អ្នក​តែង​ផ្កា ហា មិញខោយ (Ha Minh Khoi) ជាជនជាតិ​វៀតណាម​ដំបូង​បង្អស់​ បាន​ក្លាយ​ជា​សមាជិក​ AIFD

អ្នក​តែង​ផ្កា ហា មិញខោយ (Ha Minh Khoi) ជាជនជាតិ​វៀតណាម​ដំបូង​បង្អស់​ បាន​ក្លាយ​ជា​សមាជិក​ AIFD

ចាប់​ពីក្មេងប្រុសម្នាក់ ដែលកើតនៅតំបន់ជនបទក្រីក្រ រហូតក្លាយជាសិល្បការិនី​តែង​ផ្កាដំបូងបង្អស់របស់វៀតណាម បានក្លាយជាសមាជិកនៃ​វិទ្យាស្ថានរចនាតែង​ផ្កា​អាមេរិក (AIFD) ព្រមទាំង​ជាប់ក្នុងបញ្ជី Forbes 30 Under 30។ រឿងរ៉ាវរបស់ ហា មិញខោយ (Ha Minh Khoi) គឺជាភស្តុតាងបញ្ជាក់ពីថាមពល នៃចំណង់ចំណូលចិត្ត ភាពអត់ធ្មត់ និងការដឹងគុណ

ហា មិញខោយ (Ha Minh Khoi) - ដំណើរ​ពីកុមារ​ក្រីក្រ​ម្នាក់​ រហូតដល់​សិល្បករ​តែង​ផ្កា​លំដាប់​នៅប្រទេសវៀតណាម​ មិន​ត្រឹមតែ​ជា​រឿង​រ៉ាវ​អំពី​ផ្កា​ ថែមទាំង​ជា​សក្ខីភាព​​សម្រាប់ការ​អត់ធ្មត់​ ចំណូល​ចិត្ត​ និង បំណងប្រាថ្នា​ច្នៃប្រតិដ្ឋ​មិនឈប់ឈរ។​  រូបថត៖​ខាញ់ឡុង/កាសែតរូបភាពវៀតណាម

១. វ័យកុមារភាព របស់ ហា មិញខោយ (Ha Minh Khoi) គឺជាទិដ្ឋភាពមួយ ដែលពោរពេញដោយការ​លំបាក ប៉ុន្តែក៏សម្បូរទៅដោយពណ៌នៃក្តីស្រឡាញ់ ពីគ្រួសារ​និងធម្មជាតិ។ កើត​ក្នុងគ្រួសារកសិករក្រីក្រ ដែលមានបងប្អូន១០​នាក់ នៅបារៀ - វុង​តាវ (Ba Ria – Vung Tau) វ័យកុមារភាព របស់ ហា មិញខោយ (Ha Minh Khoi) បានផ្សារភ្ជាប់ជាមួយនឹងការជួយគ្រួសារ តាំងពីអាយុ៨ឆ្នាំ ដូចជា៖ បេះពោត ស៊ីឈ្នួល​បេះស្លឹកផ្កាអង្គារសិល្ប៍ឱ្យ​គេ។

ចំណង់ចំណូលចិត្តរបស់ ខោ​យ (Khoi) កើត​មាន​នៅពេល ដែលគាត់​បានទៅវិហារ ជាមួយ​អ្នក​ម្តាយ រួច​ក៏​សូម​បាន​ជួយដូនជីតែង​​ផ្កា។ ​ជាលើកដំបូង បានឃើញផ្សារលក់ផ្កា​ធំមួយ ប្រការ​នេះ បានដក់ជាប់ក្នុងចិត្ត​ក្មេងប្រុសរូប នូវចំណាប់អារម្មណ៍យ៉ាងខ្លាំង។ គាត់​ចាប់ផ្តើម​​តែង​​ផ្កាដោយខ្លួនឯង ដោយប្រើស្លឹក​ឈើ​​ក្នុង​សួន ហើយ​ក្តីរីករាយ​បានផ្ទុះឡើង នៅពេល​​គាត់​បានគេប្រគល់ភារកិច្ច តែង​ផ្កាសម្រាប់​វិហារ ទទួល​បាន​ពាក្យសរសើរដោយស្មោះពីមនុស្ស​គ្រប់គ្នា។ នៅ​អាយុ១៤ឆ្នាំ ខោយ បានសូម​​​ជួយតែង​ផ្កា នៅហាងមួយ​ក្នុងស្រុក តែមួយឆ្នាំក្រោយមក នៅអាយុ១៥​ឆ្នាំ គាត់​​ចេះទិញផ្កាមកខ្ចប់តែង​លក់ដោយខ្លួនឯង ហើយ​ទទួលបាន​មតិវិជ្ជមាន ពីអតិថិជន​ដំបូង​របស់គាត់។

ហា មិញខោយ (Ha Minh Khoi) គឺជាឈ្មោះលេចធ្លោមួយរូប នៅក្នុងវិស័យសិល្បៈតែង​ផ្ការបស់វៀតណាម និង អន្តរជាតិ។ រូបថត៖ ឯកសារផ្ដល់ដោយតួអង្គ​

 

ផ្លូវសិក្សារបស់ខោយ (Khoi) មិនសូវរលូនទេ។ ខោយ (Khoi) ធ្លាប់ប្រឡងធ្លាក់សាកលវិទ្យាល័យវិចិត្រសិល្បៈ ដោយសារខ្វះកន្លះ​ពិន្ទុ នេះ​ជា​ការ​វិបត្តិ​ផ្លូវចិត្ត​មួយ​យ៉ាងខ្លាំង ប៉ុន្តែបែរជាបើកទ្វារថ្មីដោយចៃដន្យ។ គាត់បានវេច​សម្ពាយ​ទៅទីក្រុង​សាយ​ហ្គន​ ទាំងរៀនផង ទាំងធ្វើជាជំនួយការផង នៅហាងផ្កាប្រណីតមួយ។​ ត្រឹមតែពីរខែបន្ត​បន្ទាប់ ផ្តើម​ពីអ្នក​ជំនួយ​ការ​ដោយ​​ចំណង់ចំណូលចិត្ត និង​ខិតខំប្រឹងប្រែងជា​ណាស់​ណាបង្អស់គាត់បានក្លាយជាអ្នកតែង​ផ្កាមួយ​រូប​។ ព្រឹត្តិការណ៍នេះ បានបញ្ជាក់ពីទេពកោសល្យពីកំណើត និងការតាំងចិត្តដ៏មុតមាំរបស់គាត់ ចំពោះអាជីពតែង​ផ្កា។

២. យកឈ្នះលើការបរាជ័យក្នុងសិក្សា ខោយ មិនអនុញ្ញាតឱ្យខ្លួនឯង លិចលង់ក្នុងវិប្បដិសារីឡើយ តែនោះ​ជាឱកាសសម្រាប់​ខ្លួន​ឯង​រស់​ពេញលេញ ជាមួយចំណង់ចំណូលចិត្ត​។ ជំនួសឱ្យការ​សិក្សា​តាមផ្លូវសាកលវិទ្យាល័យបែបប្រពៃណី គាត់​ផ្តោតលើការងារ​រៀនសូត្រជាក់ស្តែង ស្វែងរកឱកាសសិក្សា និងបង្កើនចំណេះដឹង​នៅបរទេស។

 

ហា មិញខោយ (Ha Minh Khoi) មាន​ទឹកចិត្ត​នៃ​សិល្បករ​ម្នាក់​ពិតប្រាកដ។ រូបថត៖​ខាញ់ឡុង/កាសែតរូបភាពវៀតណាម

បញ្ហាប្រឈមមួយ​ក្នុង​បញ្ហា​ប្រឈម​ធំបំផុត គឺការចូលរួម​ AIFD – សមាគមរចនាតែង​ផ្កាអាមេរិកដ៏ល្បីល្បាញ។ គាត់ធ្លាក់ទិដ្ឋាការពីរដងដោយសារឧបសគ្គខាង​ភាសាអង់​គ្លេស​។ ទោះជាយ៉ាងណាក៏ដោយ ជំនួសឱ្យការបោះបង់ ខោយ​ បានចំណាយពេលវេលា​៦​ខែខិតខំរៀនភាសាអង់គ្លេស ដើម្បីបំពេញតាមតម្រូវការ បន្ទាប់មកទទួលបានជោគជ័យក្នុងការប្រឡងលើកទី៣ នៅឆ្នាំ២០១៦ ក្លាយជាជនជាតិវៀតណាមដំបូងគេដែលទទួលបានកិត្តិនាម​នេះ នៅអាយុ២៥ឆ្នាំ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាចំណុចសំខាន់ផ្ទាល់ខ្លួនប៉ុណ្ណោះទេ នៅទាំង​ជា​ការ​បញ្ជាក់ពីសមត្ថភាព និងទី​ជំហរ​របស់ជនជាតិ​វៀតណាម​នៅ​​លើឆាកអន្តរជាតិផងដែរ។

 

ហា មិញខោយ (Ha Minh Khoi) បានលើកឡើងថា "មុខរបរតែង​ផ្កានៅវៀតណាម នៅតែមានការខ្វះខាតច្រើន" ដោយសារកង្វះការប្រកួតប្រជែងប្រកប​ដោយ​ជំនាញ​ និងសាលាបណ្តុះបណ្តាលត្រឹមត្រូវ។ រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម

នៅពេលអភិវឌ្ឍអាជីពនៅរដ្ឋធានី​ហាណូយ ជាទីផ្សារ​ដែលបាន​វាយតម្លៃថា​លំបាក ខោយ​ ក៏បានប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំង។ ប៉ុន្តែ​ គាត់​មិនបានផ្តោតខ្លាំងលើការ​ប្រៀបធៀបឡើយ តែគាត់​បានផ្តោតលើ "ផ្លូវផ្ទាល់ខ្លួនរបស់គាត់" ហើយ​ចាត់ទុក​ខ្លួនឯង​ ថាជាគូប្រជែង​ខ្លាំងបំផុតដែលត្រូវតែយកឈ្នះ ជារៀងរាល់ថ្ងៃ។

៣. ហា មិញខោយ (Ha Minh Khoi) មានគំនិតច្នៃប្រឌិត និងព្រលឹងសិល្បករពិតប្រាកដ តែខាង​ក្រោយនោះ គឺជា​​គុណសម្បត្តិ​ថ្លៃថ្លាដែលបង្កើតបានជា "មេធ្មប់" តែង​ផ្កា ហា មិញខោយ (Ha Minh Khoi)

ទោះបីជា​បាន Forbes វៀតណាម ទទួលស្គាល់នៅ​ក្នុងបញ្ជី Top 30 Under 30 ក៏ដោយ ខោយនៅតែរក្សាសុភាពរាបសារ​។ គាត់មិនបានចាត់ទុកវាជា "ផ្លូវកាត់" ឡើយ តែវា​ជាកម្លាំងចលករដើម្បីបន្តបង្កើន​សមត្ថភាព។ ខោ​យ តែង​ចូលរួមវគ្គសិក្សា និង សិក្ខាសាលា​នានា នៅប្រទេសម៉ាឡេស៊ី ហូឡង់ បារាំង ជប៉ុន និងអាមេរិក ជាបន្តបន្ទាប់ ព្រមទាំង​អានសៀវភៅ អាន​ទស្សនាវដ្តី ដើម្បីធ្វើបច្ចុប្បន្នភាពនិន្នាការ និង​បង្កើន​ចំណេះដឹង

 

ចំពោះ ​ហា មិញខោយ (Ha Minh Khoi) បំណងប្រាថ្នា​របស់លោក មិនត្រឹមតែបញ្ឈប់ត្រឹមការបង្កើតស្នាដៃផ្កាស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងដាក់​បញ្ចូលចក្ខុវិស័យកាន់តែទូលំទូលាយ សម្រាប់វិស័យ​​ផ្កា​នៅវៀតណាម និង សហគមន៍ទាំងមូល​។ រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម

ទោះបីជាជាសិល្បករធ្នាក់​ថ្នមផ្កាក៏ដោយ ខោយ (Khoi) បែរជា​​មានភាពជាក់ស្តែងក្នុងការរៀបចំផែនការអាជីព​។ ខោ​យ (Khoi) បានបដិសេធដាក់​ពាក្យ​វិនិយោគជា​ច្រើន ដើម្បីពង្រីកខ្សែសង្វាក់ហាង ពីព្រោះ​គាត់ជឿថា ការតែង​ផ្កាត្រូវ​ការអារម្មណ៍ និង ការផ្តោតអារម្មណ៍ខ្ពស់ទៅលើស្នាដៃ​​នីមួយៗ។ គាត់ចង់រក្សា "អត្ត" របស់សិល្បករ ហើយ​​បម្រើអតិថិជន តាមបែប​ផ្ទាល់ខ្លួន​ របស់គាត់។​

សេចក្តីប្រាថ្នារបស់ ហា មិញខោយ (Ha Minh Khoi) មិនត្រឹមតែ បញ្ឈប់ត្រឹមការបង្កើតស្នាដៃផ្កាដ៏ស្រស់ស្អាតប៉ុណ្ណោះទេ នៅទាំងបូក​បញ្ចូលចក្ខុវិស័យទូលាយសម្រាប់វិស័យ​​ផ្កាវៀតណាម និងសហគមន៍ទាំងមូលផងដែរ។ ខោយចង់បង្ហាញថា សិល្បៈតែង​ផ្កា មិនមែនត្រឹមតែជាសិល្បៈ​តែង​ផ្កា​ប៉ុណ្ណោះទេ នៅទាំង​ជាវិញ្ញាសាសិល្បៈប្រណីត​​មួយ។

ហា មិញខោយ (Ha Minh Khoi) បានលើកឡើងថា "អាជីពតែង​ផ្កា នៅវៀតណាម នៅមានភាពអន់ថយគួរសម" ដោយសារកង្វះការប្រឡង​ប្រជែងជំនាញ​ និង​សាលាបណ្តុះ​បណ្តាល​ត្រឹមត្រូវ។ ខោយ កំពុង​រៀបចំផែនការ ដើម្បីបំពេញចន្លោះប្រហោងនោះ។ ហា មិញខោយ (Ha Minh Khoi) ជឿជាក់ថា អនាគតវិស័យ​តែង​ផ្កាវៀត​ណាម "នឹងទៅបានឆ្ងាយ" ហើយគាត់ចង់ក្លាយជាផ្នែកមួយនៃជើង​ដំណើរ​នោះ៕​

អត្ថបទ៖ ថាវវី រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម​ ឯកសារ​តួអង្គផ្តល់ជូន​

ប្រែសម្រួល៖ រីកើង


top