ស្ពកសំណែនបុណ្យតេតប្រពៃណីរបស់ប្រជាជនហាណូយ (Ha Noi)
និទាឃរដូវមកដល់ បុណ្យតេតឈានចូល បរិយាកាសអ៊ូអរគ្របដណ្តប់គ្រប់ទិសទី។ សម្រាប់ប្រជាជនរដ្ឋធានីហាណូយ (Ha Noi) ស្ពកសំណែនក្នុងបុណ្យតេតប្រពៃណីមិនគ្រាន់តែជាអាហារសាមញ្ញប៉ុណ្ណោះទេ ថែមទាំងនេះជាស្នាដៃសិល្បៈ និងជាការបង្ហាញពីភាពផ្ចិតផ្ចង់ និងការគោរពទៀតផង។
សិប្បការិនីច្នៃម្ហូប អាញទៀត (Anh Tuyet) បានចែករំលែកថា៖ “ស្ពកសំណែនបុណ្យតេត ហាណូយ (Ha Noi) មិនត្រឹមតែជាការរួមផ្សំរវាងមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងនេះជាផ្ទាំងគំនូររស់រវើកនៃវប្បធម៌ ទំនៀមទម្លាប់របស់ប្រជាជនហាណូយ (Ha Noi) ទៀតផង”។ ជាការពិតណាស់ មុខម្ហូបនីមួយៗ ក្នុងស្ពកសំណែនសុទ្ធមានអត្ថន័យជ្រាលជ្រៅ ហើយបង្ហាញពីការគោរពរបស់មនុស្សចំពោះធម្មជាតិ និងជីវិត។
នំអន្សមជ្រុង (បាញ់ជឹង) គឺជានិមិត្តរូបនៃមេឃដី នៃការជួបជុំ។ នំអន្សមជ្រុង (បាញ់ជឹង) តែងតែមានវត្តមានលើស្ពកសំណែនបុណ្យតេតប្រពៃណីរបស់គ្រួសារនីមួយៗ។ ការវេច នំអន្សមជ្រុង (បាញ់ជឹង) គឺជាពិធីដ៏សំខាន់មួយ ដែលបង្ហាញពីភាពជិតស្និទ្ធរវាងសមាជិកក្នុងគ្រួសារ។ ប៉ាតេសាច់ជ្រូកមានពណ៌ផ្កាឈូកភ្លឺ មិនត្រឹមតែជាម្ហូបដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមុខម្ហូបនេះជានិមិត្តរូបនៃសំណាង និងភាពរុងរឿងផងដែរ។ មាន់ស្ងោរដែលគេជ្រើសរើសជាមាន់ឈ្មោល ដែលមានស្បែកពណ៌លឿង មានភាពសង្ហារ តំណាងឱ្យសុខភាព និងសំណាង។ ណែមចៀនស្រួយដែលមានរសជាតិឈ្ងុយ គួបផ្សំជាមួយទឹកត្រីជូរផ្អែម បានក្លាយជារសជាតិពិសេសនៃបុណ្យតេត។ សម្លទំពាំងឫស្សី ជាមុខម្ហូបសាមញ្ញៗ តែនាំមកនូវអារម្មណ៍ស្រស់ស្រាយ ជួយសម្រួលរសជាតិ បន្ទាប់ពីហូបមុខម្ហូបដែលពោរពេញជាតិខ្លាញ់...
ប្រជាជនហាណូយ (Ha Noi) យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរបៀបរៀបចំតុបតែងស្ពកសំណែន។ មុខម្ហូបនីមួយៗត្រូវបានរៀបយ៉ាងហ្មត់ចត់ បង្កើតបានភាពចម្រុះមួយដ៏ស្រស់ស្អាត។ ពណ៌នៃមុខម្ហូបនីមួយៗ ក៏ត្រូវបានសម្របសម្រួលគ្នាប្រកបដោយសមរម្យ ហើយបង្កើតជាផ្ទាំងគំនូរមួយដ៏រស់រវើក។
មុខម្ហូបនីមួយៗ ក្នុងស្ពកសំណែននៃបុណ្យតេត សុទ្ធតែបានផ្សារភ្ជាប់ជាមួយនឹងរឿងរ៉ាវ និងអនុស្សាវរីយ៍ស្រស់ស្អាត។ លោកស្រី អាញទៀត (Anh Tuyet) បានរំលឹកថា៖ «កាលពីមុន ពេលខ្ញុំនៅក្មេង ខ្ញុំឧស្សាហ៍ទៅផ្សារជាមួយម្តាយ ដើម្បីរៀបចំបុណ្យតេត។ ក្លិនឈ្ងុយនៃសាច់មាន់ស្ងោរ នំអន្សមជ្រុង (បាញ់ជឹង) កំពុងវេច ផ្កាមាក់ខៃ ផ្កាអង្គារសិល្ប៍... នៅតែដិតជាប់ក្នុងការចងចាំរបស់ខ្ញុំ»។
ដើម្បីរក្សា និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណី សិប្បការិនីច្នៃម្ហូប អាញទៀត (Anh Tuyet) បានមានប្រសាសន៍ថា៖ "យើងត្រូវបង្រៀនក្មេងៗជំនាន់ក្រោយនូវចំណេះដឹងអំពីមុខម្ហូបប្រពៃណី ជួយឱ្យពួកគេយល់កាន់តែច្បាស់អំពីអត្ថន័យនៃមុខម្ហូបនីមួយៗ ក្រៅពីនេះ យើងក៏ត្រូវបង្កើតលក្ខណៈងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាអាចយល់ដឹងនូវមុខម្ហូបប្រពៃណីនេះ"។ស្ពកសំណែនក្នុងបុណ្យតេតហាណូយ មិនត្រឹមតែជាអាហារមួយពេលប៉ុណ្ណោះទេ ថែមទាំងនោះជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃទៀតផង។ ដូច្នេះហើយ ការថែរក្សា និងលើកតម្កើងតម្លៃប្រពៃណីសម្រាប់ម្ហូបអាហារ គឺជាតួនាទីរបស់ប្រជាជនវៀតណាមគ្រប់រូប ដើម្បីឱ្យរសជាតិនៃបុណ្យតេតប្រពៃណី តែងបានបន្សល់ទុក និងអភិវឌ្ឍសម្រាប់អនាគត៕
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ថាញយ៉ាង/ VNP
ប្រែសម្រួលដោយង្វៀនយ៉ាង