អ្នកថតរូប Thomas Billhardt និង “ជំនួបជុំនៅវៀតណាម”
រូបថតរបស់អ្នកថតរូបជនជាតិអាល្លឺម៉ង ថតអំពីហាណូយ នៅឆ្នាំ១៩៦៥ - ១៩៧៥ បានល្បីជាមួយនឹងលោកពេញពិភពលោក។ ថ្មីៗនេះ លោកបានវិលត្រឡប់មកប្រទេសវៀតណាម និង រៀបចំតាំងពិព័រណ៍នៅទីក្រុងហូជីមិញ ក្រោមប្រធានបទ “ជំនួបជុំនៅវៀតណាម”ពិធីតាំងពិព័រណ៍បង្ហាញពីការវិលត្រឡប់របស់អ្នកថតរូប រួមនឹងរូបថតអំពីប្រទេសវៀតណាម ទឹកដី ប្រជាជននៅសម័យកាលមួយ ដែលមិនអាចបំភ្លេចបាន។
Thomas Billhardt កើតឆ្នាំ១៩៣៧ នៅ Chemnitz ប្រទេសអាល្លឺម៉ង។ លោកបានទទួលស្គាល់ជាអ្នកថតរូបឯកសារមួយ នៃអ្នកថតរូបឯកសារល្បីឈ្មោះបំផុតលើពិភពលោក នៃសម័យកាលសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង។ រូបថតរបស់លោកបានរួមចំណែកដ៏សំខាន់ ក្នុងការធ្វើឱ្យពិភពលោកឃើញច្បាស់នូវសោកនាដកម្មនៃសង្រ្គាមវៀតណាម (១៩៦៥ - ១៩៧៥)។
ក្នុងខែឆ្នាំទុក្ខលំបាកបំផុត នៃសង្គ្រាមប្រឆាំងអាមេរិកនៅវៀតណាម ប៉មគ្រាប់បែក រាយពាស់សមរភូមិពីភូមិភាគខាងជើង រហូតដល់ភូមិខាងត្បូង។ Thomas Billhardt បានធ្វើដំណើរមកដល់ប្រទេសវៀតណាមចំនួន៧លើក និង ច្រើនលើកទៀត។ រូបថតនៅដំណាក់កាលនេះ បានបោះពុម្ពផ្សាយនៅលើទស្សនាវដ្តីជាច្រើនដូចជា៖ “អាកាសយានិកពាក់ pyjama” នៅឆ្នាំ១៩៦៨ “ស្រេកឃ្លានសន្តិភាព៖ វៀតណាម” ឆ្នាំ១៩៧៣ “ហាណូយ - មុនថ្ងៃសន្តិភាព” ឆ្នាំ១៩៧៣ និង “ទឹកមុខវៀតណាម” ឆ្នាំ១៩៧៨។
យល់អំពីរូបថតរបស់ Thomas Billhardt អ្នកទស្សនានឹងបានឃើញលោកប្រើប្រាស់ស៊ុមរូប “តថភាព” ដើម្បីពណ៌នារូបថតរបស់ខ្លួន សង្កត់ធ្ងន់ភាពឯករាជក្នុងតួនាទីជាសិល្បករ អ្នកស្វែងរករូបភាពអាក្រាតការពិត មិនលម្អៀងទៅលើវត្ថុ បាតុភូត។ ពេលលោកចុចប៉ូតុងថត អ្វីដែលកើតមាននៅចំពោះមុខកែវថត ត្រូវតែជារបស់មួយសក្តិសមនឹងបានរក្សាទុក លោកខិតខំកត់ត្រានូវកាលៈទេសៈដែលមិនអាចបង្ហាញចេញបាន ជារូបភាពពិតប្រាកដ ស្មោះត្រង់ ដូចជាទឹកមុខស្អាតនៅក្នុងពិភពលោកអាប់អួរ ស្នាមញញឹមគ្មានមន្ទិលក្នុងបរិបទទុក្ខលំបាក និង ការគំរាមគំហែង ទិដ្ឋភាពមនោសញ្ចេតនាធ្វើឱ្យយើងភ្លេចភាពភ័យខ្លាច និង សង្គ្រាម នាំមកឱ្យយើងមានក្តីសង្ឃឹម ទៅលើស្ថានភាពប្រក្រតីសន្តិភាព។
ប្រជាជនវៀតណាមចូលកែវថតរបស់លោកដោយភាពប្រក្រតី។ នោះគឺរូបភាពក្មេង៤នាក់អង្គុយក្រោមគម្របរូងជ្រកប៉ម រូបភាពស្មាមញញឹមនារីឈ្លប់ ស៊ីកក្លូរដឹកក្មេងៗ ក្មេងអាក្រាតងុតទឹកព្រែក កងទ័ពវៀតណាមជាមួយនឹងកាំភ្លើងពាក់ស្មា ផ្លូវត្រូវសង្គ្រាមបំផ្លាញ នៅសល់តែបំណែកៗ។ល។ ទាំងអស់សុទ្ធតែស្អាត សាមញ្ញ និង រំលេចភាពសុទិដ្ឋិនិយម អង់អាច របស់ប្រជាជនវៀតណាម ប្រឈមមុខនឹងសង្រ្គាម។
ដំណើរវិលត្រឡប់មកកាន់ប្រទេសវៀតណាមនៅឆ្នាំ២០២៣នេះ លោក Thomas Billhardt ទោះបីមានអាយុចាស់ ប៉ុន្តែលោកនៅតែរហ័សរហួន និង ពោរពេញទៅដោយថាមពល ពេលចូលរួមសិក្ខាសាលា សំណេះសំណាលជាមួយនឹងមហាជនហាណូយ។ ហាក់ដូចជា ឱ្យតែនិយាយដល់វៀតណាម រំលឹកដល់រូបថតប្រវត្តិសាស្រ្តហាណូយនៅឆ្នាំ១៩៦៥ - ១៩៧៥ គឺអ្នកថតរូបដូចជាមាន “ភ្លើង” កម្លាំងចិត្តក្នុងរូបលោក នៅតែពោរពេញដូចជាសម័យយុវវ័យអញ្ចឹង។ លោករៀបរាប់ថា៖ “ខ្ញុំបានធ្វើដំណើរមកដល់ហាណូយចំនួន៧លើក នៅអំឡុងសម័យកាលអាប់អួរបំផុត ឆ្នាំ១៩៦៧ រហូតដល់ឆ្នាំ១៩៧៥។ ទីក្រុងត្រូវបានបំផ្លាញ ប្រជាជនខណៈនោះរង់ភាពភ័យខ្លាចជាខ្លាំង។ ថ្ងៃនេះវិលត្រឡប់មកកាន់ហាណូយ ខ្ញុំឃើញទីក្រុងហាណូយ កំពុងតែអភិវឌ្ឍខ្លាំង ប្រជាជនរួសរាយ មានទំនុកចិត្ត និងរាប់អានភ្ញៀវ។ លោកសំណេះសំណាលថា៖ សន្លឹករូបថតដំបូង ដែលខ្ញុំថតនៅវៀតណាម នៅតែជារូបថតមានចំណាប់អារម្មណ៍មួយ ក្នុងចំណោមរូបថតចំណាប់អារម្មណ៍បំផុត។ ពេលខ្ញុំធ្វើដំណើរមកដល់ហាណូយលើកដំបូង មានការប្រកាសអាសន្នដោយសារមានការវាយប្រហារលើអាកាសរបស់អាមេរិក។ មនុស្សកុះករនៅលើផ្លូវហាណូយ បាត់ខ្លួនមួយរំពេច ដោយរត់ចូលរូងជ្រក។ ក្រោយសូរប្រកាសអាសន្ន ខ្ញុំឃើញក្មេងមួយចំនួនបើកគម្របរូង ខ្ញុំក៏ថតរូបក្មេងទាំង៤នាក់នោះ។ រូបថតក្មេងទាំង៤នាក់ ដែលមានកែវភ្នែកខ្មៅធំ ភ្លឺថ្លាមិនជាប់មន្ទិល បង្កើតបានជារូបថតប្រវត្តិសាស្រ្ត របស់លោក Thomas Billhardt ជាមួយនឹងកាលៈទេសៈស្អាតបំផុត។
រហូតដល់បច្ចុប្បន្ន ទោះបីសង្រ្គាមនៅវៀតណាម បានបញ្ចប់ជិត៥០ឆ្នាំ ប៉ុន្តែអារម្មណ៍ Thomas Billhardt មកលើហាណូយ នៅរក្សាភាពដដែល ដូចជាទឹកចិត្តស្រឡាញ់ជ្រាលជ្រៅ ដែលលោកបានផ្តល់ជូនទឹកដីមួយនេះ។ លោក Thomas Billhardt នឹងមាន “ជំនួបជុំនៅវៀតណាម" ក្នុងពិធីតាំងពិព័រណ៍រូបថតក្រុងហ្វេ នាអំឡុងពេល៥ខែខាងមុខ៕
ឆ្នាំ២០២០ ក្រុមហ៊ុនញ៉ាណាម បានសហការនឹងវិទ្យាស្ថាន Goethe វៀតណាម បោះពុម្ពផ្សាយសៀវភៅរូបថត មានឈ្មោះថា “ហាណូយ១៩៦៧ - ១៩៧៥” និង ពិធីតាំងពិព័រណ៍នៅហាណូយ។ នៅឆ្នាំ២០២៣ វិទ្យាស្ថាន Goethe វៀតណាម តាំងរូបថតរបស់អ្នកថតរូប Thomas Billhardt នៅទីក្រុងហូជីមិញ មានឈ្មោះថា “ជំនួបជុំនៅវៀតណាម”។
អត្ថបទ៖ ប៊ិចវឹន រូបថត៖ ខាញឡុង ឯកសារ
ប្រែសម្រួល៖ រីកើង