អ្នករចនាម៉ូដ ង្វៀន ឡានអាញ (Nguyen Lan Anh) នាំយករូបភាពស្រែកាំជណ្តើរផ្ដិតលើស្នាដៃម៉ូដសម្លៀកបំពាក់
ថ្មីៗនេះ អ្នករចនាម៉ូដ ង្វៀន ឡានអាញ (Nguyen Lan Anh) - អនុបណ្ឌិត ប្រធានដេប៉ាតឺម៉ង់រចនាម៉ូដសម្លៀកបំពាក់ នៃសកលវិទ្យាល័យយីតឹន (Duy Tan) ដាណាំង ជា CEO ពាណិជ្ជសញ្ញាម៉ូដសម្លៀកបំពាក់បុរស Moncheri - និងជាអ្នកធ្លាប់បានស្គាល់ក្នុងវិស័យម៉ូដសម្លៀកបំពាក់វៀតណាម និង អន្តរជាតិ បានបង្ហាញវត្តមានកម្រងម៉ូដសម្លៀកបំពាក់និទាឃរដូវ និង រដូវប្រាំងឆ្នាំ២០២៤ មានឈ្មោះថា “Moncheri in Mucacha”ជាមួយម៉ូដសម្លៀកបំពាក់ចំនួន៤៥ឈុត បានធ្វើឡើងក្នុងអំឡុងពេល៣ខែ ផ្តើមគំនិតចេញពីសម្រស់អមតៈ នៃស្រែកាំជណ្តើរនៅស្រុកមូកាងចាយ (Mu Cang Chai) ខេត្តអៀនបាយ (Yen Bai)។ តាមរយៈកម្រងផលិតផលរបស់ខ្លួន អ្នករចនាម៉ូដចង់ផ្ញើមនោសញ្ចេតនាភូមិកំណើត ព្រមទាំងផ្សព្វផ្សាយវប្បធម៌ កេរដំណែលវៀតណាម ទៅដល់មហាជន។
អ្នករចនាម៉ូដ ង្វៀន ឡានអាញ (Nguyen Lan Anh) កើតនៅខេត្តអៀនបាយ (Yen Bai) ទីនេះ មិនត្រឹមតែបានស្គាល់ដោយរូបភាពជ្រោះ ថាកបា (Thac Ba) ជ្រោះស៊ុយយ៉ាង (Suoi Giang) ភ្នំតាសួ (Ta Xua)។ល។ ប៉ុណ្ណោះទេ នៅទាំងបានល្បីឈ្មោះជាមួយរួបភាពតំបន់រម្មណីយដ្ឋានស្រែកាំជណ្តើរមូកាងចាយ (Mu Cang Chai)។ ដោយមនោសញ្ចេតនាចំពោះភូមិកំណើត ដូច្នេះអ្នករចនាម៉ូដបានដាក់ឈ្មោះកម្រងផលិតផលថ្មីរបស់ខ្លួនថា “Moncheri in Mucacha” ឈ្មោះមួយនេះបែបអឺរ៉ុប ប៉ុន្តែការពិតជាបែបវៀតណាម ពីព្រោះ “Mucacha” ជាកន្សោមពាក្យសរសេរកាត់នៃកន្សោមពាក្យ “Mu Cang Chai”។
តាមរយៈគំនិតសិល្បៈនៃអ្នករចនាម៉ូដ កម្រង “Moncheri in Mucacha” ផ្តល់ជូនអ្នកទស្សនានូវរឿបរ៉ាវដ៏ចំណាប់ៗអំពីរដូវកាលទាំង៤ នៃរម្មណីយដ្ឋានស្រែកាំជណ្តើរមូកាងចាយ (Mu Cang Chai) រួមមាន៖ រដូវទឹកចូលស្រែ រដូវសំណាប់ខ្ចី រដូវស្រូវចេញផ្កា និងរដូវស្រូវទុំ។ រដូវនីមួយៗតែងមានសម្រស់ស្អាតដោយឡែក លក្ខណៈពិសេសមួយបែប តំណាងឱ្យកាំអារម្មណ៍របស់មនុស្ស ពេលសប្បាយ ពេលកើតទុក្ខ ពេលពោរពេញ និងពេលរសាយ។
ផ្តើមគំនិតចេញពីស្រែកាំជណ្តើរមូកាងចាយ (Mu Cang Chai) អ្នករចនាម៉ូដង្វៀន ឡានអាញ (Nguyen Lan Anh) បាននាំយកអត្តសញ្ញាណជនជាតិ ផ្ដិតលើស្នាដៃទំនើប ដេញទាន់សម័យនិន្នាការម៉ូដសម្លៀកបំពាក់ចីរភាព (Eco Fashion) នៃពិភពលោក តាមរយៈរបៀបប្រើប្រាស់វត្ថុធាតុសំពត់ និងរបៀបតុបតែងស្នាដៃ។ ស្នាដៃទាំងឡាយ ក្នុងកម្រង “Moncheri in Mucacha” បានធ្វើចេញពីវត្ថុធាតុសំពត់អំបោះឫស្សី១០០% ដែលជាវត្ថុធាតុមួយជិតស្និទ្ធនឹងបរិស្ថាន រឹងមាំ ទន់ ត្រជាក់ និងសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់។ ប្រការនោះសឱ្យឃើញថា ដំណាក់កាលជ្រើសយកវត្ថុធាតុសំពត់ អ្នករចនាម៉ូដពិតជាយកចិត្តទុកដាក់ដល់កំហិតម៉ូដសម្លៀកបំពាក់អេកូឡូស៊ី។
ចំណុចពិសេស និងភាពផ្ចិតផ្ចង់ នៃកម្រង “Moncheri in Mucacha” គឺជាក្បាច់រចនា អំពីស្រែកាំជណ្តើរនៅលើម៉ូដសម្លៀកបំពាក់ គឺបានគូរទៅដោយក្រមួនឃ្មុំដោយផ្ទាល់នៅលើផ្ទៃសំពត់ ។ “ដើម្បីធ្វើបានសំពត់នេះ នារីជនជាតិ H'Mong បានធ្វើប្រកបដោយបច្ចេកទេសគូរដោយក្រមួនឃ្មុំ តាមរបៀបប្រពៃណី។ ពួកគាត់ប្រើបន្ទះឫស្សីតូចវែងប្រហែល៧សង់ទិម៉ែត្រ គួបផ្សំនឹងជក់ធ្វើដោយស្លឹកស្ពាន់ រូចគូរលើផ្ទៃសំពត់។ ពេលគូរ ពួកគាត់អង្គុយក្បែរចង្ក្រាន ជ្រលក់ជក់ចូលឆ្នាំងក្រមួន កំពុងក្តៅដាក់នៅលើចង្រ្កានភ្លើងក្រហមឆ្អៅ យកគូរលើសំពត់ រក្សាយ៉ាងណាឱ្យទឹកក្រមួនបានជ្រាបស្មើ មិនបែកហូរពាសពេញ។ បទដ្ឋានឮហើយគិតថាងាយ ប៉ុន្តេដើម្បីធ្វើបានសំពត់មួយផ្នត់ ពួកគាត់ត្រូវការពេលវេលា កម្លាំងកាយចិត្តយ៉ាងច្រើន ”អ្នករចនាម៉ូដ ង្វៀន ឡានអាញ (Nguyen Lan Anh) បានរៀបរាប់។
តាមរយៈកម្រងផលិតផល អ្នករចនាម៉ូដ ង្វៀន ឡានអាញ (Nguyen Lan Anh) មានបំណងចង់នាំយកសិល្បៈគូរក្រមួនរបស់ជនជាតិ H'Mong ចេញផុតពីវិសាលភាពភូមិស្រុក ដើម្បីទៅកៀកជិតនឹងវាលទំនាប ទីក្រុង។ ទន្ទឹមនោះបង្កើតការងារសម្រាប់ប្រជាជននៅក្នុងតំបន់មូកាងចាយ (Mu Cang Chai) ជួយបង្កើនគុណភាពរស់នៅ ស្ថេរភាពសេដ្ឋកិច្ចគ្រួសារ។ ជ្រៅជាងនេះទៅទៀត គឺនាំយកសិល្បៈចេញពីថ្វីដៃសិប្បករ ឱ្យចូលជិតនឹងភ្ញៀវអភិជនចំណូលខាងសម្លៀកបំពាក់ក្នុងស្រុក ក៏ដូចជាអន្តរជាតិ៕
អត្ថបទ និង រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង