«គ្រាប់ត្បូង» បង្កើតទីតាំងនៃស្រូវអង្ករវៀតណាម
ចាប់ពីបន្ទប់ពិសោធន៍ជ្រើសរើសពូជ នៅតំបន់ដីសណ្តទន្លេ គឺវឡុង (Cuu Long) រហូតដល់បណ្ដាទីផ្សារ ដែលមានតម្រូវការខ្ពស់នៅជុំវិញពិភពលោក អង្ករវៀតណាមគឺជាលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រ ការច្នៃប្រឌិតបច្ចេកវិទ្យា និងកិច្ចសហការយូរអង្វែង រវាងអ្នកវិទ្យាសាស្ត្រ កសិករ និងអាជីវកម្ម ក្នុងអំឡុងពេលជិតកន្លះសតវត្សរ៍ ។ នេះក៏ជាមូលដ្ឋានគ្រឹះ នាំឱ្យប្រទេសវៀតណាមបញ្ជាក់ជាបណ្តើរៗ នូវទីតាំងជាមហាអំណាចអង្ករលើផែនទីកសិកម្មពិភពលោក។
ជិតកន្លះសតវត្សរ៍នៃវិទ្យាសាស្ត្ររួមដំណើរជាមួយដើមស្រូវ
ជាយូរមកហើយ ប្រជាជនវៀតណាមបានហៅគ្រាប់អង្ករថា «គ្រាប់ត្បូងនៃជនបទ» ដែលជាពាក្យប្រៀបធៀបសាមញ្ញមួយ ដើម្បីពិពណ៌នាអំពី តម្លៃនៃស្បៀងងអាហារសំខាន់ ដែលបានចិញ្ចឹមមនុស្សជាច្រើនជំនាន់ ហើយឥឡូវនេះកំពុងរួមចំណែកនាំកេរ្តិ៍ឈ្មោះ វៀតណាមកាន់តែឆ្ពោះទៅកាន់ទីឆ្ងាយ ។
ខាងក្រោយគ្រាប់អង្ករសបរិសុទ្ធមកពីតំបន់ដីសណ្តទន្លេគឺវឡុង (Cuu Long) ស្ថិតនៅលើតុម្ហូបអាហាររបស់ក្រុមគ្រួសាររាប់លានគ្រួសារ លើពិភពលោក គឺជាដំណើរដ៏រឹងមាំនៃការស្រាវជ្រាវវិទ្យាសាស្ត្រ និងការច្នៃប្រឌិតបច្ចេកវិទ្យា។
នៅក្នុងមណ្ឌលស្រាវជ្រាវ របស់វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករតំបន់ដីសណ្តទន្លេគឺវឡុង (Cuu Long) ថាសគ្រាប់ពូជអង្ករត្រូវបានកត់សម្គាល់យ៉ាងប្រុងប្រយ័ត្នដោយលេខកូដ កត់ត្រាយ៉ាងល្អិតល្អន់នូវសមត្ថភាពលូតលាស់ ភាពធន់នឹងសត្វល្អិត និងជំងឺ ក្លិនក្រអូប គុណភាពគ្រាប់ និងទិន្នផល។ គំរូគ្រាប់ពូជនីមួយៗ គឺជាលទ្ធផលនៃការបង្កាត់ពូជ ធ្វើតេស្ត និងការជ្រើសរើសអស់រយៈពេលជាច្រើនឆ្នាំ។
វិទ្យាស្ថាននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ មានតួនាទីជាមជ្ឈមណ្ឌលនាំមុខគេ ក្នុងការស្រាវជ្រាវអង្ករទូទាំងប្រទេស ដោយទទួលខុសត្រូវចំពោះការបង្កាត់ពូជ និងការផ្ទេរបច្ចេកវិទ្យាទៅកាន់តំបន់ភាគខាងត្បូង ដែលជាទីកន្លែងផលិតបរិមាណអង្ករជាងពាក់កណ្តាលទិន្នផលស្រូវអង្ករទូទាំងប្រទេសវៀតណាម និងប្រហែល ៩០% បរិមាណអង្ករនាំចេញរបស់វៀតណាម។
លោកបណ្ឌិត ត្រឹន ឌិញយ៉យ (Tran Dinh Gioi) ប្រធានផ្នែកពន្ធុវិទ្យា និងបង្កាត់ពូជរុក្ខជាតិនៃវិទ្យាស្ថាននេះ បានឲ្យដឹងថា បម្រែបម្រួលអាកាសធាតុ កំពុងដាក់ចេញនូវម្រូវការថ្មីទាំងស្រុងចំពោះឧស្សាហកម្មអង្ករ។ ប្រសិនបើកាលពីមុន គោលដៅចម្បងគឺបង្កើនទិន្នផល ដើម្បីធានាសន្តិសុខស្បៀង ឥឡូវនេះពូជស្រូវត្រូវតែឆ្លើយតបនឹងតម្រូវការទិន្នផល គុណភាព លទ្ធភាពសម្របខ្លួនទៅនឹងជាតិជូរប្រៃ ធន់នឹងសត្វល្អិត និងជំងឺ ហើយសមស្របទៅនឹងស្តង់ដារនាំចេញ។
នៅក្នុងបន្ទប់បង្កាត់ និងមណ្ឌលពិសោធន៍ ពូជស្រូវថ្មីជាច្រើនប្រភេទ នៅតែបន្តធ្វើការស្រាវជ្រាវដោយប្រើបច្ចេកទេសជីវវិទ្យាម៉ូលេគុល បច្ចេកវិទ្យាជម្រើសពូជទំនើប និងប្រព័ន្ធទិន្នន័យបម្រើការវាយតម្លៃពូជ។
ចាប់ពីកិច្ចខិតខំប្រឹងប្រែងទាំងនោះ ពូជស្រូវថ្មីរាប់រយប្រភេទ ត្រូវបានដាក់បឲ្យផលិត រួមចំណែកបន្លាស់ប្តូរមុខមាត់វាលស្រែ នៅភាគខាងលិចនៃតំបន់ ណាមបូ (Nam Bo)។ ប្រសិនបើកាលពីមុន ទិន្នផលជាមធ្យមទទួលបានត្រឹមប្រមាណ ២-៣ តោន/ហិកតា ឥឡូវនេះបានលើសពី ៦ តោន/ហិកតា។ នៅក្នុងតំបន់ដាំដុះជឿនលឿនជាច្រើន បណ្ដាពូជស្រូវដែលមានគុណភាពខ្ពស់អាចទទួលផលបានលើសពី ១០ តោន/ហិកតា ក្នុងលក្ខខណ្ឌល្អបំផុត។
ក្រៅពីការបង្កើនទិន្នផល បណ្ដាពូជស្រូវធន់នឹងជាតិប្រៃ ជូរ នៅទាំងរួមចំណែករក្សាការផលិតនៅតំបន់ឆ្នេរសមុទ្រ ដែលរងផលប៉ះពាល់កាន់តែខ្លាំងឡើងបម្រែបម្រួលអាកាសធាតុ។
លើសពីនោះ បណ្តាវិទ្យាស្ថានស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រជាច្រើន បានលះបង់ពេលវេលារាប់សិបឆ្នាំ ដើម្បីផ្សារភ្ជាប់ជាមួយដើមស្រូវ។ នៅក្នុងផ្ទះដ៏សាមញ្ញរបស់ខ្លួន វិស្វករ ហូក្វាងគួ (Ho Quang Cua) ជាមយយសហការី នៅតែបន្តតាមដានការលូតលាស់របស់ពូជស្រូវថ្មីៗបន្ទាប់ពីភាពជោគជ័យនៃក្រុមពូជ ST។
ដើម្បីបង្កើតពូជស្រូវ ST25 ដែលជាប្រភេទអង្គរបានឈ្នះពានរង្វាន់ "អង្ករឆ្ងាញ់បំផុតលើពិភពលោក" ក្នុងឆ្នាំ២០១៩ ក្រុមអ្នកស្រាវជ្រាវបានចំណាយពេលរាប់ទសវត្សរ៍ ក្នុងការបង្កាត់ពូជ សាកល្បង និងជ្រើសរើសវាលស្រែ។
មិនត្រឹមតែយកចិត្តទុកដាក់លើរសជាតិ និងគុណភាពនៃគ្រាប់អង្គរ ក្រុមអ្នកស្រាវជ្រាវនៅទាំងឆ្ពោះទៅរកលទ្ធភពសម្របខ្លួនជាមួយនឹងលក្ខខណ្ឌដាំដុះនៅតំបន់ឆ្នេរសមុទ្រជ្រាបជាតិប្រៃផង។ សម្រាប់វិស្វករ ហូក្វាងគួ (Ho Quang Cua) តម្លៃនៃពូជស្រូវមិនត្រឹមតែស្ថិតនៅក្នុងពានរង្វាន់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅលើសមត្ថភាពជួយកសិករបង្កើនប្រាក់ចំណូល និងស្ងប់ចិត្តបន្តធ្វើស្រែចម្ការ។
"ជើងទម្របាញ់បង្ហោះ" សម្រាប់ការនាំអង្ករវៀតណាមឆ្ពោះទៅឆ្ងាយ
ចេញពីមន្ទីរពិសោធន៍ ដំណើរនៃអង្ករវៀតណាម នៅតែបន្តឆ្លងកាត់នូវបណ្ដាវាលស្រែផលិតតាមទ្រង់ទ្រាយធំ នៅខេត្តអានយ៉ាង (An Giang) ខេត្ត ដុងថាប (Dong Thap) ទីក្រុង កឹនថី (Can Tho) និង ខេត្ត កាម៉ៅ (Ca Mau)។ ក្នុងរដូវប្រមូលផល ម៉ាស៊ីនច្រូតស្រូវដំណើរការជាបន្តបន្ទាប់នៅវាលស្រែធំៗ។ ស្រូវត្រូវបានប្រមូលផលយ៉ាងឆាប់រហ័ស និងដាក់ចូលបាវនៅនឹងស្រែផ្ទាល់ មុនពេលដឹកជញ្ជូនទៅកាន់កន្លែងសម្ងួត និងកែច្នៃ។
តាំងពីបន្ទប់ពិសោធន៍ស្រាវជ្រាវ រហូតដល់វាលស្រែធំទូលាយ គ្រាប់អង្ករវៀតណាមសព្វថ្ងៃនេះ គឺជាការរួមបញ្ចូលនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងផលិតកម្មចីរភាព។ មិនត្រឹមតែធានាសន្តិសុខស្បៀងអាហារ គ្រាប់អង្ករកំពុងក្លាយជានិមិត្តរូបនៃសេចក្តីប្រាថ្នារបស់វៀតណាមក្នុងការលើកកម្ពស់វិស័យកសិកម្មនៅក្នុងទីផ្សារអន្តរជាតិ។
រូបភាពកសិករប្រមូលផលអង្ករដោយដៃ កំពុងក្លាយជាអនុស្សាវរីយ៍នៅក្នុងតំបន់ជាច្រើនហើយ។ ជំនួសការងារនោះគឺការប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន ដំណើរការព្រមៗគ្នាតាំងពីដំណាក់កាលសាបព្រោះ ថែទាំ រហូតដល់ដំណាក់កាលប្រមូលផល។
តំបន់ផលិតជាច្រើន ឥឡូវនេះបានប្រើប្រាស់គ្រឿងហោះហើរដោយគ្មានមនុស្សបើក (ដ្រូន) ដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិត ដាក់ជី និងតាមដានសត្វល្អិត និងជំងឺ។ គំរូដាំដុះជឿនលឿន ឬឆ្លាតវៃ កំពុងត្រូវបានអនុវត្តយ៉ាងទូលំទូលាយ ជួយកាត់បន្ថយការចំណាយ ផលប៉ះពាល់ដល់បរិស្ថាន និងបង្កើនប្រសិទ្ធភាពផលិតកម្ម។
នៅសហករណ៍កសិកម្ម ណុងធួនផាត (Nong Thuan Phat) បច្ចុប្បន្ននេះ បណ្តាសមាជិកកំពុងដាំស្រូវលើផ្ទៃដីប្រហែល ៤.០០០ ហិកតា ភាគច្រើនជាពូជស្រូវមានគុណភាពខ្ពស់សម្រាប់នាំចេញ។ លោកស្រី ង្វៀន ធីកឹមហុង (Nguyen Thi Cam Hong) ប្រធានសហករណ៍កសិកម្ម ណុងធួនផាត (Nong Thuan Phat) បានថ្លែងឲ្យដឹងថា ការផ្សារភ្ជាប់ជាមួយអាជីវកម្ម ជួយឲ្យកសិករស្ងប់ចិត្តក្នុងការផលិត ដោយសារការលក់ចេញមានស្ថេរភាព ព្រមទាំងបានទទួលការគាំទ្រខាងបច្ចេកទេសតាំងពីដើមរដូវ។
ដៃគូសំខាន់មួយគឺក្រុមហ៊ុន ឡុងត្រើយ (Loc Troi) គ្រុប។ លោក វ៉ ថាញផុង (Vo Thanh Phong) តំណាងឱ្យក្រុមហ៊ុនបានចែករំលែកថា ការអភិវឌ្ឍពូជស្រូវសមស្របនឹងតំបន់ផលិតនីមួយៗ នឹងជួយបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងឆ្លើយតបនឹងតម្រូវការចម្រុះនៃទីផ្សារនាំចេញកាន់តែប្រសើរ។
នៅក្នុងខ្សែសង្វាក់តំណភ្ជាប់នោះ ប្រព័ន្ធកែច្នៃទំនើប ដើរតួនាទីសំខាន់ពិសេស។ នៅរោងចក្រកែច្នៃស្បៀងអាហារ ថយសើន(Thoai Son) ចំណុះក្រុមហ៊ុន ឡុងត្រើយ (Loc Troi) គ្រុប ខ្សែសង្វាក់សម្ងួត កិន និងវេចខ្ចប់ បានដំណើរការទៀងទាត់និងរៀងរហូតក្នុងរដូវប្រមូលផល។
យោងតាមលោក បាច់ មិញ គ្វី (Bach Minh Quy) នាយករោងចក្រកែច្នៃស្បៀងអាហារ ថយសើន (Thoai Son) រោងចក្រនេះមានទីតាំងលើផ្ទៃដីប្រហែល ៩០.០០០ម៉ែត្រការ៉េ ដែលមានសមត្ថភាពសម្ងួតពី ១.៥០០ - ១.៦០០ តោន/ថ្ងៃ និងសមត្ថភាពកិនប្រហែល ៤៥០ - ៥០០ តោន/ថ្ងៃ។ ការវិនិយោគលើប្រព័ន្ធកែច្នៃទំនើប ជួយកាត់បន្ថយការខាតបង់ក្រោយពេលប្រមូលផល ធានាគុណភាពគ្រាប់អង្ករ ព្រមទាំងឆ្លើយតបនឹងស្តង់ដារតឹងរ៉ឹងអំពីការតាមដានរកប្រភព និងសុវត្ថិភាពចំណីអាហារ។
ពីកំពង់ផែនាំចេញភាគខាងត្បូង អង្ករវៀតណាមបានមានវត្តមាននៅទីផ្សារ ដែលមានតម្រូវការខ្ពស់ជាច្រើន ដូចជា ជប៉ុន សហរដ្ឋ
អាមេរិក អូស្ត្រាលី និងប្រទេសជាច្រើននៅអឺរ៉ុប។ នៅឆ្នាំ២០២៤វៀតណាមបាននាំចេញអង្ករជាង ៩,១៨លានតោន ដោយសម្រេចបានចំណូលពាណិជ្ជកម្មជាង ៥,៧៥ពាន់លាន USD ដែលជាកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មាន។ អ្វីដែលសំខាន់ជាងគឺ សមាមាត្រអង្ករក្រអូប អង្ករមានគុណភាពខ្ពស់ និងអង្ករពិសេសមួយថ្ងៃកាន់តែកើនឡើង បង្ហាញឲ្យឃើញច្បាស់នូវបន្លាស់ប្ដូរពីបរិមាណនាំចេញទៅជាតម្លៃនាំចេញ។
អត្ថបទ៖ ទ្រុង ខាញ - រូបថត៖ ថុង ធៀន, ឡេមិញ, ង្វៀន លួន / VNP

















