ស្ពកបាយក្វានហ័រ - ផ្នត់សកម្មភាពវប្បធម៌នៃប្រជាជនភូមិភាគខាងជើង
ចូលឆ្នាំថ្មីមកដល់ និទាឃរដូវឈានចូល អ្នកក្វានហ័រតែងបបួលគ្នាទៅច្រៀងនៅឯបុណ្យ រួចហើយអញ្ជើញគ្នាមកផ្ទះ ដើម្បីទទួលទានអាហារប្រកបដោយភាពស្និទ្ធស្នាល ដែលរៀបចំយ៉ាងផ្ចិតផ្ចង់តាមប្រពៃណីនៃប្រជាជនភូមិភាគខាងជើង (ខេត្តបាក់និញ)។ នៅក្នុងជីវភាពរស់នៅក្វានហ័រ បទច្រៀងបទភ្លេង និងពិធីការ គឺជាផ្នែកមួយសំខាន់ ហើយស្ពកបាយ ដើម្បីទទួលបងប្រុស បងស្រីអ្នកចម្រៀងមកពីទីជិតទីឆ្ងាយ ក៏ជាលក្ខណៈវប្បធម៌ពិសេស ដែលបង្ហាញពីរបៀបនៃការប្រាស្រ័យទំនាក់ទំនង និងទំនៀមទម្លាប់បានថែរក្សា ឆ្លងកាត់ជាច្រើនជំនាន់។
ភូមិហ្វាយទ្រុង (Hoai Trung) (ឃុំលៀនបាវ - Lien Bao ខេត្តបាក់និញ) គឺជាភូមិមួយក្នុងចំណោមភូមិក្វានហ័របុរាណចំនួន ៤៩ភូមិ ជាទីកន្លែងដែលគ្រួសារជាច្រើន នៅតែរក្សារបៀបលេងក្វានហ័រតាំងពីយូរលង់ណាស់មកហើយ។ ជាក់ស្តែងគ្រួសារត្រកូលយឿង ដែលបានផ្សារភ្ជាប់នឹងបេតិកភណ្ឌនេះ បានឆ្លងកាត់ ៦ជំនាន់មកហើយ។ ប្ដីប្រពន្ធសិល្បករយឿង វ៉ាន់ក្វៀន និងអ្នកស្រី ង្វៀន ធីហាប់ ធ្លាប់ជាអ្នកតំណាងឱ្យប្រពៃណីក្វានហ័របុរាណរបស់ភូមិ។ បន្តវេនគ្រួសារ លោក យឿង ឌឹកថាំង - អនុប្រធានក្លឹបក្វានហ័រហ្វាយត្រុង បច្ចុប្បន្នគឺជាអ្នករួមចំណែកកម្លាំងយ៉ាងច្រើន ក្នុងការស្ដារឡើងវិញនូវរបៀបសម្តែង និងឧទ្ទេសនាមបេតិកភណ្ឌក្វានហ័រដល់សាធារណជន។
តាមលោកថាំង ដើម្បីរៀបចំស្ពកបាយមួយ ឱ្យត្រូវតាមបែបក្វានហ័របុរាណ មិនមែនជារឿងមួយពីរថ្ងៃបីថ្ងៃនោះទេ។ តាមចាស់ទុំបុរាណ សូម្បីតែមាន់សម្រាប់អញ្ជើញមិត្តភក្តិក៏ត្រូវបានថែទាំតាមដំណើរការដ៏តឹងរ៉ឹងអស់រយៈពេល៣ឆ្នាំ។ មាន់ត្រូវបានចិញ្ចឹម គ្រៀវ ឃុំក្នុងទ្រុង ដើម្បីឱ្យធាត់ រង់ចាំដល់ពិធីបុណ្យលីម (Lim) ទើបយកចេញមកទទួលមិត្តភក្តិ។ បងប្រុសបងស្រីអ្នកចម្រៀងម្នាក់ៗ សុទ្ធតែមានចិញ្ចឹមមាន់ដោយខ្លួនឯង ដើម្បីធ្វើម្ហូបអញ្ជើញមិត្ត ប្រការនេះបង្ហាញពីទឹកចិត្ត ការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ នៅក្នុងរបៀបលេងក្វានហ័រ។
ស្ពកបាយក្វានហ័រ អាចរៀបចំជា ១ជាន់ ឬ ៣ជាន់ អាស្រ័យលើលទ្ធភាពនៃគ្រួសារនីមួយៗ។ ទោះជាយ៉ាងណាក៏ដោយ មុខម្ហូបសំខាន់ចំនួន៤មុខ ត្រូវតែមានគឺ៖ សាច់មាន់ ណែមយ៉រ - ប្រហិត ព្រាបចំហុយ និងអណ្ដាតជ្រូកស្ងោរ។ ក្រៅពីនេះ ម្ចាស់ផ្ទះអាចរៀបចំបន្ថែមនូវមុខម្ហូបដូចជា បេះដូង ក្រលៀនឆា ត្រី ឬសាច់បំពង អាស្រ័យតាមរដូវកាល និងលទ្ធភាព។ ដោយឡែកត្រី ជាធម្មតាបានគេសាប់ចិញ្ច្រាំធ្វើជាប្រហិត ដើម្បីបង្កើតរសជាតិពិសេសផង និងដើម្បី "លាក់" គ្រឿងផ្សំផង ដើម្បីការពារក្រែងលោលើកក្រោយ ផ្ទះមិត្តភក្តិមិនមានលទ្ធភាពរៀបចំប្រភេទត្រីថ្លៃៗដូចគ្នា - នេះគឺជាការប្រាស្រ័យទំនាក់ទំនងឈ្លាសវៃរបស់អ្នកក្វានហ័រ។

តាមទំនៀមទម្លាប់ចាស់ "ដើមស្ពកដាក់ចានអំបិល ចុងស្ពកដាក់ចានជ្រក់" ដូច្នេះម្ហូបទាំងពីរមុខនេះតែងតែមានវត្តមាន។ ពេលខ្លះ សិល្បករ យឿង វ៉ាន់ក្វៀន បានរៀបចំស្ពកបាយរហូតដល់ ១៩មុខ ដែលជាភស្តុតាងនៃការរៀបចំយ៉ាងហ្មត់ចត់ និងការគោរពមិត្តភក្តិ របស់អ្នកភូមិហ្វាយទ្រុង។
មិនត្រឹមតែយកចិត្តទុកដាក់លើពេលបាយប៉ុណ្ណោះទេ អ្នកក្វានហ័រនៅមាន "ពិធីជប់លៀងបន្ថែម" ឬ "ពិធីជប់លៀងភេសជ្ជៈ" ដែលបានធ្វើឡើង នៅអាធ្រាត្រយប់ជ្រៅ។ នេះគឺជាអាហារសម្រន់ដែលមានតែ និងនំ ដើម្បីបង្កើនស្មារតី សម្រាប់ការច្រៀងដែលអូសបន្លាយពេលយូរ។ ភូមិក្វានហ័រនីមួយៗ មានរបៀបរៀបចំខុសៗគ្នា ប៉ុន្តែសុទ្ធតែរក្សាស្មារតី នៃការនាំយកនូវម្ហូបដែលឆ្ងាញ់បំផុត និងពិសេសបំផុតរបស់តំបន់ដើម្បីទទួលមិត្ត។
ទោះបីជានៅក្នុងពេលបាយ ឬជប់លៀងទឹកក៏ដោយ វប្បធម៌នៃការប្រាស្រ័យទាក់ទង តែងតែត្រូវបានចាត់ទុកជាចម្បង។ ម្ចាស់ក្វាងហ័រ ត្រូវឈរនៅជ្រុងតុទាំង៤ មានអ្នកចាក់ស្រា អ្នកចាប់ម្ហូបជូនភ្ញៀវ រាល់ពាក្យអញ្ជើញសុទ្ធតែទន់ភ្លន់ សុភាពរាបសារ បង្ហាញពីស្មារតី "គោរពភ្ញៀវ គោរពមនោសញ្ចេតនា"។
"របៀបលេងក្វានហ័រនៃចាស់ទុំពីដើម ពិតជាមានភាពផ្ចិតផ្ចង់ និងមានច្បាប់ទម្លាប់ច្រើន ប៉ុន្តែនោះក៏ជាតម្លៃវប្បធម៌ពិសេស ដែលត្រូវអភិរក្សផងដែរ" - លោក យឿង ឌឹកថាំង បានអះអាង។ លោកបានឱ្យដឹងថា សហគមន៍អ្នកច្រៀងក្វានហ័រ នៅហ្វាយទ្រុង កំពុងខិតខំប្រឹងប្រែងថែរក្សានូវភាពស្រស់ស្អាតទាំងនេះ ដើម្បីឱ្យវប្បធម៌ម្ហូបអាហារក្វានហ័រ នៅតែបន្តរីកសាយភាយតទៅមុខទៀត៕
អត្ថបទ និងរូបថត៖ វៀតគឿង/VNP
ប្រែសម្រួល៖ រីកើង













