ស្មារតីដុងអា (Dong A) ក្នុងពិធីដង្ហែក្បូនទ័ពទូកលើដងទន្លេលុកដូវ (Luc Dau)
ជារៀងរាល់ឆ្នាំ នារដូវស្លឹកឈើជ្រុះ តាបដងទន្លេលុកដូវ (Luc Dau) ប្រវត្តិសាស្ត្រ ស្ថិតនៅខាងមុខប្រាសាទ គៀបបាក (Kiep Bac) (សង្កាត់ ត្រឹន ហ៊ឹងដាវ (Tran Hung Dao) ទីក្រុង ហាយផុង (Hai Phong)) តែងតែមានភាពអ៊ូអរ លាន់រំពងដោយសម្លេងស្គរ និងទង់ចម្រុះពណ៌បក់បោកពេញផ្ទៃមេឃ។ នេះគឺជាពេលវេលា ដែលប្រព្រឹត្តឡើងនូវពិធីដង្ហែក្បូនទ័ពទូកលើដងទន្លេលុកដូវ (Luc Dau) ដែលជាពិធីសំខាន់ ពោរពេញទៅដោយភាពអធិកអធម និងមហោឡារិក ក្នុងក្របខណ្ឌនៃពិធីបុណ្យរដូវស្លឹកឈើជ្រុះ កូនសឺន-គៀបបាក (Con Sơn - Kiep Bac ) ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍នេះ បានបង្ហាញឡើងវិញនូវស្មារតីអង់អាចក្លាហានរបស់កងទ័ព និងប្រជាជន ក្នុងរាជវង្សត្រឹន (Tran) (១២២៥ - ១៤០០) ក្នុងការកសាង និងការពារជាតិមាតុភូមិ ទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនា និងគោរពដឹងគុណចំពោះមេទ័ព ត្រឹនហ៊ឹងដាវ (Tran Hung Dao)។
ពិធីដង្ហែក្បូនទ័ពទូកលើដងទន្លេលុកដូវ (Luc Dau) មិនមែនត្រឹមតែជាពិធីសក្ការៈបូជាធម្មតាទេ ប៉ុន្តែវាគឺជាការសម្ដែងសិល្បៈ ដើម្បីបង្ហាញឡើងវិញនូវដំណាក់កាលប្រវត្តិសាស្ត្រមួយ ដែលត្រូវបានរៀបចំយ៉ាងល្អិតល្អន់ក្នុងគោលបំណងពង្រឹងស្មារតីស្នេហាជាតិ និងអប់រំអំពីអត្តសញ្ញាណវប្បធម៌ជាតិ។ នេះគឺជាពិធីដ៏សំខាន់ និងមានលក្ខណៈពិសេសបំផុត ក្នុងចំណោមបណ្តាសកម្មភាព ដើម្បីរំលឹកនឹកដល់ ហឹងដាវ ដាយវឿង ត្រឹង គ្វឹកទួន (Hung Dao Vuong Tran Quoc Tuan) នៅប្រាសាទគៀបបាក (Kiep Bac) ។
ពិធីនេះគឺជារូបភាពតូចមួយ តែរស់រវើក នៃការប្រជុំកងទ័ព និងការដង្ហែក្បួនព្យុះហយាត្រាដ៏ក្លាហានរបស់កងទ័ព ក្នុងរាជវង្សត្រឹន (Tran) ដែលបង្ហាញពីកម្លាំង និងឆន្ទៈដ៏មោះមុតនៃកងទ័ពក្នុងសម័យនោះ។ ពិធីដង្ហែក្បូនទ័ពទូកឆ្នាំនេះ បន្តទទួលបានការយកចិត្តទុកដាក់ខ្ពស់ ដោយមានការចូលរួមពីប្រជាជនប្រមាណ ៥,០០០នាក់ រួមមាន ប្រជាជនក្នុងតំបន់ ប្រជាជនរស់នៅក្នុងតំបន់ដងទន្លេ វឹនយ៉ាង (Van Giang) ដុងជៀវ (Dong Trieu) (ខេត្តក្វាងនិញញ (Quang Ninh) និងគៀនអាន (Kien An) (ទីក្រុង ហាយផុង (Hai Phong) រួមជាមួយសិល្បករ សិល្បការិនីជំនាញជាច្រើននាក់ ផងដែរ។
ការសម្ដែងទាំងមូលលើដងទន្លេ ត្រូវបានបែងចែកជាបីផ្នែក ដែលតភ្ជាប់ជាមួយនឹងប្រធានបទសំខាន់ទាំងបី ប្រធានបទនីមួយៗ ត្រូវបានរៀបចំតាមរយៈសកម្មភាពនៅលើច្រាំង និងលើផ្ទៃទឹក។
ផ្នែកទី ១ ប្រធានបទ "ស្មារតីដុងអា (Dong A)" សម្ដែងឡើងវិញនូវបរិយាកាសត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ លើកតម្កើងកម្លាំងដ៏ខ្លាំងក្លារបស់កងទ័ព និងប្រជាជន ក្នុងរាជវង្សត្រឹន (Tran)។ នៅលើផ្ទៃទឹក ក្បួនទូកនានាត្រូវបានតុបតែងយ៉ាងស្រស់ស្អាត ដោយមានអ្នកតុបតែងខ្លួនជាទ័ពជើងទឹកក្នុងរាជវង្សត្រឹន (Tran) ឆ្លងកាត់រលកទន្លេយ៉ាងលឿន។ នៅលើច្រាំង មានក្រុមរាំម៉ុងសាយ រាំនាគ និងជាពិសេសការសម្ដែងក្បាច់គុនបុរាណ របស់អ្នករៀនគុន រំឭកដល់ស្មារតីហ្វឹកហ្វឺន ត្រៀមខ្លួនប្រយុទ្ធ ដើម្បីការពារមាតុភូមិ។
ផ្នែកទី ២ ប្រធានបទ "វីរភាពទន្លេលុកដូវ (Luc Dau)"ប្រធានបទនេះរំឭកដល់យុទ្ធនាការចម្បាំងរបស់ទ័ពជើងទឹកដ៏ល្បីល្បាញ លើដងទន្លេលុកដូវ (Luc Dau) និងជ័យជម្នះដ៏ត្រចះត្រចង់ក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ព Yuanmeng ។ ការជួបប្រសព្វគ្នារវាងក្បួនទូកនៅចំវេទិកា ដែលរួមផ្សំជាមួយនឹងសម្លេងស្គរយ៉ាងគគ្រឹកគគ្រេង បានបង្កើតនូវបរិយាកាសតានតឹង តែពោរពេញដោយភាពក្លាហាននៃសមរភូមិ។
ផ្នែកទី ៣ ប្រធានបទ "បទចម្រៀងជ័យជំនះ" មានអត្ថន័យលើកតម្កើងគុណូបការៈដ៏ធំធេងរបស់មេទ័ព ត្រឹន ក្វឹកទួន (Tran Quoc Tuan) ដែលត្រូវបានលើកតម្កើងជាស្ថាបនិកនៃកងទ័ពជើងទឹកវៀតណាម។ ការសម្ដែងបានបញ្ចប់ ដោយបរិយាកាសរីករាយនៃថ្ងៃជ័យជំនះ ដែលបានធ្វើឱ្យរស់ឡើងវិញនូវសមិទ្ធផលយោធាដ៏ត្រចះត្រចង់ អង់អាចក្លាហាន ជំរុញស្មារតីកសាង និងការពារមាតុភូមិក្នុងសម័យកាលថ្មី។
ដើម្បីធានាបាននូវភាពថ្លៃថ្នូរ និងភាពត្រឹមត្រូវតាមប្រវត្តិសាស្ត្រ ការងារត្រៀមរៀបចំសម្រាប់ពិធីដង្ហែក្បូនទ័ពទូកលើដងទន្លេលុកដូវ (Luc Dau) ត្រូវបានវិនិយោគយ៉ាងហ្មត់ចត់។ ចាប់តាំងពីឆ្នាំ២០០៦ មក ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានដឹកនាំឱ្យរៀបចំពិធីនេះក្នុងទ្រង់ទ្រាយធំ ដោយបានអនុវត្តតាមឯកសារបុរាណ និងទិន្នន័យស្រាវជ្រាវពីស្ថានភាពជាក់ស្តែង ដើម្បីកសាងសាច់រឿង។ ក្បួនដង្ហែទូកមានជាង ៥០គ្រឿង ត្រូវបានតុបតែងយ៉ាងស្រស់ស្អាតដោយទង់, ផ្កា, គោម និងបដាដ៏ភ្លឺចែងចាំង ក្បួនទូកសំខាន់ពីរ ដែលមានស្លាកសញ្ញា ថាញ់ឡុង (Thanh Long) - និង បាច់ហ៊ូ (Bach Ho)។ អ្នករៀនគុនចំនួន ៤០០នាក់ នៃក្រុមក្បាច់គុន ញ៉ឹតណាម (Nhat Nam) និងកងកិត្តិយសចំនួន ១០០នាក់ មកពីសង្កាត់ ត្រឹន ហ៊ឹងដាវ (Tran Hung Dao) បានចូលរួមក្នុងការសម្ដែងក្បាច់គុន និងពិធីយោធា។
ឈរនៅលើទំនប់ទន្លេ ទស្សនានូវការសម្ដែងនេះ ប្រជាជន និងភ្ញៀវទេសចរជាច្រើន បានសម្តែងនូវអារម្មណ៍រំភើប។ អតីតយុទ្ធជនដែលបានចូលរួមក្នុងពិធីបុណ្យបានចែករំលែកថា ពេលទស្សនាការសម្ដែងអំពីការត្រួតពល និងការហ្វឹកហាត់ក្បាច់គុន ពួកគេមានអារម្មណ៍ដូចបានមើលឃើញឡើងវិញនូវរូបភាពដ៏អង់អាចក្លាហានរបស់កងទ័ព និងប្រជាជនក្នុងរាជវង្សត្រឹន (Tran) ដែលជំរុញស្មារតីស្នេហាជាតិ និង ការពារជាតិក្នុងពេលបច្ចុប្បន្ន។
ពិធីដង្ហែក្បូនទ័ពទូកលើដងទន្លេលុកដូវ (Luc Dau) មិនត្រឹមតែជាការរំលឹកដល់អតីតកាលដ៏រុងរឿងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដាស់តឿនពីស្មារតីសាមគ្គីភាព ភាពអង់អាចក្លាហាន និងភាពច្នៃប្រឌិត ក្នុងយុទ្ធសាស្ត្រយោធា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់មេបញ្ជាការ ត្រឹន ហ៊ឹងដាវ (Tran Hung Dao)។ ពិធីបុណ្យនេះបានរួមចំណែកបញ្ជាក់ពីសារៈសំខាន់នៃវប្បធម៌ប្រពៃណីក្នុងការបង្កើតគំនិតការពារ និងកសាងប្រទេសជាតិគ្រប់សម័យកាល៕
ស្មារតីដុងអា (Dong A) គឺជានិមិត្តរូបនៃស្មារតីប្រយុទ្ធដ៏អង់អាចក្លាហាន និងមោះមុតរបស់ប្រជាជាតិសម័យរាជវង្សត្រឹន (Tran) (១២២៥ - ១៤០០) ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកឈ្លានពាន Yuanmeng បីលើក ។
អត្ថបទ និង រូបថត៖ វៀតកឿង / VNP |













