សេចក្តីសម្រេចចិត្តលេខ៧១-NQ/TW៖ បើកផ្លូវសម្រាប់បំណងប្រាថ្នារុងរឿងរបស់វៀតណាម
ពីពាក្យប្រៀនប្រដៅរបស់លោកប្រធាន ហូជីមិញ “ជនជាតិល្ងង់ខ្លៅគឺជាជនជាតិទន់ខ្សោយ” ការអប់រំតែងតែត្រូវបានបក្ស និងរដ្ឋកំណត់ថា ជាគោលនយោបាយជាតិកំពូល ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្នុងរយៈពេល ៨០ឆ្នាំកន្លងមកនេះ ចាប់ពីចលនា "លុបបំបាត់អនក្ខរភាព" រហូតដល់ដំណើរការផ្លាស់ប្តូរថ្មី ការអប់រំវៀតណាមបានរួមចំណែកយ៉ាងសំខាន់ ក្នុងបុព្វហេតុរំដោះ កសាង និងការពារមាតុភូមិ។នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោកអគ្គលេខាបក្ស តូឡឹម (To Lam) ក្នុងនាមជំនួសការិយាល័យនយោបាយបានចុះហត្ថលេខា និងចេញផ្សាយសេចក្តីសម្រេចចិត្តលេខ៧១-NQ/TW ស្តីពី របកគំហើញក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល ដោយបន្តអះអាងថា ការអប់រំគឺជាកម្លាំងចលករដ៏សំខាន់ ដែលកំណត់អនាគតរបស់ប្រទេស ជា “កូនសោរ” ដើម្បីសម្រេចបានបំណងប្រាថ្នារុងរឿងរបស់វៀតណាម។
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិបក្ស បានរៀបចំសន្និសីទទូទាំងប្រទេសមួយ ដើម្បីជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧១-NQ/TW របស់ការិយាល័យនយោបាយ ស្តីពី របកគំហើញក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល ៧១-NQ/TW ។ រូបថត៖ ភឿងហ័្វរ - VNA
អាស្រ័យហេតុនេះ ការអប់រំ និងបណ្ដុះបណ្ដាលចាំបាច់ត្រូវអភិវឌ្ឍ តាមទិសស្លោក "យកគុណភាពជាអ័ក្ស - យកគ្រូជាគន្លឹះ - យកបច្ចេកវិទ្យាជាបង់បាញ់"។
សេចក្តីសម្រេចចិត្តលេខ៧១ បានដាក់ចេញគោលដៅដល់ឆ្នាំ២០៤៥ វៀតណាមនឹងមានប្រព័ន្ធអប់រំជាតិទំនើប សមភាព និងគុណភាព ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសទាំង ២០ លើពិភពលោក។ ដើម្បីសម្រេចបាននូវគោលដៅនោះ សេចក្តីសម្រេចចិត្តលេខ ៧១ ទាមទារឱ្យមានការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានៃយន្តការ គោលនយោបាយពិសេស និងធនធានវិនិយោគឆ្នើមសម្រាប់ការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាល។ សេចក្តីសម្រេចចិត្តលេខ៧១ បានលើកឡើងយ៉ាងច្បាស់ថា ធានាយ៉ាងហោច ២០% ថវិការដ្ឋបានចំណាយលើការអប់រំ និងបណ្តុះបណ្តាល ក្នុងនោះយ៉ាងហោចណាស់ ៥% បានចំណាយលើការវិនិយោគ និង ៣% ចំណាយលើការអប់រំថ្នាក់មហាវិទ្យាល័យ។ នេះគឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំ បង្កើតមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់ការអប់រំ អភិវឌ្ឍ ទន្ទឹមនឹងការបើកយន្តការសម្រាប់សង្គមទាំងមូលក្នុងការថែរក្សាបុព្វហេតុ "បណ្តុះបណ្តាលធនធានមនុស្ស"។
យោងតាមលោករដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល ង្វៀន គីមសើន (Nguyen Kim Son) នេះជាឱកាសពិសេស សម្រាប់វិស័យអប់រំវៀតណាមឈានទៅមុខយ៉ាងលឿន ខណៈពេលការអប់រំមិនត្រឹមតែជាភារកិច្ចរបស់វិស័យនេះប៉ុណ្ណោះទេ ថែមទាំងក្លាយជាស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍជាតិទៅហើយ។
គោលនយោបាយជាក់ស្ដែង កំពុងត្រូវបានអនុវត្តក្នុងពេលដំណាលគ្នា ដែលបង្ហាញពីលក្ខណៈមនុស្សធម៌ ដ៏ជ្រាលជ្រៅនៃប្រជាជាតិមួយ ដែលវាយតម្លៃខ្ពស់ចំពោះចំណេះដឹង និង "មិនទុកចោលនរណាម្នាក់នៅខាងក្រោយ"។ តួយ៉ាងដូចជា ចាប់ពីឆ្នាំសិក្សា ២០២៥ -២០២៥ រដ្ឋនឹងវិនិយោគសាងសង់សាលាវិទ្យាល័យអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យចំនួន ២៤៨ សាលា នៅបណ្ដាឃុំតាមតំបន់ខ្សែព្រដែនគោក ជំនួយអាហារថ្ងៃត្រង់ជូនសិស្សបឋមសិក្សា និងអនុវិទ្យាល័យនៅតំបន់ជួបការលំបាក ផ្តល់អាទិភាពចំពោះឃុំតាមខ្សែព្រំដែន តំបន់ភ្នំ ក្នុងនោះ ដោយឡែករដ្ឋធានី ហាណូយ (Ha Noi) មានសិស្សបឋមសិក្សាប្រហែល ៧៦៨.០០០ រូប រួមទាំងសាលារដ្ឋ និងសាលាឯកជន ដែលបានទទួលគោលនយោបាយនេះ។
ចំពោះកងជួរគ្រូបង្រៀន សេចក្តីសម្រេចចិត្តលេខ ៧១ បានដាក់ចេញគោលនយោបាយសំខាន់ជាបន្តបន្ទាប់ រួមទាំងការបង្កើនប្រាក់ឧបត្ថម្ភវិជ្ជាជីវៈអប្បបរមា ៧០%សម្រាប់គ្រូបង្រៀនមត្តេយ្យសិក្សា និងអប់រំទូទៅ។ យ៉ាងហោចណាស់ ៣០%សម្រាប់បុគ្គលិក; ១០០%សម្រាប់គ្រូបង្រៀននៅតំបន់ជួបការលំបាក ព្រំដែន កោះ និងតំបន់ជនជាតិភាគតិច។ នេះជាជំហាន ដែលបង្ហាញពីការគោរព និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស និងរដ្ឋ ចំពោះអ្នកសាបព្រោះបណ្ដុះពូជចំណេះដឹង។
មិនត្រឹមតែគាំទ្រគ្រូបង្រៀនប៉ុណ្ណោះទេ សេចក្តីសម្រេចចិត្តលេខ៧១ ក៏បានដាក់ចេញនូវគោលនយោបាយប្រមូលអ្នកមានសមត្ថភាពខ្ពស់ ក្រៅពីកងជួរគ្រូបង្រៀន ឱ្យចូលរួមក្នុងការបង្រៀន អនុវត្តរបបសម្រាប់គ្រូបង្រៀនក្នុងក្របខណ្ឌនៅតាមគ្រឹះស្ថានអប់រំ និងលើកទឹកចិត្តអ្នកជំនាញឱ្យធ្វើជាអធិបតីក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងសាលារៀន។ យន្តការទាំងនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកក្នុងការកាត់បន្ថយគម្លាតរវាងការអប់រំនៅក្នុងតំបន់មានអំណោយផល និងតំបន់ជួបការលំបាក។
ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រ តម្រង់ទិសច្បាស់លាស់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះធនធាន សេចក្តីសម្រេចចិត្តលេខ៧១-NQ/TWមិនត្រឹមតែជាចំណុចរបត់ដ៏សំខាន់សម្រាប់វិស័យអប់រំប៉ុណ្ណោះទេ ថែមទាំងជាផែនទីបង្ហាញផ្លូវសម្រាប់បំណងប្រាថ្នាវៀតណាមរុងរឿងទៀតផង ជាកន្លែងដែលប្រជាពលរដ្ឋគ្រប់រូបបានសិក្សា អភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងរួមចំណែកសម្រាប់អនាគតរុងរឿង និងបញ្ញារបស់ប្រទេសជាតិ៕
អត្ថបទ៖ VNP - រូបថត៖ VNA ប្រែសម្រួលដោយង្វៀនយ៉ាង







