគល់ដោយគោរពនូវគ្រឿងឥស្សរិយយសសេរីភាព (គ្រឿងឥស្សរិយ​យស Itxala) របស់រដ្ឋឡាវ ជូនអតីតអនុប្រធានរដ្ឋ ង្វៀន ធីប៊ិញ (Nguyen Thi Binh)  (ខែឧសភា ឆ្នាំ​២០២៥)។ រូបថត៖ ផាមហាយ

តាងនាមការអនុញ្ញាតពីអគ្គលេខាធិការ និងជាប្រធានរដ្ឋឡាវ លោក Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម បានប្រគល់ដោយគោរពនូវគ្រឿងឥស្សរិយយសសេរីភាព (គ្រឿងឥស្សរិយ​យស Itxala) របស់រដ្ឋឡាវ ជូនអតីតអនុប្រធានរដ្ឋ ង្វៀន ធីប៊ិញ (Nguyen Thi Binh)  (ខែឧសភា ឆ្នាំ​២០២៥)។ រូបថត៖ ផាមហាយ

សូម្បី​ចូលនិវត្តន៍​ក៏ដោយ លោកស្រី​នៅតែ​បន្ត​ការ​លះបង់​តាម​រយៈ​សកម្មភាព​ការទូត​​ប្រជាជន។ ចាប់ពី​ឆ្នាំ២០០៣ មកទល់​បច្ចុប្បន្ន លោកស្រី​គឺជា ប្រធាន​មូលនិធិ​សន្តិភាព និង​ការអភិវឌ្ឍ​វៀតណាម ​សកម្មក្នុងការជំរុញសកម្មភាពមនុស្សធម៌ ការអប់រំ និងកិច្ចសន្ទនាសន្តិភាព បន្ត​បេសកកម្ម​តភ្ជាប់វៀតណាម​ជាមួយ​មិត្តភក្តិអន្តរជាតិ​ក្នុង​ទម្រង់​ការទូត​ទន់ភ្លន់ រឹង​មាំ​ និង​មានប្រសិទ្ធភាព។

អតីតអនុប្រធានរដ្ឋ ង្វៀន ធីប៊ិញ (Nguyen Thi Binh) គឺជាគំរូដ៏រស់រវើកមួយ អំពីសេចក្តីស្រឡាញ់ជាតិ ប្រាជ្ញា និងតួនាទីរបស់ស្ត្រីវៀតណាម នៅក្នុងបុព្វហេតុកសាង និងការពារប្រទេសជាតិ ក្នុងរយៈពេល៨០ឆ្នាំកន្លងមក។ រូបថត៖ កុងដាត / VNP


លោកស្រី ង្វៀន​ ធី​ប៊ិញ​ (Nguyen Thi Binh)​ មិន​​ត្រឹម​តែជា​អ្នក​នយោបាយ​ប៉ុណ្ណោះ​ទេ នៅទាំង​ជា​ជំពូក​ពិសេសមួយ​ក្នុង​ប្រវត្តិសាស្ត្រ​វៀតណាម​នា​សម័យ​ទំនើប​ផង​ដែរ​។ ជីវិត និងបុព្វហេតុ​របស់​លោកស្រី គឺជាការ​រួមបញ្ចូល​រវាង​​ឆន្ទៈបដិវត្តន៍ និង​ស្មារតី​ជាតិ រវាងគំនិតយុទ្ធសាស្ត្រ និង​ក្តីមេត្តាធម៌​ជ្រាលជ្រៅ។ ចំពោះ​​លោកស្រី យើង​ឃើញរូបភាព​នៃវិស័យ​ការទូតវៀតណាមមួយ​ មានភាពអង់អាច​ក្លាហាន ខ្ជាប់ខ្ជួន​តែទន់ភ្លន់ ម៉ឹង​ម៉ាត់​តែ​មនុស្សធម៌។ លោក​ស្រី​គឺ​ជា​គំរូ​​រស់រវើក​នៃក្តី​ស្នេហា​ជាតិ ប្រាជ្ញា និង​តួនាទីរបស់ស្ត្រី​ក្នុងបុព្វហេតុ​កសាង និងការពារប្រទេសជាតិ អស់​រយៈ​ពេល​៨០​ឆ្នាំកន្លងមក៕

អត្ថបទ៖ ថាវ​វី​ រូបថត៖ កុង​ដាត ឯកសារតួអង្គផ្តល់ជូន​

ប្រែសម្រួល៖ រីកើង​


top