សេដ្ឋកិច្ចឯកជនវៀតណាម៖ កសាងអនាគតផ្តើមពីកម្លាំងខាងក្នុង
សេដ្ឋកិច្ចឯកជន កំពុងលេចឡើងជាកម្លាំងចលករកណ្តាល នៃដំណើរអភិវឌ្ឍន៍របស់វៀតណាម។ នៅពេលដែលលំហគោលច្បាប់កាន់តែបានបើកទូលាយ និងបរិវត្តកម្មឌីជីថលដើរតួជា "ប្រព័ន្ធប្រតិបត្តិការថ្មី" សហគ្រាសវៀតណាមបានបញ្ចេញនូវកម្លាំងខាងក្នុងរបស់ខ្លួន ដោយឈានទៅកសាងអនាគតជាជំហានៗ និងធ្វើសមាហរណកម្មស៊ីជម្រៅ ទៅក្នុងខ្សែចង្វាក់តម្លៃសកល។

នៅលើដែនដីភូមិភាគកណ្តាល ដែលធ្លាប់តែរាំងស្ងួតដោយកម្តៅថ្ងៃនិងខ្យល់ តំបន់ជូឡាយ (Chu Lai) ទីក្រុងដាណាំង នាពេលបច្ចុប្បន្ន បានលេចរូបរាងឡើង ជាតំណាងនៃការផ្លាស់ប្តូរមុខមាត់ថ្មី។ ពីតំបន់ខ្សាច់សដ៏ក្រីក្រ ទីនេះបានក្លាយជាប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មពហុវិស័យខ្នាតធំ ជាកន្លែងដែលខ្សែចង្វាក់តម្លៃ បានតភ្ជាប់យ៉ាងជិតស្និទ្ធចាប់ពីការផលិត រហូតដល់ភស្តុភារកម្ម (Logistics)។
រឿងរ៉ាវរបស់ THACO (ទ្រឿងហាយ - Truong Hai) និងចក្ខុវិស័យវែងឆ្ងាយ នៃអ្នកដឹកនាំសម្ព័ន្ធក្រុមហ៊ុន គឺជាភស្តុតាងច្បាស់លាស់។ ពីសហគ្រាសដំឡើងរថយន្ត THACO បានផ្លាស់ប្តូរខ្លួន ទៅជាសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មពហុវិស័យ ដោយចូលរួមជាបណ្តើរៗ ក្នុងវិស័យដែលកាលពីមុនភាគច្រើនដែលបានគ្រប់គ្រងដោយសហគ្រាស FDI។ ជំនួសឱ្យការជ្រើសរើសផ្លូវរយៈពេលខ្លី សហគ្រាសនេះ បានប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយវិជ្ជាជីវៈ ដោយឈានចេញពីទម្រង់រូបភាពកែច្នៃបែបប្រពៃណី។
មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) នៅជូឡាយដើរតួជា "ខួរក្បាល" នៃប្រព័ន្ធអេកូឡូស៊ីទាំងមូល ជួយកាត់បន្ថយពេលវេលានាំផលិតផលទៅកាន់ទីផ្សារ និងធានានូវស្តង់ដារស្របតាម ពាណិជ្ជសញ្ញានៅលើសកលលោក។ ដោយមានការវិនិយោគត្រឹមត្រូវ THACO បានកសាងប្រព័ន្ធអេកូឡូស៊ីមេកានិច និងឧស្សាហកម្មជំនួយខ្នាតធំ ជាមួយនឹងផលិតផលជាច្រើន ដែលមានអត្រាផលិតក្នុងស្រុកលើសពី៤០% ដែលគ្រប់គ្រាន់ដើម្បីទទួលបានការអនុគ្រោះពន្ធក្នុងតំបន់អាស៊ាន។ ផ្តើមពីនោះ សហគ្រាសវៀតណាម មិនត្រឹមតែឈរជើងយ៉ាងរឹងមាំ នៅលើទឹកដីខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងឈានជើងចូលទៅក្នុងទីផ្សារ ដែលមានតម្រូវការខ្ពស់ដូចជា សហរដ្ឋអាមេរិក ជប៉ុន ឬកូរ៉េខាងត្បូង និងមានការផ្លាស់ប្តូរយ៉ាងច្បាស់ពី "ការកែច្នៃ" ទៅជាម្ចាស់លើការផលិតកម្ម។
ប្រធានក្រុមហ៊ុន THACO លោក ត្រឹន បាយឿង (Tran Ba Duong) ធ្លាប់បានចែករំលែកថា៖ «ការធ្វើឧស្សាហកម្មគឺជាដំណើរដ៏លំបាកមួយ ប៉ុន្តែប្រសិនបើយើងមិនធ្វើទេ ប្រទេសជាតិនៅតែជាកន្លែងកែច្នៃជារៀងរហូត។ យើងធ្វើមិនមែនត្រឹមតែដើម្បីប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីគ្រឹះឧស្សាហកម្មស្វ័យភាពមួយ របស់ប្រជាជនវៀតណាម»។ សម្តីនេះ មិនត្រឹមតែជាទ្រឹស្តីអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីមហិច្ឆតានៃការធ្វើឧស្សាហូបនីយកម្ម នៃវិស័យឯកជនវៀតណាមផងដែរ។
ទន្ទឹមជាមួយនឹង "ក្បាលម៉ាស៊ីន" ជាបណ្តាញសហគ្រាសខ្នាតតូចនិងមធ្យម ដែលជា "សរសៃឈាម" នៃសេដ្ឋកិច្ច។ Hanopro គឺជាឧទាហរណ៍ជាក់ស្តែងមួយ ក្នុងការជ្រើសរើសយុទ្ធសាស្ត្រ ដើរសំដៅយកទីផ្សារពិសេស (Niche Market)។ ផលិតផលដូចជា៖ ស្កុតបិទ ឬបន្ទះប្លាស្ទិច PE ដែលមើលទៅសាមញ្ញ ត្រូវបានធ្វើឱ្យប្រសើរឡើងទៅជាទំនិញមានស្តង់ដារខ្ពស់ឆ្លើយតបទៅនឹងតម្រូវការបច្ចេកទេសតឹងរ៉ឹង នៃទីផ្សារអន្តរជាតិ។

វត្តមាននៃផលិតផល "Made in Vietnam" នៅរាប់សិបប្រទេស សឱ្យឃើញចូលកៀកនៃវិធីសាស្រ្តថ្មី៖ ការបង្កើនតម្លៃចេញពីអ្វីដែលតូចបំផុត តាមរយៈស្តង់ដារសកល។

ប្រសិនបើ ឧស្សាហកម្មប្រពៃណីបង្ហាញពីសមត្ថភាពខ្លួនទីពឹងខ្លួន នោះសហគ្រាសនវានុវត្តន៍ បែរជាបើកផ្លូវថ្មីសម្រាប់សេដ្ឋកិច្ចវៀតណាម។ AirXCarbon ជាឧទាហរណ៍ដ៏លេចធ្លោ នៃផ្នត់គំនិតអភិវឌ្ឍន៍បៃតង។ ផ្តើមពីកាកសំណល់កាហ្វេ ដែលជាអនុផលសាមញ្ញ សហគ្រាសនេះ បានបង្កើតសម្ភារៈជីវសាស្ត្រ Composite ដែលមានសមត្ថភាព រលាយ និងអព្យាក្រឹតកាបូន ឆ្លើយតបទៅនឹងតម្រូវការកាន់តែតឹងរ៉ឹង នៃទីផ្សារអន្តរជាតិ។
សហគ្រិនវ័យក្មេងឡេថាញ់ (Le Thanh) បានឱ្យដឹងថា៖ “ការច្នៃប្រតិដ្ឋបៃតង គឺជាផ្លូវខ្លីបំផុត សម្រាប់វៀតណាមក្នុងការដឹកនាំនិន្នាការ ជំនួសឱ្យការធ្វើដំណើរតាមក្រោយគេ”។ ពីគំនិតដែលផ្តើមចេញពីធនធានក្នុងស្រុក AirXCarbon កំពុងកំណត់ទីតាំងខ្លួនឯង នៅក្នុងខ្សែចង្វាក់តម្លៃសកលជាបណ្តើរៗ ដោយផ្អែកលើភាពប្រៀបចីរភាព។
ក្នុងទិសដៅមួយទៀត Vbee AI តំណាងឱ្យការងើបឡើងនៃបច្ចេកវិទ្យាវៀតណាម។ ការក្តាប់ជាប់នូវបច្ចេកវិទ្យាបំប្លែងអត្ថបទទៅជាសំឡេង ជាពិសេសជាមួយភាសាក្នុងស្រុក បង្ហាញថា សហគ្រាសវៀតណាមមិនត្រឹមតែចេះប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងបានចាប់ផ្តើមអភិវឌ្ឍបច្ចេកវិទ្យាស្នូល ដែលជាកត្តាគន្លឹះ ដើម្បីប្រកួតប្រជែងក្នុងរយៈពេលវែង។
ទម្រង់រូបភាពដូចជា AirXCarbon ឬ Vbee AI សឱ្យឃើញថានិន្នាការច្បាស់លាស់មួយ៖ សេដ្ឋកិច្ចឯកជនវៀតណាម កំពុងបង្វែពីផលិតកម្ម ទៅការច្នៃប្រតិដ្ឋ ពីការចូលរួមទៅជាដឹកនាំជាជំហានៗ ក្នុងវិស័យថ្មីមួយចំនួន។
តាមការវាយតម្លៃរបស់អង្គការអន្តរជាតិដូចជា ធនាគារពិភពលោក (World Bank) និង IMF សេចក្តីសម្រេចចិត្តលេខ៦៨ បានបង្កើតនូវសន្ទុះដ៏សំខាន់ សម្រាប់បរិយាកាសអាជីវកម្ម។ អ្នកជំនាញសេដ្ឋកិច្ច ត្រឹន ធីអាញង្វៀត (Tran Thi Anh Nguyet) (World Bank) បានលើកឡើងថា ការដាក់ចេញនូវសេចក្តីសម្រេចចិត្តលេខ៦៨ នៅពេលនេះ គឺជាការរៀបចំទាន់ពេលវេលា ដើម្បីឱ្យវៀតណាមផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ទៅកាន់យុគសម័យឌីជីថល និងសេដ្ឋកិច្ចបៃតង។
ក៏ប៉ុន្តែ កម្លាំងចលករកំណើននៃដំណាក់កាលថ្មី មិនត្រឹមតែស្ថិតនៅលើគោលច្បាប់ប៉ុណ្ណោះទេ ថែមទាំងស្ថិតលើបរិវត្តកម្មឌីជីថល កក្តាដែលកំពុងដំណើរការដូចជា "ប្រព័ន្ធប្រតិបត្តិការថ្មី" នៃខឿនសេដ្ឋកិច្ច។ បរិវត្តកម្មឌីជីថល ជួយសហគ្រាសធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម តភ្ជាប់ទីផ្សារ និងចូលរួមស៊ីជម្រៅក្នុងខ្សែចង្វាក់តម្លៃសកល។
ក្រោមជ្រុងជ្រោយគោលច្បាប់ សេចក្តីសម្រេចចិត្តលេខ៦៨ មានតួនាទីបើកផ្លូវ បង្កើតទំនុកចិត្ត និងបរិស្ថានតម្លាភាព ដើម្បីសហគ្រាសអភិវឌ្ឍន៍។ អ្នកជំនាញសេដ្ឋកិច្ចប៊ូយ កៀនថាញ់ (Bui Kien Thanh) បានកត់សម្គាល់ថា សេចក្តីសម្រេចចិត្តលេខ៦៨ បានប៉ះចំ "ចំណុចគន្លឹះ" នៃខឿនសេដ្ឋកិច្ច។ តាមលោក កម្លាំងខាងក្នុងនៃប្រជាជន គឺធំធេងណាស់ ប៉ុន្តែជាយូរមកនេះ ត្រូវបានរារាំងដោយរបាំងផ្លូវចិត្ត និងគោលច្បាប់។ នៅពេលដែលទំនុកចិត្តបានពង្រឹង សហគ្រិននឹងត្រៀមខ្លួនជាស្រេច ដើម្បីដាក់ធនធានរបស់ខ្លួន ទៅក្នុងការវិនិយោគ និងការច្នៃប្រតិដ្ឋ។ រដ្ឋមិនធ្វើជំនួសសហគ្រាសទេ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺបង្កើតទំនុកចិត្ត ដែលជាប្រភេទ "ដើមទុន" មានឥទ្ធិពលខ្លាំងជាងអាទិភាពផ្នែកហិរញ្ញវត្ថុណាមួយ។
ទស្សនាទាននេះ ជាការបូកបញ្ចូលដោយអង្គការវិនិយោគ និង ក្រុមច្បាប់អន្តរជាតិ ពេលពួកគេវាយតម្លៃខ្ពស់នៃតម្លាភាព និង សុវត្ថិភាពគតិយុត្ត ដែលសេចក្តីសម្រេចចិត្ត៦៨នាំមក។ ពេលរបាំងផ្លូវចិត្តបានដោះស្រាយ សហគ្រាសឯកជនអាចមានភាពក្លាហានបន្តសម្រេចនូវគម្រោងរយៈពេលវែង និង មានទ្រង់ទ្រាយធំ។
នៅក្នុងរូបភាពរួមនៃគោលច្បាប់និងបរិវត្តកម្មឌីជីថល កំពុងបង្កើតជាសសរស្តម្ភពីរទន្ទឹមគ្នា៖ ម្ខាងបើកផ្លូវ ម្ខាងទៀតនាំផ្លូវ។ ការរួមបញ្ចូលគ្នានេះ កំពុងកំណត់រូបរាងដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃសេដ្ឋកិច្ចវៀតណាម។
ចាប់ពីបណ្តុំឧស្សាហកម្មនៅជូឡាយ រហូតដល់បណ្តាធុរកិច្ចបច្ចេកវិទ្យាថ្មី និងសហគ្រាសបៃតង វៀតណាមដ៏រស់រវើកមួយ កំពុងលេចរូបរាងជាបណ្តើរៗ មិនត្រឹមតែរីកចម្រើនឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅរកការច្នៃប្រតិដ្ឋ និរន្តរភាព និងសមាហរណកម្ម ទូលំទូលាយ។ ក្នុងដំណើរនោះ នៅពេលដែលកម្លាំងខាងក្នុងបានរំដោះ និងដំណើរការលើមូលដ្ឋានឌីជីថល មហិច្ឆតាចង់ឱ្យវៀតណាមរឹងមាំនៅឆ្នាំ២០៤៥ កំពុងខិតជិតមកដល់ជាងពេលណាទាំងអស់។
អត្ថបទ៖ ហ្វាង ត្វែញី រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម និង ឯកសារ
ប្រែសម្រួល៖ រីកើង


















